យំសោកបោកខ្លួន!!! មកពីឡើងផ្ទះកូន អគ្គិភ័យឆាបឆេះផ្ទះទាំងស្រុង

ភ្នំពេញ ៖ លំនៅដ្ឋាន២ខ្នង ធ្វើពីឈើខាងលើក្រោមថ្ម ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះជាប់រវល់ទៅឡើងគេហដ្ឋានថ្មីរបស់កូន ហើយចាក់សោរចោល។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង២២និង២០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចដីឡូត៍លេខ១៨៣ក្រុម៥ ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចប្រាប់ថាម្ចាស់ផ្ទះដែលរងការខូចខាតខាងលើ ទី១. ឈ្មោះ ពេជ្រ សារ៉ាវ័ន្ត ភេទប្រុស អាយុ៦៤ឆ្នាំ ទី២. ឈ្មោះពេជ្រ ធីតា ភេទស្រី អាយុ៣៤ឆ្នាំ ( ផ្ទះដែលឆេះខាងលើជារបស់ឳពុកមួយខ្នង កូនស្រីមួយខ្នង)។

ប្រភពពីបងប្អូនម្ចាស់ផ្ទះដែលឆេះខាងលើ បានប្រាប់ថា មុនកើតហេតុក្រុមគ្រួសារខាងលើមានកម្មវិធីទៅឡើងគេហដ្ឋានថ្មី (ត្រូវជាកូន) នៅអរិយក្សត្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយចាក់សោរចោលក្រោយពីមានភ្លើងឆាបឆេះ ទើបមានបងប្អូនប្រជាពលរដ្ឋជិតខាងទូរស័ព្ទទៅប្រាប់ថាផ្ទះពួកគាត់។ ក្រោយពីពួកគាត់មកដល់ផ្ទះវិញត្រូវភ្លើងឆេះខ្ទេចហើយ ដោយក្នុងនោះទ្រព្យសម្បត្តិក្នុងផ្ទះទាំង២ខ្នងឆេះអស់ទាំងស្រុង រួមនិងម៉ូតូចំនួន២គ្រឿងផង មួយគ្រឿង ម៉ាកស៊ុយស៊ូគីស្តេប និងមួយគ្រឿងទៀត ម៉ាកយ៉ាម៉ាហា ហ្វីណូ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ក្នុងប្រតិបត្តការបាញ់ពន្លតទៅលើអគ្គីភ័យខាងលើ បានប្រើពេលប្រហែល១ម៉ោង ទើបទប់ស្កាត់បាន ក្នុងហេតុការណ៍ភ្លើងឆេះនេះប្រើប្រាស់រថយន្តពន្លត់អគ្កីភ័យអស់ចំនួន០៦រថយន្ត ដោយក្នុងនោះមានរថយន្តប្រចាំនៅសាលាខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់ទឹកអស់ចំនួន២ជើង, រថយន្តពន្លត់អគ្គិភ័យអង្គភាព៧១១ ចំនួន៤គ្រឿង ប្រើអស់ទាំង៤តែម្តង ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ហ៊ានអះអាងអំពីទំហំនៃការខូចខាត និងមូលហេតុនៃអគ្គិភ័យនេះនៅឡើយទេ៕