Friday, April 26, 2024
Homeព័ត៌មានជាតិអាណោចអាធ័មបំផុត!!! មីងនិងក្មួយឈរចាំយកគុយទាវ ឡានបុករះស្លាប់នៅនឹងកន្លែង

អាណោចអាធ័មបំផុត!!! មីងនិងក្មួយឈរចាំយកគុយទាវ ឡានបុករះស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះម៉ូតូដឹកកូនប្រុស និងក្មួយស្រីតូច អាយុ៣ឆ្នាំម្នាក់ ទៅទិញគុយទាវហូបពេលព្រឹក ពេលទៅដល់ក៏ឈប់អង្គុយចាំលើម៉ូតូក្បែរចិញ្ចើមផ្លូវ ចាំគេយកគុយទាវមកឱ្យ លុះបន្តិចក្រោយមក រថយន្តដឹកថ្មមួយគ្រឿង កំពុងបើកបរក្នុងល្បឿនយ៉ាងលឿន ស្រាប់តែបែកកង់ធ្វើឱ្យរេចង្កូតជ្រុលទៅបុកកិនម៉ូតូស្ត្រីរងគ្រោះ បណ្តាលឱ្យស្ត្រីជាអ្នកបើកម៉ូតូ ព្រមទាំងក្មួយស្រីតូចស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង ចំណែកកូនប្រុសទទួលរងរបួសធ្ងន់ រីឯរថយន្តបានជ្រុលទៅបុករះម៉ូតូ៥គ្រឿង និងរថយន្តបែន១គ្រឿងទៀត បណ្តាលឱ្យរថយន្តបង្កក្រឡាប់តែម្តង។

 

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខហាងម៉ាង ចាន់ថន លក់គុយទាវកាហ្វេ កោះក្របី តាមផ្លូវ៣៦៩ ស្ថិតក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ជនរងគ្រោះ២នាក់មីងក្មួយ ដែលត្រូវរថយន្តបែកកង់ជ្រុលចង្កូតមកបុកស្លាប់យ៉ាងអាណោចអាធ័ម រួមមាន ទី១-ឈ្មោះឆែម រតនៈ អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ (ជាម្តាយមីង) និងទី២-ឈ្មោះពេជ្រ វណ្ណលីដា អាយុ៣ឆ្នាំ (ជាក្មួយស្រី)។ ចំណែកកូនប្រុសរបស់ស្ត្រីរងគ្រោះឈ្មោះឆែម រតនៈ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ទទួលរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ជនរងគ្រោះទាំង៣នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1A-1311 និងមានលំនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ចំណែកអ្នកបើកបររថយន្តបង្ក មានឈ្មោះឈុំ ណែម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម មិនមានស្លាកលេខ ជារថយន្តដឹកថ្មម៉ិច ចំណុះ៥តោន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿន តាមផ្លូវលេខ៣៦៩ ក្នុងទិសដៅពីលិចទៅកើត លុះពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបែកកង់មុខខាងឆ្វេង រួចក៏រេចង្កូតទៅខាងស្តាំ បុករះម៉ូតូ៥គ្រឿង រួមមាន ទី១-ម៉ាក Beat ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GQ-0816 ទី២-ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AF-2809 ទី៣-ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CC-0828 ទី៤-ម៉ាកអ៊ែរប៊្លែក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1G-9601 (៤គ្រឿងនេះ ជាម៉ូតូដែលភ្ញៀវចតចូលទៅហូបគុយទាវក្នុងហាងខាងលើ) និងទី៥-ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1A-1311 ជិះដោយជនរងគ្រោះទាំង៣នាក់ខាងលើ កំពុងឈប់ចាំទិញគុយទាវ តែមិនបានចុះពីលើម៉ូតូទេ គឺនៅអង្គុយលើម៉ូតូទាំង៣នាក់ រង់ចាំឱ្យគេយកគុយទាវមកឱ្យ ទើបបណ្តាលឱ្យរថយន្តបង្កជ្រុលចង្កូតមកបុក និងកិនស្លាប់ស្រីជាអ្នកបើកម៉ូតូ និងក្មួយស្រីអាយុ៣ឆ្នាំ ចំណែកកូនប្រុសរបស់ស្ត្រីរងគ្រោះ បានរងរបួសធ្ងន់។ ភ្លាមនោះ រថយន្តបង្កមិនទាន់អស់ល្បឿននៅឡើយ ដោយបានជ្រុលទៅបុករថយន្តបែន ពណ៌ស១គ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តនោះទទួលរងការខូចខាត ចំណែករថយន្តបង្កបានក្រឡាប់ តែអ្នកបើកបរមិនមានរបួសអ្វីទេ និងបានលូនចេញពីក្នុងរថយន្ត ហើយក៏ត្រូវបានប្រជាពលរដ្ឋចាប់ក្របួចជាប់ ដើម្បីប្រគល់ទៅឱ្យសមត្ថកិច្ច។

តាមសម្តីយុវជនជាអ្នកបើករថយន្តបង្កឈ្មោះឈុំ ណែម បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានបើករថយន្តដឹកថ្មមិច ៥តោន មកពីស្រុកកៀនស្វាយ បំណងយកទៅស្រុកស្អាង ស្រាប់តែពេលបើកបរមកដល់ចំណុចមុខហាងលក់គុយទាវ កោះក្របី ទីតាំងកើតហេតុខាងលើ ស្រាប់តែរថយន្តរបស់គេបានបែកកង់មុខខាងឆ្វេង ធ្វើឱ្យរូបគេគ្រប់គ្រងរថយន្តលែងបាន ដោយសាររថយន្តបើកលឿនផង ទើបធ្វើឱ្យរថយន្តរេចង្កូតទៅខាងស្តាំបុករះម៉ូតូ និងរថយន្តបែនដែលចតនៅចិញ្ចើមផ្លូវបណ្តាលឱ្យខូចខាត ចំណែករថយន្តរបស់គេក៏បានក្រឡាប់តែម្តង។

អ្នកបើករថយន្តបង្ករូបនេះ បានឱ្យដឹងទៀតថា កន្លងមករូបគេធ្លាប់ជក់គ្រឿងញៀនមួយរយៈពេលខ្លី ព្រោះដើម្បីកុំឱ្យងងុយដេកនៅពេលដែលរូបគេបើករថយន្តពេលទៀបភ្លឺ តែមុនពេលកើតហេតុ រូបគេមិនបានជក់ថ្នាំញៀននោះទេ។

ក្រោយកើតហេតុ កូនប្រុសរបស់ស្ត្រីរងគ្រោះដែលទទួលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបង្អែកជ័យជំនះ ដឹកយកទៅសង្គ្រោះ។

បន្ទាប់ពីចុះពិនិត្យ និងធ្វើការវាស់វែងរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា រថយន្តបង្កពិតជាបែកកង់មុខដូចសម្តីអ្នកបើកបរមែន។ ក្រោយចប់ការវាស់វែងតាមជំនាញ សមត្ថកិច្ចបានអូសយកមធ្យោបាយធ្វើដំណើរទាំងអស់ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់ការបន្តតាមច្បាប់។ រីឯអ្នកបើករថយន្តបង្ក ក៏ត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកផងដែរ ដើម្បីចាត់ការតាមច្បាប់។

ដោយឡែក សាកសពជនរងគ្រោះទាំងពីរនាក់មីងក្មួយ ត្រូវបានសាច់ញាតិទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES