Thursday, April 25, 2024
Homeព័ត៌មានជាតិបើកម៉ូតូបុកឡាន ភ័យពេកលោតចូលលូ សមត្ថកិច្ចជួយស្រង់ហើយសួរនាំច្រើន ដេញវាយ រួចដោះខោអាវរត់

បើកម៉ូតូបុកឡាន ភ័យពេកលោតចូលលូ សមត្ថកិច្ចជួយស្រង់ហើយសួរនាំច្រើន ដេញវាយ រួចដោះខោអាវរត់

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅបុករថយន្ត១គ្រឿង លុះភ័យពេកមិនចង់ទទួលខុសត្រូវ បែរជារត់ចោលម៉ូតូ ហើយលោតចូលទៅក្នុងទឹកលូទឹកស្អុយ និងត្រូវបានសមត្ថកិច្ចជួយស្រង់ឡើងមកលើគោកសួរនាំ ស្រាប់តែបុរសជើងខ្លាំងរូបនោះ បែរជាខឹងច្រឡោតដេញវាយប៉ូលិលស ព្រមទាំងដោះខោអាវចេញអស់ពីខ្លួន រួចក៏ដើរស្រាតពេញដងផ្លូវធ្វើព្រងើយ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចតាមចាប់ឃាត់ខ្លួន។

ហេតុការណ៍បុរសជើងខ្លាំងដើរស្រាតពេញផ្លូវសាធារណៈនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលវិមានឯករាជ្យ ស្ថិតក្នុងខណ្ឌចំការមន ជាប់ព្រំប្រទល់ខណ្ឌដូនពេញ។

បុរសជើងខ្លាំងដែលដើរស្រាតពេញផ្លូវខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកឃ្លីក មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ កែងនឹងផ្លូវលេខ១០៥ ក៏ជ្រុលចង្កូតទៅបុករថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រូស ចំពីក្រោយបណ្តាលឱ្យរងការខូចខាត។ បន្ទាប់ពីជិះម៉ូតូបុកគូទរថយន្តហើយ បុរសខាងលើហាក់មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង និងបានរត់ចោលម៉ូតូ និងថែមទាំងលោតចូលទៅក្នុងទឹកលូទៀតផង ជាហេតុធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌចំការមន ចុះមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុ។

ប្រភពដដែល បន្តថា អំឡុងពេលសមត្ថកិច្ចចុះមកដល់ ក៏ជួយស្រង់យកបុរសខាងលើ ចេញទឹកលូមកវិញ ហើយសមត្ថកិច្ចក៏នាំគ្នាឃាត់ដើម្បីយកមកសួរនាំ ប៉ុន្តែបុរសបែកថ្នាំរូបនោះមិនព្រមឱ្យឃាត់ខ្លួនតាមសម្រួល និងថែមតាំងបានវាយសមត្ថកិច្ចទៀតផង បន្ទាប់មកបុរសរូបនោះបានចាប់ផ្តើមដោះអាវស្រាតខោ ហើយចុងក្រោយ សូម្បីតែខោទ្រនាប់ក៏ស្រាតចោលដែរ រួចដើរដោយខ្លួនប្រាណស្រាតននលគក ធ្វើដំណើរតាំងពីផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ រហូតទៅដល់ចំណុចរង្វង់មូលវិមានឯករាជ្យ ដោយចំណាយពេលអស់ជាង១ម៉ោង ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ មានការភ្ញាក់ផ្អើលផង ភ័យខ្លាចផង ព្រោះតែឃើញសភាពបុរសអាក្រាតកាយខាងលើ ដូចជាមនុស្សបែកថ្នាំ និងដើរស្រាតធ្វើព្រងើយ ដូចគ្មានការអៀនខ្មាស ឬភ័យខ្លាចជាមួយសមត្ថកិច្ចដែលប្រដេញតាមពីក្រោយជាប់រហូតនោះទេ។

ទីបំផុត បុរសខាងលើបានដើរទៅដល់ចំណុចរង្វង់វិមានឯករាជ្យ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច មានទាំងខាងចរាចរណ៍ ប្រជាការពារ និងកម្លាំងអង្គរក្ស បាននាំគ្នាចាប់ឃាត់ខ្លួនបុរសរូបនោះ និងបានរកខោខ្លីមួយមកឱ្យបុរសនោះស្លៀក បន្ទាប់មកក៏លើកដាក់រថយន្ត បញ្ជូនខ្លួនទៅកាន់សាលាខណ្ឌដូនពេញ ភ្លាមៗ ដើម្បីធ្វើការសាកសួរ៕

 

RELATED ARTICLES