Friday, April 19, 2024
Homeព័ត៌មានជាតិខ្លាំងណាស់ពូ!!! ផឹកស្រាបៀរអស់៥កំប៉ុង ស្រវឹងយកដែកកេះដុតផ្ទះចោល

ខ្លាំងណាស់ពូ!!! ផឹកស្រាបៀរអស់៥កំប៉ុង ស្រវឹងយកដែកកេះដុតផ្ទះចោល

ភ្នំពេញ ៖ បុរសម្នាក់អង្គុយផឹកស្រាបៀរជាមួយបងប្រុស បានផឹកស្រាអស់៥កំប៉ុង ស្រវឹងធ្លាក់ភ្នែក មិនដឹងជាឡប់ខួរអី បានយកដែកកេះដុតផ្ទះខ្លួនឯង បង្កឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះអត់លេខ ផ្លូវលំ ភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនដៃដល់ដុតផ្ទះខ្លួនឯងបំផ្លាញចោលនោះ មានឈ្មោះចាន់ វណ្ណដេត ភេទប្រុស អាយុ៣០ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។

តាមសម្តីបុរសឈ្មោះចាន់ វណ្ណឌី អាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុ ដែលត្រូវជាបងប្រុសរបស់ជនដៃដល់ បានធ្វើការរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងប្អូនប្រុសរបស់គាត់ជនដៃដល់ បានទិញស្រាបៀរមកជល់កែវតែ២នាក់បងប្អូន រហូតស្រវឹងស្រឿងៗ។ លុះមួយសន្ទុះក្រោយមក គាត់ក៏បានចេញទៅខាងក្រៅផ្ទះដើម្បីទិញបារីជក់ ស្រាប់តែមានប្រជាពលរដ្ឋនៅជិតខាងបានស្រែកឆោឡោថា មានភ្លើងឆេះផ្ទះ ខណៈពេលនេះគាត់ក៏បានរត់ទៅមើលឃើញផ្ទះរបស់ប្អូនគាត់ឆេះតែម្តង។ ភ្លាមៗនោះ មានប្រជាពលរដ្ឋបានទាក់ទងទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឱ្យចុះមកអន្តរាគមន៍ មានរថយន្តពន្លត់អគ្គីភ័យរបស់កងពលតូចលេខ៧០ មកចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានរាជធានីភ្នំពេញ មកចំនួន២គ្រឿងទៀត ហើយបានធ្វើការបាញ់ទឹកពន្លត់អស់ចំនួនរថយន្ត១គ្រឿង របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ទើបរលត់ទៅវិញជាស្ថាពរ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ ឆាបឆេះទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងស្រុង ចំណែកឯផ្ទះទំហំ៤ម៉ែត្រ គុណនិង១០ម៉ែត្រ ជាប្រភេទផ្ទះថ្មប្រក់ស័ង្កសី បណ្តាលឱ្យរងការខូចខាតឆេះតិចតួចទេ ព្រោះសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានបានឆ្លើយសារភាពថា កាលពីពេលវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃកើតហេតុ រូបគេបានអង្គុយផឹកស្រាបៀរនៅក្នុងបន្ទប់តែម្នាក់ឯង លុះផឹកអស់ស្រាបៀរចំនួន៥កំប៉ុងបានស្រវឹង ហើយដល់វេលាកើតហេតុ បងប្រុសក៏បានចេញទៅខាងក្រៅផ្ទះ ទើបដើរទៅចាក់សោទ្វារខាងមុខហើយ បានដើរទៅក្នុងបន្ទប់យកដែកកេះទៅដុតអាវនិងពូក បណ្តាលឱ្យឆាបឆេះតែម្តង។ ភ្លាមៗនោះ គាត់បានរត់ចេញមកខាងក្រៅតាមទ្វារខាងក្រោយ ដោយសារតែភ្លើងឆាបឆេះខ្លាំងពេក។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ចំណុចកើតហេតុ ហើយក៏បាននាំខ្លួនរូបគេទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ មូលហេតុដែលនាំឱ្យរូបគាត់ដុតផ្ទះខ្លួនឯងនេះ ព្រោះតែស្រវឹងស្រាខ្លាំងពេក និងទំនងជាផឹកប៉ះចំស្រាភ្លើង ក៏ឡប់ខួរ បែកគំនិតដុតផ្ទះខ្លួនឯងចោលតែម្តង។

បច្ចុប្បន្នជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ កសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចោមចៅ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES