Thursday, April 25, 2024
Homeព័ត៌មានជាតិអ្នកបើកត្រាក់ទ័រខ្វះការប្រុងប្រយ័ត្ន កិនមេការចិនស្លាប់នៅហ្នឹងកន្លែង

អ្នកបើកត្រាក់ទ័រខ្វះការប្រុងប្រយ័ត្ន កិនមេការចិនស្លាប់នៅហ្នឹងកន្លែង

ខេត្តក្រចេះ ៖ បុរសជាមេការជនជាតិចិនម្នាក់ បានឈរពីក្រោយត្រាក់ទ័រ (សាស័រ) មើលគេកំពុងចូកកាយកំទេចថ្ម លុះអ្នកបើកត្រាក់ទ័របើកថយក្រោយដោយខ្វះការប្រុងប្រយ័ត្ន មិនបានដឹងថាមានមនុស្សនៅខាងក្រោយ ក៏ជ្រុលកិនមេការស្លាប់នៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងបរិវេណការដ្ឋានកិនថ្មមួយកន្លែង ស្ថិតក្នុងភូមិខ្សារ ឃុំដារក្នុងស្រុកចិត្របុរី។

បុរសរងគ្រោះដែលត្រូវត្រាក់ទ័រកិនស្លាប់ មានឈ្មោះហ័ង ឆីភីង អាយុ៤៨ឆ្នាំ ជាជនជាតិចិន មុខរបរជាមេការផ្នែកជួសជុលគ្រឿងចក្រ  នៅក្នុងការដ្ឋានកិនថ្មខាងលើ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋាន និងមានស្រុកកំណើតនៅស្រុក Shan zhi ប្រទេសចិន។ ចំណែកអ្នកបើកបរត្រាក់ទ័រ មានឈ្មោះសឿន សាយ អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិភ្នំធំ ឃុំអូរដារ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឈរពីក្រោយត្រាក់ទ័រមើលត្រាក់ទ័រកំពុងកើបចូកកំទេចថ្ម។ ចំណែកអ្នកបើកត្រាក់ទ័រកំពុងចូកថ្មដាក់ឱ្យម៉ាស៊ីនកិន ដោយអត់ដឹងថាមានមនុស្សនៅពីក្រោយនោះទេ លុះពេលបើកត្រាក់ទ័រថយក្រោយ ដោយសារមានកំទេចថ្ម និងដីហុយខ្លាំងផង ណាមួយអ្នកបើកត្រាក់ទ័រខ្វះការប្រុងប្រយ័ត្ន មិនបានមើលមុខក្រោយត្រឹមត្រូវផង ទើបបណ្តាលឱ្យជ្រុលមកកិនមេការជាជនជាតិចិននោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុអ្នកបើកបរត្រាក់ទ័របង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល។ ចំណែកសាកសពបានប្រគល់សាច់ញាតិជាជនជាតិចិន យកទៅចាត់ចែងបន្ត៕

RELATED ARTICLES