Wednesday, April 24, 2024
Homeព័ត៌មានជាតិចូលតុលាការហើយ!!! លោកស័ក្តិ៤ជើងខ្លាំង ធាក់កូនប៉ូលិសផ្ងារក្រោយ ខឹងឃាត់រថយន្តបើកបញ្ច្រាស

ចូលតុលាការហើយ!!! លោកស័ក្តិ៤ជើងខ្លាំង ធាក់កូនប៉ូលិសផ្ងារក្រោយ ខឹងឃាត់រថយន្តបើកបញ្ច្រាស

ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលជើងខ្លាំងម្នាក់ បានបើករថយន្តទំនើបបញ្ច្រាសទិសដៅចរាចរណ៍ លុះពេលសមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅឃាត់សួរនាំ ស្រាប់តែខឹងច្រឡោតតោតតូង សម្លុតគំរាមមន្ត្រីនគរបាលជាប់កិច្ចសន្យាម្នាក់ឱ្យលុតជង្គង់គំនាប់ (គោរព) រួចស្ទុះទៅធាក់១ជើង ចូលដើមទ្រូងមន្ត្រីប៉ូលិសជាប់កិច្ចសន្យារូបនោះថែមទៀត ជាហេតុធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន ពិសេសត្រូវអ្នកលេងហ្វេសប៊ុក បាននាំគ្នាចែករំលែករូបភាពវីដេអូដ៏អសីលធម៌នេះតៗគ្នា ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមានការសំណូមពរឱ្យថ្នាក់លើចាត់វិធានការទៅលើបុគ្គលប៉ូលិសជើងខ្លាំងខាងលើជាបន្ទាន់។

ហេតុការណ៍ដ៏អមនុស្សធម៌ ដែលទទួលបានការរិះគន់យ៉ាងខ្លាំងនេះ បានកើតឡើង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្តុបត្រឡោកបែក ស្ថិតក្នុងខណ្ឌសែនសុខ។

មន្ត្រីនគរបាលជើងខ្លាំងខាងលើ មានឈ្មោះសៅ បញ្ញា អាយុ៣៣ឆ្នាំ មានតួនាទីជាអនុប្រធានការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ។ ចំណែកមន្ត្រីនគរបាលរងគ្រោះ មានឈ្មោះអឿន ចំណាន ជាមន្ត្រីជាប់កិច្ចសន្យា (មន្ត្រីចរាចរណ៍នៃសាលារាជធានីភ្នំពេញ)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីប្រើអំពើហិង្សាដែលបង្កឡើងដោយប៉ូលិសជើងខ្លាំងពាក់ស័ក្តិ៤នេះ បានកើតឡើងនៅចំណុចស្តុបត្រឡោកបែក ដោយជនបង្កឈ្មោះសៅ បញ្ញា បានបើករថយន្តម៉ាក FORD ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ដោយបំពានច្បាប់ចរាចរណ៍ផ្លូវគោក (បើកបញ្ច្រាសទិសដៅចរាចរណ៍) ទើបភ្លាមនោះត្រូវបានក្រុមមន្ត្រីជាប់កិច្ចសន្យាដែលកំពុងប្រចាំការនៅគោលដៅខាងលើ ធ្វើការចេញទៅឃាត់ដើម្បីសួរនាំ ស្រាប់តែត្រូវប៉ូលិសបង្កឈ្មោះសៅ បញ្ញា ដែលកំពុងស្ថិតក្នុងឯកសណ្ឋានជាមន្ត្រីនគរបាលផងនោះ ខឹងច្រឡោត ក៏ចុះពីលើរថយន្ត ស្ទុះទៅទាញកអាវជនរងគ្រោះឈ្មោះ អឿន ចំណាន ចូលទៅក្បែររថយន្តមួយគ្រឿង រួចបានសម្លុតគំរាមឱ្យជនរងគ្រោះដែលស្ថិតក្នុងឯកសណ្ឋានជាមន្ត្រីនគរបាល លុតជង្គង់គំនាប់ (គោរព) តែទោះជាជនរងគ្រោះលុតជង្គង់នៅចំពោះមុខទៅហើយ ក៏ប៉ូលិសជើងខ្លាំងចិត្តក្តៅរូបនោះ នៅតែមិនទាន់រំសាយកំហឹងនៅឡើយ និងថែមទាំងធាក់ចំកណ្តាលដើមទ្រូងជនរងគ្រោះ១ជើង បណ្តាលឱ្យដួលអុកគូទ ផ្ងារទៅក្រោយទៀតផង។

 

ប្រភពដដែលបន្តថា សកម្មភាពដ៏អសីលធម៌របស់ប៉ូលិសជើងខ្លាំងខាងលើ ដែលធាក់ចំកណ្តាលដើមទ្រូងមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យានោះ មិនត្រឹមតែធ្វើឡើងក្រោមក្រសែក្នែករបស់មហាជនយ៉ាងច្រើនកុះករ ដែលកំពុងស្ថិតនៅទីតាំងកើតហេតុនោះទេ ប៉ុន្តែសកម្មភាពដ៏ឃោរឃៅនេះ ត្រូវបានបែកធ្លាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក តាមរយៈការថតចេញពីកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេបំពាក់នៅទីតាំងខាងលើផងដែរ ជាហេតុធ្វើឱ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នារិះគន់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពហិង្សាទៅលើសមត្ថកិច្ចផ្នែកចរាចរណ៍ ដែលតាមពិតកំហុសកើតចេញពីសាមីខ្លួនប៉ូលិសជើងខ្លាំងខ្លួនឯងនោះឯង។

 

ក្រោយបែកធ្លាយវីដេអូខាងលើ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ  អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យចាប់ខ្លួន និងបញ្ជូនជនសង្ស័យឈ្មោះសៅ បញ្ញា នាំមកកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដោយគ្មានការលើកលែងឡើយ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងបញ្ជាក់កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ថា មន្ត្រីនគរបាលពាក់ស័ក្តិ៤ ដែលលើកជើងធាក់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនតាំងពីវេលាម៉ោងជាង៩ព្រឹក (ថ្ងៃទី០៩ ខែមករា) មកម៉្លេះ ហើយនឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីវិនិច្ឆ័យទោស នៅថ្ងៃទី១០ មករា។ លោកជួន សុវណ្ណ បញ្ជាក់ថា ចំណាត់ការនេះ មានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន។

ដោយឡែក ក្រោយកើតមានករណីខាងលើនេះ លោកឧត្តមសេនីយ៍ ហ៊ុន ជា បានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយប្រកាសថា លោកនឹងជួយឧបត្ថម្ភថវិកាចំនួន១លានរៀល ជូនមន្ត្រីនគរបាលចរាចរណ៍ជា៍ប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងគ្រួសារ។

លោកហ៊ុន ជា បានសរសេរបញ្ជាក់ក្នុងហ្វេសប៊ុកថា “ខ្ញុំសូមជូនថវិកាប្អូនប្រុស១លានរៀល សម្រាប់ប្រើប្រាស់ក្នុងគ្រួសារប្អូន ដោយការស្រលាញ់ និងអាណិតក្នុងនាមជាខ្មែរ។ សូមខលទៅលេខ ០១៧៥៥៥៥៧៨ ដើម្បីទទួលយកថវិកា…”។

ចំណែកឯកឧត្តមស សុខា កាលពីរសៀលថ្ងៃទី១០ ខែមករា នេះ ក៏បានសរសេរលើហ្វេសប៊ុករបស់លោកថា “ជួបមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ក្នុងករណីអំពើហិង្សា ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំមានការសោកស្តាយជាខ្លាំង ចំពោះទង្វើរផ្ទុយពីក្រមសីលធម៌ រវាងសមត្ថកិច្ច និងសមត្ថកិច្ចគ្នាឯង កាលពីពេលថ្មីៗនេះ ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនកងកំលាំងសមត្ថកិច្ចទាំងអស់ 
មេត្តាប្រកាន់ភ្ជាប់នូវក្រមសីលធម៌ជាកងកំលាំង និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ឯកឧត្តមក៏បានសរសេរទៀតថា “ដោយការបារម្ភពីសុខភាព ខ្ញុំបានឧបត្ថម្ភថវិកាខ្លះៗ ជូនដល់ប្អូនប្រុស ដើម្បីទៅពិនិត្យជំងឺ និងសូមធ្វើការកោតសរសើរដល់បងប្អូននគរបាលចរាចរណ៍ទាំងអស់ ដែលបាននិងកំពុង ប្រឹងអស់កំលាំងកាយចិត្ត មិនថា ក្តៅ រងា ថ្ងៃ យប់ ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋយើង។ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ ៖ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាងឃ្លាតឡើយ”។

 

គួរបញ្ជាក់ថា មន្ត្រីនគរបាលពាក់ស័ក្តិ៤ ដែលលើកជើងធាក់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕

RELATED ARTICLES