ភ្នំពេញ ៈ ក្មេងទំនើង១១នាក់ជិះម៉ូតូ៥គ្រឿង ត្រូវកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកដេញតាមដល់គល់ស្ពានអាកាសស្ទឹងមានជ័យ ទើបឃាត់ខ្លួនបានឆែកឆេររកឃើញមានដាវសាំម៉ូរៃមួយដើម នាំយកមកប៉ុស្តិ៍សាកសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង៤៥នាទី
រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ត្រង់នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ក្មេងទំនើងទាំង១១នាក់មាន ១-ឈ្មោះ សុខ ហេង អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ២-ឌឹម ភារៈ អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារអង្គរសារ៉ា ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ៣-សុខ ផេងពេជ្រ អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ៤-ធី ចន្ថា អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងបុកល្ហុង ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ៥-អ៊ា តិចហៃ អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ៦-ពុទ្ធ ចាន់សុជាតិ អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ៧-ម៉ៅ ភារិទ្ធ អាយុ១៨ឆ្នាំ ស្នាក់នៅបុរីពិភពថ្មី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ៨-ញៀន សុខហេង អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ៩-សំ វាសនា អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ១០-សេង វណ្ណា អាយុ១៤ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង១១-អ៊ុន អែនឌី អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងល្បាតក្នុងមូលដ្ឋាន បានប្រទះឃើញក្មេងទំនើងមួយក្រុមមានគ្នា១១នាក់ ជិះម៉ូតូ៥គ្រឿង ប្រសាចពេញផ្លូវ គួរឲ្យសង្ស័យកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ដេញតាមដល់គល់ស្ពានអាកាសស្ទឹងមានជ័យ បានឃាត់ធ្វើការឆែកឆេររកឃើញដាវសាំម៉ូរៃមួយដើម ក៏បានឃាត់ខ្លួននាំយកមកប៉ុស្តិ៍ទំនប់ទាំងយប់ដើម្បីសាកសួរ។
តាមសំដីផ្ទាល់ពីក្មេងទំនើងម្នាក់ឈ្មោះ សុខ ហេង ក្នុងចំណោមបក្ខពួកទាំង១១នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេគ្រាន់តែជាអ្នកទុកដាវឲ្យបក្សពួកសម្រាប់ធ្វើសកម្មភាពតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង១១នាក់នោះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង
បញ្ចូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌចំការមន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕