សិស្សសាលាអាយុ១៧ឆ្នាំ អង្គុយលើផ្លូវដែក រថភ្លើងបុកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តតាកែវ ៖ យុវជនជាសិស្សសាលាម្នាក់ បានជួបជុំផឹកស៊ីជុំមិត្តភក្តិ លុះក្រោយពេលស្រវឹងធ្លាក់ភ្នែក ចែកផ្លូវគ្នាទៅផ្ទះអស់ យុវជនរូបនេះបែរជាទៅអង្គុយលេងនៅលើផ្លូវរថភ្លើងតែម្នាក់ឯងទៅវិញ លុះរថភ្លើងបើកឆ្លងកាត់ ក៏ជ្រុលបុក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវដែកមួយកន្លែង ស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រកាក្នុង ក្រុងដូនកែវ។

យុវជនស្រវឹងស្រាដែលមកអង្គុយលេងលើផ្លូវដែក និងត្រូវរថភ្លើងបុកស្លាប់នោះ មានឈ្មោះសូត្រ ឆេរ៉ាន់ អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះបានជួបជុំមិត្តភ្តក្តិក្នុងភូមិផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះដល់យប់ជ្រៅ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏បែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញអស់។ ចំណែកជនរងគ្រោះបានដើរតែម្នាក់ឯង សំដៅទៅផ្លូវរថភ្លើងចំណុចកើតហេតុខាងលើ ដើម្បីអង្គុយលេង ចំណែកអ្នករស់នៅក្បែរកន្លែងកើតហេតុ មិនមានអ្នកណាចាប់អារម្មណ៍នោះទេ ដោយបាននាំគ្នាចូលសម្រាកអស់ ហើយនៅយប់នោះ ក៏លាន់ឮសំឡេងរថភ្លើងបើកឆ្លងកាត់ដែរ តែមិនដឹងថា រថភ្លើងបានបុកមនុស្សស្លាប់នោះទេ។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ៣០១៨ ក៏មានអ្នកភូមិប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើផ្លូវរថភ្លើង ទើបមានការភ្ញាក់ផ្អើល និងដឹងថាជនរងគ្រោះត្រូវរថភ្លើងបុកស្លាប់ ក្រោយពីផឹកស្រវឹងមកអង្គុយលេងលើផ្លូវរថភ្លើង។ បន្ទាប់មក ក៏នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យដល់កន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា យុវជនរងគ្រោះពិតជាត្រូវរថភ្លើងបុកស្លាប់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕