Saturday, April 27, 2024
Homeព័ត៌មានជាតិធុំក្លិនស្អុយចម្លែគ តាមរកមើលក្លិននៅក្នុងកំប្លោក ផ្អើលរាយការណ៍ទៅសមត្ថកិច្ច

ធុំក្លិនស្អុយចម្លែគ តាមរកមើលក្លិននៅក្នុងកំប្លោក ផ្អើលរាយការណ៍ទៅសមត្ថកិច្ច

ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកផ្កាប់មុខទើរជាប់នឹងកំប្លោក និងមានសភាពហើមស្អុយរលួយទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចមាត់ទន្លេបាសាក់ ក្រុម៣១ ស្ថិតនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម។

តាមសម្តីបុរសម្នាក់មានឈ្មោះចាន់ វាសនា អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិជំទាវបុត្រី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គាត់បានដើរទៅមាត់ទន្លេបាសាក់ ស្រាប់តែធុំក្លិនស្អុយចម្លែក ទើបធ្វើឱ្យគាត់ដើរតាមរកមើលក្លិនដែលសាយភាយមកនោះ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ពាក់អាវខ្មៅ ផ្កាប់មុខទើរជាប់នឹងកំប្លោក ទើបធ្វើឱ្យគាត់មានការផ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះទៅកន្លែងកើតហេតុ ដើម្បីស្រង់យកសពឡើងលើគោកត្រួតពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ និងបានស្រង់យកសាកសពឡើងមកលើគោក ដើម្បីធ្វើការត្រួតពិនិត្យ និងបានរកឃើញកាបូបមួយនៅជាប់នឹងខ្លួនសព ក្នុងនោះមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរមានឈ្មោះឃួង សុភា ភេទប្រុស អាយុ៣១ឆ្នាំ ទីកន្លែងកំណើតនៅភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង និងប័ណ្ណសំគាល់យានជំនិះ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-6697។

ក្រោយពីធ្វើកោសល្យវិច័យសាកសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក មិនក្រោម២ថ្ងៃនោះទេ ព្រោះសភាពសពបានហើមស្អុយរលួយទៅហើយ។

សាកសពជនរងគ្រោះខាងលើ នៅមិនទាន់មានសាច់ញាតិមកទទួលនៅឡើយទេ លុះមើលទៅសភាពសពហើមខ្លាំងទៅហើយ ទើបសមត្ថកិច្ចសម្រេចធ្វើការបូជានៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យតែម្តង៕

RELATED ARTICLES