ចាំសិនមិនបាន!!! កូនប្រុសបាញ់សម្លាប់ខ្លួន ខឹងឪមិនដណ្តឹងប្រពន្ធឲ្យ

ខេត្តព្រះវិហារ ៖ បុរសម្នាក់បានរំអុកឪពុករបស់ខ្លួនឱ្យចូលស្តីដណ្តឹងកូនក្រមុំគេម្នាក់ ដែលខ្លួនលួចស្រលាញ់ជាយូរមកហើយ ប៉ុន្តែឪពុកប្រកែកប្រាប់ថា មិនទាន់មានលុយ ត្រូវចាំមួយរយៈសិនទៅ ស្រាប់តែកូនប្រុសក្តៅចិត្ត គិតខ្លីទាញកាំភ្លើងច្នៃមកបាញ់សម្លាប់ខ្លួន បណ្តាលឱ្យធ្លាយទ្រូងស្លាប់ក្នុងថ្លុកឈាមក្នុងខ្ទមចាំស្រែ។

ករណីកូនប្រុសក្តៅចិត្តរឿងឪពុកមិនព្រមស្តីដណ្តឹងប្រពន្ធឱ្យខ្លួន បែរជាបាញ់សម្លាប់ខ្លួនឯងនេះ បានកើតមានឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចខ្ទមចាំស្រែរបស់ជនរងគ្រោះដែលមាន ចម្ងាយប្រមាណ២គីឡូម៉ែត្រ ខាងលិចភូមិបុស ឃុំម្លូព្រៃពីរ ស្រុកឆែប។

បុរសគំនិតខ្លីដែលបាញ់ខ្លួនឯងធ្វើអត្តឃាត ព្រោះតែតូចចិត្តឪពុកមិនដណ្តឹងប្រពន្ធឱ្យនេះ  មានឈ្មោះឈួន ឈឿត អាយុ៣៣ឆ្នាំ មុខរបរធ្វើចម្ការ ស្នាក់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកជនរងគ្រោះបានចាប់ចិត្តប្រតិព័ទ្ធលើនារីម្នាក់ តែមិនទាន់មានលទ្ធភាពចូលស្តីដណ្តឹងយកមកធ្វើជាគូអនាគតនៅឡើយ ទើបចេះតែរំអុកឱ្យឪពុកម្តាយចូលស្តីដណ្តឹងនារីជាទីស្រលាញ់រូបនោះទុកឱ្យហើយ កុំឱ្យមានប្រុសផ្សេង មកឆក់យកទៅ ប៉ុន្តែត្រូវឪពុកម្តាយបដិសេធថា មិនទាន់មានលុយនៅឡើយទេ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានទៅរំអុកឪពុករបស់ខ្លួនមួយលើកទៀត ថាឱ្យចូលស្តីនារីម្នាក់នោះមក ឱ្យខ្លួនឆាប់ៗទៅ ក៏ត្រូវឪពុកឆ្លើយតបមកវិញថា មិនទាន់មានលុយទេ ចាំមួយរយៈទៀតសិនទៅ។ នៅពេលស្តាប់ឮចម្លើយបែបនេះ ធ្វើឱ្យជនរងគ្រោះដែលកំពុងលង់ចិត្តស្រលាញ់លើកូនក្រមុំគេខ្លាំងផងនោះ តូចចិត្តតូចថ្លើម ក៏ដើរទៅក្នុងខ្ទមស្រែរបស់ខ្លួន បន្ទាប់មក ក៏ទាញកាំភ្លើងកែច្នៃមួយដើម ម៉ាកការ៉ាប៊ីន យកមកបាញ់ប្រហារខ្លួនឯង ចំដើមទ្រូង បណ្តាលឱ្យធ្លាយទ្រូងស្លាប់នៅក្នុងខ្ទមស្រែយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព។ លុះពិនិត្យរួច សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាបានបាញ់សម្លាប់ខ្លួនឯងប្រាកដមែន មូលហេតុដោយសារតែតូចចិត្តនឹងរឿងឪពុកមិនចូលស្តីដណ្តឹងកូនគេឱ្យខ្លួន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕