ឪចុងញ៉ាមណាស់ ល្បួងផង គំរាមផង ប្រពន្ធតាមទាន់ប្តឹងប៉ូលិសចាប់វាយខ្នោះ

ខេត្តពោធិ៍សាត់ ៖  បុរសជាឪពុកចុងល្មោភកាមម្នាក់ ឱ្យតែផឹកស្រាស្រវឹងជោកជាំ តែងល្បួងហៅកូនស្រីវ័យ១៣ឆ្នាំម្នាក់ ទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពចាប់ឱបច្របាច់ដោះ និងស្ទាបអង្អែលប្រដាប់ភេទកូនស្រីជាញឹកញាប់ និងចេះតែគំរាមមិនឱ្យប្រាប់អ្នកណាដាច់ខាត ទីបំផុត ស្ត្រីជាប្រពន្ធតាមទាន់ ក៏ស្រែកឆោឡោ ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្តីល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីឪចុងបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីញឹកញាប់ តាំងពីអំឡុងឆ្នាំ២០១៧កន្លងមកម៉្លេះ ប៉ុន្តែទង្វើអសីលធម៌នេះ ត្រូវបានស្ត្រីជាប្រពន្ធ និងត្រូវជាម្តាយបង្កើតក្មេងស្រីរងគ្រោះប្រទះឃើញ ប្តឹងប៉ូលិសចាប់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចរោងចាំឈើមួយកន្លែង គ្មានមនុស្សនៅ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង។

បុរសល្មោភកាមជាឪពុកចុង ដែលចាប់រំលោភកូនស្រី មានឈ្មោះរ៉េត រុន ហៅខ្មៅ អាយុ៣៥ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះអ.ស.ន អាយុ១៣ឆ្នាំ។ អ្នកទាំង២ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនសង្ស័យត្រូវជាឪពុកចុងរបស់នាង ហើយគឺជាមនុស្សប្រមឹកតែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ។ ចូលមកដល់អំឡុងឆ្នាំ២០១៧ កន្លងទៅ (មិនចាំថ្ងៃខែច្បាស់) ជនសង្ស័យត្រឡប់មកពីផឹកស្រាស្រវឹងជោកជាំ ក៏ហៅនាងឱ្យទៅចំណុចរោងចាំឈើមួយកន្លែងរបស់ឈ្មោះសេង ដែលគ្មានម្ចាស់នៅ លុះពេលចូលទៅដល់ ជនសង្ស័យជាឪពុកចុងក៏បានធ្វើសកម្មភាពយកដៃចាប់ច្របាច់ដោះ និងអង្អែលប្រដាប់ភេទរបស់នាង ហើយទោះជានាងព្យាយាមអង្វរកយ៉ាងណា ក៏ឪពុកចុងរូបនេះមិនព្រមស្តាប់ ឬអាណិតអាសូរនាងឡើយ  នៅតែបន្តសកម្មភាពរហូតអស់ចិត្ត ទើបព្រមអនុញ្ញាតឱ្យនាងត្រឡប់ទៅផ្ទះវិញ។

ក្មេងស្រីរងគ្រោះបន្តថា រាល់ពេលធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសនាងម្តងៗ ឪពុកចុងនេះតែងតែលួងលោមផង គំរាមកំហែងសម្លាប់ចោលផង ប្រសិនបើនាងហ៊ានយករឿងនេះទៅប្រាប់អ្នកណា ពិសេសហាមមិនឱ្យប្រាប់ម្តាយរបស់នាងឱ្យដឹងដាច់ខាត ពុំនោះទេ គាត់នឹងសម្លាប់នាងចោលមិនខាន។ ចំណែកនាងដោយសារតែភ័យខ្លាចឪពុកចុងសម្លាប់ចោល ទើបមិនហ៊ានទម្លាយរឿងនេះឱ្យអ្នកណាបានដឹងឡើយ។

ក្មេងស្រីរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់ពីដឹងថានាងមិនហ៊ានប្រាប់អ្នកណា ឪពុកចុងនេះតែងប្រព្រឹត្តអំពើអសីលធម៌ខាងលើនេះ ដាក់នាងជាញឹកញាប់ ពោលគឺឱ្យតែផឹកស្រវឹងម្តងៗ តែងល្បួងហៅនាងផង គំរាមផង ឱ្យនាងទៅជួបនៅក្នុងខ្ទមខាងលើ ដើម្បីឱ្យគាត់ (ឪពុកចុង) ធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស។ លុះមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ឪពុកចុងល្មោភកាមបានបបួលនាងទៅកន្លែងដដែលទៀត និងបានធ្វើសកម្មភាពចាប់ច្របាច់ដោះ និងលូកស្ទាបអង្អែលប្រដាប់ភេទនាងម្តងទៀត ទើបធ្វើឱ្យនាងខឹង ក៏ស្រែកឆោឡោផ្អើលដល់ម្តាយបានដឹង ក៏នាំនាងទៅដោក់ពាក្យបណ្តឹង និងឈានដល់ការចាប់ខ្លួនឪចុងរូបនេះ នៅថ្ងៃបន្ទាប់តែម្តង។

លោកធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួនជនសង្ស័យឈ្មោះរ៉េត រុន គឺសមត្ថកិច្ចធ្វើតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្តផងដែរ ទើបសមត្ថកិច្ចឈានដល់ការចាប់ខ្លួនជនសង្ស័យ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះរ៉េត រុន ហៅខ្មៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវរឿងអាស្រូវ ដូចអ្វីដែលក្មេងស្រីរងគ្រោះជាកូនចុង ប្តឹងចោទប្រកាន់ពិតមែន។

ក្រោយចាប់ឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើជនសង្ស័យ និងរកឃើញថាជនសង្ស័យមានផ្ទុកសារធាតុញៀន នៅក្នុងខ្លួនទៀតផង។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕