Saturday, April 20, 2024
Homeព័ត៌មានជាតិរត់គេចពីបាត់ដំបង បាន១០ថ្ងៃ ជាប់អន្ទាក់ប៉េអឹមរាជធានីភ្នំពេញ ទាំង៣នាក់

រត់គេចពីបាត់ដំបង បាន១០ថ្ងៃ ជាប់អន្ទាក់ប៉េអឹមរាជធានីភ្នំពេញ ទាំង៣នាក់

បាត់ដំបង ៖ ជនសង្ស័យជាឃាតករដៃឆៅ១ក្រុម ដែលបានធ្វើសកម្មភាពវាយសំពងយុវជនម្នាក់ នឹងចបជីកចំក្បាល បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅចំណុចភូមិរាមគន់ ឃុំគារ ស្រុកមោងប្ញស្សី កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបាត់ដំបង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានចំនួន៣នាក់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១២B ផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ជនសង្ស័យជាឃាតករទាំង៣នាក់ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនបាន រួមមាន ទី១. ឈ្មោះជីប ធឺន ហៅជៀប ធឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទី២. ឈ្មោះសាយ សឹង្ហ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី៣. ឈ្មោះវង្ស វី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ចំណែកជនរងគ្រោះដែលត្រូវគូទំនាស់សំពងនឹងចបជីករហូតដល់ស្លាប់ មានឈ្មោះណែម ធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ ចំណែកគូកន២នាក់ទៀត ដែលទទួលរងរបួសស្រាល រួមមាន ទី១. ឈ្មោះទឿប ភន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង (របួសខ្នងធ្ងន់ ដេរ៤០ថ្នេរ) និងទី២. ឈ្មោះមឿត រឿប ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង (របួសរយះលើចិញ្ចើមឆ្វេង ដេរ១៥ថ្នេរ)។

នៅចំពោះមុខមន្ត្រីកងរាជអាវុធហត្ថ ក្រុមជនដៃដល់ បានឆ្លើយសារភាពថា ពួកគេពិតជាបានវាយសម្លាប់យុវជនរងគ្រោះ ឈ្មោះណែម ធា ប្រាកដមែន មូលហេតុដែលខ្លួន និងបក្ខពួក វាយកាប់ចាក់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះជិះម៉ូតូសម្លឹងមើលមុខបក្ខពួកខ្លួន ហើយជនរងគ្រោះបានចុះមកវាយពួកខ្លួនមុន ទើបពួកខ្លួនវាយនិងកាប់ជនរងគ្រោះបណ្តាលឱ្យរបួស និងស្លាប់តែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចក្រុមទី១ ភូមិរាមគន់ ឃុំគារ ស្រុកមោងប្ញស្សី ដោយក្មេងទំនើង២ក្រុម បានកើតមានជម្លោះនឹងគ្នាម្តងរួចមកហើយ លុះមានឱកាសជួបមុខស្រាយគំនុំចាស់ ក៏ត្រូវភាគីម្ខាងមានគ្នាច្រើននាក់ ប្រដាប់ដោយកាំបិត និងចបជីក បានធ្វើសកម្មភាពដេញកាប់ និងវាយទៅលើគូទំនាស់ដែលមានគ្នាតិចជាង បណ្តាលឱ្យទទួលរងរបួសធ្ងន់៣នាក់ លុះពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ ដែលមានសភាពរបួសធ្ងន់ជាងគេ ដោយត្រូវក្រុមជនដៃដល់វាយសំពងនឹងចបជីកចំក្បាល បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយពីធ្វើសកម្មភាពវាយគូទំនាស់បណ្តាលឱ្យស្លាប់ និងរបួសធ្ងន់រួចហើយ ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។ លុះសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ក៏រកឃើញវត្ថុតាងរួមមាន ម៉ូតូចំនួន៤គ្រឿង ១. ម៉ាកស្កុបពី ពណ៌ព្រីងទុំលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CA-1301 ២. ម៉ាកសូនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខពោធិ៍សាត់ 1E-3471 ៣. ម៉ាកគុប ពណ៌ខៀវ គ្មានស្លាកលេខ និង៤. ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខបាត់ដំបង 1V-7324 ព្រមទាំងកាំបិតប៉័ងតោ កាំបិតខ្វែវ ចបជីកដងដែក ស្បែកជើង១គូ និងមួកកន្តឹប១ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបាន ត្រូវបានប្រគល់ទៅឱ្យការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីនាំយកទៅសាកសួរបន្ថែម និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

RELATED ARTICLES