Friday, April 26, 2024
Homeនយោបាយលោកកឹម សុខា ប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិរបស់លោកសម រង្ស៊ី

លោកកឹម សុខា ប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិរបស់លោកសម រង្ស៊ី

ភ្នំពេញ ៖ លោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” បានប្រកាស ពីជំហររបស់លោកថា លោកមិនគាំទ្រ និងមិន ចូលរួមជាមួយចលនាសង្គ្រោះជាតិ ដែលបង្កើត ឡើងដោយលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួន តូចនោះទេ។ នេះបើតាមការអះអាងរបស់ លោកមុត ចន្ថា អតីតនាយកខុទ្ទកាល័យ និង ជាអតីតជំនួយការលោកកឹម សុខា។

លោកមុត ចន្ថា បានបញ្ជាក់តាមគណនី ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ថា “ឯកឧត្តមកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ មានប្រសាសន៍បញ្ជាក់ ជំហរយ៉ាងច្បាស់ថា ៖ មិនចូលរួមជាមួយចលនា បង្កើតថ្មី និងមិនគាំទ្រចលនាថ្មីនេះ។ បន្តនៅ ជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរជាង០៣លាន ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ”។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ លោកមុត ចន្ថា បានសរសេរក្នុង គណនីហ្វេសប៊ុក ដដែលថា “ឯកឧត្តមកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ៖ “យើងត្រូវ ប្រកាន់ឱ្យខ្ជាប់នូវគោលការណ៍អហិង្សា និង ចៀសវាងឱ្យបាននូវពាក្យអសុរោះពាក្យដែល នាំឱ្យមានជម្លោះ និងពាក្យនាំឱ្យមានការរើស អើងប្រកាន់ពូជសាសន៍!”។ ខ្ញុំនឹងគោរពតាម គោលការណ៍ទាំងនេះ ដើម្បីសន្តិភាព និងភាព សុខសាន្តរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ។ ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរបានឆ្លងកាត់ការឈឺចាប់ដាយសារអំពើហិង្សារបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល ចំនួនបួនជំនាន់ ឬរបបនយោបាយមកហើយ ដូច្នេះសម្រាប់ខ្លួនខ្ញុំមិនចង់ឃើញនូវអំពើហិង្សា និងការរំលោភបំពានធ្ងន់”។

លោកមុត ចន្ថា បានសរសេរបន្ថែមថា “លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែល បានខិតខំ និងបន្តខិតខំទាមទារ ៖

ទី១-សេរីភាពជូនលោកពីការឃុំឃាំង ដោយអយុត្តិធម៌

ទី២-កែប្រែវិធានការរំលាយ និងផ្តល់នីតិ សម្បាទាចំពោះគណបក្សសង្គ្រោះជាតិ ឡើង វិញ។

ទី៣-ធានាឱ្យមានការបោះឆ្នោត ដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា នាពេល ខាងមុខ ដោយមានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ ដើម្បីទទួលបាននូវភាពស្របច្បាប់ សម្រាប់រដ្ឋាភិបាលអនាគត នៅកម្ពុជា។

ទី៤-ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម និងនីតិរដ្ឋ នៅប្រទេសកម្ពុជា។

គោលការណ៍អហិង្សា និងមិនចាត់ខ្មែរ ណាជាសត្រូវ នាំមកនូវភាពសុខសាន្ត និងការ អភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការផ្សះផ្សា បង្រួបបង្រួមជាតិនាំមកនូវឯកភាពជាតិខ្មែរ”។

ដោយឡែក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោកមុត ចន្ថា បានសរសេរថា “ឯកឧត្តមកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ៖ ក្នុងកាលៈទេសៈណាក៏ដោយ គណបក្សសង្គ្រោះជាតិ តំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋ ជាងបីលាន ដែលបានបោះឆ្នោតឱ្យយើង ដូច្នេះ យើងបន្តដំណើរទៅមុខក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ដោយគ្មានការផ្លាស់ប្តូរ”។

ជុំវិញការបង្កើតចលនាសង្គ្រោះជាតិ របស់ លោកសម រង្ស៊ី នេះដែរ លោកមុត ចន្ថា អតីត ជំនួយការលោកកឹម សុខា បានសរសេរក្នុងគណនី ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ថា “ស្អីទៅចលនាថ្មី? យុទ្ធសាស្ត្រ ស៊ីឈ្នួលចាញ់ បំផ្លាញលទ្ធិប្រជាធិបតេយ្យ និង ធ្វើអត្តឃាតនយោបាយ”។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ លោក មុត ចន្ថា បានសរសេរបន្ថែមថា “លោកកឹម សុខា កំពុងជាប់ពន្ធនាគារ ដោយសារការពារ គណបក្សសង្គ្រោះជាតិហើយ លោកនឹងនៅតែ រក្សាគោលជំហរការពារគណបក្សសង្គ្រោះជាតិ ដដែល។ ការតស៊ូទៅមុខទៀតរបស់លោក គឺ ត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ដដែល ដោយគ្មានការផ្លាស់ប្តូរ។ លោក ប្តេជ្ញាមិនបោះបង់ចោលគណបក្សសង្គ្រោះជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះសង្គ្រោះជាតិ តំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋ ជាង បីលាន ឬពាក់កណ្តាលប្រទេស។ សិទ្ធិសេរីភាព របស់ពលរដ្ឋខ្មែរក្នុងការជ្រើសរើសនូវជម្រើស និងឱកាសនយោបាយស្របតាមបំណងប្រាថ្នា រៀងៗខ្លួន”។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោកមុត ចន្ថា បានសរសេរថា “បុគ្គលម្នាក់ៗមានសិទ្ធិ និងសេរីភាពក្នុងការ ជ្រើសរើសការចូលរួមនៅក្នុងចលនាមហាជន ដូចជា សមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព គណបក្សនយោបាយ តាមជម្រើស រៀងៗខ្លួន។ សិទ្ធិនេះ ត្រូវបានចែងធានាដោយ រដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញអន្តរជាតិ ស្តី ពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេស កម្ពុជា ជាហត្ថលេខី។

សម្រាប់ខ្លួនខ្ញុំ និងជាសិទ្ធិរបស់ខ្ញុំ ខ្ញុំសូម បញ្ជាក់គោលជំហររបស់ខ្ញុំយ៉ាងច្បាស់ថា ខ្ញុំ នៅតែស្រឡាញ់ ជឿជាក់ ការពារ និងអភិរក្ស “គណបក្សសង្គ្រោះជាតិ” តាមមធ្យោបាយ អហិង្សា និងសន្តិវិធី។ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយមែន ប៉ុន្តែស្មារតីស្រឡាញ់ និង ការពារសង្គ្រោះជាតិ នៅតែចងចាំ និងរក្សា ជានិច្ច ដោយមិនងាករេ។

ខ្ញុំសូមថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលបានខិតខំ និងបន្តខិតខំទាមទារ ៖

ទី១-ដោះលែងលោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ជាបន្ទាន់ និងពុំមាន លក្ខខណ្ឌ។

ទី២-កែប្រែវិធានការរំលាយ និងផ្តល់ នីតិសម្បាទាចំពោះគណបក្សសង្គ្រោះជាតិ ឡើង វិញ។

ទី៣-ធានាឱ្យមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា នាពេល ខាងមុខដោយមានការចូលរួមរបស់គណបក្ស សង្គ្រោះជាតិ ដើម្បីទទួលបាននូវភាពស្របច្បាប់ សម្រាប់រដ្ឋាភិបាលអនាគត នៅកម្ពុជា។

ខ្ញុំសង្ឃឹមថា ការណ៍ដែលខ្ញុំរក្សាគោល ជំហរស្រឡាញ់ ជឿជាក់ ការពារ និងអភិរក្ស គណបក្សសង្គ្រោះជាតិ នេះ មិនធ្វើប៉ះពាល់ អារម្មណ៍ និងសិទ្ធិរបស់អ្នកដទៃទេ! ហើយក៏ មិនខុសច្បាប់ដែរ ព្រោះក៏ជាប់បម្រាមធ្វើនយោបាយ ០៥ឆ្នាំដែរ”។

ជុំវិញជំហរលោកកឹម សុខា ចំពោះចលនា សង្គ្រោះជាតិ ដែលបង្កើតដោយលោកសម រង្ស៊ី នេះដែរ លោកផែង ហេង មេធាវីរបស់លោក កឹម សុខា ដែលបានទៅជួបលោកកឹម សុខា នៅទីឃុំខ្លួន នាមណ្ឌលអប់រំកែប្រែទី (ម៣) ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ក៏បានបញ្ជាក់ថា លោកកឹម សុខា ពិតជាបានអះអាងពីជំហរមិនគាំទ្រ និងមិន ចូលរួមជាមួយចលនាសង្គ្រោះជាតិ ដែលបង្កើត ឡើងដោយលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនតូច នោះមែន។

លោកមេធាវី ផែង ហេង បានឱ្យដឹងបន្ត ថា លោកកឹម សុខា បានដឹងអំពីការបង្កើត ចលនាសង្គ្រោះជាតិ តាមរយៈភរិយារបស់លោក (លោកស្រី តែ ច័ន្ទមនោ) ដែលបានចូលសួរសុខទុក្ខលោកកឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាញឹកញាប់ ហើយលោកបាន ប្រកាសជំហររបស់លោកយ៉ាងច្បាស់ថា លោក មិនចូលរួមជាមួយចលនាសង្គ្រោះជាតិ នោះទេ គឺលោកកឹម សុខា បានបញ្ជាក់ថា គាត់មិន ចូលរួមជាមួយចលនាណា ហើយក៏មិនបង្កើត ចលនាថ្មី ឬគណបក្សថ្មីទៀតដែរ គាត់បន្តនៅ ជាមួយប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ។

គួរបញ្ជាក់ថា លោកកឹម សុខា បានប្រកាស ជំហររបស់លោកបែបនេះ ស្របពេលដែលក្រុម អ្នកគាំទ្ររបស់លោកជាច្រើន ដែលជាអតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ អតីត តំណាងរាស្ត្រ អតីតយុវជន និងអតីតសកម្មជន មួយចំនួន បានចេញមុខប្រកាសមិនទទួលស្គាល់ និងមិនចូលរួមជាមួយចលនាសង្គ្រោះជាតិរបស់ លោកសម រង្ស៊ី ក្នុងនោះរួមមាន លោកយ៉ែម បុញ្ញឫទ្ធិ លោកទួន យក់ដា លោកសួន រីដា លោកពិន រតនា និងលោកង៉ោ គឹមជាង លោក មុត ចន្ថា លោកម៉ៅ មុនីវណ្ណ ជាដើម។

គួរររំលឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ ខណៈកំពុងស្ថិតនៅ ឯសហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំសាធារណៈ ជាមួយអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នោះ បានប្រកាសអំពីការសម្រេច បង្កើត “ចលនាសង្គ្រោះជាតិ” រួមជាមួយអតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដោយ ប្រមូលអ្នកប្រជាធិបតេយ្យទាំងអស់ចូលរួម ដើម្បីទាមទារឱ្យមានការដោះលែងលោកកឹម សុខា និងអ្នកទាសមនសិការទាំងអស់ ព្រមទាំង ឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទូលំទូលាយ ដោយមានការចូល រួមពីអតីតគណបក្សសង្គ្រោះជាតិ ដែលមាន លោកកឹម សុខា ជាប្រធាន ទោះបីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល សម្រេច រំលាយចោលជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ទៅហើយក៏ដោយ។

យោងតាមសេចក្តីថ្លែងការណ៍ស្តីពីការ បង្កើត “ចលនាសង្គ្រោះជាតិ” ចុះថ្ងៃទី១២ ខែ មករា ឆ្នាំ២០១៨ សមាសភាពអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៩រូប ដែល ផ្តួចផ្តើមគំនិតបង្កើត “ចលនាសង្គ្រោះជាតិ” នោះ រួមមាន ១-លោកអេង ឆៃអ៊ាង ២-លោក ជា គឹមលី ៣-លោកសម រង្ស៊ី ៤-លោកអ៊ុង រិទ្ធី ៥-លោកគា រី ៦-លោកស្រីជូឡុង សូមួរ៉ា ៧-លោកស្រីមួរ សុខហួរ ៨-លោកតុ វ៉ាន់ចាន់ និង៩-លោកទួន យក់ដា។

ប៉ុន្តែនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូប រួមមានលោកសួន រីដា លោក ពិន រតនា និងលោកង៉ោ គឹមជាង រួមជាមួយ តំណាងសាខាអតីតគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក ចំនួន៤៧រូបទៀត ចេញ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនចូលរួម ជាមួយ “ចលនាសង្គ្រោះជាតិ” របស់លោក សម រង្ស៊ី នោះទេ ដោយអះអាងពីជំហររក្សា និងការពារគណបក្សសង្គ្រោះជាតិ ហើយនិង បន្តការតស៊ូក្នុងក្របខ័ណ្ឌ និងដំបូលគណបក្ស សង្គ្រោះជាតិ តែមួយគត់។

ជាមួយគ្នានេះ លោកយ៉ែម បុញ្ញឫទ្ធិ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ និងជាអតីតតំណាងរាស្ត្រមួយរូប បានថ្លែងក្នុង វេទិកាជួបអតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែល មានកញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយ ចំនួនទៀតចូលរួមផងដែរ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ថា លោកមិនគាំទ្រចលនាសង្គ្រោះជាតិ ដែលបង្កើតដោយលោកសម រង្ស៊ី នោះទេ ដោយលោកបញ្ជាក់ថា លោកមិនបាន ដឹងពីបំណងនៃការរៀបចំចលនាសង្គ្រោះជាតិ នេះទេ ក៏ប៉ុន្តែជាសិទ្ធិរបស់បុគ្គលគ្រប់រូប ខ្មែរ គ្រប់រូបមានសិទ្ធិបង្កើតសមាគម អង្គការបាន ក៏ប៉ុន្តែអ្វីដែលត្រូវពិនិត្យគឺថា ជាចលនាមហាជន មិនធ្វើនយោបាយ ដូច្នះបើមិនធ្វើនយោបាយ ត្រូវដកឈ្មោះគណបក្សសង្គ្រោះជាតិ ចេញវិញ ឱ្យលឿន ពីព្រោះគណបក្សសង្គ្រោះជាតិ ធ្វើ នយោបាយ។

លោកអេង ឆៃអ៊ាង និងលោកយ៉ែម បុញ្ញឫទ្ធិ

លោកយ៉ែម បុញ្ញឫទ្ធិ បានព្រមានថា នៅ ក្នុងសេចក្តីថ្លែងការណ៍របស់ចលនាសង្គ្រោះជាតិ នោះ មានឈ្មោះគណបក្សសង្គ្រោះជាតិ នៅក្នុង ហ្នឹង ដែលមានលោកកឹម សុខា ជាប្រធាន ហើយ លោកកឹម សុខា មិនទាន់បានដឹងទេ ដូច្នះ បើ សិនណាចលនាសង្គ្រោះជាតិ យកទៅធ្វើសកម្មភាពអីមួយមានបញ្ហានោះ លោកកឹម សុខា នឹងត្រូវទទួលខុសត្រូវ ហើយលោកកឹម សុខា នឹងជាប់គុកគ្មានថ្ងៃចេញឡើយ។

លោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ ដែលបានចូលរួម បង្កើតចលនាសង្គ្រោះជាតិ ជាមួយលោកសម រង្ស៊ី បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ថា “ឥឡូវនេះ មានប្រតិកម្មពីមជ្ឈដ្ឋានពីរ ប្រឆាំងនឹងគម្រោង បង្កើតចលនាសង្គ្រោះជាតិ គឺគណបក្សប្រជាជន កម្ពុជា របស់លោកហ៊ុន សែន និងក្រុមដឹកនាំ មួយចំនួននៅក្នុងគណបក្សសង្គ្រោះជាតិ។

ដូច្នេះ តើការបង្កើតចលនាសង្គ្រោះជាតិ នេះ ជាគ្រោះថ្នាក់សម្រាប់ក្រុមលោកហ៊ុន សែន ឬ ក៏សម្រាប់ជួយក្រុមលោកហ៊ុន សែន ?”។

ប៉ុន្តែយ៉ាងណា លោកទួន យក់ដា អតីត តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មួយរូបទៀត ដែលមានឈ្មោះក្នុងសមាសភាព ៩រូប ចូលរួមបង្កើតចលនាសង្គ្រោះជាតិ ជាមួយ លោកសម រង្ស៊ី ដែរនោះ ក៏បានប្រកាសមិន ទទួលស្គាល់ចលនាសង្គ្រោះជាតិ នោះដែរ ដោយ លោកបានចេញសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨ បញ្ជាក់ថា គោលគំនិតនៃការរៀបចំចលនាសង្គ្រោះជាតិ ដើម្បី ស្រោចស្រង់ស្ថានភាពនយោបាយនៅប្រទេស កម្ពុជា ដូចការប្រកាសរបស់លោកសម រង្ស៊ី នោះ គឺស្ថិតក្នុងដំណាក់កាលមិនទាន់ពិភាក្សា មិនទាន់ដាច់ស្រេច និងមិនទាន់សម្រេចនៅ ឡើយ ហេតុដូច្នេះ រាល់សេចក្តីថ្លែងការណ៍ទាំងឡាយណាដែលមានឈ្មោះលោក គឺលោកមិន ទទួលស្គាល់ឡើយ។

ដូចគ្នានេះដែរ លោកអ៊ុង រិទ្ធី អតីតប្រធាន គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលអ្នកចូលរួមផ្តួចផ្តើមគំនិតបង្កើតចលនាសង្គ្រោះជាតិ ជាមួយលោកសម រង្ស៊ី មួយរូប ដែរនោះ បនាធ្វើលិខិតលាលែងចេញពីចលនា សង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានមើលឃើញថា ការបង្កើត ចលនាសង្គ្រោះជាតិ នេះ ប្រទាំងប្រទើសគ្នា និង ការមិនយល់ស្របពីអតីតថ្នាក់ដឹកនាំនៃអតីត គណបក្សសង្គ្រោះជាតិ។

លោកអ៊ុង រិទ្ធី បានបញ្ជាក់ក្នុងលិខិតលាលែងនោះថា ចាប់ពីថ្ងៃប្រកាសលាលែងនេះ តទៅ រាល់ការសម្រេច និងសកម្មភាពផ្សេងៗ របស់ចលនាថ្មីនេះ មិនពាក់ព័ន្ធដល់ការទទួល ខុសត្រូវរបស់លោកទៀតឡើយ ហើយលោក នឹងរក្សាស្មារតីនិងសកម្មភាពផ្សេងៗ ក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ដើម្បីបន្តទាមទារ ឱ្យមានការដោះលែងលោកកឹម សុខា និងឱ្យ គណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។

ទោះជាយ៉ាងណា ជុំវិញការប្រកាសពីជំហរ របស់លោកកឹម សុខា ក្នុងការមិនគាំទ្រ និងមិន ចូលរួមជាមួយចលនាសង្គ្រោះជាតិ នេះ មិនទាន់ មានការឆ្លើយតបយ៉ាងណាពីសម រង្ស៊ី និងអតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែល ចូលរួមបង្កើតចលនាសង្គ្រោះជាតិ នោះទេ កាលពីម្សិលមិញ។

ប៉ុន្តែ មុននេះ លោកសម រង្ស៊ី អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់បានថ្លែង បញ្ជាក់ថា ចលនាសង្គ្រោះជាតិ មិនបាច់រង់ចាំ ការឯកភាពពីក្រុមអ្នកដែលជិតស្និទ្ធលោកកឹម សុខា នោះទេ គឺចលនាសង្គ្រោះជាតិ ត្រូវមាន ក្បាលម៉ាស៊ីនមួយច្បាស់លាស់ រឹងមាំ ដែលមាន សេរីភាពចាត់ការធ្វើសេចក្តីសម្រេច ដើម្បីរុញ នាវាគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃកំពុង គាំង ឱ្យឈានទៅមុខ។

លោកសម រង្ស៊ី បានអំពាវនាវឱ្យអ្នក និយមលោកកឹម សុខា កុំចង្អៀតចង្អល់ជាមួយ ចលនាសង្គ្រោះជាតិ និងសូមតាមដានមើល ប្រតិកម្មលោកកឹម សុខា ខ្លួនឯងចុះ ពីព្រោះ ឥឡូវពិបាកធ្វើការណាស់ ដោយសារតែលោក កឹម សុខា នៅជាប់ក្នុងពន្ធនាគារ ហើយលោក ជឿជាក់ថា លោកកឹម សុខា នឹងគាំទ្រចំពោះ ចលនាសង្គ្រោះជាតិ។

ចំណែកលោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែល បានចូលរួមបង្កើតចលនាសង្គ្រោះជាតិ ជាមួយ លោកសម រង្ស៊ី ធ្លាប់បានបញ្ជាក់តាមគណនី ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ថា “គេចេះតែភ័យបារម្ភ ខ្លាចថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិ បែកគ្នា។ តែ ចំពោះខ្ញុំមិនបារម្ភឡើយ ព្រោះក្រុមមនុស្ស ដែលឈ្លោះគ្នាឈានដល់ចែកផ្លូវគ្នា គឺដោយសារការដណ្តើមផលប្រយោជន៍ ដូចជា ទ្រព្យសម្បត្តិ មុខតំណែង តួនាទី៘ តែឥឡូវនេះ មុខតំណែង តួនាទី ដែលមន្ត្រីគណបក្សសង្គ្រោះជាតិ ទទួលបានពីប្រជាពលរដ្ឋ ត្រូវគេប្លន់អស់ ហើយៗគណបក្សទៀតសោត ក៏គេលុបចេញពី បញ្ជីក្រសួងមហាផ្ទៃដែរ។ ដូច្នេះ គ្មានមុខតំណែងអីដែលត្រូវយកមកបែងចែក នាំឱ្យ ឈ្លោះដណ្តើមគ្នា ហើយឈានទៅរកការបែក ផ្លូវគ្នានោះទេ។ ឯការដែលមន្ត្រីបក្សមួយចំនួន តូច ដែលមិនទាន់មានភាពចាស់ទុំនយោបាយ ឈ្លោះគ្នាតាមបណ្តាញសង្គម គឺដោយសារតែ ដណ្តើមគ្នាចង់ជួយឱ្យគណបក្សដំណើរការឡើង វិញ”។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា (CPP) លោកសុខ ឥសាន បានចាត់ទុក ចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយ លោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃអតីត គណបក្សសង្គ្រោះជាតិ មួយចំនួនតូចនោះ គឺ ជាចលនាឧទ្ទាមក្រៅច្បាប់ ហើយលោកបាន លើកឡើងថា ការដែលលោកកឹម សុខា ប្រកាស មិនចូលរួម និងមិនគាំទ្រចលនាសង្គ្រោះជាតិ ដែលបង្កើតដោយលោកសម រង្ស៊ី នោះ គ្មានអ្វី ចម្លែកនោះទេ។ អតីតគណបក្សសង្គ្រោះជាតិ បានតាំងខ្លួនជាបក្សប្រឆាំងផ្តាច់មុខ តាំងពីដើម មក ក៏ប៉ុន្តែដើម្បីមហិច្ឆតាអំណាច និងតាម ការបញ្ជាពីមេខ្លោងធំបរទេស បក្សប្រឆាំងមួយ នេះ ហ៊ានប្រព្រឹត្តរំលោភច្បាប់ លទ្ធិប្រជាធិបតេយ្យទាំងកំរោល ដោយមិនខ្លាចរអែងច្បាប់ អនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ ហើយបានបង្ហាញផែនការនេះជា ចំហថែមទៀត ធ្វើឱ្យមានពិរុទ្ធភាព ត្រូវប្រឈមមុខនឹងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា ពីបទ “សន្ទិដ្ឋភាព ជាមួយបរទេស” បង្កអំពើប្រទូសរ៉ាយដល់ សន្តិសុខជាតិ ដែលជាទោសក្បត់ជាតិ ត្រូវទទួល ខុសត្រូវចពោះមុខច្បាប់ ដោយដាច់ខាត៕

ខៀវទុំ

RELATED ARTICLES