ឡើងតណ្ហាក្នុងវត្ត!!! ប្រុសស្ទុះឱបផ្តួលច្របាច់ដោះ ឃើញក្រមុំឱនកើបស្រូវ ទំនងពេក

ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់ កំពុងឈ្ងោកកើបស្រូវនៅក្នុងទីធ្លាវត្ត ស្រាប់តែប្រុសល្មោភកាមប្រទះឃើញទំនងពេក ក៏ស្ទុះចូលទៅចាប់ឱបពីក្រោយ រួចផ្តួលនារីរងគ្រោះទៅលើដី ហើយក៏ធ្វើសកម្មភាពចាប់ច្របាច់ដោះ ធ្វើឱ្យនារីរងគ្រោះខឹងធាក់១ជើងចំដើមទ្រូង រួចប្រឹងរើបម្រះ រួចទូរស័ព្ទហៅបងថ្លៃឱ្យជួយជូនទៅដាក់ពាក្យបណ្តឹង និងឈានដល់ការឃាត់ខ្លួនជនល្មោភកាមនាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសល្មោភកាមប៉ុនប៉ងរំលោភនារីវ័យក្មេងនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទីធ្លាវត្តព្រះប្រសប់ថ្មី ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។

នារីរងគ្រោះដែលត្រូវប្រុសព្រានចាប់បៀតបៀនកេរ្តិ៍ខ្មាស មានឈ្មោះន.ណ.រ អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាម មានឈ្មោះសាន ស៊ាន់ អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានយកស្រូវទៅហាលនៅចំណុចទីធ្លាវត្តព្រះប្រសប់ថ្មី លុះមកដល់វេលាម៉ោងកើតហេតុខាងលើ នាងក៏បានទៅកើបស្រូវយកមកទុកវិញ លុះពេលដែលនាងកំពុងឈ្ងោកកើបស្រូវភ្លេចខ្លួន ស្រាប់តែលេចមុខជនសង្ស័យល្មោភកាមដែលជាមនុស្សរស់នៅភូមិជាមួយគ្នា ដើរមកពីទិសខាងកើត បានចូលមកចាប់ឱបនាងពីក្រោយ រួចចាប់ផ្តួលនាងទៅលើដី បន្ទាប់មកក៏ធ្វើសកម្មភាពចាប់ច្របាច់ដោះរបស់នាង ព្រមទាំងប៉ុនប៉ងចាប់នាងរំលោភទាំងកំរោលទៀតផង។

នារីរងគ្រោះ បន្តថា ភ្លាមនោះ នាងក៏បានប្រឹងរើបម្រះ  និងបានធាក់ជនសង្ស័យ១ជើងត្រូវចំកណ្តាលដើមទ្រូង ហើយក៏បានរើបំរាស់ខ្លួន រត់រួចផុតពីក្រញ៉ាំតណ្ហាជនល្មោភកាម និងបានរត់ចេញមកផ្លូវធំ រួចបានទូរស័ព្ទទៅប្រាប់បងថ្លៃរបស់នាង ឈ្មោះហួរ សុខមាន ឱ្យមកជួយ លុះពេលបងថ្លៃមកដល់ ក៏បាននាំគ្នាទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលព្រះប្រសប់ តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះរួចមក សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល រួចក៏នាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលនារីរងគ្រោះប្តឹងចោទប្រកាន់មែន ដោយនៅមុនពេលកើតហេតុ ខ្លួនបានដើរកាត់ទីធ្លាវត្តព្រែកប្រសប់ថ្មី ក៏ប្រទះឃើញនារីរងគ្រោះឈ្ងោកឱនកើបស្រូវទំនងពេក ទើបចូលទៅចាប់ឱបពីក្រោយផ្តួល និងបានចាប់ច្របាច់ដោះតែម្តង តែត្រូវនារីរងគ្រោះរើបម្រះធាក់ខ្លួន១ជើងចំកណ្តាលទ្រូង ហើយរត់គេច ទើបខ្លួនបានរត់គេចខ្លួនដែរ តែទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ជាប់ដដែល។

ជនសង្ស័យល្មោភកាមខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕