អាជ្ញាធរព្រមានបិទដេប៉ូខ្សាច់មួយចំនួន និងចាប់រថយន្ដដឹកដី៩គ្រឿង នៅខណ្ឌឫស្សីកែវ ក្រោយបញ្ជាអភិបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ បានព្រមានបិទអាជីវកម្មដេប៉ូខ្សាច់មួយចំនួនជាថ្មីម្ដងទៀត ជាពិសេសលោកបានដាក់បទបញ្ជាយ៉ាងក្ដៅគគុក ដើម្បីឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ធ្វើការយាមកាម រហូតឈានដល់ការឃាត់រាល់រថយន្តធុនធំដឹកដីចំនួន៩គ្រឿង ដែលបើកបរលឿនៗ ចេញពីតាមដេប៉ូខ្សាច់លួចចូលក្នុងរាជធានីភ្នំពេញ ហើយមិនលាងកង់ដឹកទាំងដីសើម ហួសពីទ្រុងរថយន្ដ និងមិនបានគ្របប៉ាតង់លើឲ្យបានត្រឹមត្រូវ បណ្ដាលឲ្យហូរទឹក និងជ្រុះដីធ្លាក់យ៉ាងរប៉ាត់រប៉ាយពេញតាមដងផ្លូវ ខុសលក្ខណៈបច្ចេកទេស។

សកម្មភាពចាប់រថយន្តដឹកដីទាំងនេះ មាននៅលើផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) និងលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង រួមទាំងប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរ ក្រោយពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ជា ពិសី បានព្រមានថា “ប្រសិនបើម្ចាស់ដេប៉ូខ្សាច់នីមួយៗ ឬអ្នកបើកបររថយន្ដដឹកដី នៅតែបន្តបំពានយ៉ាងគឃ្លើន មិនគោរពតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដូចជា ការបង្កើតឲ្យមានទីតាំងសម្រាប់លាងកង់រថយន្ដ, មិនត្រូវដឹកដីដែលទទឹក, មិនមានការគ្របប៉ាតង់លើរថយន្ដឲ្យបានត្រឹមត្រូវ, ដឹកដីខ្សាច់ចេញពីដេប៉ូនីមួយៗ ហូរទឹក ជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ ធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋ នោះ ទីតាំងទាំងនោះ នឹងប្រឈមបិទចោលតែម្តង”។

លោកជា ពិសី បានព្រមានទៀតថា “កន្លងមក អ្នកបើកបររថយន្ដដឹកដីមិនអនុវត្តតាមការណែនាំ ហើយនៅតែបន្តបំពាន ប្រាកដជាត្រូវចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល៥ថ្ងៃ ក្នុងជំហានទី១ និងទី២ អ្នកបើកបរនៅតែគឃ្លើនមិនអនុវត្តតាមការណែនាំដដែល ជាដដែលទេនោះ នឹងចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល២០ថ្ងៃ រហូតឈានដល់ការចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល១ខែ៕