ប្រជាពលរដ្ឋខ្មែរ សម័យវិទ្យសាស្ត្រជឿនលឿននេះ មិនសូវស្គាល់ពាក្យបរមបុរាណពាក់ព័ន្ធនឹងច្បាប់សម្រាប់ប្រទេស នោះឡើយ បើសិនជាខ្វះការសិក្សាស្រាវជ្រាវ។ ចំពោះពាក្យច្បាប់ថា “ទោសរបឹប” ក្នុងរដ្ឋធម្មនុញ្ញ មិនបានចារទុកនោះទេ សំដៅ ដល់ទោសព្រហ្មទណ្ឌកម្រិតធ្ងន់ បន្ទាប់ពីសាមីខ្លួនបានប្រព្រឹត្តកំហុសអ្វីមួយ។ ខណៈដែលរដ្ឋាភិបាល បានចេញបញ្ជាទៅនគរបាល ជាតិ ឱ្យប្រមូលព័ត៌មានហិរញ្ញវត្ថុរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨រូប ដែលអស់សិទ្ធិធ្វើនយោបាយ ដើម្បីរឹបអូស នោះ គឺស្របនឹងច្បាប់បុរាណស្តីពី “ទោសរបឹប” នោះហើយ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“របឹប” ជាពាក្យខ្មែរសុទ្ធ មានន័យថា អំពើរឹប ការរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកមានទោសធ្ងន់ ទុកជាសម្បត្តិរដ្ឋ តាមអំណាចច្បាប់។ សម្រាប់មនុស្សដែលជាប់ទោសនេះ បុរាណហៅថា “ពលរបឹប, មនុស្សរបឹប ពួករបឹប” រីឯទ្រព្យសម្បត្តិ ដែលរាជការរឹបអូសនោះ ហៅថា “ទ្រព្យរបឹប, ស្រែរបឹប, ដំរីរបឹប, សេះរបឹប” ជាដើម។ មនុស្សដែលមាន “ទោសរបឹប” មកពីបានសាងកំហុសធ្ងន់ដូចជា “ធ្វើឃាតព្រះសង្ឃ, លួចទ្រព្យគរុភណ្ឌ, ដុតវត្តអារាម, បង្កើតឧទ្ទាមកម្ម និងរត់ទៅធ្វើការ បម្រើបរទេស” ជាដើម។ យោងតាមឯកសារប្រវត្តិសាស្ត្រចារទុកថា ក្នុងករណីចាប់បានចោរលួចទ្រព្យសម្បត្តិវត្ត ឬលួច ដុតកុដិលោកជាដើម នឹងចៀសមិនផុតពី “ទោសរបឹប” ដោយតម្រូវឱ្យអាជ្ញាធរមូលដ្ឋានរឹបអូសស្រែចម្ការ គោក្របី ដំរីសេះ មាសប្រាក់ ផ្ទះសម្បែងរបស់ជនជាប់ចោទនោះទុកជាសម្បត្តិរដ្ឋ។ ក្រៅពីការរឹបអូសនេះ ជនជាប់ចោទ ក៏អស់តម្លៃជាមនុស្ស រស់ដូចសត្វតិរច្ឆាន ត្រូវបញ្ចូលទៅជាមនុស្សក្នុង “វណ្ណៈទី៤ ឬអ្នកងារ”។ ពួកអ្នកងារ គឺ “ពួករបឹប” នេះឯង ដែលត្រូវនៅ បម្រើវត្តអារាមសួពូជ ហៅម៉្យាងទៀតថា “ពលព្រះ” មិនអាចរួចខ្លួនបានឡើយ ដែលច្បាប់សម័យលង្វែក បានដាក់ទោស ៥០០០ឆ្នាំឯណោះ ដើម្បីឱ្យសមនឹងកំហុសលួចដុតវត្ត។ “ទោសរបឹប” បានយកមកប្រើជាច្រើនសតវត្ស សូម្បីពួកឧទ្ទាមប្រឆាំង ស្តេចផែនដី ឬពលសេនាស្តេចកន ដែលចាញ់សង្គ្រាមនោះ ក៏ត្រូវដាក់ជា “ពលរបឹប” ផងដែរ ក្រោយពេលព្រះចន្ទរាជា ដណ្តើម បានជ័យជម្នះលើស្តេចកន។ លុះចូលមកដល់រជ្ជកាលព្រះបាទនរោត្តម (ហ្លួងសុវណ្ណកោដ្ឋ) នាឆ្នាំរោង ចត្វាស័ក ព.ស ២៤៣៦ ត្រូវនឹងគ.ស ១៨៩២ ព្រះអង្គបានត្រាស់បង្គាប់ឱ្យលុបចោល “ទោសរបឹប” នេះ និងបើក “ពួកអ្នកងារ ឬខ្ញុំគេ” ឱ្យមានសិទ្ធិ សេរីភាព ក្លាយជា “អ្នកជា” ដូចពលរដ្ឋឯទៀតវិញ។
ចូលមកដល់សម័យប៉ុល ពត គ្មាន “ទោសរបឹប” នេះទេ ប៉ុន្តែ ប៉ុល ពត បានអនុវត្ត “ច្បាប់ព្រៃ” បង្កើតឱ្យមាន “ទោស របឹបធ្ងន់ជាងសម័យលង្វែក” ទៅទៀត គឺបន្ទាប់ពីយកឈ្នះលើរបបលន់ នល់ រួចមក មេដឹកនាំខ្មែរក្រហម កុម្មុយនិស្តក្រហម ឆ្អិនឆ្អៅ បានបណ្តេញមនុស្សរាប់លាននាក់ចេញពីទីក្រុង រឹបអូសយកទ្រព្យសម្បត្តិរលីងពីខ្លួន សល់តែខោអាវមួយចង្កេះ និង ដាក់ “ពួក១៧មេសា” ទៅជា “អ្នកថ្មី” រស់រងវេទនាក្រោមការឃ្លាំចាំចាប់កំហុសពី “អ្នកចាស់”។ សូម្បីតែដីស្រែចម្ការ គោ ក្របី ក៏អង្គការប៉ុល ពត រឹបអូសជាសម្បត្តិរដ្ឋដែរ ដែលស្តែងឱ្យឃើញថា “ទោសរបឹប” ទោះជាព្រះមហាក្សត្រខ្មែរ ព្រះបាទ- នរោត្តម បានលុបបំបាត់ចោលជាង១សតវត្សទៅហើយក្តី ក៏អ្នកដឹកនាំខ្មែរស្រករក្រោយ នៅតែយកមកប្រើដដែល។
បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល ចេញសាលដីការំលាយចោល និងហាមឃាត់មន្ត្រីបក្សប្រឆាំង ១១៨រូប មិនឱ្យធ្វើនយោបាយ ៥ឆ្នាំ មក ស្រាប់តែពួកប្រឆាំងដែលរត់ចោលស្រុកនោះ នាំគ្នាទៅពឹងអាមេរិក សហភាពអឺរ៉ុប ឱ្យបង្កកទ្រព្យសម្បត្តិមន្ត្រីរាជរដ្ឋាភិបាល និងដាក់កំហិតទិដ្ឋាការ ក៏ដូចជាកាត់ជំនួយពី គ.ជ.ប។ ជាការឆ្លើយតបវិញ នាពេល ថ្មីៗនេះ ធ្លាយព័ត៌មានថា “នគរបាលជាតិកំពុងប្រមូលព័ត៌មានហិរញ្ញវត្ថុ របស់អតីតមន្ត្រី ជណភ្រ ១១៨រូប” ដើម្បីរឹបអូស ជាសម្បត្តិរដ្ឋ។ បើមានការរឹបអូស យើងឃើញថា ទ្រព្យសម្បត្តិអតីតមន្ត្រីបក្សប្រឆាំងទាំងនោះ គ្មានអ្វីជាដុំកំភួនក្រៅពី ផ្ទះសម្បែង ដីធ្លីបន្តិចបន្តួច ឡានចាស់ៗ ភាគហ៊ុនកម្រិតតូចទៅតាមក្រុមហ៊ុនខ្លះ និងលុយកាក់ផ្ញើនៅធនាគារមិនច្រើនទេ។ ទ្រព្យសម្បត្តិអតីតតំណាងរាស្ត្របក្សប្រឆាំង ទាំង៥៥រូប ក៏ដូចជាសកម្មជននយោបាយសំខាន់ៗ សរុប១១៨រូបនោះ សឹងថា មិនបានមួយចំណិតឧកញ៉ាៗណាម្នាក់ ដែលមានឈ្មោះបោះសំឡេងនៅក្នុងគណបក្សប្រជាជនកម្ពុជា នោះទេ។
ដូច្នេះ “ទោសរបឹប” ដែលត្រូវយកមកធ្វើជាមួយពួកប្រឆាំង គ្រាន់តែជាការ “គាបទៅគាបមក” តែប៉ុណ្ណោះ ពោលគឺ ពួកប្រឆាំងរត់ទៅពឹងអាមេរិក សហភាពអឺរ៉ុប ឱ្យ “បង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាល” ទើបបក្សកាន់អំណាច យក “ទោស របឹប” មកប្រើដូចសម័យលង្វែក ខណៈដែលពួកប្រឆាំងជាប់ចោទពីបទ “សន្ទិដ្ឋភាពជាមួយបរទេស”។ បើសិនជាមានការ “បង្កកទ្រព្យសម្បត្តិ និងរឹបអូសទ្រព្យសម្បត្តិ” ពិតមែននោះ ពួកប្រឆាំងទៅក្រៅប្រទេស នឹងក្លាយទៅជា “ស្មូមយាចក” រសាត់អណ្តែតពីប្រទេសមួយទៅប្រទេសមួយ សុំលុយកាក់គេដើម្បីរស់មិនខានឡើយ។ ចំណែកមន្ត្រីបក្សកាន់អំណាច បើសិន ជាមានអស់លោកណាយកលុយទៅផ្ញើនៅក្រៅប្រទេស ហើយត្រូវគេបង្កកនោះ “មិនក្លាយជាស្មូមយាចក” នោះទេ ប៉ុន្តែបាន ត្រឹមសោកស្តាយ ដែលផ្ទះខ្លួនឯងមានដែរ មិនព្រមទុកលុយ បែរជាយកទៅផ្ញើស្រុកគេ។ កាលពីសម័យលង្វែក ឧដុង្គ ឆ្លង ដល់សម័យអាណាព្យាបាលបារាំងសែស មន្ត្រីធំៗ សេដ្ឋី កុដុម្ពិកៈ ដង្ខៅ សល់មាសប្រាក់សម្បើមណាស់ ប៉ុន្តែ គាត់មិនបាន យកទៅផ្ញើស្រុកសៀម ឬស្រុកយួននោះទេ តែងសន្សំទុកនៅលើផ្ទះឈើ៣ខ្នង ដោយយកសសរប៉ុនៗភ្លៅ ទៅទល់រតផ្ទះ កុំ ឱ្យបាក់ ដោយសារទម្ងន់ប្រាក់ស្លឹង ប្រាក់ណែន រហូតជាប់ឈ្មោះថា “អ្នកមានទល់រត”។ ក្នុងករណីស្រុកទេសកើតកលិយុគ អ្នកមានទ្រព្យស្តុកទាំងនេះ បានយកមាសប្រាក់ទៅកប់ទុកនៅកន្លែងសម្ងាត់ មិនឱ្យខ្មាំងសត្រូវប្លន់យកបានឡើយ ពោលគឺ “ជើងភ្នំជាកន្លែងផ្ញើប្រាក់” ផ្ទុយពីអ្នកមានសម័យនេះ បានយកធនាគារបរទេស ដូចជាធនាគារស្វីស សិង្ហបុរី៘ ជា កន្លែងផ្ញើប្រាក់។
ឥឡូវរឿង “គាបទៅគាបមក” ដែលភាគីម្ខាងទៅពឹងអាមេរិក សហភាពអឺរ៉ុប ឱ្យបង្កកលុយមន្ត្រីធំៗ ដែលមន្ត្រីខ្លះថា គាត់ “គ្មានលុយឯណាផ្ញើនៅក្រៅប្រទេសនោះទេ” ហើយស្រាប់តែរាជរដ្ឋាភិបាល ចេញបញ្ជាឱ្យត្រួតពិនិត្យទ្រព្យសម្បត្តិ ពួកប្រឆាំង ដើម្បីរឹបអូសនោះ វាអាចឈានទៅដល់ដំណាក់កាល “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ធ្វើ ឱ្យខ្មែរនិងខ្មែរ ចងពៀរវេរាគ្មានពេលបញ្ចប់។ កន្លងមក កាលនៅស្រុះស្រួលគ្នា ទាំងមន្ត្រីរដ្ឋាភិបាល ទាំងអតីតមន្ត្រីបក្ស- ប្រឆាំង បានប្រកូកប្រកាសថា មិនឱ្យមានវប្បធម៌ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” នោះទេ ប៉ុន្តែ ស្ថាន ការណ៍បច្ចុប្បន្ន ពាក់ព័ន្ធដល់ការបង្កកលុយ និងរឹបអូសទ្រព្យសម្បត្តិ ឬ “ទោសរបឹប” នេះធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្រងាក ចិត្តគ្រប់គ្នា ព្រោះបានឃើញអ្នកនយោបាយខ្មែរ បំភ្លេចការប្តេជ្ញាចិត្តដូចរៀបរាប់ខាងលើ។
សរុបទៅ “ទោសរបឹប” និងការរឹបអូស មានន័យតែមួយទេ គ្រាន់តែថា ជំនាន់បុរាណ គេរឹបអូសដីស្រែចម្ការ ផ្ទះសម្បែង គោក្របី ដំរី សេះ និងដាក់ “អ្នកទោសរបឹប, ពលរបឹប, មនុស្សរបឹប” ឱ្យក្លាយទៅជាវណ្ណៈខ្ញុំគេ ឬ “អ្នកងារ”។ សម័យនេះ គ្មានដំរីសេះ ទៀតទេ តែរាជការនឹងរឹបអូសរថយន្តចាស់ៗ ផ្ទះ វីឡា ដីធ្លី ពីពួកប្រឆាំង ឱ្យនៅសល់តែមួយចង្កេះ និងដាក់ ឈ្មោះ អ្នកទោសរបឹបនោះថា “ក្បត់ជាតិ” ប៉ុន្តែ “នគរធំ” មានជំនឿថា បើអ្នកនយោបាយខ្មែរ ចេះយោគយល់គ្នា “ទ្រព្យ របឹប” ទាំងនោះនឹងប្រគល់ឱ្យវិញ បើសិនជា “គ្មានការបង្កកទ្រព្យសម្បត្តិនៅបរទេស”៕
ដោយ អាចារ្យថាំ