Monday, November 25, 2024
Homeព័ត៌មានជាតិវ៉ៃគេបែកក្បាល ព្រោះខឹងលូកលាន់ប្រពន្ធ

វ៉ៃគេបែកក្បាល ព្រោះខឹងលូកលាន់ប្រពន្ធ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានទៅចូលរួមមង្គលការកូនអ្នកភូមិ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏ដើរទៅជល់កែវជាមួយនារីវ័យក្មេងម្នាក់ (ប្រពន្ធគេ) និងថែមទាំងលូកលាន់អង្អែលខ្នងនារីរូបនោះទៀត ទើបធ្វើឱ្យបុរសជាប្តីដែលកំពុងស្រវឹងស្រឿងៗផង ប្រទះឃើញ ផ្ទុះកំហឹង ក៏ព្រួតគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិ វាយទៅលើបុរសរពឹសដៃ បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ផ្អើលពេញរោងការ។

ករណីបុរសស្រវឹងអង្អែលខ្នងប្រពន្ធគេ និងត្រូវប្តីគេវាយបណ្តាលឱ្យរងរបួសធ្ងន់ បានកើតឡើង កាលពីវេលាយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងរោងមង្គលការមួយកន្លែង ស្ថិតក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់។

ជនដៃដល់ ដែលខឹងគេអង្អែលខ្នងប្រពន្ធ ក៏ស្ទុះទៅវាយគេបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះហុង ចន្ថា ហៅធាត់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះប៉ាវ រ៉ាត់ អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ មាន លំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា នៅមុនពេលកើតហេតុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិឃុំខាងលើ មានរៀបចំ ពិធីអាពាហ៍ពិពាហ៍មួយ ដោយបានអញ្ជើញញាតិមិត្តជិតខាង និងភ្ញៀវចូលរួមយ៉ាងច្រើនកុះករ តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាច ដែលជាពិធីជប់ លៀង ទទួលភ្ញៀវពិសាភោជនាហារ ហើយក្នុងនោះជនរងគ្រោះ ក៏បានទៅចូលរួមហូបចុកក្នុងមង្គលការនោះដែរ ចំណែកជនដៃដល់ ក៏បាននាំ ប្រពន្ធទៅចូលរួមផងដែរ។

ប្រភពដដែលបន្តថា លុះដល់យប់ជ្រៅបន្តិច ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ជនរងគ្រោះ ក៏ចាប់ផ្តើមរួសរាយរាក់ទាក់ កាន់កែវស្រា ដើរជល់កែវ ជាមួយគេឯងក្នុងរោងការ មិនថាអ្នកភូមិស្គាល់គ្នា ឬក៏អត់នោះទេ។ បន្ទាប់មក ជនរងគ្រោះ ក៏បានដើរទៅជល់កែវនៅតុជនដៃដល់ និងបានលើកកែវជល់ជាមួយប្រពន្ធរបស់ជនដៃដល់ ហើយភ្លាមនោះជនរងគ្រោះរពឹសដៃពេក ក៏លើកដៃទៅអង្អែលខ្នងប្រពន្ធរបស់ជនដៃដល់ ជាហេតុធ្វើឱ្យជនដៃដល់ជាប្តីប្រទះឃើញ ផ្ទុះកំហឹង ក៏ស្រែកសួរជនរងគ្រោះថាហេតុអ្វីធ្វើបែបនេះ ចង់កេងចំណេញមែនទេ? ភ្លាមនោះ ទាំង ជនដៃដល់ រួមនឹងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ បានព្រួតគ្នាវាយទៅលើជនរងគ្រោះ ដោយខ្លះប្រើដំបង ខ្លះហូតខ្សែក្រវាត់ ព្រួតវាយជនរងគ្រោះ បណ្តាលឱ្យបែកក្បាលខាងស្តាំរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចដែលកំពុងប្រចាំការយាមកាម ការពារសន្តិសុខក្នុងមង្គការខាងលើ បានចូលជួយអន្តរាគមន៍ ដោយចាប់ ឃាត់ខ្លួនជនដៃដល់នាំយកទៅសាកសួរ ខណៈដែលបក្ខពួកផ្សេងទៀតបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុម គ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ បានសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះប្រាកដមែន មូលហេតុ ដោយសារតែឃើញ ជនរងគ្រោះផឹកស៊ីស្រវឹង ចង់ខិតលើ ដើរមកជល់កែវជាមួយប្រពន្ធរបស់ខ្លួនហើយ នៅឆ្លៀតកេងចំណេញយកដៃអង្អែលខ្នងប្រពន្ធរបស់ខ្លួនទៀត តើប្តីណាទ្រាំបាន ឃើញគេលូកលាន់ប្រពន្ធបែបនេះ ណាមួយកំពុងស្រវឹងស្រឿងៗផង ក៏ស្ទុះទៅវាយទុកជាការព្រមានតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES