Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីវាយប្រពន្ធ១ដៃ ម៉ែក្មេកឃាត់ហើយស្តីបន្ទោស គំរាមវ៉ៃម៉ែក្មេកទៀត

ប្តីវាយប្រពន្ធ១ដៃ ម៉ែក្មេកឃាត់ហើយស្តីបន្ទោស គំរាមវ៉ៃម៉ែក្មេកទៀត

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏ចាក់ធុងបាស់លាន់ឮសំឡេងខ្លាំងៗ ទើបប្រពន្ធទ្រាំមិនបានក៏ប្រាប់ឱ្យប្តីបន្ថយសំឡេងបន្តិចទៅ ព្រោះថ្លង់ណាស់ ស្រាប់តែប្តីផ្ទុះកំហឹំងស្ទុះទៅដាល់ប្រពន្ធ១ដៃ ឃើញបែបនេះ ស្ត្រីជាម្តាយក្មេកបានចេញមកឃាត់ និងស្តីបន្ទោស ២-៣ម៉ាត់ ស្រាប់តែកូនប្រសាកំណាចគំរាមវ៉ៃទាំងម្តាយក្មេកថែមទៀត។

ករណីហិង្សាក្នុងគ្រួសារ កូនប្រសាវ៉ៃប្រពន្ធមិនអស់ចិត្ត គំរាមវ៉ៃម្តាយក្មេកទៀតនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល។

បុរសកំណាចដែលផឹកស្រវឹងវ៉ៃប្រពន្ធ រួចគំរាមវ៉ៃទាំងម្តាយក្មេកទៀតនេះ មានឈ្មោះយ៉ាន់ យ៉ុន អាយុ៣៩ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះដែលត្រូវប្តីដាល់១ដៃ មានឈ្មោះរស់ វឹត អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កជាប្តី បានជួបជុំមិត្តភក្តិបនភឿនវាតវង់ផឹកស៊ីនៅក្នុងផ្ទះ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពេលស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមចាក់ធុងបាស់ខ្លាំងៗ ធ្វើឱ្យលាន់ឮសំឡេងទ្រហឹងពេញផ្ទះ។ ភ្លាមនោះ ស្ត្រីជាប្រពន្ធបានទៅប្រាប់ប្តីឱ្យបន្ថយសំឡេងបន្តិចទៅ ព្រោះថ្លង់ណាស់ និយាយស្តាប់គ្នាមិនបានទេ។ គ្រាន់តែប្រពន្ធនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែបុរសជាប្តីដែលកំពុងស្រវឹងជោកជាំ ក៏ស្ទុះទៅដាល់ប្រពន្ធ១ដៃ ឃើញបែបនេះ ស្ត្រីជាម្តាយក្មេកដែលស្នាក់នៅផ្ទះជាមួយគ្នា បានស្តីបន្ទោសកូនប្រុសាប្រុស (ជនបង្ក) ២-៣ម៉ាត់ ស្រាប់តែកូនប្រសាកំណាចមិនត្រឹមតែមិនខ្លាចរអាម្តាយក្មេកប៉ុណ្ណោះទេ ថែមទាំងគំរាមវាយទាំងម្តាយក្មេកទៀតផង។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់បុរសជាប្តីមិនបាន ទើបស្ត្រីជាប្រពន្ធសម្រេចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចឱ្យជួយនាំយកប្តីទៅអប់រំ និងឱ្យធ្វើកិច្ចសន្យាឈប់ប្រើអំពើហិង្សាក្នុងគ្រួសារតទៅទៀត៕

RELATED ARTICLES