Friday, March 29, 2024
Homeព័ត៌មានជាតិផឹកស៊ីអួតក្អេងក្អាងពេក កាប់១ដាវសាំម៉ូរ៉ៃរយះខ្នង

ផឹកស៊ីអួតក្អេងក្អាងពេក កាប់១ដាវសាំម៉ូរ៉ៃរយះខ្នង

ខេត្តប៉ៃលិន ៖ បុរសម្នាក់ទើបនឹងចេញពីវង់ផឹកស៊ីជាមួយមិត្តភក្តិស្រវឹងធ្លាក់ភ្នែក ក៏ដើរចូលទៅផឹកស្រាជាមួយនឹងយុវជនក្នុងភូមិ១ក្រុមទៀត លុះទៅដល់ ខឹងនឹងយុវជនម្នាក់ផឹកស៊ីឡូឡា អួតមិនឈប់ ក៏ផ្ទុះកំហឹងទាញដាវសាំមូរ៉ៃកាប់ប្រហារ បណ្តាលឱ្យរយះសាច់ឆ្អឹងខ្នងរងរបួសធ្ងន់ ដេរ៦៤ថ្នេរ។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

 

យុវជនរងគ្រោះដែលផឹកស៊ីអួតចុះអួតឡើង រហូតត្រូវបានបុរសម្នាក់កាប់រយះខ្នង មានឈ្មោះសើ យ៉ាក អាយុ២៣ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ រងរបួសរយះខ្នងដេរ៦៤ថ្នេរ។ ចំណែកជនដៃដល់ មានឈ្មោះហម ឌី អាយុ៣៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានវាតវង់ផឹកស៊ីជាមួយនឹងមិត្តភក្តិប៉ុន្មាននាក់ទៀត។ ក្រោយមក នៅវេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនបង្កចូលមកដល់ក្នុងអាការៈស្រវឹងជោកជាំទៅហើយ ព្រោះទើបនឹងត្រឡប់មកពីផឹកស៊ីនៅកន្លែងផ្សេងជាមួយមិត្តភក្តិ។  ពេលនោះជនបង្កបានចូលមកបំណងផឹកស៊ីជាមួយនឹងក្រុមជនរងគ្រោះ ដែលជាមនុស្សស្គាល់គ្នាបន្តទៀត តែមិនទាន់បានផឹកផង ក៏ឮតែមាត់ជនរងគ្រោះនិយាយអួតពីនេះអួតពីនោះ មិនចេះចប់មិនចេះហើយ ជាហេតុធ្វើឱ្យជនបង្កសង្កៀត្រចៀកពេក ទ្រាំមិនបាន ក៏ស្ទុះទៅទាញដាវសាំមូរ៉ៃ កាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ចំសាច់ឆ្អឹងខ្នង រយះយ៉ាងធំ។

 

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ដោយក្រុមគ្រូពេទ្យបានលាងមុខរបួស និងដេរអស់៦២ថ្នេរ ទាំងក្នុងទាំងក្រៅ ហើយពេលនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ចំណែកជនដៃដល់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូរតាវ៉ៅ ចុះចាប់ឃាត់ខ្លួន នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា រូបគេពិតជាបានកាប់ប្រហារជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែខ្លួន ខឹងនឹងជនរងគ្រោះដែលផឹកស៊ីស្រវឹង ពូកែអួតឡូឡាខ្លាំងពេក ទើបទប់ចិត្តមិនបាន ក៏យកដាវសាំមូរ៉ៃកាប់តែម្តង។

ជនដៃដល់ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តប៉ៃលិន ដើម្បីដោះស្រាយតាមនីតិវិធី៕

 

អត្ថបទមុនៗ

 

ប្តីចេញទៅឆក់ត្រីបាត់១យប់ ប្រពន្ធខំដើររក ស្រាប់តែឃើញអណ្តែតយ៉ាងអាណោចអាធ័ម

ខេត្តកណ្តាល ៖ បុរសម្នាក់បានចេញទៅដើរឆក់ត្រី រួចក៏បាត់ខ្លួនពេញមួយយប់ មិនឃើញ ត្រឡប់មកផ្ទះវិញសោះ លុះព្រឹកឡើង ស្ត្រីជាប្រពន្ធ និងបងប្អូននាំគ្នាចេញទៅតាមរក ស្រាប់តែប្រទះឃើញសពអណ្តែតក្នុងទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក នៅចំណុចរោងលោកតាបឹងសន្ទៃ ស្ថិតក្នុងឃុំប្រាសាទ ស្រុកស្អាង។

បុរសរងគ្រោះដែលបាត់បង់ជីវិតនោះ មានឈ្មោះឆាំ ឆេង អាយុ៣៤ឆ្នាំ មុខរបរនេសាទ មានប្រពន្ធឈ្មោះបិន សុខវ៉េង និងមានលំនៅក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ប្តីរបស់នាងបានចេញទៅរកត្រីមកធ្វើម្ហូប ដោយបានរៀបចំប្រដាប់ប្រដាមានអាគុយ ដុំឆក់ត្រី និងខ្សែភ្លើង រួចក៏ដើរចេញសំដៅទៅបឹងកន្លែង កើតហេតុខាងលើ ដើម្បីដើរឆក់ត្រី រួចក៏បាត់មួយយប់មិនឃើញត្រឡប់មកផ្ទះវិញសោះ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះព្រឹកឡើងវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នាងក៏បានទៅហៅបងប្អូនឱ្យជួយចេញទៅតាមរកប្តី លុះពេលធ្វើដំណើរទៅដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញសពប្តីអណ្តែតទឹក នៅក្បែរទូកម្តុំរោងលោកតាបឹងសន្ទៃ ទើបកើតហេតុមានការផ្អើលឆោឡោ នាំគ្នាលើកដាក់លើទូកដឹកយកមកផ្ទះវិញ រួចបានរាយការណ៍ឱ្យសមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ឧបករណ៍ឆក់ត្រីបណ្តាលឱ្យស្លាប់ខ្លួនឯងពិត ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

http://www.nokorthomdaily.com/2018/01/15012018207/

RELATED ARTICLES