អ្នកដឹកនាំប្រទេសខ្លាំងៗ នៅលើពិភពលោកនេះ ភាគច្រើននៅក្នុងតំណែងរហូតដល់ចាស់ជរា ឬទទួលមរណភាព កម្រ មានគូប្រជែងនយោបាយផ្តួលលោកដោយសន្លឹកឆ្នោតបានណាស់ វៀរលែងតែរដ្ឋប្រហារប្រើគ្រឿងអាវុធ។ ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាថ្មីថា សម្តេចនឹងបន្តតំណែងរហូតដល់ឆ្នាំ២០២៨ ទើបដកខ្លួនថយនោះ លុះត្រាតែ សម្តេចចាស់ជរាទុរន់ទុរាធ្វើការលែងកើត ទើបឈប់បាន ប៉ុន្តែ បើនៅមានសុខភាពល្អ ច្បាស់ជាពិបាកលាឈប់ ដែល “នគរធំ” សូមគាស់កកាយពី “អ្នកដឹកនាំខ្លាំង ពិបាកលាឈប់” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“អ្នកដឹកនាំខ្លាំង” សំដៅដល់ព្រះមហាក្សត្រ សម្បូណ៌ាជ្ញាសិទ្ធិរាជ្យ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ដែលកាន់ចង្កូត ប្រទេស។ ជាទូទៅ ព្រះមហាក្សត្រគ្រងរាជសម្បត្តិបន្តពីព្រះបិតា ទៅបុត្រ ឬរជ្ជទាយាទ បើស្តេចអង្គណាខ្លាំង នឹងសោយរាជ្យរហូតដល់សោយព្រះទិវង្គត។ ចំណែកប្រធានាធិបតីខ្លាំង ដែលកាន់អំណាចផ្តាច់ការ បានបង្កើតច្បាប់បន្តអាណត្តិ មិន ព្រមឈប់នោះ ក៏អាចនៅក្នុងតំណែងរហូតដល់ចាស់ជរា ទុរន់ទុរា ទើបផ្ទេរតំណែងនោះទៅកូន ឬសហការីជំនិត។ រីឯនាយករដ្ឋមន្ត្រី ដែលខ្លាំង អាចនៅក្នុងតំណែងជារៀងរហូត ព្រោះគ្មានច្បាប់កំណត់អាណត្តិ លោកនៅតែធ្វើដរាបដល់ទុរន់ទុរា ទោះជាប្រកាសសុំឈប់ ក៏អ្នកគាំទ្រមិនព្រមឱ្យឈប់។
ករណី “អ្នកដឹកនាំខ្លាំង ពិបាកលាឈប់” រួមមាន ព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី យើងឃើញនៅក្នុង “គម្ពីរបញ្ញាសជាតក” និង “ទសជាតក” បានតំណាលពីព្រះមហាក្សត្រ ជាតួអង្គព្រះពោធិសត្វ បានឡើងសោយរាជ្យសម្បត្តិ តាំងពីក្មេង ដឹកនាំកសាងព្រះនគរឱ្យមានសុខសន្តិភាព សម្បូរសប្បាយ លុះព្រះអង្គចាស់ជរា ធុញទ្រាន់នឹងរឿងលោកិយ ក៏ សុំដាក់រាជ្យ ចេញទៅសាងផ្នួសជាតាបសឥសី។ ទោះជាព្រះអង្គសុំដាក់រាជ្យ ក៏នាហ្មឺនសព្វមុខមន្ត្រី និងប្រជារាស្ត្រយំអង្វរ មិនចង់ឱ្យព្រះអង្គលះបង់រាជសម្បត្តិនោះឡើយ ប៉ុន្តែ ព្រះអង្គមិនយកពាក្យអង្វរករនោះទេ ដោយចេញទៅសាងផ្នួសនាព្រៃ ហិមពាន្ត ទាល់តែបាន ឧទាហរណ៍ដូចរឿង “សព្វសិទ្ធិ” , “ក្រុងសុភមិត្រ” “មហាជនក” ជាដើម។ ចំពោះព្រះមហាក្សត្រខ្មែរ ក៏មានការនឿយណាយនឹងរាជសម្បត្តិដែរ ដូច “ព្រះបាទជ័យជេដ្ឋាទី៣” គ្រាន់តែដាក់រាជ្យ ៣ដងឯណោះ រួចយាងទៅសាង ផ្នួស ប៉ុន្តែ មិនបានប៉ុន្មានក៏ត្រូវនាហ្មឺនសព្វមុខមន្ត្រី ទៅយាងព្រះអង្គមកសោយរាជ្យវិញ។
ដោយឡែកសម្តេចឪ ព្រះបរមរតនកោដ្ឋ មិនដែលគង់នៅក្នុងព្រះតំណែងជាព្រះមហាក្សត្រ ជានាយករដ្ឋមន្ត្រី បានយូរ ទេ បើមានការតវ៉ាច្រើន ព្រះអង្គក៏លាឈប់ភ្លាម។ ចូលដល់វ័យព្រះជរា ព្រះអង្គបានសុំដាក់រាជ្យ ប៉ុន្តែ ប្រជារាស្ត្រមិនចង់ ឱ្យព្រះអង្គឈប់ទេ សូម្បីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អង្វរព្រះអង្គ ឱ្យនៅសោយរាជ្យតទៅទៀត តែព្រះអង្គបញ្ជាក់ ពីព្រះរាជសុខភាពមិនល្អ ទើបប្រមុខរាជរដ្ឋាភិបាល យល់ព្រមឱ្យព្រះអង្គដាក់រាជ្យទាំងទើសទាល់ និងថ្វាយរាជសម្បត្តិទៅ ព្រះរាជបុត្រ ព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងករណីខ្លះ ព្រះមហាក្សត្រ ដែលស្រលាញ់សុខសន្តិភាព សុខចិត្តលះបង់រាជបល្ល័ង្កទៅឱ្យគូសត្រូវក៏មាន ឧទាហរណ៍ “ព្រះបាទអង្គតន់” បានធ្វើសង្គ្រាមជាមួយបក្ខពួក “ព្រះអង្គនន់” ជាច្រើនឆ្នាំ បណ្តាលឱ្យប្រជារាស្ត្ររងទុក្ខវេទនា ទើបព្រះអង្គសម្រេចផ្ទេររាជសម្បត្តិថ្វាយទៅព្រះអង្គនន់ ប្តូរយកសេចក្តីសុខជូនប្រជារាស្ត្រ។ នៅពេលព្រះអង្គតន់ សម្រេចព្រះទ័យ ដាក់រាជ្យនោះ នាហ្មឺនសព្វមុខមន្ត្រីយំអង្វរគ្រប់គ្នា ដោយមើលឃើញថា ព្រះអង្គជាស្តេចមាន “ទសពិធរាជធម៌” ប៉ុន្តែព្រះអង្គមិនព្រម ក៏ដាក់រាជ្យទាល់តែបាន។ លុះព្រះអង្គនន់ ឡើងសោយរាជ្យ មិនប្រកាន់ទសពិធរាជធម៌ មិនបានប៉ុន្មានឆ្នាំផង ក៏អស់បុណ្យ សោយទិវង្គតទៅ។
ក្រឡេកមើលអ្នកដឹកនាំខ្លាំងៗ លើពិភពលោក ក៏ “ពិបាកសុំឈប់” បែបនេះដែរ ឧទាហរណ៍ ៖ លោកហ៊្វីដែល កាស្ត្រូ ប្រធានាធិបតី នៃប្រទេសគុយបា បានផ្ទេរតំណែងទៅឱ្យប្អូនប្រុស រ៉ាអ៊ូល កាស្ត្រូ។ ទោះជាលោកហ៊្វីដែល កាស្ត្រូ សុំលាឈប់ ក៏អ្នកគាំទ្រលោកមិនចង់ឱ្យឈប់ ប៉ុន្តែ ដោយសារលោកមានវ័យចាស់ជរា ធ្វើការលែងកើត ក៏លាឈប់ទាល់តែបាន និងបាន ទទួលមរណភាពកាលពីឆ្នាំទៅមិញនេះ។
លោកថាន់ ស្វេ មេដឹកនាំមីយ៉ាន់ម៉ារ (ភូមា) ដែលរងការចោទប្រកាន់ពីអន្តរជាតិថា ជាជនផ្តាច់ការ យោធានិយម បែរជាឈប់ពីតំណែងស្ងាត់ៗមុនពេលបោះឆ្នោត ហើយលោកថេន សេន ជាអ្នកស្នងតំណែងប្រធានាធិបតី។ ការលាឈប់ ស្ងាត់ៗរបស់ឧត្តមសេនីយ៍ថាន់ ស្វេ ដើម្បីបញ្ចៀសចលាចលក្នុងប្រទេស ប៉ុន្តែបើលោកសុំលាឈប់ជាសាធារណៈ ច្បាស់ជា អ្នកគាំទ្រលោកមិនឱ្យលាឈប់ស្រួលៗនោះទេ។
ព្រះចៅអធិរាជអាគី ហ៊ីតូ នៃប្រទេសជប៉ុន ដ៏មានប្រជាប្រិយភាព ក៏មន្ត្រីរាជការ និងប្រជារាស្ត្រជប៉ុន មិនចង់ឱ្យព្រះអង្គ ដាក់រាជ្យដែរ ប៉ុន្តែ ដោយសារព្រះអង្គត្អូញត្អែរពីព្រះរាជសុខភាព នាវ័យចុងេក្រោយនេះ ទើបរដ្ឋសភាជប៉ុន សម្រេចធ្វើ វិសោធនកម្មច្បាប់ អនុញ្ញាតថ្វាយព្រះចៅអធិរាជផ្ទេររាជសម្បត្តិ ទៅព្រះរាជបុត្រ ហ៊ីរ៉ូ ហ៊ីតូ ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាទូទៅ អ្នកដឹកនាំខ្លាំង កម្ររកបានណាស់ គឺភាពខ្លាំងនោះនៅត្រង់ធ្វើឱ្យមាតុភូមិមានសុខសន្តិភាព សម្បូរសប្បាយ យុត្តិធម៌ សមធម៌ គ្មានការជិះជាន់ កេងប្រវ័ញ្ច ពុករលួយ៘ ភាពខ្លាំងមិនមែននៅលើ “ចុងអាវុធ” នោះទេ ដូចសុភាសិតបារាំងថា “មនុស្សពូកែ មិនចាំបាច់ប្រើអាវុធ” (A vaillant homme courte épée) ពោលគឺអ្នកដឹកនាំខ្លាំងប្រើ “វិចារណញ្ញាណជាអាវុធ”។
បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាថ្មីថា “សម្តេចគ្មានមហិច្ឆតាធ្វើនាយករដ្ឋមន្ត្រីទេ តែប្រទេសជាតិ តម្រូវ” ដូច្នេះទោះជាសម្តេចសុំលាឈប់ នៅឆ្នាំ២០២៨ ក៏អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មិនព្រមឱ្យសម្តេចឈប់ទេ។ មន្ត្រីចូលនិវត្តន៍ម្នាក់ បាននិយាយនៅក្នុងហាងកាហ្វេមួយថា “សម្តេចជាអ្នកដឹកនាំខ្លាំង ពិបាករកមនុស្សជំនួសណាស់ ខ្ញុំមិន ចង់ឱ្យសម្តេចលាឈប់ទេ ទោះជា១០ឆ្នាំទៀតក៏ដោយ បើសម្តេចនៅតែមានសុខភាពល្អ ត្រូវតែធ្វើនាយករដ្ឋមន្ត្រី តទៅ ទៀត”។ នេះគ្រាន់តែអ្នកគាំទ្របក្សកាន់អំណាចម្នាក់ មិនចង់ឱ្យសម្តេចនាយករដ្ឋមន្ត្រីលាឈប់ ចុះទម្រាំអ្នកគាំទ្ររាប់លាន នាក់ទៀត ច្បាស់ជាពួកគាត់លើកគ្នាតវ៉ាចងជើងអ្នកដឹកនាំខ្លាំងមិនឱ្យលាឈប់ជាដាច់ខាត។
ដូច្នេះការប្រកាសពីរឿងតំណែងរបស់អ្នកដឹកនាំខ្លាំងរបស់កម្ពុជា ឬ “បុរសខ្លាំងនៃកម្ពុជា” ដូចអ្វីដែលជនបរទេសដាក់ រហស្សនាមឱ្យសម្តេចនោះ ទោះជាចង់ឈប់ ក៏អ្នកគាំទ្រមិនព្រមឱ្យឈប់។ ទោះយ៉ាងណា ប្រពៃណីព្រះពុទ្ធសាសនា ទោះ ជាអ្នកដឹកនាំខ្លាំងយ៉ាងណាក៏ដោយចុះ កាលបើឈានដល់វ័យជរាទុរន់ទុរា ច្បាស់ជានឿយណាយនឹង “ឃរាវាសសម្បត្តិ” ប្រាថ្នា “លោកុត្តរសម្បត្តិ” វិញ ពោលគឺការចេញទៅសាងផ្នួស ឬបួសជាតាបស តាជី កាន់សីល១០។
សរុបទៅ “អ្នកដឹកនាំខ្លាំង ពិបាកលាឈប់” គ្រាន់តែចង់បង្ហាញពីឆន្ទៈរបស់ប្រជាពលរដ្ឋ បើពួកគាត់ស្រលាញ់អ្នកដឹកនាំ ណា ច្បាស់ជាមិនចង់ឱ្យអ្នកដឹកនាំនោះលាឈប់ពីមុខតំណែង។ យើងមិននិយាយពីនិន្នាការប្រឆាំង ដែលចង់ឱ្យអ្នកដឹកនាំ ខ្លាំងរបូតតំណែង ដើម្បីឱ្យមេដឹកនាំបក្សប្រឆាំងបានយកតំណែងនោះទេ តែចង់បង្ហាញថា ទោះជា “សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំលាឈប់ ក៏អ្នកគាំទ្រសម្តេចមិនព្រមឱ្យឈប់”