Thursday, March 28, 2024
Homeព័ត៌មានជាតិប្តីចេញទៅធ្វើការបាត់ ប្រពន្ធឈឺពោះសម្រាលក្នុងបន្ទប់ទឹក

ប្តីចេញទៅធ្វើការបាត់ ប្រពន្ធឈឺពោះសម្រាលក្នុងបន្ទប់ទឹក

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបនឹងពពោះកូនដំបូង លុះប្តីរវល់ចេញទៅធ្វើការងារសំណង់ ឈឺពោះសម្រាល នឹកស្មានថាឈឺពោះធម្មតា ក៏ដើរចូលបន្ទប់ទឹកបំណងបត់ជើង ស្រាប់តែកើតបានកូនប្រុសម្នាក់ ទើបស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ លុះឃើញស្ថានភាពសុខភាពរបស់ស្ត្រីជាម្តាយចុះខ្សោយខ្លាំង ព្រមទាំងធ្លាក់ឈាមច្រើនផង ប្រជាពលរដ្ឋក្បែរខាងក៏ប្រញាប់ទាក់ទងហៅក្រុមសង្គ្រោះរបស់អង្គភាព៧១១ ចុះមកជួយអន្តរាគមន៍ និងដឹកបញ្ជូនទាំងម្តាយទាំងកូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។

ករណីស្ត្រីពពោះគ្រប់ខែ ឈឺពោះសម្រាលកូនក្នុងបន្ទប់ទឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលជាន់ទី២ ក្នុងភូមិទួលពង្រ សង្កាត់ចាមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីអភ័ព្វសម្រាលកូននៅក្នុងបន្ទប់ជួលដោយខ្លួនឯង មានឈ្មោះលីន នី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិស្លា ឃុំស្លា ស្រុកសំរោងទង ខេត្តតាកែវ មានប្តីឈ្មោះស៊ុំ រ៉េត អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់។ ប្តីប្រពន្ធអ្នកទាំង២សព្វថ្ងៃ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ក្រោយពីឪពុកម្តាយផ្សំផ្គុំរៀបចំឱ្យមានគូស្រកររួចមក ប្តីប្រពន្ធដែលមានវ័យក្មេងស្របាលគ្នា បានចាប់ដៃគ្នាសាងគ្រួសារ ដោយបុរសជាប្តីចាប់យករបរជាកម្មករសំណង់ ចំណែកប្រពន្ធចូលធ្វើការរោងចក្រ ប្រឹងទាំងត្រដាបត្រដួស ទោះជាស្ថានភាពជីវភាពគ្រួសារក្រីក្រលំបាកយ៉ាងណា ក៏ស៊ូទ្រាំអត់ឃ្លានមានស៊ី រួមរស់អស់រយៈពេលជា១ឆ្នាំ រហូតដល់ស្ត្រីជាប្រពន្ធបានចាប់ផ្តើមមានផ្ទៃពោះលើកដំបូង។

ប្រភពដដែលបន្តថា ដោយហេតុថា សាមីខ្លួនប្តីប្រពន្ធអ្នកទាំងពីរសុទ្ធតែនៅវ័យក្មេងខ្ចី ណាមួយជីវភាពក៏ទ័លក្រ មិនបានទៅមន្ទីរពេទ្យតាមដានសុខភាពឱ្យបានទៀងទាត់ ហេតុនេះទើបមិនដឹងថា គ្រប់ខែថ្ងៃណាខែណា ឱ្យប្រាកដនោះទេ។ លុះមកដល់ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ បុរសជាប្តីបានចេញទៅធ្វើការសំណង់ដូចសព្វដង ដោយទុកឱ្យប្រពន្ធដែលកំពុងមានផ្ទៃពោះគ្រប់ខែ នៅបន្ទប់ជួលតែម្នាក់ឯង ដោយគ្មានសាច់ញាតិ ឬបងប្អូនណានៅក្បែរមើលថែសោះឡើយ។ លុះប្តីចេញបាត់ មកដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ស្ត្រីជាប្រពន្ធក៏ចាប់ផ្តើមមានអាការឈឺចុកសៀតក្នុងពោះ ហើយក៏មិនហ៊ានប្រាប់អ្នកណាដែរ និងនឹកស្មានតែឈឺពោះធម្មតា លុះពេលឈឺពោះកាន់តែខ្លាំង ស្ត្រីជាប្រពន្ធរូបនោះក៏ក្រោកដើរចូលទៅបន្ទប់ទឹក បំណងបត់ជើង លុះពេលចូលដល់ក្នុងបន្ទប់ទឹក ស្រាប់តែសម្រាលបានកូនប្រុសម្នាក់នៅក្នុងបន្ទប់ទឹក ទើបភ័យស្លន់ស្លោ ស្រែកហៅអ្នកជិតខាងឱ្យជួយ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញផ្ទះជួលតែម្តង។

ក្រោយកើតហេតុ អ្នកជិតខាងបានបើកទ្វារចូលមកមើល ក៏ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះសម្រាលបានកូនប្រុសម្នាក់ទៅហើយ ប៉ុន្តែដោយសង្កេតឃើញស្ថានភាពសុខភាពរបស់ស្ត្រីជាម្តាយហាក់ចុះខ្សោយខ្លាំង និងមានធ្លាក់ឈាមច្រើនផង ទើបប្រញាប់ទាក់ទងហៅរថយន្តសង្គ្រោះមកដឹកស្ត្រីរងគ្រោះទៅមន្ទីរពេទ្យ។

លុះបន្តិចក្រោយមក ក្រុមសង្គ្រោះរបស់អង្គភាព៧១១ បានចុះមកដល់ទីតាំងកើតហេតុ និងបានជួយអន្តរាគមន៍សង្គ្រោះបឋម ទៅលើម្តាយនិងទារក បន្ទាប់មកក៏ប្រញាប់ដឹកបញ្ជូនទាំងម្តាយទាំងកូន ទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីពិនិត្យតាមដានសុខភាព និងសម្រាកព្យាបាលជាបន្ត៕

 

 

 

អត្ថបទមុនៗ

 

ជនរងគ្រោះចូលលួចទា ម្ចាស់ចាំកាប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៦នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីព្រួតគ្នាកាប់ចាក់ និងអារកសម្លាប់យុវជនជាអ្នកគង្វាលទាម្នាក់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំមកធ្វើការសាកសួរ កាលវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយធ្វើការសាកសួរ ក្រុមជនសង្ស័យទាំង៦នាក់ ដែលក្នុងនោះមានម្នាក់ជាឃាតករ ចំណែក៥នាក់ផ្សេងទៀត គឺជាបក្ខពួករបស់ជនរងគ្រោះ ទើបបែកធ្លាយដឹងថា ករណីកាប់សម្លាប់យុវជនខាងលើ គឺជារឿងចោរលួចទា ដោយជនរងគ្រោះ រួមនឹងបក្ខពួក៥នាក់ បានចូលទៅលួចមាន់ទារបស់ជនដៃដល់ជាឃាតករ លុះម្ចាស់ទាដែលជាឃាតករបានដឹង ក៏កាន់ពូថៅឈរចាំច្រកចេញ និងដេញកាប់ក្រុមជនរងគ្រោះ ប៉ុន្តែ ៥នាក់ទៀតរត់គេចផុតអស់ នៅសល់តែជនរងគ្រោះម្នាក់រត់គេចមិនទាន់គេ ក៏ត្រូវជនជាឃាតករកាប់សម្លាប់ចោលតែម្តង។

ជនដៃដល់ជាឃាតករដៃឆៅ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភាព វិសាល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមទា រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ (ពាក់អាវពណ៌ក្រហម)។ ចំណែកជនសង្ស័យជាបក្សពួកជនរងគ្រោះមានគ្នា៥នាក់ រួមមាន ទី១ ឈ្មោះរម្យ ខន ភេទប្រុស អាយុ១៩ឆ្នាំ, ទី២ ឈ្មោះលាភ ផល្លា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ-សង្កាត់កើហេតុខាងលើ និងមានស្រុកុកំណើតនៅភូមិព្រលាន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង, ទី៣ ឈ្មោះផែន ចន្នី ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ, ទី៤ ឈ្មោះលៅ ឆាយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជួយមើលទាឱ្យជនដៃដល់ ស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ និងទី៥ ឈ្មោះង៉ាន់ ឈុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមើលទាឱ្យជនដៃដល់។ ទាំងឃាតករ និងក្រុមជនរងគ្រោះ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យជាមួយគ្នា។

យុវជនរងគ្រោះដែលត្រូវឃាតករកាប់ចាក់ និងអារកសម្លាប់ មានឈ្មោះប៊ុន ធឿនធារ៉ា អាយុ១៧ឆ្នាំ មុខរបរជាអ្នកស៊ីឈ្នួលឃ្វាលទាឱ្យគេ ស្នាក់នៅចំណុចទីតាំងកើតហេតុខាងលើ ជាមួយជីដូនឈ្មោះយ៉ុន យ៉ុង អាយុ៦៨ឆ្នាំ។ ជនរងគ្រោះជាក្មេងកំព្រាឪពុក មានម្តាយ ឈ្មោះអុល យាំ អាយុ៤១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះផ្សេងគ្នា និងមានបងប្អូនបង្កើតចំនួន៤នាក់ (ប្រុស២ ស្រី២) ដោយក្នុងនោះ ជនរងគ្រោះគឺជាកូនច្បងក្នុងគ្រួសារ។

លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា បន្ទាប់ពីកើតមានករណីឃាតកម្មកាប់ចាក់ អារកសម្លាប់យុវជនឃ្វាលទាម្នាក់ កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ រួចមក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឱ្យនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ស្ថិតនៅមុខផ្ទះរបស់ជនរងគ្រោះ តាមផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

លោកយឹម សារ៉ាន់ បន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចក៏មិនទាន់ដឹងថាមានអីរឿងកើតឡើងឱ្យពិតប្រាកដដែរ ប៉ុន្តែឆ្លងកាត់ការស្រាវជ្រាវអស់រយៈពេលជាច្រើនម៉ោងរួចមក រហូតដល់វេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចក៏ឈានដល់ការចាប់ខ្លួនមនុស្ស៥នាក់ ដែលជាបក្ខពួករបស់ជនរងគ្រោះ យកទៅសួរនាំ ទើបដឹងថា ការកាប់សម្លាប់គ្នានេះផ្តើមចេញពីយុវជនរងគ្រោះ និងមិត្តភក្តិ៥នាក់ទៀត ធ្វើសកម្មភាពចូលទៅលួចទារបស់ជនដៃដល់ដែលជាអ្នកចិញ្ចឹមទា ទើបត្រូវជនដៃដល់ដេញកាប់សម្លាប់តែម្តង។ បន្ទាប់មក សមត្ថកិច្ចក៏បានកំណត់មុខសញ្ញាជនដៃដល់ជាឃាតករ និងឈានទៅដល់ការចាប់ឃាត់ខ្លួនជននោះ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនដៃដល់ជាឃាតកររូបនោះតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករឈ្មោះភាព វិសាល បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន ដោយយកពូថៅកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យដួលដេកនៅនឹងកន្លែង ហើយបន្ទាប់មក រូបគេក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ដោយមិនដឹងថា ការដែលរូបគេកាប់ប្រហារទៅលើជនរងគ្រោះនោះ បណ្តាលឱ្យជនរងគ្រោះស្លាប់នោះឡើយ។

ដោយឡែកជនសង្ស័យម្នាក់ ក្នុងចំណោម៥នាក់ ដែលជាបក្សពួករបស់ជនរងគ្រោះ បានសារភាពប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ពួកគេបានចូលទៅលួចទាររបស់ជនដៃដល់ខាងលើពិតប្រាកដមែន ដោយឱ្យជនសង្ស័យម្នាក់យកមាន់ចេញ ហើយជនរងគ្រោះ និងខ្លួន២នាក់ទៀត បាននាំគ្នាចេញមកតាមក្រោយ បន្ទាប់មកត្រូវជនជាឃាតករដែលជាម្ចាស់ទាដឹងទាន់ ក៏ចេញមកឈរចាំនៅមាត់ផ្លូវ ដោយពាក់មួកសុវត្ថិភាព ហើយកាន់ពូថៅដេញកាប់ពួគេតែម្តង បន្ទាប់មកជនរងគ្រោះរត់មិនទាន់គេ ក៏ត្រូវជនដៃដល់ដេញកាប់ប្រហារតែម្តង ចំណែកពួកគេក៏មិនបានដឹងថា មិត្តភក្កិខ្លួន (ជនរងគ្រោះ) ត្រូវជនសង្ស័យជាឃាតករសម្លាប់នោះឡើយ ព្រោះរវល់ភ័យស្លន់ស្លោ រត់គេចខ្លួនដែរ។

ក្រោយពីការឃាត់ខ្លួន ជនសង្ស័យចំនួន៦នាក់ខាងលើ ក្នុងនោះមានជនជាឃាតករម្នាក់រួចមក កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមជនសង្ស័យទាំងនោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅតាមផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយយុវជនជាអ្នកគង្វាលទាម្នាក់ ត្រូវបានជនដៃដល់មួយក្រុមបានធ្វើសកម្មភាពវាយតប់កាប់ចាក់ និងអារកសម្លាប់យ៉ាងឃោរឃៅ បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។

តាមសម្តីបុរសឈ្មោះប៊ុក ប៊ុនថាន អាយុ៣៨ឆ្នាំ ត្រូវជាឪពុកមារបស់ជនរងគ្រោះ  រស់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឱ្យដឹងថា នៅមុនកើតហេតុ នៅវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ខណៈដែលគាត់កំពុងដេកសម្រាកនៅលើផ្ទះ ក៏ឮសូរសំឡេងមាត់ក្មួយប្រុស (ជនរងគ្រោះ) ស្រែកហៅពូមីងឱ្យជួយ លុះពេលគាត់បើកបង្ហើបបង្អូចមើល ស្រាប់តែឃើញមនុស្សចំនួន៤នាក់ តែមើលមិនស្គាល់មុខច្បាស់ ប្រដាប់ដោយកាំបិតចុងស្រួច ខ្លះចាប់ជនរងគ្រោះ ខ្លះវាយតប់ ខ្លះទៀតចាក់កាប់ និងអារកយ៉ាងឃោរឃៅ ទើបគាត់បានស្រែកផ្អើលអ្នកជិតខាងចេញទៅមើល ធ្វើឱ្យក្រុមជនដៃដល់ រត់គេចខ្លួនបាត់ស្រមោលអស់ ចំណែកក្មួយប្រុសរបស់គាត់បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ច រហូតដល់ព្រឹក ទើបនគរបាលជំនាញក្រុង ចុះទៅពិនិត្យមើល និងធ្វើកោសល្យវិច័យ។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេបានឮសូរសំឡេងប្រទ្រូសរ៉ាយគ្នា នៅតាមផ្លូវក្នុងភូមិ តែមិនដឹងថា ក្រុមមនុស្សទាំងនោះកើតមានរឿងអ្វីជាមួយគ្នានោះទេ រហូតដល់មួយសន្ធុះក្រោយមក ទើបឮសូរសម្រែកឱ្យជួយ ផ្អើលឆោឡោនាំគ្នាចេញទៅមើល ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះត្រូវទទួលរងការចាក់ប្រហារត្រង់ដើមទ្រូង និងមានស្នាមអារកទៀតផង។

ទីបំផុត ឈាមស្រែកស្បែកហៅ សំណុំរឿងឃាតកម្មដ៏ព្រៃផ្សៃខាងលើ ត្រូវសមត្ថកិច្ចស្រាវជ្រាវបំបែកបានដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនជនជាឃាតករ នាំយកទៅផ្តន្ទាទោសតាមច្បាប់់៕

http://www.nokorthomdaily.com/2018/01/killer-58571/

RELATED ARTICLES