Thursday, March 28, 2024
Homeព័ត៌មានជាតិប្រពន្ធដឹកប្តីមកពីលេងអក ចោរ៤នាក់ភ្ជង់ប្លន់ម៉ូតូ ភ័យរត់ចូលស្រះទឹកឈូក

ប្រពន្ធដឹកប្តីមកពីលេងអក ចោរ៤នាក់ភ្ជង់ប្លន់ម៉ូតូ ភ័យរត់ចូលស្រះទឹកឈូក

ភ្នំពេញ ៖ ប្រពន្ធជូនប្តីមកពីលេងអក ត្រឡប់ទៅផ្ទះវិញត្រូវជនសង្ស័យប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទី​រំលងអាធាត្រ ឈានចូលថ្ងៃទី០៩ ខែមករាឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលត្រូវក្រុមចោរគំរាមបាញ់ប្លន់ មានឈ្មោះនុត នឿន ភេទប្រុស អាយុ៥២ឆ្នាំ​មុខរបរអ្នកចុចអក នៅផ្លូវ២០០៤ ស្នាក់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ។ ម៉ូតូដែលជនសង្ស័យ​ប្លន់យកម៉ាកស៊ុយស៊ូគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CD-8896 ជិះ​២នាក់ប្តី ក្នុងទិសដៅជើងទៅត្បូង។

យោងតាមសម្តីប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ទើបត្រឡប់មកពីចុចអក នៅផ្លូវ២០០៤ លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ មិនចាំម៉ាក​ ​ដកកាំភ្លើងមួយដើមគំរាមបាញ់ប្លន់យកម៉ូតូ ធ្វើឲ្យប្តីរបស់គាត់ភ័យបានផ្តួលម៉ូតូចោល រត់ចូលស្រះទឹកឈូក សម្ងំទាំង២នាក់ ក៏ត្រូវជនសង្ស័យប្លន់យកម៉ូតូជិះចេញទៅបាត់ស្រមោល។

​ក្រោយកើតហេតុ ជនរងគ្រោះបានទំនាក់ទំងទៅសាច់ញាតិ និងសមត្ថកិច្ចចុះមកកន្លែងកើត ហេតុពិនិត្យមើល រួចហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្លើងឆេះ រទេះ ឲ្យជួយអន្តរាគមន៍ ៕

RELATED ARTICLES