សុភាសិតបារាំង១ឃ្លាថា “ចង់បំភ្លេចអ្នកណាម្នាក់ គឺនឹកដល់អ្នកនោះហើយ” (Vouloir oublier quelqu’un c’est y penser) មានខ្លឹមសារ ចង្អុលបង្ហាញពីលក្ខណៈមនុស្សស្អប់គ្នា ទុកគ្នាជាសត្រូវ ទោះជាផ្តាច់សម្ព័ន្ធមេត្រី ឬកាត់កាល់គ្នាចោល ក៏នៅតែនឹកដល់គ្នា មិនអាចបំភ្លេចបាន។ យ៉ាងណាមិញ ទោះបីជាបក្សកាន់អំណាច ប្តឹងផ្តល់រហូតដល់រលំរលាយគណបក្ស សង្គ្រោះជាតិ ក៏មន្ត្រីរដ្ឋាភិបាលនៅតែឆ្លើយឆ្លងជាមួយពួកប្រឆាំង មិនឈប់ ព្រោះតែរឿង “បំភ្លេចមិនបាន” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ស្វាមីភរិយាមួយគូ ដែលបានក្រាបផ្ទឹមទទួលផ្កាស្លា ពរជ័យ ពីមេបាចាស់ទុំ លុះរួមរស់ជាមួយគ្នាមិនបានប៉ុន្មាន ក៏លែងលះ គ្នាទៅ ព្រោះតែប្តីចោទប្រកាន់ប្រពន្ធថា “មាត់រឹងចចេស ប្រដៅមិនស្តាប់” ចំណែកប្រពន្ធចោទប្តីថា “បំបិទសិទ្ធិមិនឱ្យដើរ ហើរ”។ ទីបំផុត ភាគីប្តីនោះខឹងប្រពន្ធពេក ក៏ប្តឹងទៅតុលាការសុំ “ផ្តាច់សមគ្គសង្វាស” ឈានដល់ការដេញប្រពន្ធចេញពីផ្ទះ ដកហូតយកគ្រឿងអលង្ការ លុយកាក់ សល់តែសំបកខ្លួន ដោយសារតែប្តីជាអ្នកមានទ្រព្យសម្បត្តិ ឯប្រពន្ធនោះក្រីក្រតោកយ៉ាក។ ទោះជាលែងលះគ្នាតាមផ្លូវច្បាប់ក្តី ក៏ប្រពន្ធនោះនៅតែនិយាយអាក្រក់ពីប្តី ដោយព្យាយាមគាស់កកាយរឿងដើម ឱ្យអ្នកដទៃបានដឹង ធ្វើឱ្យប្តីទ្រាំមិនបាន ក៏តបតវិញដោយប្រយោល ជាពិសេស រៀងរាល់យប់ថ្ងៃ អតីតប្តីប្រពន្ធ១គូនោះ នៅតែបង្ហើរអារម្មណ៍នឹកដល់គ្នាជានិច្ច ប៉ុន្តែ ពុំមែននឹកដោយក្តីស្តាយស្រណោះនោះទេ គឺ “នឹករកគន្លឹះសម្រាប់វាយបកការពារ កិត្តិយសរបស់ខ្លួន” ជាហេតុនាំឱ្យកវីនិពន្ធបារាំង យកករណីនេះមកចងក្រងជាសុភាសិតថា “ចង់បំភ្លេចអ្នកណាម្នាក់ គឺនឹក ដល់អ្នកនោះហើយ”។
បើយករឿងប្តីប្រពន្ធលែងលះគ្នា នៅតែនឹកគ្នានោះ មកប្រៀបធៀបនឹងស្ថានការណ៍នយោបាយបច្ចុប្បន្ន ឃើញថា ស្រដៀងគ្នាណាស់ ខណៈដែលអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលខ្ចាត់ព្រាត់ទៅនៅក្រៅប្រទេស ព្យាយាមវាយប្រហារ ដោយពាក្យសម្តីមកលើរាជរដ្ឋាភិបាល។ រីឯមន្ត្រីរដ្ឋាភិបាល ក៏តបតវិញ ថ្ងៃណាក៏ឮតែការឆ្លើយឆ្លងគ្នាតាមប្រព័ន្ធអេឡិចត្រូនិក ព្រមានគ្នាទៅវិញទៅមក។
កន្លងមក នៅពេលធ្វើការចូលគ្នាក្នុងរដ្ឋសភា ទោះបីជាបក្សកាន់អំណាច និងបក្សប្រឆាំង ដើរមិនស្របទិសគ្នាក្តី ក៏ចេះ ចែកគ្នារស់ ដោយមានរបបបៀវត្ស រថយន្តទំនើបជិះតាមឋានៈ។ តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ ៥៥រូបនោះ ទោះបី ជាមាននិន្នាការប្រឆាំង ក៏មិនទាន់រត់ចោលស្រុកទៅពឹងបរទេសឱ្យជួយនោះឡើយ។ រីឯមន្ត្រីបក្សកាន់អំណាច ក៏មិនដេញ ដៃគូក្នុងរដ្ឋសភា ឱ្យនៅក្រៅច្បាប់នោះដែរ មិនខុសពីប្តីប្រពន្ធរៀបការតាមប្រពៃណី ទោះជារកាំរកូសយ៉ាងណាក៏ចេះតែទ្រាំ រួមរស់ជាមួយគ្នាបានពីរបីឆ្នាំដែរ។ ឥឡូវអតីតមន្ត្រីបក្សប្រឆាំង ១១៨រូប អស់សិទ្ធិធ្វើនយោបាយ នៅសល់តែសំបកខ្លួនប៉ុណ្ណោះ ដែលមួយចំនួនបានរត់ទៅក្រៅប្រទេស ផ្លោងពាក្យសម្តីរំលងទ្វីប វាយប្រហាររដ្ឋាភិបាល។
កាលពីខែមុន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់មន្ត្រីក្រោមឱវាទថា “ឱ្យឈប់ជ្រលក់មាត់ចូលពួកប្រឆាំង” ប៉ុន្តែបម្រាមនេះ ដូចជាមិនឃើញអ្នកនាំពាក្យយកទៅអនុវត្ត ព្រោះបើសិនជាអ្នកនាំពាក្យ មិនឆ្លើយតបចំពោះការរិះគន់វាយ ប្រហារពីពួកប្រឆាំង អាចធ្វើឱ្យមានការសង្ស័យពីអ្នកតាមដាន ស្របតាមសុភាសិតសាកលថា “ការស្ងៀមស្ងាត់សំដៅដល់ ការយល់ព្រម” ពោលគឺបើពួកប្រឆាំងវាយធ្ងន់ៗ ពីបញ្ហាអ្វីមួយ បើអ្នកនាំពាក្យសំងំស្ងៀមមិនឆ្លើយឆ្លង មានន័យថា យល់ ព្រមទទួលកំហុស។ ប៉ុន្តែបើឆ្លើយឆ្លងខុសកាលៈទេសៈ ឬ “អេះមិនចំរមាស់” អាចធ្វើឱ្យចាញ់ប្រៀបគេ ដូចករណីពួកប្រឆាំង បង្កើត “ថ្ងៃអាទិត្យពណ៌ស” បើអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបមិនមើលមុខក្រោយ ដោយចោទប្រកាន់ពី “បដិវត្តន៍ពណ៌” ជួនកាលអាចប៉ះតាជី យាយជី មន្ត្រីរាជការ ដែលពាក់អាវសជាប្រចាំ។ ចំណុចនេះសំខាន់ណាស់ ព្រោះពួកប្រឆាំង កំពុង រកមធ្យោបាយឱ្យមានការបង្ក្រាបប៉ះជនស្លូតត្រង់ ដោយបង្វែរពី “ថ្ងៃចន្ទពណ៌ខ្មៅ” ទៅជា “ថ្ងៃអាទិត្យពណ៌ស” វិញ។ ដូច្នេះ បក្សកាន់អំណាច គួរតែនឹករកគន្លឹះយ៉ាងណា ទប់ទល់ឱ្យមានប្រសិទ្ធភាព តែកុំឱ្យប៉ះពាល់ដល់ជនស្លូតត្រង់ ឬថា បើទប់ស្កាត់ “ថ្ងៃអាទិត្យពណ៌ស” កុំឱ្យប៉ះអ្នកស្រលាញ់អាវស ឬតាជី យាយជី អាចារ្យវត្ត មន្ត្រីរាជការ ប្រយ័ត្នចាញ់ល្បិចគេ។
បើវិភាគឱ្យល្អិតល្អន់ “ចង់បំភ្លេចអ្នកណាម្នាក់ គឺនឹកដល់អ្នកនោះ” សំដៅដល់ការនឹកអនុស្សាវរីយ៍ចាស់ មិនអាចបំភ្លេច បាន។ បើកាលណានឹកដល់រឿងដើម បើជា “រឿងប្រវត្តិសាស្ត្រ” ត្រូវតែគាស់កកាយចេញឱ្យអស់ ប៉ុន្តែ បើជារឿងក្តៅៗ ត្រូវ តែខំលេបកំហឹង កុំឆ្លើយឆ្លងល្អជាង។ យ៉ាងណាមិញ ទាក់ទងដល់ “ទិវា៧មករា” ជារឿងប្រវត្តិសាស្ត្រ ចាំបាច់ត្រូវតែគាស់ កកាយអនុស្សាវរីយ៍ឈឺចាប់ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ឱ្យក្មេងស្រករក្រោយបានដឹងឮផង ប៉ុន្តែ ចៀសវាង “បំផុសគំនុំគុំកួន សងសឹក” ព្រោះខ្មែរក្រហម ក៏ជាខ្មែរដែរ។ ប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់របបប៉ុល ពត មិនដែលភ្លេចរឿងបបររាវកក្លូក ស្លៀកពាក់រហែករយ៉ៃនោះទេ បានទុកជារឿងប្រវត្តិសាស្ត្រ ទុកឱ្យប្រវត្តិវិទូកត់ត្រាទុកទៅចុះ។
ផ្ទុយទៅវិញ រឿងក្តៅៗ ទំនាស់រវាងមន្ត្រីរដ្ឋាភិបាល ឬបក្សកាន់អំណាច និងអតីតមន្ត្រីបក្សប្រឆាំង ដែលកំពុងវាយ ប្រហារបកអាក្រាតគ្នាទៅវិញទៅមកនោះ បើប្រឹងតែឆ្លើយឆ្លងពេក ជួនកាល “ពាំត្រណោត” ផ្ទុយនឹងច្បាប់ក៏ថាបាន។ ករណីពួកប្រឆាំង ក៏ដូចជា សែរាជវង្ស ១អង្គ ព្រមានធ្វើបាតុកម្មមុខស្ថានទូតចិន និងព្រមានប្តឹងរំលាយគណបក្សហ៊្វុនស៊ិនប៉ិច ថា “ធ្វើខុសច្បាប់” ព្រោះឃើញអតីតបក្សសង្គ្រោះជាតិ ត្រូវរំលាយ ព្រោះ “សុំជំនួយពីអាមេរិក” ប៉ុន្តែ ហ៊្វុនស៊ិនប៉ិច “សុំ ជំនួយពីចិន” បែរជារួចខ្លួននោះ បើមន្ត្រីរាជរដ្ឋាភិបាលបកស្រាយមិនសមទំនង អាចធ្វើឱ្យមហាជនមិនអស់ចិត្ត។
ហេតុនេះ “ចង់បំភ្លេចអ្នកណាម្នាក់ គឺនឹកដល់អ្នកនោះហើយ” សំដៅដល់បក្សសង្គ្រោះជាតិ រលំរលាយទៅហើយ ដោយ សាលដីកាតុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិធ្វើនយោបាយពីបុគ្គល១១៨រូប តាំងពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះ ចាត់ទុកថា “បក្សប្រឆាំងស្លាប់ទៅហើយ”។ ប៉ុន្តែ ទោះជាយ៉ាងណា គណបក្សប្រឆាំង នេះ បានប្រកាសមិនទទួលស្គាល់សាលដីកាតុលាការកំពូលនោះទេ ហើយទោះជាគ្មានសកម្មភាពក្នុងស្រុក ក៏អតីតថ្នាក់ដឹកនាំ បក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) នៅតែបន្តធ្វើសកម្មភាពនៅក្រៅប្រទេស មិនឈប់ឈរ។ ឥឡូវយើងឃើញ អតីតមន្ត្រីបក្សប្រឆាំង នៅអាមេរិក នៅតែបន្តលើកស្លាកគណបក្សសង្គ្រោះជាតិដដែល និងព្រមានធ្វើមហាបាតុកម្មនៅ អាមេរិក ប្រឆាំងនឹងថ្ងៃ៧មករា ទៀតផង។
តាមពិត បក្សកាន់អំណាច ដែលមានកម្លាំងទ័ព និងថវិកាជាតិណែនដៃ យល់យ៉ាងច្បាស់ថា ទោះបីជារំលាយបក្សប្រឆាំង ធំជាងគេនោះ ក៏ពួកប្រឆាំង មិនងាយចុះចាញ់ភ្លាមៗទេ មិនខុសពីរបបប៉ុល ពត ដួលរលំតាំងពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ ប៉ុន្តែ ចលនាខ្មែរក្រហម នៅតែបន្តការតស៊ូ រហូតដល់ឆ្នាំ១៩៩៨ ទើបស្ងប់ស្ងាត់។ រីឯអតីតមន្ត្រីបក្សសង្គ្រោះជាតិ ដែលរលំរលាយ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចនឹងបន្តការប្រឆាំងច្រើនឆ្នាំទៀត ដែលតម្រូវឱ្យបក្សកាន់អំណាច “ចង់បំភ្លេចអ្នក ណាម្នាក់ គឺនឹកដល់អ្នកនោះហើយ” ពោលគឺនៅតែនឹករកល្បិចទប់ទល់ជានិច្ច។
សរុបទៅ “ចង់បំភ្លេចអ្នកណា នឹកអ្នកនោះ” គឺមានន័យយ៉ាងនេះឯង។ ចង់បំភ្លេចប៉ុល ពត តែងយករឿងខ្មែរក្រហម មកនិយាយ ចង់បំភ្លេចប្រពន្ធឆ្នាសដែលលែងលះគ្នាទៅហើយនោះ ប្តីតែងយករឿង “ប្រពន្ធខោកក្បាលនឹងវែកសម្ល” មកប្រាប់មិត្តភក្តិ។ យ៉ាងណាមិញ អតីតបក្សសង្គ្រោះជាតិ ទើបរលាយបានប៉ុន្មានខែ ច្បាស់ណាស់ថា មន្ត្រីរដ្ឋាភិបាលនៅតែបន្ត ឆ្លើយឆ្លងមិនឈប់ តែគួរឆ្លើយយ៉ាងណាឱ្យមានន័យ “ស្រណោះស្រណោកឈឺចាប់” ចៀសវាង “រម៉ាំងរម៉ោកបំពានច្បាប់” អាចនាំឱ្យអ្នកតាមដានស្ថានការណ៍ស្តាប់មិនចូលត្រចៀក…
ដោយ អាចារ្យថាំ