វ៉ៃស្រីម៉ាស្សា មេការនិងកូនចៅព្រួតគ្នា សងវិញ១ដាវ រយះមុខ៤០ថ្នេរ

ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ចូលរកសេវាម៉ាស្សា រួចក៏កើតមានជម្លោះនឹងនារីម៉ាស្សា រហូតដល់ផ្ទុះកំហឹង ទ្រាំមិនបាន ក៏វាយនារីម៉ាស្សាឱ្យរងរបួស ទើបធ្វើឱ្យមេការ រួមនឹងកូនចៅ២នាក់ទៀត ខឹងសម្បា ព្រួតគ្នាកាប់ប្រហារ១ដាវ បណ្តាលឱ្យរយះផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សា យីហោ ៣៣៣ នៅចិញ្ចើមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរស់ ចំរ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជួលម៉ូតូ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ទី២-ឈ្មោះម៉ាច និត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល និងទី៣-ឈ្មោះតាត ចាន់ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្រប់គ្រងផ្ទះម៉ាស្សាកោសជប់ យីហោ៣៣៣ ស្នាក់នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល។ ចំណែកជនរងគ្រោះ មានឈ្មោះនួន សុជា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល (រងរបួសរយះមុខដេរ៤០ថ្នេរ)។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានឱ្យដឹងថា កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានឈ្លោះគ្នាជាមួយស្រីម៉ាស្សាម្នាក់ ឈ្មោះតុង ចំរើន ហៅយូរី ភេទស្រី អាយុ២៨ឆ្នាំ ហើយជនរងគ្រោះបានទះលើនារីម៉ាស្សារូបនោះ១កំផ្លៀង ហើយដើរមកខាងក្រៅ ទើបឈ្មោះតាត ចាន់ធឿន ជាអ្នកគ្រប់គ្រងហាងម៉ាស្សាដើរមកសួរថា អាអូនមានរឿងអី បានជាវាយមនុស្សស្រី ហើយកៀកករឱ្យចូលខាងក្នុងជជែកគ្នា។ ពេលនោះជនរងគ្រោះមិនព្រមចូល ដោយច្រានឈ្មោះតាត ចាន់ធឿន យ៉ាងខ្លាំង ទើបឈ្មោះតាត ចាន់ធឿន ខឹងវាយជនរងគ្រោះមួយដៃ។ ពេលនោះជនរងគ្រោះបានដើរចេញទៅបាត់ ប្រហែល១ម៉ោងក្រោយមក ជនរងគ្រោះត្រឡប់មកវិញ ទើបកើតជារឿងវាយតប់គ្នា និងឈានដល់ការកាប់ប្រហារ បណ្តាលឱ្យរយះមុខជនរងគ្រោះតែម្តង។

តាមចម្លើយរបស់ឈ្មោះតាត ចាន់ធឿន បានឆ្លើយថា ពេលជនរងគ្រោះត្រឡប់មកវិញ បានយកដែកថ្នាំងអំពៅមកវាយលើខ្លួនជាច្រើន ដែលបណ្តាលឱ្យធ្លាក់ចូលប្រឡាយ ហើយត្រូវចំខ្នង និងដៃខាងធ្វេង។

ចំណែកជនរងគ្រោះបានឆ្លើយថា ខ្លួនត្រឡប់មកវិញ ហើយយកដែកថ្នាំអំពៅមកតាម បន្ទាប់មកបានវាយទៅលើឈ្មោះតាត ចាន់ធឿន មែន តែវាយមិនត្រូវទេ តែឈ្មោះតាត ចាន់ធឿន នេះភ័យថយក្រោយធ្លាក់ប្រឡាយទឹកខ្លួនឯង។

តាមចម្លើយសារភាពឈ្មោះរស់ ចំរ៉ុង ហៅញ៉ាញ់ បានសារភាពថា ខ្លួនបានយកដាវមកកាប់លើជនរងគ្រោះ១ដាវ ហើយបោះដាវនោះចោល។

តាមចម្លើយសារភាពរបស់ម៉ាច និត បានសារភាពថា ខ្លួនបានកាន់ដែកទីបជ្រុងមែន តែមិនបានវាយទេ។

ជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្រោមការសាកសួររបស់លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល៕

 

អត្ថបទមុនៗ

 

ចូលតុលាការហើយ!!! លោកស័ក្តិ៤ជើងខ្លាំង ធាក់កូនប៉ូលិសផ្ងារក្រោយ ខឹងឃាត់រថយន្តបើកបញ្ច្រាស

ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលជើងខ្លាំងម្នាក់ បានបើករថយន្តទំនើបបញ្ច្រាសទិសដៅចរាចរណ៍ លុះពេលសមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅឃាត់សួរនាំ ស្រាប់តែខឹងច្រឡោតតោតតូង សម្លុតគំរាមមន្ត្រីនគរបាលជាប់កិច្ចសន្យាម្នាក់ឱ្យលុតជង្គង់គំនាប់ (គោរព) រួចស្ទុះទៅធាក់១ជើង ចូលដើមទ្រូងមន្ត្រីប៉ូលិសជាប់កិច្ចសន្យារូបនោះថែមទៀត ជាហេតុធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន ពិសេសត្រូវអ្នកលេងហ្វេសប៊ុក បាននាំគ្នាចែករំលែករូបភាពវីដេអូដ៏អសីលធម៌នេះតៗគ្នា ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមានការសំណូមពរឱ្យថ្នាក់លើចាត់វិធានការទៅលើបុគ្គលប៉ូលិសជើងខ្លាំងខាងលើជាបន្ទាន់។

ហេតុការណ៍ដ៏អមនុស្សធម៌ ដែលទទួលបានការរិះគន់យ៉ាងខ្លាំងនេះ បានកើតឡើង កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្តុបត្រឡោកបែក ស្ថិតក្នុងខណ្ឌសែនសុខ។

មន្ត្រីនគរបាលជើងខ្លាំងខាងលើ មានឈ្មោះសៅ បញ្ញា អាយុ៣៣ឆ្នាំ មានតួនាទីជាអនុប្រធានការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ។ ចំណែកមន្ត្រីនគរបាលរងគ្រោះ មានឈ្មោះអឿន ចំណាន ជាមន្ត្រីជាប់កិច្ចសន្យា (មន្ត្រីចរាចរណ៍នៃសាលារាជធានីភ្នំពេញ)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីប្រើអំពើហិង្សាដែលបង្កឡើងដោយប៉ូលិសជើងខ្លាំងពាក់ស័ក្តិ៤នេះ បានកើតឡើងនៅចំណុចស្តុបត្រឡោកបែក ដោយជនបង្កឈ្មោះសៅ បញ្ញា បានបើករថយន្តម៉ាក FORD ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ដោយបំពានច្បាប់ចរាចរណ៍ផ្លូវគោក (បើកបញ្ច្រាសទិសដៅចរាចរណ៍) ទើបភ្លាមនោះត្រូវបានក្រុមមន្ត្រីជាប់កិច្ចសន្យាដែលកំពុងប្រចាំការនៅគោលដៅខាងលើ ធ្វើការចេញទៅឃាត់ដើម្បីសួរនាំ ស្រាប់តែត្រូវប៉ូលិសបង្កឈ្មោះសៅ បញ្ញា ដែលកំពុងស្ថិតក្នុងឯកសណ្ឋានជាមន្ត្រីនគរបាលផងនោះ ខឹងច្រឡោត ក៏ចុះពីលើរថយន្ត ស្ទុះទៅទាញកអាវជនរងគ្រោះឈ្មោះ អឿន ចំណាន ចូលទៅក្បែររថយន្តមួយគ្រឿង រួចបានសម្លុតគំរាមឱ្យជនរងគ្រោះដែលស្ថិតក្នុងឯកសណ្ឋានជាមន្ត្រីនគរបាល លុតជង្គង់គំនាប់ (គោរព) តែទោះជាជនរងគ្រោះលុតជង្គង់នៅចំពោះមុខទៅហើយ ក៏ប៉ូលិសជើងខ្លាំងចិត្តក្តៅរូបនោះ នៅតែមិនទាន់រំសាយកំហឹងនៅឡើយ និងថែមទាំងធាក់ចំកណ្តាលដើមទ្រូងជនរងគ្រោះ១ជើង បណ្តាលឱ្យដួលអុកគូទ ផ្ងារទៅក្រោយទៀតផង។

ប្រភពដដែលបន្តថា សកម្មភាពដ៏អសីលធម៌របស់ប៉ូលិសជើងខ្លាំងខាងលើ ដែលធាក់ចំកណ្តាលដើមទ្រូងមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យានោះ មិនត្រឹមតែធ្វើឡើងក្រោមក្រសែក្នែករបស់មហាជនយ៉ាងច្រើនកុះករ ដែលកំពុងស្ថិតនៅទីតាំងកើតហេតុនោះទេ ប៉ុន្តែសកម្មភាពដ៏ឃោរឃៅនេះ ត្រូវបានបែកធ្លាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក តាមរយៈការថតចេញពីកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេបំពាក់នៅទីតាំងខាងលើផងដែរ ជាហេតុធ្វើឱ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នារិះគន់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពហិង្សាទៅលើសមត្ថកិច្ចផ្នែកចរាចរណ៍ ដែលតាមពិតកំហុសកើតចេញពីសាមីខ្លួនប៉ូលិសជើងខ្លាំងខ្លួនឯងនោះឯង។

ក្រោយបែកធ្លាយវីដេអូខាងលើ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ  អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យចាប់ខ្លួន និងបញ្ជូនជនសង្ស័យឈ្មោះសៅ បញ្ញា នាំមកកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដោយគ្មានការលើកលែងឡើយ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងបញ្ជាក់កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ថា មន្ត្រីនគរបាលពាក់ស័ក្តិ៤ ដែលលើកជើងធាក់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនតាំងពីវេលាម៉ោងជាង៩ព្រឹក (ថ្ងៃទី០៩ ខែមករា) មកម៉្លេះ ហើយនឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីវិនិច្ឆ័យទោស នៅថ្ងៃទី១០ មករា។ លោកជួន សុវណ្ណ បញ្ជាក់ថា ចំណាត់ការនេះ មានបទបញ្ជាដ៏ម៉ឺងម៉ាត់ពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន។

ដោយឡែក ក្រោយកើតមានករណីខាងលើនេះ លោកឧត្តមសេនីយ៍ ហ៊ុន ជា បានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយប្រកាសថា លោកនឹងជួយឧបត្ថម្ភថវិកាចំនួន១លានរៀល ជូនមន្ត្រីនគរបាលចរាចរណ៍ជា៍ប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងគ្រួសារ។

លោកហ៊ុន ជា បានសរសេរបញ្ជាក់ក្នុងហ្វេសប៊ុកថា “ខ្ញុំសូមជូនថវិកាប្អូនប្រុស១លានរៀល សម្រាប់ប្រើប្រាស់ក្នុងគ្រួសារប្អូន ដោយការស្រលាញ់ និងអាណិតក្នុងនាមជាខ្មែរ។ សូមខលទៅលេខ ០១៧៥៥៥៥៧៨ ដើម្បីទទួលយកថវិកា…”។

ចំណែកឯកឧត្តមស សុខា កាលពីរសៀលថ្ងៃទី១០ ខែមករា នេះ ក៏បានសរសេរលើហ្វេសប៊ុករបស់លោកថា “ជួបមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ក្នុងករណីអំពើហិង្សា ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំមានការសោកស្តាយជាខ្លាំង ចំពោះទង្វើរផ្ទុយពីក្រមសីលធម៌ រវាងសមត្ថកិច្ច និងសមត្ថកិច្ចគ្នាឯង កាលពីពេលថ្មីៗនេះ ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនកងកំលាំងសមត្ថកិច្ចទាំងអស់
មេត្តាប្រកាន់ភ្ជាប់នូវក្រមសីលធម៌ជាកងកំលាំង និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ឯកឧត្តមក៏បានសរសេរទៀតថា “ដោយការបារម្ភពីសុខភាព ខ្ញុំបានឧបត្ថម្ភថវិកាខ្លះៗ ជូនដល់ប្អូនប្រុស ដើម្បីទៅពិនិត្យជំងឺ និងសូមធ្វើការកោតសរសើរដល់បងប្អូននគរបាលចរាចរណ៍ទាំងអស់ ដែលបាននិងកំពុង ប្រឹងអស់កំលាំងកាយចិត្ត មិនថា ក្តៅ រងា ថ្ងៃ យប់ ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋយើង។ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ ៖ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាងឃ្លាតឡើយ”។

គួរបញ្ជាក់ថា មន្ត្រីនគរបាលពាក់ស័ក្តិ៤ ដែលលើកជើងធាក់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕

http://www.nokorthomdaily.com/2018/01/violence-58748/