យាយកំពុងរវល់ ចៅប្រុសរត់លេង រអិលជើងធ្លាក់ទឹកស្រះស្លាប់

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ត្រូវឪពុកម្តាយយកមកផ្ញើទុកនៅជីដូនឱ្យជួយមើលថែ ព្រោះរវល់ចេញទៅធ្វើការរោងចក្រនៅភ្នំពេញ លុះជីដូនរវល់ភ្លេចខ្លួន ចៅប្រុសក៏បានដើរលេងជាមួយនឹងក្មេងក្នុងភូមិ៣នាក់ទៀត រួចក៏រអិលជើងធ្លាក់ចូលស្រះទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអធ័ម កាលវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិគុហ៍បារែង ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះពន វណ្ណា អាយុ៤ឆ្នាំ មានឪពុកឈ្មោះប៉ុន មឿង អាយុ៣៧ឆ្នាំ ម្តាយឈ្មោះមិន ឌៀប អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ សព្វថ្ងៃស្នាក់នៅជាមួយជីដូន ឈ្មោះកង លុន អាយុ៦០ឆ្នាំ ក្នុងភូមិ-ឃុំខាងលើ។

តាមសម្តីស្ត្រីជាជីដូនក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា ចៅប្រុសម្នាក់នេះត្រូវបានឪពុកម្តាយរបស់គេ យកមកផ្ញើឱ្យគាត់ជាជីដូនជួយមើលថែ ព្រោះពួកគេរវល់ចេញទៅធ្វើការងាររោងចក្រនៅភ្នំពេញ។ លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលគាត់រវល់ការងារក្នុងផ្ទះ ទើបបណ្តោយឱ្យចៅប្រុសដើរលេងនៅក្បែរៗផ្ទះតែម្នាក់ឯង បន្ទាប់មក ចៅប្រុសគាត់ក៏បានដើរចេញទៅលេងជាមួយក្មេងៗក្នុងភូមិ៣នាក់ទៀត រួចក៏ដើរហួសទៅលេងនៅក្បែរស្រះទឹកកើតហេតុខាងលើ។

ស្ត្រីជាជីដូនរូបនេះ បន្តថា លុះបន្តិចក្រោយមក ក្មេងៗក្នុងភូមិ៣នាក់ ដែលបានដើរលេងជាមួយចៅប្រុសរបស់គាត់ បានរត់មកប្រាប់គាត់ថា ចៅប្រុសរបស់គាត់បានដើររអិលជើងធ្លាក់ចូលស្រះទឹកហើយ ធ្វើឱ្យគាត់ភ័យស្លន់ស្លោ ស្រែកហៅអ្នកភូមិឱ្យជួយចុះទៅរាវរកស្រង់ចៅប្រុសឡើងមកលើគោកភ្លាមៗដែរ តែអកុសលចៅប្រុសរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕