Thursday, April 25, 2024
Homeព័ត៌មានជាតិខំដើរទៅជល់កែវជាមួយហើយ លោកប៉ូលិសមិនព្រមជល់ វាយរយះមុខ

ខំដើរទៅជល់កែវជាមួយហើយ លោកប៉ូលិសមិនព្រមជល់ វាយរយះមុខ

ខេត្តកណ្តាល ៖ បុរសជើងខ្លាំងម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏បានដើរទៅជល់កែវជាមួយនឹងមន្ត្រីនគរបាលម្នាក់ដែលផឹកស៊ីក្បែរតុគ្នា លុះខឹងគេមិនព្រមជល់កែវ ក៏ផ្ទុះកំហឹងបោះពាក្យដៀមដាម រហូតឈានដល់ផ្ទុះហិង្សាព្រួតគ្នាវាយទៅលើមន្ត្រីនគរបាលរូបនោះ បណ្តាលឱ្យរយះមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនដៃដល់ដែលខឹងគេមិនជល់កែវជាមួយ បង្កហិង្សា រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភួង សុភាព អាយុ៣៧ឆ្នាំ មុខរបរចិញ្ចឹមត្រចៀកកាំ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកបក្ខពួកម្នាក់ទៀត ជាបងប្អូនគ្នា បានគេចខ្លួនបាត់ មានឈ្មោះភួង សុភ័ក្ត អាយុ៣៩ឆ្នាំ មុខរបររត់តាក់ស៊ី មានលំនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយឡែក ជនរងគ្រោះមានឈ្មោះជុំ ចាន់ អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីនគរបាល មានលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យ រួមទាំងមិត្តភក្តិមួយចំនួនទៀត បាននាំគ្នាផឹកស៊ីនៅដីឡូត៍កន្លែងកើតហេតុខាងលើ។ លុះក្រោយពេលផឹកស៊ីស្រវឹងធ្លាក់ភ្នែក ជនសង្ស័យឈ្មោះភួង សុភាព បានដើរទៅជល់កែវជាមួយជនរងគ្រោះ តែពេលនោះជនរងគ្រោះមិនបានជល់កែវជាមួយជនសង្ស័យវិញនោះទេ ជាហេតុធ្វើឱ្យជនសង្ស័យខឹង ក៏បាននិយាយដៀមដាមពាក្យសម្តីគ្នាដាក់ជនរងគ្រោះ។

ប្រភពដដែលបន្តថា ពេលនោះជនរងគ្រោះឃើញសភាពមិនស្រួល ក៏បានដើរចេញពីតុ ទៅយកម៉ូតូ បម្រុងជិះចេញទៅវិញ ស្រាប់តែត្រូវជនសង្ស័យទាំង២នាក់បងប្អូន បានស្ទុះទៅវាយលើជនរងគ្រោះជាច្រើនដៃ បណ្តាលឱ្យរងរបួសរយះមុខ របួសត្រង់ខ្នង និងក្បាលផ្នែកខាងក្រោយ។ បន្ទាប់មកត្រូវបានអ្នកផឹកស៊ីជាមួយឃាត់បំបែកចេញទៅ ហើយជនរងគ្រោះបានប្តឹងនគរបាលចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះភួង សុភាព មកសាកសួរនៅប៉ុស្តិ៍ ចំណែកឯបក្សពួកម្នាក់ទៀតបានគេចខ្លួនបាត់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះភួង សុភាព បានសារភាពប្រាប់ថា ខ្លួននិងប្អូនប្រុសម្នាក់ទៀត ពិតជាបានវាយទៅលើជនរងគ្រោះប្រាកដមែន ដោយសារតែខឹងនឹងជនរងគ្រោះឈ្លើយ មិនព្រមជល់កែវជាមួយខ្លួន ទើបទប់កំហឹងមិនបាន ក៏វាយទុកជាការព្រមានតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនចាត់ការតាមនីតិវិធី៕

 

អត្ថបទមុនៗ

 

ម្ចាស់ផ្ទះមិននៅ អ្នកបំរើឡើងសម្រាកនៅជាន់លើ ភ្លើងឆេះជាន់ក្រោមផ្អើលអ្នកជិតខាង

ភ្នំពេញ ៖ ​​ផ្ទះល្វែងមួយកន្លែង សង្ស័យឆ្លងចន្តរអគ្គិសនីនៅជំនាងផ្ទះ បណ្តាលឲ្យឆាបឆេះ ធ្វើឲ្យខូចខាតសម្ភារៈអស់មួយចំនួនតូច និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៨០និង៨១ តាមបណ្តោយផ្លូវលេខ១៥ ក្នុងបុរីភពថ្មី ក្បែរការដ្ឋានសំណង់ផ្សារទំនើបអ៊ីអន់ទី២ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមសម្តីពីស្ត្រីម្នាក់ជាអ្នកបំរើ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ បានរៀបរាប់ឲ្យដឹងថា នៅក្នុងផ្ទះកើតហេតុ គឺមានមនុស្សស្រីដែលជាអ្នកបំរើចំនួន៤ទៅ៥នាក់ ស្នាក់នៅក្នុងផ្ទះកើតហេតុ ដោយឡែកម្ចាស់ផ្ទះគឺមិនបានស្នាក់នៅក្នុងផ្ទះខាងលើនោះទេ។ ​នៅមុនពេលកើតហេតុរូបគាត់ រួមទាំងអ្នកបំរើប៉ុន្មាននាក់ទៀត បាននាំគ្នាឡើងទៅសម្រាកនៅឯជាន់ខាងលើ ​លុះដល់វេលាកើតហេតុ ស្រាប់តែគាត់ឮសំឡេងដូចជាមានអ្នកបុកកញ្ចក់ និងឮសំឡេងស្រែកឆោឡោ បន្ទាប់មកគាត់ក៏បានរត់ចុះមកមើល ស្រាប់តែឃើញមានផ្សែង និងអណ្តាតភ្លើងចេញមកពីជំនាងផ្ទះ និងឃើញមានប្រជាពលរដ្ឋកំពុងវាយបំបែកកញ្ចក់ទ្វារ និងបង្អួចយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់​ជាង២០បំពង់ នៅតែមិនរលត់។ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋបានទាក់ទងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជារថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញចេញមកអន្តរាគមន៍បាញ់ពន្លត់អស់ចំនួន១គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងករណីអគ្គីភ័យឆាបឆេះខាងលើនោះ គឺបណ្តាលឲ្យទ្រព្យសម្បត្តិនៅក្នុងផ្ទះរងការខូចខាតអស់មួយចំនួនតូច ចំណែកឯផ្ទះគ្រាន់តែរងការខូចខាតឆេះជាន់ផ្ទាល់ដីផ្នែកខាងមុខ ឆេះរោលបន្តិចបន្តួច ។

តាមការសន្និដ្ឋានជំហានដំបូង សមត្ថកិច្ចប្រាប់ថា ​បង្កឡើងដោយសារតែ​ឆ្លងចរន្តអគ្គិសនី ចំពោះមូលហេតុពិតប្រាកដ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕

 

http://www.nokorthomdaily.com/2018/01/fire-58547/

RELATED ARTICLES