Friday, March 29, 2024
Homeព័ត៌មានជាតិម្ចាស់ផ្ទះមិននៅ អ្នកបំរើឡើងសម្រាកនៅជាន់លើ ភ្លើងឆេះជាន់ក្រោមផ្អើលអ្នកជិតខាង

ម្ចាស់ផ្ទះមិននៅ អ្នកបំរើឡើងសម្រាកនៅជាន់លើ ភ្លើងឆេះជាន់ក្រោមផ្អើលអ្នកជិតខាង

ភ្នំពេញ ៖ ​​ផ្ទះល្វែងមួយកន្លែង សង្ស័យឆ្លងចន្តរអគ្គិសនីនៅជំនាងផ្ទះ បណ្តាលឲ្យឆាបឆេះ ធ្វើឲ្យខូចខាតសម្ភារៈអស់មួយចំនួនតូច និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៨០និង៨១ តាមបណ្តោយផ្លូវលេខ១៥ ក្នុងបុរីភពថ្មី ក្បែរការដ្ឋានសំណង់ផ្សារទំនើបអ៊ីអន់ទី២ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមសម្តីពីស្ត្រីម្នាក់ជាអ្នកបំរើ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ បានរៀបរាប់ឲ្យដឹងថា នៅក្នុងផ្ទះកើតហេតុ គឺមានមនុស្សស្រីដែលជាអ្នកបំរើចំនួន៤ទៅ៥នាក់ ស្នាក់នៅក្នុងផ្ទះកើតហេតុ ដោយឡែកម្ចាស់ផ្ទះគឺមិនបានស្នាក់នៅក្នុងផ្ទះខាងលើនោះទេ។ ​នៅមុនពេលកើតហេតុរូបគាត់ រួមទាំងអ្នកបំរើប៉ុន្មាននាក់ទៀត បាននាំគ្នាឡើងទៅសម្រាកនៅឯជាន់ខាងលើ ​លុះដល់វេលាកើតហេតុ ស្រាប់តែគាត់ឮសំឡេងដូចជាមានអ្នកបុកកញ្ចក់ និងឮសំឡេងស្រែកឆោឡោ បន្ទាប់មកគាត់ក៏បានរត់ចុះមកមើល ស្រាប់តែឃើញមានផ្សែង និងអណ្តាតភ្លើងចេញមកពីជំនាងផ្ទះ និងឃើញមានប្រជាពលរដ្ឋកំពុងវាយបំបែកកញ្ចក់ទ្វារ និងបង្អួចយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់​ជាង២០បំពង់ នៅតែមិនរលត់។ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋបានទាក់ទងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជារថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញចេញមកអន្តរាគមន៍បាញ់ពន្លត់អស់ចំនួន១គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងករណីអគ្គីភ័យឆាបឆេះខាងលើនោះ គឺបណ្តាលឲ្យទ្រព្យសម្បត្តិនៅក្នុងផ្ទះរងការខូចខាតអស់មួយចំនួនតូច ចំណែកឯផ្ទះគ្រាន់តែរងការខូចខាតឆេះជាន់ផ្ទាល់ដីផ្នែកខាងមុខ ឆេះរោលបន្តិចបន្តួច ។

តាមការសន្និដ្ឋានជំហានដំបូង សមត្ថកិច្ចប្រាប់ថា ​បង្កឡើងដោយសារតែ​ឆ្លងចរន្តអគ្គិសនី ចំពោះមូលហេតុពិតប្រាកដ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕

RELATED ARTICLES