Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីប្រមឹកមកពីផឹក ខឹងប្រពន្ធនៅស្ងៀមធ្វើមិនដឹង ស្ទុះដាល់ហើមមុខ

ប្តីប្រមឹកមកពីផឹក ខឹងប្រពន្ធនៅស្ងៀមធ្វើមិនដឹង ស្ទុះដាល់ហើមមុខ

ខេត្តតាកែវ ៖ បុរសម្នាក់ឱ្យតែផឹកស្រាស្រវឹង ចេះតែកើតចិត្តប្រចែប្រចណ្ឌប្រពន្ធមិនឈប់ តែងរករឿងឈ្លោះប្រកែក និងប្រើអំពើហិង្សាវាយដំប្រពន្ធគ្រប់ពេលវេលា លុះប្រពន្ធកំពុងដេកលើផ្ទះសុខៗ ប្តីត្រឡប់មកពីផឹកវិញ ក៏ស្ទុះទៅដាល់ប្រពន្ធជាច្រើនដៃចូលផ្ទៃមុខ បណ្តាលឱ្យប៉ោងហើមជាំមុខ ទើបធ្វើឱ្យប្រពន្ធខឹង ក៏ប្តឹងសមត្ថកិច្ចចុះចាប់ខ្លួនប្តីកំណាចយកទៅចាត់ការតាមច្បាប់តែម្តង។

ករណីប្តីប្រមឹកប្រើហិង្សាវាយដំប្រពន្ធហើមជាំមុខ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង។

ជនបង្កហេតុជាប្តី ដែលវ៉ៃប្រពន្ធប៉ោងមុខ មានឈ្មោះនង ចាន់ថន អាយុ៤៥ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះទឹម សុខុម អាយុ៤០ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់បានចាប់ដៃគ្នាសាងគ្រួសាររាប់ឆ្នាំមកហើយ បង្កើតជាកូនពូនជាចៅ ធំទន្ទឹមស្មាអស់ទៅហើយ ប៉ុន្តែប្តីនេះហាក់មិនចោលចរិតប្រមឹក ដើរផឹកស៊ីស្រវឹងអួទីនួ ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះឱ្យតែផឹកស្រាចូលដល់ពោះ ដឹងតែកើតមានចិត្តប្រចណ្ឌគាត់ជាប់ជានិច្ច ដោយចេះតែរករឿងដោយគ្មានហេតុផលអ្វីទាំងអស់ និងថែមទាំងធ្លាប់ប្រើហិង្សាដាក់គាត់ជាញឹកញាប់ដែរ តែគាត់មិនដែលប្តឹងផ្តល់អ្វីទេ យល់ថាជាប្តីប្រពន្ធ។

ស្ត្រីរងគ្រោះ បន្តថា លុះមកដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ប្តីនេះបានចេញទៅផឹកស៊ីបាត់ពីផ្ទះ រហូតដល់យប់ទើបត្រឡប់មកវិញ លុះដោយសារយប់ជ្រៅទៅហើយ ទើបគាត់មិនបានក្រោកទៅទទួលប្តីអ្វីទេ ដោយនៅដេកលើផ្ទះធម្មតា ស្រាប់តែពេលនោះ ប្តីស្រវឹងជោកជាំ ត្រឡប់ចូលដល់ផ្ទះវិញ ក៏ស្រែកឡូឡាពេញផ្ទះ ចំណែកគាត់នៅតែដេកស្ងៀមធ្វើដូចមិនដឹងរឿង ស្រាប់តែប្តីប្រមឹកច្រឡោតខឹង ក៏ស្ទុះចូលមកដាល់គាត់ចូលផ្ទៃមុខជាច្រើនដៃ បណ្តាលឱ្យហើមប៉ោងមុខតែម្តង។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់ប្តីតទៅទៀតលែងបាន ទើបនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ គាត់ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ចក៏បានចុះស្រាវជ្រាវឃាត់ខ្លួនបុរសជាប្តីនាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES