Monday, November 25, 2024
Homeបរិយាយមួយ+មួយ=មួយ

មួយ+មួយ=មួយ

អ្នកនិពន្ធបារាំងម្នាក់ បានសរសេរថា “តាមក្បួនលេខគណិត មួយនិងមួយ ត្រូវជាពីរ ប៉ុន្តែ បើចំពោះមិត្តភាពវិញ មួយ និងមួយ ត្រូវជាមួយ” (En arithmétique un et un font deux, mais en amitié un et un font un) មានអត្ថន័យផ្តោត ទៅលើមិត្តភាព ឬគណបក្សមួយដែលមាននិន្នាការដូចគ្នា ទោះជាបំបែកកម្លាំងជាពីរ ក៏នៅតែមួយដដែល។ ករណីអតីត គណបក្សសង្គ្រោះជាតិ បំបែកទៅជា “ចលនាសង្គ្រោះជាតិ” គឺ “មួយ+មួយ=មួយ” នេះឯង ដែល “នគរធំ” សូមលើកមក ធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បន្ទាប់ពីតុលាការកំពូល ចេញសាលដីការំលាយចោលគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិបុគ្គល ១១៨រូប មិនឱ្យធ្វើនយោបាយ ៥ឆ្នាំមក ពួកប្រឆាំងក៏បែកខ្ញែកគ្នារតាត់រតាយ ខ្លះនៅក្នុងស្រុក ខ្លះនៅក្រៅប្រទេស បន្តការប្រឆាំងមិនឈប់ឈរ។ អ្នក នៅក្នុងប្រទេសភាគច្រើនជាក្រុមប្រឹក្សាឃុំ-សង្កាត់ ជាងពាក់កណ្តាល មិនព្រមចុះចូលបក្សកាន់អំណាច ខណៈដែលពួករត់ ទៅក្រៅប្រទេសធ្វើសកម្មភាពមិនធម្មតា។ ថ្មីៗនេះ លោកសម រង្ស៊ី និងមនុស្សជំនិតរបស់គាត់ ៨រូបទៀត បានប្រកាសបង្កើត “ចលនាសង្គ្រោះជាតិ” ហើយចលនាសង្គ្រោះជាតិនេះ ត្រូវបានមន្ត្រីបក្សកាន់អំណាច ថ្កោលទោសថា ជា “ឧទ្ទាមក្រៅច្បាប់” ស្របពេលដែលក្រសួងមហាផ្ទៃ កំពុងពិនិត្យតាមផ្លូវច្បាប់ ដើម្បីចាត់ការទៅលើក្រុមលោកសម រង្ស៊ី។ ទន្ទឹមនោះ ក៏មាន ពួកប្រឆាំងនៅក្រៅប្រទេសខ្លះ ជាខ្សែខាងលោកកឹម សុខា មានលោកយ៉ែម បុញ្ញប្ញទ្ធិ ជាដើម បានប្រកាសមិនយល់ស្រប តាមគំនិតផ្តួចផ្តើមរបស់លោកសម រង្ស៊ី ហើយក៏មានប្រធានគណបក្សមួយ ដែលធ្លាប់ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ បញ្ចោញ ទស្សនៈថា “លោកសម រង្ស៊ី ជាកូនអុករបស់សម្តេចហ៊ុន សែន”។ ជាងនេះទៀត អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មួយ ចំនួនយល់ថា ការបង្កើតចលនាសង្គ្រោះជាតិ គឺមកពី “ពួកប្រឆាំងបែកបាក់គ្នា” ជាពិសេស យល់ថា លោកសម រង្ស៊ី បង្កើត ចលនានេះ ដើម្បីកម្ទេចកម្លាំងតស៊ូរបស់ខ្សែកឹម សុខា៘

ភាពរញ៉េរញ៉ៃនេះ “នគរធំ” មានទស្សនៈដោយឡែក ប៉ុន្តែ ស្របតាមសំណេររបស់អ្នកនិពន្ធបារាំងថា “តាមក្បួនលេខគណិត មួយនិងមួយ ត្រូវជាពីរ ប៉ុន្តែ បើចំពោះមិត្តភាពវិញ មួយនិងមួយ ត្រូវជាមួយ” ដែលយើងសូមបង្ហាញទឡ្ហីករណ៍ខាងក្រោម ៖

ជាង២០ឆ្នាំកន្លងទៅហើយ លោកសម រង្ស៊ី មានមហិច្ឆតាតែម៉្យាង គឺ “ចង់ធ្វើនាយករដ្ឋមន្ត្រី” គាត់ព្យាយាមធ្វើនយោបាយ ប្រឆាំងមិនឈប់ឈរ តាំងពីជ្រកកោនក្រោមដំបូលហ៊្វុនស៊ិនប៉ិច រហូតមានសមត្ថភាពបង្កើតគណបក្សខ្លួនឯង ខណៈដែលគាត់ មកពីស្រុកបារាំង នៅឆ្នាំ១៩៩៣ មានតែខោអាវមួយបង្វេច ស្រាប់តែអូសទាញអ្នកគាំទ្របានសន្ធឹកសន្ធាប់។ ចំណែកលោក កឹម សុខា ក៏មាននិន្នាការប្រឆាំងដូចគ្នា គាត់មានសមត្ថភាពបង្កើតអង្គការសិទ្ធិមនុស្ស រហូតក្លាយជាគណបក្សនយោបាយ។ ជាចុងក្រោយ លោកសម រង្ស៊ី បានសម្រេចចិត្តចាប់ដៃលោកកឹម សុខា បង្កើត “គណបក្សសង្គ្រោះជាតិ” បន្ទាប់ពីតាមដាន ឃ្លាំមើលចិត្តគំនិតដឹងថា មាន “និន្នាការប្រឆាំង” ដូចគ្នា។ ទីបំផុត គណបក្សសង្គ្រោះជាតិ បានក្លាយជាគណបក្សធំលំដាប់ទី២ ដេញប្រកៀកប្រកិតបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា)។ យើងមិនបាច់រៀបរាប់វែងឆ្ងាយទេ ពីអតីតកាលគ្រាន់តែ បង្ហាញថា “សម រង្ស៊ី+កឹម សុខា = ប្រឆាំង” ឬ “មួយ+មួយ=មួយ” នេះឯង។

ឥឡូវ “ចលនាសង្គ្រោះជាតិ” ដែលបង្កើតឡើងដោយលោកសម រង្ស៊ី ហើយត្រូវបានលោកយ៉ែម បុញ្ញប្ញទ្ធិ លោកមុត ចន្ថា និងអតីតតំណាងរាស្ត្របក្សប្រឆាំងមួយចំនួនទៀត ខ្សែខាងកឹម សុខា មិនយល់ស្របជាមួយនោះ គឺ “មួយ+មួយ=មួយ” គ្មានអ្វី គួរឱ្យសង្ស័យទេ ដោយហេតុថា “ប្រឆាំង+ប្រឆាំង=ប្រឆាំង”។ កុំថាឡើយ អតីតមន្ត្រីប្រឆាំងខ្លះនៅតែប្រកាន់គោលជំហរថែ រក្សាគណបក្សសង្គ្រោះជាតិ មិនដើរតាម “ចលនាសង្គ្រោះជាតិ” របស់លោកសម រង្ស៊ី គឺទោះបីជាពួកគាត់បង្កើត “គណបក្សថ្មី តាមសំណើលោកមាជ សុវណ្ណារ៉ា ដែលកំពុងជាប់ពន្ធនាគារ ឬថា “មួយ+ពីរ” ឬ “មួយ+បី” ក៏នៅតែ “មួយ” ដដែល។

ករណីអ្នកគាំទ្របក្សកាន់អំណាច លើកឡើងថា “ការបង្កើតចលនាសង្គ្រោះជាតិ ជាការធ្វើអត្តឃាតរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ” មិនខុសអ្វីទេ ប៉ុន្តែ “ធ្វើអត្តឃាតយ៉ាងម៉េច? បើបក្សប្រឆាំងនេះ ស្លាប់បាត់ទៅហើយ ក្រោមអំណាចសាលដីកា តុលាការកំពូល” បើក្លាយជាខ្មោចទៅហើយ វាមិនដែលមាន “ខ្មោចឯណាសម្លាប់ខ្លួននោះទេ” ដែលជាបរិបទ សម្រាប់ពិចារណា។

យ៉ាងណាមិញ មានឈ្មោះថា “បក្សរលាយ” ទៅហើយ ប្រៀបបាននឹងខ្មោច ចាំបាច់ត្រូវតែរកកន្លែងចាប់ជាតិទៀត ដូច្នេះ ករណីបង្កើត “ចលនាសង្គ្រោះជាតិ” គឺ “រកភពថ្មីចាប់ជាតិ” នេះឯង មិនមែនជារឿងសម្លាប់ខ្លួននោះទេ។ ឥឡូវធ្លាយ ព័ត៌មានថា “ចលនាសង្គ្រោះជាតិ” កំពុងរៀបចំបណ្តាញសម្ងាត់ បំផុសចលនាប្រឆាំងនៅក្នុងប្រទេស ប៉ុន្តែ ពួកប្រឆាំងនៅ ក្រៅប្រទេស “ធ្វើជាឈ្លោះគ្នា ចែកបក្ខចែកពួក ដែលតាមពិត “មួយ+មួយ=មួយ” សោះ។ ពីមុន បក្សកាន់អំណាច ឈឺ ក្បាលវិលមុខម្តងទៅហើយ ដោយសារតំណាងរាស្ត្របក្សប្រឆាំង ៥៥រូប “ធ្វើពហិការ” ក៏រកមធ្យោបាយឱ្យពួកនោះចូលប្រជុំ សភា ទាល់តែបាន និងមានពាក្យចចាមអារ៉ាមថា មេបក្សប្រឆាំង បានស៊ីលុយ “២០លានដុល្លារ” ជាថ្នូរនឹងការបោះបង់ពហិការ។ ឥឡូវស្ថានការណ៍ធ្ងន់ជាង “ពហិការ” ទៅទៀត បើសិនជាពួកប្រឆាំង រៀបចំបណ្តាញសម្ងាត់ បំផុសចលនាប្រឆាំងក្នុងប្រទេស។ ទោះជាពួកប្រឆាំង មិនហ៊ានធ្វើបាតុកម្មគគ្រឹកគគ្រេងដូចមុន ក៏ចលនាប្រឆាំងលាក់មុខ អាចធ្វើឱ្យបក្សកាន់អំណាច អំពល់ទុក្ខ មែនទែន ព្រោះពេលនោះប៉ូលិសប្រឆាំងចារកម្ម មានការងារធ្វើរហូត។ សកម្មភាពប្រឆាំងលាក់មុខ ស្តែងចេញតាមរយៈ មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនេះឯង ជាក់ស្តែង អាជ្ញាធររាជធានី បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុង រាជធានី លើកទង់ជាតិឱ្យបានគ្រប់ផ្ទះ គ្រប់អគារ ដើម្បីអបអរទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ប៉ុន្តែ យើងតាមដាន ឃើញថា ផ្ទះខ្លះមិនលើកទង់ជាតិ  បានសេចក្តីថា មកពីអ្នកមិនលើកទង់ជាតិនោះ មិនចូលចិត្តថ្ងៃ៧មករា ឬជាពួកប្រឆាំង ប៉ុន្តែ បើថ្ងៃបុណ្យអុំទូក បុណ្យឯករាជ្យជាដើម ឃើញលើកទង់ជាតិស្រុះគ្នាល្អណាស់។

ដូច្នេះយើងឃើញថា ពួកប្រឆាំង ទោះជាខ្សែខាងណា ក៏នៅតែប្រឆាំង ឬថា ទោះជាខាងលោកសម រង្ស៊ី បង្កើតចលនា សង្គ្រោះជាតិ ចំណែកខ្សែកឹម សុខា នៅរក្សាជំហរទល់ទ្រគណបក្សសង្គ្រោះជាតិ ខណៈដែលពួកប្រឆាំងខ្លះទៀតចង់ឱ្យបង្កើត បក្សថ្មី ក៏អ្វីៗវាមិនហួសពី “មួយ+មួយ=មួយ” “មួយ+ពីរ=មួយ” “មួយ+បី=មួយ” គ្មានអ្វីឱ្យហួសពីនេះទេ។ បានន័យថា មិត្តភាពរបស់ពួកប្រឆាំង ទោះជាមានយោបល់ខ្វែងគ្នាក្តី ក៏និន្នាការប្រឆាំង មានដូចគ្នាទាំងអស់។ អ្វីដែលបក្សកាន់អំណាច ត្រូវប្រឈម គឺ “ដៃស្តាំអភិវឌ្ឍប្រទេស ដៃឆ្វេងទប់ចលនាប្រឆាំង” ព្រោះ “ប្រឆាំងសម្ងាត់” និង “ប្រឆាំងចំហ” ពិបាកដូច គ្នា។ ដូចលើកឡើងរួចហើយថា ពីមុន ព្រោះតែតំណាងរាស្ត្រ CNRP ធ្វើពហិការ ទើបវារញ៉េរញ៉ៃ បាតុកម្ម កូដកម្ម មិន ឈប់ឈរ ប៉ុន្តែ ពេលនេះ ពួកប្រឆាំងចេញក្បួនប្រឆាំងសម្ងាត់ មិនដឹងជាទប់យ៉ាងម៉េចទេ ឬថា “អាចនឹងរកគុកដាក់មិនបាន” បើសិនជាសមត្ថកិច្ចចាប់បានមួយ ឆ្លើយដាក់មួយ ក៏បន្តតាមចាប់ឱ្យរយោងដូចសម្លកំពឹស ដែលបង្ហាញថា និន្នាការ ប្រឆាំង ពិបាកកម្ចាត់ណាស់ ព្រោះតែរឿង “មួយ+មួយ=មួយ”។

សរុបទៅ “មួយ+មួយ=មួយ” ចង់បង្ហាញពីសកម្មភាពពួកប្រឆាំង ដែលកំពុងបែកសម្បុក ចែកផ្លូវគ្នាដើរ ក៏ព្យាយាមបង្កើត ចលនាប្រឆាំងរដ្ឋាភិបាល។ ទោះបីជាពួកគេបង្កើតចលនាសង្គ្រោះជាតិ ឬបន្ថែម “ចលនារំដោះជាតិ” “ចលនាជួយជាតិ” ឬ ចលនាស្អីៗទៀត ក៏វាមិនហួសពី “ប្រឆាំង+ប្រឆាំង=ប្រឆាំង” នោះទេ៕

RELATED ARTICLES