Friday, April 19, 2024
Homeតារាខ្មែរលី ច័ន្ទសីហា កូនស្រីកើតហើយ តែមិនទាន់បានដាក់ឈ្មោះ

លី ច័ន្ទសីហា កូនស្រីកើតហើយ តែមិនទាន់បានដាក់ឈ្មោះ

លី ច័ន្ទសីហា បានសម្រាលកូនស្រីដំបូង មានទម្ងន់២.៦គីឡូក្រាម ដោយជោគជ័យ កាលពីរាត្រីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យសូរិយា ក្បែរផ្សារស៊ីធីម៉ល​ រាជធានីភ្នំពេញ។ ស្វាមីនាង​លោកចាន់ ថៃសេង បាននៅកំដរតារារូបនេះជានិច្ច ចំណែកឪពុកនាង លោកលី សុខជន់ សប្បាយចិត្តក្រៃលែង ព្រោះបានចៅស្រីបីលេងដូចបំណងហើយ។

លោកលី សុខជន់ និយាយដោយរំភើបតាមទូរស័ព្ទថា ”ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលសីហា សម្រាលកូនដោយសុវត្ថិភាព ហើយសុខភាពគេល្អ ទាំងកូន ទាំងម្ដាយបែបនេះ។ សម្រាប់ខ្ញុំ ចៅស្រីក៏បាន ប្រុសក៏បាន ឲ្យតែជាចៅខ្ញុំពេញចិត្តទាំងអស់ ​និយាយទៅ សប្បាយចិត្តណាស់គ្មានអ្វីប្រៀបធៀបបានឡើយ ព្រោះថាបំណងខ្ញុំចង់ពចៅ ពេលនេះបានសម្រេចហើយ។ យប់មិញ គ្រាន់តែសីហា សម្រាលកូនភ្លាម ចន ច័ន្ទលក្ខិណា ចេញពីថតកុនមកមើលមុនគេតែម្ដង”។

លី ច័ន្ទសីហា បានផ្អាកពីអាជីពសិល្បៈជាច្រើនខែ ក្រោយពេលថតបានថតបញ្ចប់ភាពយន្ដរបស់ប៉ុស្ដិ៍លេខ៥ រឿង ”វេទមន្ដស្នេហ៍” ហើយនាងសម្ងំនៅតែផ្ទះថែទាំសុខភាពទារកក្នុងផ្ទៃ រហូតដល់ថ្ងៃសម្រាលតែម្ដង។ យ៉ាងណា ស្វាមីនាងជាអ្នកជំនួញនោះ នៅតែប្រកាន់ជំហរថា លោកមិនរារាំងផ្លូវសីហា ឡើយ ប្រសិនបើនាងមានសុខភាពជាប្រក្រតីវិញ ហើយចង់ចូលប្រឡូកសិល្បៈសារជាថ្មីនោះ។

លោកចាន់ ថៃសេង អះអាងថា ”ប្រពន្ធខ្ញុំមានសុខភាពល្អទេ គាត់បានមកមន្ទីរពេទ្យតាំងពីព្រឹក ថ្ងៃទី០៩ ខែមករា ហ្នឹង ហើយសម្រាលនៅពេលយប់ ដោយមិនមានបញ្ហាសុខភាពទេ។ សម្រាប់ខ្ញុំ គឺកូនប្រុសក៏បាន ស្រីក៏បាន ឲ្យតែជាកូន ខ្ញុំស្រលាញ់ពេញចិត្តទាំងអស់ ហើយសំខាន់នៅពេលនេះ ប្រពន្ធខ្ញុំនិងកូន គឺមានសុខភាពល្អដូចគ្នា។ ឥឡូវកូនស្រីខ្ញុំហ្នឹងនៅមិនទាន់ដាក់ឈ្មោះឲ្យទេ គឺរង់ចាំប្រហែលជា១សប្ដាហ៍ទៀតសិន ទើបជុំគ្នាទាំងសងខាង ហើយដាក់ឈ្មោះឲ្យតែម្ដង ព្រោះពេលនេះមិនទាន់ឯកភាពគ្នា។ ចំពោះការងារសិល្បៈរបស់សីហា វិញ ទោះជាពេលនេះគាត់មានកូន១ក្ដី តែបើគាត់នៅតែស្រលាញ់សិល្បៈ គឺខ្ញុំតម្រូវតាមចិត្តគាត់ទាំងអស់ មិនរារាំងទេ។ សីហា នឹងសម្រាកនៅមន្ទីរពេទ្យរយៈពេល១អាទិត្យ រង់ចាំសុខភាពគាត់ល្អឡើងវិញសិន ទើបវិលត្រឡប់ទៅផ្ទះវិញ”។

លី ច័ន្ទសីហា ដែលប្រឡូកសិល្បៈតាំងពីនៅតូចនោះ បានដឹកដៃលោកចាន់ ថៃសេង រៀបកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ហើយនាងបានបើកហាងរកស៊ីលក់កាបូប S.H Collection នៅតាមបណ្ដោយផ្លូវ៣១០ រាជធានីភ្នំពេញ ខណៈដែលអាជីពសិល្បៈនៅតែបន្ដដដែល។ មុនសម្រាលបានកូនស្រី១នេះ សីហា ធ្លាប់ប្រាប់ថា នាងនិងស្វាមីចង់បានកូនច្រើនទៅតាមធម្មជាតិ ដោយមិនកំណត់ថាប៉ុន្មានឡើយ ដូចនេះការមានកូន១ គឺមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់តារាសម្ដែងរូបនេះ។

លោកចាន់ ថៃសេង បន្ថែមថា ”ឥឡូវហាងលក់កាបូបហ្នឹង ប្រពន្ធខ្ញុំផ្អាកមួយរយៈសិន មុនពេលសម្រាលកូននេះ ហើយនៅពេលដែលគាត់បានរឹងដៃរឹងជើងបន្ដិច នឹងបើកហាងនេះឡើងវិញ ដោយរកអីតាំងផ្សេងវិញ ព្រោះទីតាំងចាស់នោះ គឺពិបាកក្នុងការចតឡានបន្ដិច។ ក្រោយសីហា ចេញពីពេទ្យនោះ ខ្ញុំនិងភរិយាក៏មានគម្រោងធ្វើពិធីបង្កក់កូនស្រីផងដែរ”៕

 

 

អត្ថបទមុនៗ

 

អាសូរប្រពន្ធកូនស្លាប់ ប្តីរបួសធ្ងន់! ត្រូវរថយន្តដឹកថ្មដាច់ហ្វ្រាំងបុករះ 

ភ្នំពេញ ៖ រថយន្តដឹកថ្ម១គ្រឿង បើកបរនៅលើដងផ្លូវកំពុងពេញល្បឿន ស្រាប់តែដាច់ហ្វ្រាំង ធ្វើឱ្យជ្រុលចង្កូតទៅបុករះម៉ូតូចំនួន២គ្រឿង និងបុកផ្ទប់រថយន្តចំនួន៣គ្រឿងទៀត បណ្តាលឱ្យមនុស្សចំនួន៣នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ចំណែកម្នាក់ទៀតទទួលរងរបួសធ្ងន់ ដោយក្នុងចំណោមជនរងគ្រោះនោះ មាន៣នាក់ជាសមាជិកគ្រួសារតែមួយ ដោយក្នុងនោះស្ត្រីជាប្រពន្ធ រួមនឹងកូនប្រុសអាយុ៣ឆ្នាំ បានស្លាប់ ចំណែកបុរសជាប្តីរងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានឡើង កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវ QMI ចំណុចទល់មុខវិទ្យាល័យជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំង៣នាក់ ដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រួមមាន ទី១-ឈ្មោះសួន ធារ៉ា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ទី២-ក្មេងប្រុសអាយុ៣ឆ្នាំ ត្រូវជាកូនស្ត្រីរងគ្រោះខាងលើ និងទី៣-ឈ្មោះឈៀន សាមិត ហៅវិត អាយុ៤៣ឆ្នាំ មុខរបរយោធា និងជាបុគ្គលិកក្រុមហ៊ុនតិចស៊្រុន មានលំនៅក្នុងភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ចំណែកជនរងគ្រោះដែល ទទួលរងរបួសធ្ងន់ មានឈ្មោះពេជ ពៅ អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាប្តីស្ត្រីរងគ្រោះឈ្មោះសួន ធារ៉ា។ ដោយឡែកអ្នកបើកបរ រថយន្តបង្កមានឈ្មោះយឹម ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិកំពង់ស្នែងរមាំង ឃុំខេមជំនះពេន ស្រុកសំរោង ខេត្តតាកែវ។

តាមប្រភពពីសមត្ថកិច្ច រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស្លែ ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ៣-៣៩៣៦ ជារថយន្តដឹកថ្មអងដឺ។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០១ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 1D-7922 ជិះគ្នា៣នាក់ (ម្តាយនិងកូនស្លាប់ ឪពុករបួសធ្ងន់)។ ម៉ូតូរងគ្រោះ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1J-5687 បើកដោយបុរសម្នាក់ (ស្លាប់)។ ដោយឡែករថយន្តរងគ្រោះ៣គ្រឿងទៀត រួមមាន ទី១-រថយន្តកូរ៉េដឹកមាន់ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG-1452 រងការខូចខាតតិចតួច ទី២-រថយន្តកូរ៉េ ពណ៌ស ដឹកកម្មកររោងចក្រ រងការខូចខាតតិចតួច និងទី៣-មិនចាំម៉ាក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះទាំង២គ្រឿងខាងលើ បើកបរក្នុងទិសដៅពីលិចទៅកើត ដោយបើកពីមុខរថយន្តបង្ក លុះបើកមកដល់ចំណុចកើតហេតុខាងលើ ដោយសារផ្លូវកែងហើយរថយន្តរងគ្រោះនៅខាងមុខ បានបន្ថយល្បឿន ស្រាប់តែរថយន្តបង្កបើកក្នុងទិសដៅពីលិចទៅកើតស្របគ្នា បានដាច់ហ្វ្រាំង ទើបធ្វើឱ្យជ្រុលល្បឿន ទៅបុកម៉ូតូរងគ្រោះ២គ្រឿង ហើយជ្រុលទៅបុកផ្ទប់រថយន្ត២គ្រឿងទៀត ជាមួយរថយន្តដឹកមាន់ បណ្តាលឱ្យស្ត្រីម្នាក់ រួមនឹងកូនប្រុសតូច បានស្លាប់នៅនឹងកន្លែង ចំណែកបុរសជាប្តីបានទទួលរងរបួសធ្ងន់ រីឯបុរសម្នាក់ទៀត ដែលជិះម៉ូតូមួយគ្រឿងទៀត បានរងរបួសធ្ងន់នៅសល់ដង្ហើមផ្តឹកៗ និងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗដែរ តែជាអកុសលដល់ពាក់កណ្តាលផ្លូវ ក៏ដាច់ខ្យល់ស្លាប់លើរថយន្ត ទើបត្រូវគេដឹកសាកសពត្រឡប់ មកកន្លែងកើតហេតុវិញ។

តាមសម្តីបុរសអ្នកបើកបររថយន្តបង្ក បានបញ្ជាក់ប្រាប់ថា ដោយសារតែរថយន្តរបស់គាត់ ជាន់ហ្វ្រាំងអត់ស៊ី ម៉្លោះហើយបានជារថយន្តរបស់គាត់បានជ្រុលចង្កូតទៅបុករះម៉ូតូ និងរថយន្ត បណ្តាលឱ្យមានមនុស្សស្លាប់បែបនេះ។ ជាមួយនេះ គាត់បានធ្វើការសុំទោសចំពោះក្រុមគ្រួសារ នៃសពទាំងអស់ និងស្នើសុំអភ័យទោសដល់គាត់ផង ព្រោះគាត់គ្មានចេតនាឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តបង្កព្រមទាំងម៉ូតូរងគ្រោះ និងរថយន្តរងគ្រោះ និងបានឃាត់ខ្លួនជនបង្កជាអ្នកបើកបររថយន្តដឹកថ្ម ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធី។

ដោយឡែកសាកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

 

http://www.nokorthomdaily.com/2018/01/100120181015/

RELATED ARTICLES