ចាប់ឱប រួចច្របាច់គូទ ព្រោះក្នាញ់គូដណ្តឹងគេស្អាតពេក

ភ្នំពេញ ៖ នារីវ័យក្មេងទើបនឹងភ្ជាប់ពាក្យរួចម្នាក់ បានដើរមកឈរជជែកគ្នាលេងជាមួយមិត្តភក្តិស្រីម្នាក់នៅខាងមុខបន្ទប់ជួល ស្រាប់តែលេចមុខបុរសល្មោភកាមម្នាក់ ដែលជាអ្នកស្គាល់គ្នាជាមួយមិត្តភក្តិស្រីម្នាក់នោះ ដើរមកឈរនិយាយគ្នាលេងមួយសន្ទុះ ស្រាប់តែទំនងជាគ្រឺតក្នាញ់នឹងគូដណ្តឹងគេស្អាតពេក ទ្រាំមិនបាន ក៏ស្ទុះទៅចាប់ឱប ហើយយកដៃច្របាច់គូទនារីរងគ្រោះ បន្ទាប់មក ក៏រត់គេចខ្លួនបាត់។ ចំណែកនារីរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏ទូរស័ព្ទហៅគូដណ្តឹងរបស់ខ្លួនមកជូនទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីប្រុសព្រានគ្រឺតក្នាញ់នារីម្នាក់ពេក  រហូតដល់ស្ទុះទៅចាប់ឱប និងច្របាច់គូទគេនេះ បានកើតមានការភ្ញាក់កើតឡើង កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

 

នារីរងគ្រោះដែលត្រូវប្រុសព្រានចាប់ច្របាច់គូទ មានឈ្មោះសាម ភា អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលលេខ២១ ជាន់ទី២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ និងមិត្តភក្តិស្រីម្នាក់ទៀត ដែលជាអ្នកជួលបន្ទប់ស្នាក់នៅជិតគ្នា បាននាំគ្នាឈរជជែកគ្នាលេងនៅមុខបន្ទប់ជួលជាន់ទី២ លុះ បន្តិចក្រោយមក ក៏ស្រាប់តែលេចមុខបុរសម្នាក់ (ជនសង្ស័យ) ដែលទើបនឹងស្គាល់គ្នាជាមួយនារីជាមិត្តភក្តិបានចេញមកឈរនិយាយគ្នាដែរ លុះមួយសន្ទុះក្រោយមក មិនដឹងជាយ៉ាងម៉េច ទំនងជាជនសង្ស័យឃើញនារីរងគ្រោះដែលមានគូដណ្តឹងរួចទៅហើយស្អាតពេក ទ្រាំមិនបាន ក៏បែកគំនិតស្ទុះទៅចាប់ឱប រួចយកដៃទៅចាប់ច្របាច់គូទនារីរងគ្រោះទាំងកម្រោល ធ្វើឱ្យនារីរងគ្រោះភ័យស្លន់ស្លោស្រែកឆោឡោឡើង។ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនបាត់។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា រវាងនាងនិងជនសង្ស័យមិនធ្លាប់ស្គាល់គ្នាសោះ ហើយសូម្បីតែមុខ ក៏នាងមិនធ្លាប់ឃើញពីមុនមកផង។ នៅមុនពេលកើតហេតុ នាងបានទៅឈរលេងនៅមុខបន្ទប់ជជែកលេងជាមួយមិត្តភក្តិស្រីម្នាក់ ដែលស្នាក់នៅក្បែរគ្នា ស្រាប់តែត្រូវជនសង្ស័យដែលត្រូវជាមិត្តភក្កិរបស់មិត្តភក្តិស្រីនោះ បានមកឈរក្បែរនិយាយជាមួយ​មួយសន្ទុះ ក៏មកឱបនាង រួចហើយយកដៃច្របាច់គូទរបស់នាងទាំងកំរោលតែម្តង។

នារីរងគ្រោះបន្តថា ក្រោយកើតហេតុ នាងបានទូរស័ព្ទហៅបុរសជាគូដណ្តឹងមកដល់កន្លែងកើតហេតុ និងរៀបរាប់ដំណើររឿងប្រាប់អស់ហើយ ទើបដឹកគ្នាទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។ រីឯជនបង្កហេតុបានរត់គេចខ្លួនបាត់ទៅហើយ។

ចំណែកនារីដែលជាមិត្តភក្កិនារីរងគ្រោះ និងជាអ្នកស្គាល់គ្នាជាមួយជនបង្កហេតុដែរនោះ បានអះអាងថា រវាងនាងនិងជនបង្កហេតុ ទើបនឹងស្គាល់គ្នាបាន២ថ្ងៃប៉ុណ្ណោះ ដោយគ្រាន់តែធ្លាប់និយាយគ្នាលេងប៉ុណ្ណោះ ចំណែកអត្តសញ្ញាណរបស់ជននោះ នាងមិនស្គាល់ច្បាស់នោះទេ ហើយនៅសុខៗ ស្រាប់តែជននោះមកប្រព្រឹត្តទង្វើអសីលធម៌បែបនេះ ចំពោះមិត្តភក្តិរបស់នាង (នារីរងគ្រោះ)តែម្តង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ ដើម្បីតាមចាប់ខ្លួននាំយកមកចាត់ការតាមច្បាប់៕