Friday, April 19, 2024
Homeព័ត៌មានជាតិមេក្លោងបាញ់ធ្លាយគូទឌីជេ រត់បាន១ខែជាង សមត្ថកិច្ចចាប់ខ្លួនបាននៅឧត្តរមានជ័យ

មេក្លោងបាញ់ធ្លាយគូទឌីជេ រត់បាន១ខែជាង សមត្ថកិច្ចចាប់ខ្លួនបាននៅឧត្តរមានជ័យ

ភ្នំពេញ ៖ ជនសង្ស័យជាមេក្លោងដែលបើកការបាញ់ប្រហារបុរសជាឌីជេរម្នាក់ បណ្តាលឱ្យរងរបួសធ្លាយកំប៉េះគូទ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងមណ្ឌលកម្សាន្ត Rock ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅឯខេត្តឧត្តរមានជ័យ។

មេក្លោងដែលបើកការបាញ់ប្រហារឌីជេធ្លាយគូទនេះ ត្រូវបានសមត្ថកិច្ចអះអាងថា មានឈ្មោះឌុច សុវណ្ណារ៉េត ហៅរិទ្ធញាញ់ ជាកូនប្រុសរបស់លោកឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ចំណែកបុរសរងគ្រោះ មានឈ្មោះបៀរ សំអឿន អាយុ៣២ឆ្នាំ មុខរបរឌីជេ (DJ) ប្រចាំមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្នាក់នៅផ្ទះលេខ១៧ ផ្លូវ១៥៩ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌចំការមន ត្រូវខ្មាន់កាំភ្លើងប្រើកាំភ្លើងខ្លីម៉ាក K59 បាញ់ឱ្យរបួសត្រង់កំភួនជើងខាងស្តាំ និងកំប៉េះគូថខាងឆ្វេង។

តាមប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលជាមេក្លោងបាញ់ប្រហារនៅមណ្ឌលកម្សាន្ត Rock ត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំបញ្ជូនពីខេត្តឧត្តរមានជ័យ មកកាន់ក្រសួងមហាផ្ទៃ ដើម្បីបន្តធ្វើការសួរនាំ មុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា នៅមុនឈានដល់ការចាប់ខ្លួនជនជាមេខ្លោងបាញ់ប្រហារខាងលើនេះ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន២នាក់ រួមមាន ទី១-ឈ្មោះកែវ ភិរម្យ ភេទប្រុស អាយុ៣៣ឆ្នាំ និងទី២-ឈ្មោះឡ ពេជ្រសីលា ភេទប្រុស អាយុ៣៥ឆ្នាំ នៅខេត្តកំពង់ធំ។ បក្ខពួកមេក្លោងបាញ់បោះសេរីទាំង២នាក់ខាងលើ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ នៅពន្ធនាគារព្រៃស ពីបទ “ហិង្សាមានស្ថានទម្ងន់ទោស”។

គួររំលឹកថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីបាញ់ប្រហារមួយបានកើតឡើងនៅចំណុចបន្ទប់ខារ៉ាអូខេលេខ២០៣ ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយបុរសជើងខ្លាំងម្នាក់ រួមនឹងបក្សពួក ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងបុរសជាឌីជេប្រចាំមជ្ឈមណ្ឌលកម្សាន្តរ៉ក់  រហូតដល់ទប់កំហឹងមិនបាន ដកកាំភ្លើងបាញ់ប្រហារទៅលើជនរងគ្រោះចំនួន២គ្រាប់ បណ្តាលឱ្យធ្លាក់កំប៉េះគូទរងរបួសធ្ងន់។

តាមសម្តីបុរសឈ្មោះប៉ែន រិទ្ធី ជាឌីជេប្រចាំមជ្ឍមណ្ឌលរ៉ុក ជាមួយនឹងជនរងគ្រោះដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ មានបុគ្គលិកដូចគ្នា បានរត់មកប្រាប់ថា នៅបន្ទប់២០៣ មានជម្លោះគ្នាខ្លាំងណាស់ និងថែមទាំងគំរាមរកបាញ់ទៀតផង ក្រោយមកស្រាប់តែឮសំឡេងកាំភ្លើងបាញ់ក្នុងបន្ទប់២០៣ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលម្នាក់ៗរត់ចែកជើងគ្នាអស់ នៅសល់តែជនរងគ្រោះ ជា DJ ដូចគ្នារងរបួសកជើងខាងស្តាំ និងគូថពីខាងឆ្វេង រួចក៏ត្រូវសន្តិសុខដឹកយកទៅសង្គ្រោះតែម្តង៕

RELATED ARTICLES