Monday, November 25, 2024
Homeនយោបាយកូនស្រីលោកកឹម សុខា ប្រតិកម្មនឹងលោកសម រង្ស៊ី រឿងថា មិនគាំទ្រចលនាសង្គ្រោះជាតិ ព្រោះបារម្ភពីសុវត្ថិភាព

កូនស្រីលោកកឹម សុខា ប្រតិកម្មនឹងលោកសម រង្ស៊ី រឿងថា មិនគាំទ្រចលនាសង្គ្រោះជាតិ ព្រោះបារម្ភពីសុវត្ថិភាព

ភ្នំពេញ ៖ បន្ទាប់ពីលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកកឹម សុខា អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” ប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិ ដោយសារបារម្ភខ្លាចពីសុវត្ថិភាពនោះ កូនស្រីលោក កឹម សុខា បានប្រតិកម្មច្រានចោលភ្លាមៗថា ឪពុករបស់នាង (លោកកឹម សុខា) ពុំដែល សម្រេចចិត្តអ្វីមួយដែលផ្ទុយពីឆន្ទៈលោក ដោយ ហេតុថា ខ្លាចពីសុវត្ថិភាពឡើយ បើឪពុកនាង ចេះក្បត់ឆន្ទៈខ្លួនឯង ដើម្បីការពារសុវត្ថិភាព ផ្ទាល់ខ្លួននោះ លោកមិនមែននៅតស៊ូក្នុងស្រុក ទាំងដែលដឹងថា គេមានបំណងចាប់ខ្លួនរូបលោកនោះទេ។

ជាមួយគ្នានេះ កូនស្រីលោកកឹម សុខា បានសំណូមពរឱ្យសមាជិកនៃអតីតគណបក្ស សង្គ្រោះជាតិ គោរពនូវសិទ្ធិបុគ្គល (លោកកឹម សុខា) ក្នុងការសម្រេចចិត្តបញ្ចោញយោបល់ គាំទ្រឬមិនគាំទ្រចលនាចលនាសង្គ្រោះជាតិ ដែលបង្កើតដោយលោកសម រង្ស៊ី និងធ្វើសកម្មភាពសង្គម និងនយោបាយតាមសុច្ឆន្ទៈរៀងៗ ខ្លួន ដោយពុំមានការចោទប្រកាន់ លាបពណ៌ ឬបៀតបៀនគ្នា ជាពិសេសពេលមានទុក្ខលំបាក។

កញ្ញាកឹម សម្មាធីតា កូនស្រីទីពីររបស់ លោកកឹម សុខា បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ថា “ក្នុងនាមក្រុមគ្រួសាររបស់លោកកឹម សុខា នាងខ្ញុំសូមបញ្ជាក់ថា រាល់ការសម្រេចចិត្តរបស់ ឪពុកនាងខ្ញុំ គឺធ្វើឡើងដោយឆន្ទៈរបស់លោក។ រូបលោកពុំដែលសម្រេចចិត្តអ្វីមួយដែលផ្ទុយ ពីឆន្ទៈលោកដោយហេតុថា ខ្លាចពីសុវត្ថិភាព ឡើយ។ បើលោកចេះក្បត់ឆន្ទៈខ្លួនដើម្បីការពារ សុវត្ថិភាពខ្លួននោះ លោកក៏មិននៅតស៊ូក្នុងស្រុក ទាំងដែលដឹងថា គេមានបំណងចាប់ខ្លួនរូបលោក ដែរ។

នាងខ្ញុំសូមសំណូមពរឱ្យបញ្ឈប់នូវការ បរិហារកេរ្តិ៍មកលើឪពុកនាងខ្ញុំដោយការប្រើ ពាក្យថា ការសម្រេចចិត្តរបស់លោក គឺដោយសារលោកខ្លាចពីសុវត្ថិភាពរបស់ខ្លួន។ នាងខ្ញុំ ចាត់ទុកថា ពាក្យទាំងនេះ បានប្រើមកដោយ ពុំមានចេតនាអាក្រក់អ្វីឡើយ គឺជាកំហុសអចេតនា។

ទោះយ៉ាងណាក៏ដោយ នាងខ្ញុំសូមបញ្ជាក់ ជាសាធារណៈក្នុងពេលនេះ ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំបន្តទៀត។ ឪពុករបស់ នាងខ្ញុំមានស្មារតីរឹងមាំ និងឧត្តមគតិ ដែលពុំ មាននរណាម្នាក់អាចឃុំបានឡើយ”។

កញ្ញាកឹម សម្មាធីតា បានបន្តថា “ជាចុង ក្រោយនេះ ក្នុងស្មារតីសាមគ្គីភាព នាងខ្ញុំសូម សំណូមពរឱ្យសមាជិកគណបក្សសង្គ្រោះជាតិ គោរពនូវសិទ្ធិបុគ្គលក្នុងការសម្រេចចិត្តចូល រួមបញ្ចោញយោបល់ គាំទ្រឬមិនគាំទ្រអ្វីមួយ និងធ្វើសកម្មភាពសង្គម និងនយោបាយតាម សុច្ឆន្ទៈរៀងៗខ្លួនដោយពុំមានការចោទប្រកាន់ ឬលាបពណ៌គ្នា។ សាមគ្គីភាព ពុំមែនមានន័យ ថាយើងត្រូវគិតដូចគ្នានោះទេ តែមានន័យថា យើងមិនបៀតបៀនគ្នា ជាពិសេសពេលមាន ទុក្ខលំបាក។ សូមឱ្យសកម្មភាព និងលទ្ធផល ការងាររបស់យើងជាកត្តាទាក់ទាញការគាំទ្រ មិនមែនធ្វើឡើងដោយការដាក់សម្ពាធគ្នា”។

ប្រតិកម្មរបស់កូនស្រីលោកកឹម សុខា ខាងលើនេះ បានកើតមានឡើង ក្រោយពេល លោកសម រង្ស៊ី បានលើកឡើងថា លោកកឹម សុខា ប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិ ដោយសារបារម្ភខ្លាចពីសុវត្ថិភាពនោះ ព្រោះបើ លោកកឹម សុខា ប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ច្បាស់ជានឹងរងការធ្វើបាបរឹតតែខ្លាំងថែម ទៀត។ ជាមួយគ្នានេះ លោកសម រង្ស៊ី ក៏ បានអំពាវនាវកុំឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សំខាន់ៗ ប្រកាសការគាំទ្រចលនា សង្គ្រោះជាតិ ដើម្បីធានាសុវត្ថិភាព ហើយក៏ ធានាប្រសិទ្ធភាពការងាររបស់ចលនាសង្គ្រោះជាតិ ដែលត្រូវរៀបចំបណ្តាញរបស់ខ្លួននៅទូទាំង ប្រទេសកម្ពុជា ដោយប្រុងប្រយ័ត្ន ហើយលាក់ ការណ៍មិនចាំបាច់បញ្ចោញមុខ និងឈ្មោះជាសាធារណៈរហូតការតស៊ូនៅជួរមុខបានជោគជ័យ។

លោកសម រង្ស៊ី បានបញ្ជាក់តាមទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ថា “ជំហរពិតប្រាកដរបស់លោក កឹម សុខា ចំពោះចលនាសង្គ្រោះជាតិ។ ដោយសារតែលោកប្រធាន កឹម សុខា ស្ថិតក្នុងកណ្តាប់ ដៃលោកហ៊ុន សែន លោកកឹម សុខា មិនអាច ប្រកាសថា លោកគាំទ្រចលនាសង្គ្រោះជាតិ បានទេ ពីព្រោះចលនានេះ មានគោលដៅបើក ផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការ បោះឆ្នោត ឆ្នាំ២០១៨ នេះ ហើយដណ្តើមយក ជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា ដឹកនាំ ដោយលោកហ៊ុន សែន។ បើលោកកឹម សុខា ប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ច្បាស់ជា លោកហ៊ុន សែន នឹងធ្វើបាបលោកកឹម សុខា រឹតតែខ្លាំងថែមទៀត។ ខ្ញុំ សម រង្ស៊ី ក៏បានអំពាវនាវ សូមកុំឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សំខាន់ៗ ប្រកាសការគាំទ្ររបស់ខ្លួន ចំពោះចលនា សង្គ្រោះជាតិ ដើម្បីធានាសុវត្ថិភាព ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិទាំងនោះ ហើយក៏ធានា ប្រសិទ្ធិភាពការងាររបស់ចលនាសង្គ្រោះជាតិ ដែលត្រូវរៀបចំបណ្តាញរបស់ខ្លួននៅទូទាំង ប្រទេសកម្ពុជា ដោយមិនចាំបាច់បញ្ចោញមុខ និងបញ្ចោញឈ្មោះជាសាធារណៈ។ ក្នុងប្រវត្តិសាស្ត្រ ចលនាតស៊ូទាំងអស់ក្នុងពិភពលោក គេតែងតែប្រុងប្រយ័ត្ន ហើយលាក់ការណ៍បែប នេះ ដើម្បីធានាទាំងសុវត្ថិភាព ទាំងប្រសិទ្ធភាព ការងាររបស់អ្នកតស៊ូនៅជួរមុខ”។

ក្រៅពីមានប្រតិកម្មពីកូនស្រីលោកកឹម សុខា ខាងលើនេះ លោកមុត ចន្ថា អតីតនាយកខុទ្ទកាល័យ និងជាអតីតជំនួយការលោក កឹម សុខា ក៏បានបញ្ជាក់ថា លោកកឹម សុខា សម្រេចចិត្តដោយស្មារតីរឹងប៉ឹង មោះមុត មិន តក់ស្លុត មិនខ្លាច មិនភ័យពីសុវត្ថិភាពអ្វីឡើយ គឺលោកប្រកាសមិនចូលរួម និងមិនគាំទ្រចលនា ថ្មី (ចលនាសង្គ្រោះជាតិ) ដែលបង្កើតដោយ លោកសម រង្ស៊ី នេះទេ ដោយលោកបន្តនៅ ជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរជាង៣លាន ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។

លោកមុត ចន្ថា បានសរសេរក្នុងគណនី ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ថា “ឯកឧត្តម កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ សម្រេចចិត្តដោយកាយ សម្បទាពេញលេញ ស្មារតីរឹងប៉ឹង មោះមុត មិនតក់ស្លុត មិនខ្លាច មិនភ័យពីសុវត្ថិភាព ៖

-មិនចូលរួមជាមួយចលនាបង្កើតថ្មី និង មិនគាំទ្រចលនាថ្មីនេះ

-បន្តនៅជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋ ខ្មែរ ជាង០៣លាន ដែលបានបោះឆ្នោតជូន គណបក្សសង្គ្រោះជាតិ។

សូមកុំធ្វើសេចក្តីសន្និដ្ឋានអ្វីផ្ទុយពីឆន្ទៈ របស់លោក!”។

ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំមួយជាមួយអតីតថ្នាក់ដឹកនាំ និងសកម្មជន អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានរបស់លោក ក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង លោកសម រង្ស៊ី បានធ្វើការ ពន្យល់អំពីភាពខុសគ្នារវាងគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ ដោយលោកបានបញ្ជាក់ នៅពេលនោះថា “ចង់បញ្ជាក់ថា ចលនាវាខុសពី គណបក្សយ៉ាងម៉េច? ចលនាហ្នឹង គឺទូលំទូលាយ ណាស់ ចលនាហ្នឹងអត់មានស្អីមកចងក្រងឱ្យត្រូវ ធ្វើនេះ ត្រូវធ្វើនោះ ក្នុងក្របខ័ណ្ឌអីណាមួយដែល យើងថាចង្អៀតក៏បាន អ៊ីចឹងយើងអត់ចងខ្លួន យើងទេ គណបក្សមានលក្ខន្តិកៈអី ចុះអី សមាជិកអីហ្នឹង ត្រូវមានវិន័យច្បាស់លាស់តាមបញ្ជា ពីលើណែនាំអី អាហ្នឹងគណបក្ស អ៊ីចឹងបាន គណបក្ស អ្នកចូលរួមត្រូវបំពេញលក្ខខណ្ឌមួយចំនួន អ្នកក្រៅដែលសព្វដងគេមិនចូលជាគណបក្ស គេមិនអាចចូលបានទេ ដូចជាសង្គមស៊ីវិល សង្គមស៊ីវិល អង្គការការពារសិទ្ធិមនុស្ស អង្គការការពារដីធ្លី អង្គការការពារបរិស្ថាន អ្នកសារព័ត៌មាន សូម្បីតែព្រះសង្ឃ គឺរឿងកិច្ចការ សាសនាអី គឺរឿងជាតិ វាធំជាងកិច្ចការគណបក្ស។ ចលនាហ្នឹង គឺបំណងធំ ហើយរួម ទាល់តែ ធំបានរួមបានច្រើន អ៊ីចឹងក្នុងចលនាសង្គ្រោះជាតិ នេះ ច្បាស់ហើយ មានអ្នកមកពីគណបក្ស សង្គ្រោះជាតិ ប៉ុន្តែមានអ្នកក្រៅច្រើន ដូចខ្ញុំ និយាយមិញ កាលខ្ញុំទៅអាមេរិក ចាប់ផ្តើម ជួបខ្លះហើយអ្នកសារព័ត៌មាន ពួកអង្គការក្រៅ រដ្ឋាភិបាល រឿងគេធ្វើសង្គម រឿងព័ត៌មាន រឿង សង្គមកិច្ចអីផ្សេងៗ គេពីមុនគេអត់ចូលក្នុង គណបក្សណាទាំងអស់ ទោះទឹកចិត្តគេយ៉ាងម៉េច គេគាំទ្រដោយស្ងាត់ស្ងៀម ប៉ុន្តែដល់បង្កើតជា ចលនា គេចូលជាចលនា ព្រោះវាទូលំទូលាយ មិនមែនឃោសនាឱ្យគណបក្សនេះទេ បើឃោសនា ឱ្យគណបក្សនេះ វាសម្រាប់តែគណបក្សហ្នឹង ប៉ុន្តែចលនា បំណងគេ គោលដៅគេធំណាស់ ដូចខ្ញុំនិយាយមិញ ចលនាសង្គ្រោះជាតិនេះ គឺ ចង់ឱ្យមានការបោះឆ្នោតត្រឹមត្រូវបោះឆ្នោត ពិតប្រាកដ តាមបែបបទប្រជាធិបតេយ្យ។ យើង ដឹងហើយក្នុងចិត្តយើង បើបោះឆ្នោតត្រឹមត្រូវ គឺគណបក្សង្គ្រោះជាតិ នឹងឈ្នះហើយ តែដល់ យើងនិយាយថា សុំតែឱ្យមានការបោះឆ្នោត ត្រឹមត្រូវ ដល់បោះឆ្នោតត្រឹមត្រូវ អាហ្នឹងយើង បើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ចូលគណបក្ស សង្គ្រោះជាតិឈ្នះ ដល់យើងគ្រាន់តែទាមទារ ថា ឱ្យមានការបោះឆ្នោតត្រឹមត្រូវ ឱ្យដោះលែង អ្នកទោស ខ្ញុំមានថា ដោះលែងលោកកឹម សុខា ណាច្បាស់ហើយ លោកកឹម សុខា ត្រូវដោះលែងមុនគេ ប៉ុន្តែអ្នកទោសនយោបាយ អ្នកទោសមនសិការ ទេព វន្នី អី យុវជន បរិស្ថានអី យើងឱ្យដោះលែងទាំងអស់ ជាសិទ្ធិសេរីភាព លើកតម្កើង ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទាំងមូល។ ដូច្នេះអ្នកដែលពីមុន គេអត់ ចូលគណបក្សសង្គ្រោះជាតិទេ ប៉ុន្តែឥឡូវដល់ ចលនា បំណងវាទូលំទូលាយ គឺខ្មែរណាក៏គាំទ្រ បានដែរ គាំទ្រឱ្យមានការបោះឆ្នោតឱ្យដោះលែងអ្នកទោសនយោបាយ ឱ្យមានសិទ្ធិសេរីភាពពេញលេញ សម្រាប់ប្រជាពលរដ្ឋទូទៅ ហើយគណបក្សណាមានប្រជាប្រិយភាពប្រជាពលរដ្ឋស្រលាញ់គណបក្សណា គឺគណបក្សហ្នឹង មានសិទ្ធិដឹកនាំប្រទេស គណបក្សណាក៏ដោយ ដែលគេមកចូលរួមៗជាគោលការណ៍ធំៗ អ៊ីចឹង វាទូលាយ បានចលនាត្រូវមានសមាភាពច្រើន ហើយទូលាយជាងគណបក្ស”។

លោកសម រង្ស៊ី បានថ្លែងបន្តថា “ប៉ុន្តែឥឡូវ សួរថា យើងដែលមកពីគណបក្សសង្គ្រោះជាតិ តើយើងត្រូវធ្វើចលនាដោយឡែកពីគណបក្ស ឬយ៉ាងម៉េច? អត់ទេ ចលនាទទួលសមាជិក គណបក្សសង្គ្រោះជាតិ ប៉ុន្តែទទួលអ្នកមិនមែន សង្គ្រោះជាតិ ដូចខ្ញុំនិយាយមិញ ទូលំទូលាយ ជាង តែអ្នកដែលចេញមកពីគណបក្សសង្គ្រោះជាតិ នៅតែក្នុងជួរគណបក្សសង្គ្រោះជាតិ ដដែល ខ្ញុំជាសមាជិកគណបក្សសង្គ្រោះជាតិ ហើយខ្ញុំ ប្រកាសថា ខ្ញុំលាលែងហ្នឹង ដើម្បីកុំឱ្យគេរំលាយ គណបក្សសង្គ្រោះជាតិ តែដល់គេរំលាយហើយ ចូលមកវិញហើយ ច្បាស់ហើយ អ៊ីចឹងខ្ញុំជាសមាជិកគណបក្សសង្គ្រោះជាតិ ខ្ញុំនៅតែជាសមាជិក គណបក្សសង្គ្រោះជាតិ ទោះខ្ញុំទៅធ្វើអ្វីជាមួយ ចលនា ក៏ខ្ញុំនៅតែជាមួយគណបក្សសង្គ្រោះជាតិ ពីព្រោះវាអត់មានអីផ្ទុយគ្នា គណបក្សសង្គ្រោះជាតិ ចង់ឈ្នះ ចង់ដឹកនាំប្រទេសខ្លួនឯង ចលនា គ្រាន់ចង់បើកផ្លូវ បើកផ្លូវឱ្យគណបក្សទាំងអស់ គ្រាន់តែក្នុងចិត្តខ្ញុំជាសមាជិកគណបក្សសង្គ្រោះជាតិ ខ្ញុំបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ព្រោះ អីខ្ញុំដឹងថា បើកផ្លូវឱ្យមានការបោះឆ្នោតត្រឹមត្រូវ ពិតប្រាកដពេលណា គណបក្សសង្គ្រោះជាតិ នឹង ឈ្នះ ពេលនោះ អ៊ីចឹងខ្ញុំជាសមាជិកគណបក្ស សង្គ្រោះជាតិ ខ្ញុំចង់ឱ្យសង្គ្រោះជាតិ ឈ្នះហើយ ដល់បើកផ្លូវ ហើយចូលរួមក្នុងការបោះឆ្នោត ហើយ ខ្ញុំចេញមុខឃោសនាឱ្យគណបក្សសង្គ្រោះជាតិ ពេលនោះអស់មានចលនាហើយ មិនបាច់ ទេ ព្រោះចលនាបានបំពេញការងាររបស់ខ្លួន ចប់សព្វគ្រប់អស់ហើយតើ? បើកផ្លូវចូលរួមក្នុង ការបោះឆ្នោតអាហ្នឹង រឿងគណបក្សសង្គ្រោះជាតិ ចេញមុខផ្ទាល់ឡើងវិញ គណបក្សសង្គ្រោះជាតិឈ្នះ គណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស ទៅ។ ប៉ុន្តែឥឡូវវាមិនទាន់ដល់ហ្នឹង អ៊ីចឹងគណបក្សសង្គ្រោះជាតិ តាមខ្ញុំយល់ មិនអាចធ្វើការ តាមអ្វីដែលយើងមានសព្វថ្ងៃតែប៉ុណ្ណឹងទេ ទៅ មិនរួចទេ ត្រូវមានចលនាជួយអូស យើងវាគាំង ត្រូវមានអីថ្មីជួយអូស បើកិផ្លូវឱ្យ។ អ៊ីចឹងខ្ញុំនៅ តែសង្គ្រោះជាតិ អ៊ីចឹងខ្ញុំមកក្បែរហ្នឹង ជាចលនា ដើម្បីបើកផ្លូវ ហើយតែបើកផ្លូវហើយ សង្គ្រោះ ជាតិទៅមុខទៀតហើយ អ៊ីចឹងបានមួកខ្ញុំ ខ្ញុំមាន មួកមួយគណបក្សសង្គ្រោះជាតិ ខ្ញុំនៅតែពាក់ មួកគណបក្សសង្គ្រោះជាតិហ្នឹង ទោះជាខ្ញុំធ្វើអី មិនបានក្រោមមួកគណបក្សសង្គ្រោះជាតិ ប៉ុន្តែ ក្រោមមួកមួយទៀត ចលនាហ្នឹងខ្ញុំធ្វើអីបាន ច្រើនណាស់ ហើយធ្វើហ្នឹង ដើម្បីមកជួយគណបក្សសង្គ្រោះជាតិ ទេ ដល់គណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត ពេលដែលយើង ឃោសនា ឆ្ពោះទៅដឹកនាំប្រទេស ខ្ញុំដោះមួក ចលនាចេញ ហើយខ្ញុំនៅសល់តែមួកគណបក្ស សង្គ្រោះជាតិ មួយគត់ អ៊ីចឹងយើងនៅតែជាគណបក្ស ប៉ុន្តែដោយសារគណបក្សអត់អាចធ្វើការងារមួយចំនួន អត់បាន យើងត្រូវតែធ្វើការងារ ក្នុងចលនា ហើយឈ្មោះដូចគ្នាហ្នឹង មិនមែន ចៃដន្យទេ គ្រួសារតែមួយ បានឈ្មោះដូចគ្នា ប៉ុន្តែ ជួនណាយើងត្រូវចេះបំបែកខ្លួន យើងទុកឋានៈ យើងជាសមាជិក ទុកមួយអន្លើទៅ កុំប៉ះពាល់ ដូចថា គណបក្ស គេធ្វើអី ក្នុងនាមគណបក្ស អត់មានជំទាស់ទេ ផ្ទុយទៅវិញ បើចង់ជួយអី បាន ជួយទៅ ក្នុងនាមគណបក្ស។ បើខ្ញុំយល់ឃើញ ថា ក្នុងក្របខ័ណ្ឌចលនាធ្វើអីបានច្រើនជាង ហើយមានប្រសិទ្ធភាពជាង យើងមានផ្លាក គណបក្ស យើងនៅរក្សាស្លាកគណបក្ស ប៉ុន្តែ យើងចេញទៅធ្វើការងារដែលគណបក្សមិន អាចធ្វើបាន យើងចេញមុខក្នុងនាមចលនា ធ្វើការ ជាក់ស្តែង។ អ៊ីចឹងអ្នកដែលនៅក្នុងជួរគណបក្ស កុំទៅណា នៅហ្នឹងហើយ ហើយបើអាច ទៅធ្វើការងារក្នុងជួរចលនា ធ្វើការងារបន្ថែម ប៉ុន្តែ ក្នុងពីរហ្នឹងទន្ទឹមគ្នា ហើយក្នុងចិត្តពីរហ្នឹងតែមួយ ទេ ហើយចលនានេះ អត់មានអ្នកណារំលាយ បានទេ ចលនា និងគណបក្ស ខុសគ្នា គណបក្ស ទាល់តែសុំច្បាប់ ទាល់តែចុះឈ្មោះ គេអាចដក សិទ្ធិពីយើង គេអាចលុបឈ្មោះយើង ប៉ុន្តែ ចលនា អត់ទេ ចលនាគឺអត់មានអ្នកណាប៉ះពាល់ បាន យើងអត់មានអីទៅចុះឈ្មោះ ទៅសុំច្បាប់ ណា គឺចាប់ផ្តើមពីទឹកចិត្តយើង ហើយបំណង យើង យើងមានទឹកចិត្តដូចគ្នា ជាខ្មែរស្រលាញ់ ជាតិ ចង់រំដោះប្រទេសជាតិយើងពីក្រញាំហ៊ុន សែន បំផ្លាញជាតិ បម្រើយួន ហើយយើងធ្វើអី ក៏ដោយ នៅទីណាក៏ដោយ យើងមានទឹកចិត្ត បែបហ្នឹង គោលដៅបែបហ្នឹង យើងចាត់ទុកខ្លួន យើងទៅ មិនចាំបាច់ខ្ញុំប្រកាសទេ យើងចាត់ទុកខ្លួនយើង យើងជាចលនាសង្គ្រោះជាតិ…”។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ លោកកឹម សុខា អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” បានប្រកាស ពីជំហររបស់លោកថា លោកមិនគាំទ្រ និងមិន ចូលរួមជាមួយចលនាសង្គ្រោះជាតិ ដែលបង្កើត ឡើងដោយលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួន តូចនោះទេ។

លោកមុត ចន្ថា អតីតនាយកខុទ្ទកាល័យ និងជាអតីតជំនួយការលោកកឹម សុខា បានបញ្ជាក់ តាមគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ថា “ឯកឧត្តមកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ បញ្ជាក់ជំហរយ៉ាងច្បាស់ថា ៖ មិនចូលរួមជាមួយ ចលនាបង្កើតថ្មី និងមិនគាំទ្រចលនាថ្មីនេះ។ បន្ត នៅជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ជាង០៣ លានដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ”។

ដោយឡែក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លោកមុត ចន្ថា បានសរសេរថា “ឯកឧត្តមកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ៖ ក្នុងកាលៈទេសៈណាក៏ដោយ គណបក្សសង្គ្រោះជាតិ តំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋ ជាងបីលាន ដែលបានបោះឆ្នោតឱ្យយើង ដូច្នេះ យើងបន្តដំណើរទៅមុខក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ដោយគ្មានការផ្លាស់ប្តូរ”។

លោកផែង ហេង មេធាវីរបស់លោកកឹម សុខា ដែលបានទៅជួបលោកកឹម សុខា នៅទី ឃុំខ្លួន នាមណ្ឌលអប់រំកែប្រែទី (ម៣) ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ មករា ឆ្នាំ ២០១៨ ក៏បានបញ្ជាក់ថា លោកកឹម សុខា ពិត ជាបានអះអាងពីជំហរមិនគាំទ្រ និងមិនចូលរួម ជាមួយចលនាសង្គ្រោះជាតិ ដែលបង្កើតឡើង ដោយលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃ អតីតគណបក្សសង្គ្រោះជាតិ មួយចំនួនតូចនោះ មែន។

លោកមេធាវី ផែង ហេង បានឱ្យដឹងបន្ត ថា លោកកឹម សុខា បានដឹងអំពីការបង្កើត ចលនាសង្គ្រោះជាតិ តាមរយៈភរិយារបស់លោក (លោកស្រី តែ ច័ន្ទមនោ) ដែលបានចូលសួរសុខទុក្ខលោកកឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាញឹកញាប់ ហើយលោកបាន ប្រកាសជំហររបស់លោកយ៉ាងច្បាស់ថា លោក មិនចូលរួមជាមួយចលនាសង្គ្រោះជាតិនោះទេ គឺលោកកឹម សុខា បានបញ្ជាក់ថា គាត់មិនចូល រួមជាមួយចលនាណា ហើយក៏មិនបង្កើតចលនា ថ្មី ឬគណបក្សថ្មីទៀតដែរ គាត់បន្តនៅជាមួយ ប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ។

លោកផែង ហេង បានសរសេរក្នុងគណនី ហ្វេសប៊ុករបស់លោកនៅថ្ងៃនោះ ថា “នឿយ ហត់ការធ្វើដំណើរស្ទើរពេញ ១ថ្ងៃ!!!

លោកកឹម សុខា មានសុខភាពធម្មតា ជំហរ រឹងមាំ។ លោកធ្លាប់អះអាង និងថ្ងៃនេះនៅតែ បញ្ជាក់ថា លោកមិនចូលរួមចលនា និងមិន គាំទ្រចលនាថ្មីនោះទេ។ លោកកឹម សុខា នៅ ជាមួយឆន្ទៈប្រជាពលរដ្ឋជាង៣លាននាក់ ដែល បានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។

លោកកឹម សុខា នៅតែមានជំនឿថា អ្នកនយោបាយខ្មែរ អាចរកដំណោះស្រាយ ជាមួយគ្នាបានតាមរយៈការសន្ទនាជាមួយគ្នា”។

ចំណែកលោកស្រីម៉េង សុភារី មេធាវី របស់លោកកឹម សុខា មួយរូបទៀត ក៏បាន បញ្ជាក់នៅថ្ងៃដដែលនោះដែរថា “អ្វីដែលលោក មេធាវីផែង ហេង បានសរសេរនៅក្នុងគណនី ហ្វេសបុករបស់គាត់ គឺជាការពិត ពីព្រោះខ្ញុំក៏ នៅទីនោះដែរ ពិតជាបានឮពីជំហររបស់ឯ.ឧ កឹម សុខា ដូច្នេះមែន នាពេលខ្ញុំនិងលោកមេធាវី ផែង ហេង ទៅពិភាក្សាកិច្ចការច្បាប់ពាក់ព័ន្ធ សំណុំរឿងរបស់ឯកឧត្តម កន្លងមក”។

ប៉ុន្តែយ៉ាងណា លោកសម រង្ស៊ី អតីត ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់បាន ថ្លែងបញ្ជាក់ថា ចលនាសង្គ្រោះជាតិ មិនបាច់ រង់ចាំការឯកភាពពីក្រុមលោកកឹម សុខា នោះ ទេ គឺចលនាសង្គ្រោះជាតិ ត្រូវមានក្បាលម៉ាស៊ីន មួយច្បាស់លាស់ រឹងមាំ ដែលមានសេរីភាព ចាត់ការធ្វើសេចក្តីសម្រេច ដើម្បីរុញនាវាគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃកំពុងគាំង ឱ្យ ឈានទៅមុខ ព្រោះពេលនេះ គណបក្សសង្គ្រោះ ជាតិ ដែលត្រូវបានរំលាយដោយអំណាចសាលដីកាតុលាការកំពូលនោះ មិនអាចធ្វើអ្វីកើតទេ ខណៈដែលប្រធានគណបក្ស ត្រូវបានជាប់ឃុំ នៅពន្ធនាគារ ពីបទក្បត់ជាតិ។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ អ្នកនាំពាក្យចលនាសង្គ្រោះជាតិ បាន ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ចលនា សង្គ្រោះជាតិ នឹងធ្វើពិធីប្រកាសជាផ្លូវការនូវ រចនាសម្ព័ន្ធនិងសកម្មភាពរបស់ខ្លួន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរថា លោកកឹម សុខា បាន ប្រកាសជំហររបស់លោក មិនគាំទ្រ និងមិនចូល រួមជាមួយចលនាសង្គ្រោះជាតិ ដែលបង្កើតឡើង ដោយលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃ អតីតគណបក្សសង្គ្រោះជាតិ មួយចំនួនតូចនោះ គឺស្របពេលដែលក្រុមអ្នកគាំទ្ររបស់លោកជា ច្រើន ដែលជាអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ អតីតតំណាងរាស្ត្រ អតីត យុវជន និងអតីតសកម្មជនមួយចំនួន បានចេញ មុខប្រកាសមិនទទួលស្គាល់ និងមិនចូលរួមជាមួយ ចលនាសង្គ្រោះជាតិរបស់លោកសម រង្ស៊ី ក្នុងនោះរួមមាន លោកយ៉ែម បុញ្ញឫទ្ធិ លោក ទួន យក់ដា លោកសួន រីដា លោកពិន រតនា និងលោកង៉ោ គឹមជាង លោកមុត ចន្ថា លោក ម៉ៅ មុនីវណ្ណ ជាដើម។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ លោកសម រង្ស៊ី អតីតប្រធាន នៃ អតីតគណបក្សសង្គ្រោះជាតិ ខណៈកំពុងស្ថិតនៅ ឯសហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំសាធារណៈ ជាមួយអតីតថ្នាក់ដឹកនាំនៃអតីតគណបក្ស សង្គ្រោះជាតិ នោះ បានប្រកាសអំពីការសម្រេច បង្កើត “ចលនាសង្គ្រោះជាតិ” រួមជាមួយអតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដោយ ប្រមូលអ្នកប្រជាធិបតេយ្យទាំងអស់ ចូលរួម ដើម្បីទាមទារឱ្យមានការដោះលែងលោកកឹម សុខា និងអ្នកទាសមនសិការទាំងអស់ ព្រមទាំង ឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទូលំទូលាយ ដោយមានការចូលរួមពី អតីតគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន ទោះបីគណបក្សសង្គ្រោះ ជាតិ ត្រូវបានតុលាការកំពូល សម្រេចរំលាយ ចោលជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ទៅហើយក៏ដោយ។

យោងតាមសេចក្តីថ្លែងការណ៍ស្តីពីការ បង្កើត “ចលនាសង្គ្រោះជាតិ” ចុះថ្ងៃទី១២ ខែ មករា ឆ្នាំ២០១៨ សមាសភាពអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ៩រូប ដែល ផ្តួចផ្តើមគំនិតបង្កើត “ចលនាសង្គ្រោះជាតិ” នោះ រួមមាន ១-លោកអេង ឆៃអ៊ាង ២-លោក ជា គឹមលី ៣-លោកសម រង្ស៊ី ៤-លោកអ៊ុង រិទ្ធី ៥-លោកគា រី ៦-លោកស្រីជូឡុង សូមួរ៉ា ៧-លោកស្រីមួរ សុខហួរ ៨-លោកតុ វ៉ាន់ចាន់ និង៩-លោកទួន យក់ដា។

ប៉ុន្តែនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូប រួមមាន លោកសួន រីដា លោក ពិន រតនា និងលោកង៉ោ គឹមជាង រួមជាមួយ តំណាងសាខាអតីតគណបក្សសង្គ្រោះជាតិនៅ សហរដ្ឋអាមេរិក ចំនួន៤៧រូបទៀត ចេញសេចក្តី ប្រកាសព័ត៌មាន បញ្ជាក់ថា មិនចូលរួមជាមួយ “ចលនាសង្គ្រោះជាតិ” របស់លោកសម រង្ស៊ី នោះទេ ដោយអះអាងពីជំហររក្សា និងការពារ គណបក្សសង្គ្រោះជាតិ ហើយនិងបន្តការតស៊ូ ក្នុងក្របខ័ណ្ឌ និងដំបូលគណបក្សសង្គ្រោះជាតិ តែមួយគត់។

ជាមួយគ្នានេះ លោកយ៉ែម បុញ្ញឫទ្ធិ អតីត ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ និង ជាអតីតតំណាងរាស្ត្រមួយរូប បានថ្លែងក្នុងវេទិកា ជួបអតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានកញ្ញា កឹម មនោវិទ្យា កូនស្រីលោកកឹម សុខា អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួន ទៀតចូលរួមផងដែរ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ថា លោកមិនគាំទ្រចលនាសង្គ្រោះ ជាតិ ដែលបង្កើតដោយលោកសម រង្ស៊ី នោះទេ ដោយលោកបញ្ជាក់ថា បើសិនជាចលនានោះ ជាចលនាមហាជនមិនធ្វើនយោបាយ ត្រូវដក ឈ្មោះគណបក្សសង្គ្រោះជាតិចេញវិញឱ្យលឿន ពីព្រោះគណបក្សសង្គ្រោះជាតិធ្វើនយោបាយ។

លោកយ៉ែម បុញ្ញឫទ្ធិ បានព្រមានថា នៅ ក្នុងសេចក្តីថ្លែងការណ៍របស់ចលនាសង្គ្រោះជាតិ នោះ មានឈ្មោះគណបក្សសង្គ្រោះជាតិ នៅ ក្នុងហ្នឹង ដែលមានលោកកឹម សុខា ជាប្រធាន ហើយលោកកឹម សុខា មិនទាន់បានដឹងទេ ដូច្នះ បើសិនណាចលនាសង្គ្រោះជាតិ យកទៅធ្វើ សកម្មភាពអីមួយមានបញ្ហានោះ លោកកឹម សុខា នឹងត្រូវទទួលខុសត្រូវ ហើយលោកកឹម សុខា នឹងជាប់គុកគ្មានថ្ងៃចេញឡើយ។

លោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ ដែលបានចូលរួម បង្កើតចលនាសង្គ្រោះជាតិ ជាមួយលោកសម រង្ស៊ី បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ថា “ឥឡូវ នេះ មានប្រតិកម្មពីមជ្ឈដ្ឋានពីរ ប្រឆាំងនឹង គម្រោងបង្កើតចលនាសង្គ្រោះជាតិ គឺគណបក្ស ប្រជាជនកម្ពុជា របស់លោកហ៊ុន សែន និងក្រុម ដឹកនាំមួយចំនួននៅក្នុងគណបក្សសង្គ្រោះជាតិ។

ដូច្នេះ តើការបង្កើតចលនាសង្គ្រោះជាតិ នេះ ជាគ្រោះថ្នាក់សម្រាប់ក្រុមលោកហ៊ុន សែន ឬ ក៏សម្រាប់ជួយក្រុមលោកហ៊ុន សែន ?”។

ប៉ុន្តែយ៉ាងណា លោកទួន យក់ដា អតីត តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មួយរូបទៀត ដែលមានឈ្មោះក្នុងសមាសភាព ៩រូប ចូលរួមបង្កើតចលនាសង្គ្រោះជាតិ ជាមួយ លោកសម រង្ស៊ី ដែរនោះ ក៏បានប្រកាសមិន ទទួលស្គាល់ចលនាសង្គ្រោះជាតិនោះដែរ ដោយ លោកបានចេញសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨ បញ្ជាក់ថា គោលគំនិតនៃការរៀបចំចលនាសង្គ្រោះជាតិ ដើម្បី ស្រោចស្រង់ស្ថានភាពនយោបាយនៅប្រទេស កម្ពុជា ដូចការប្រកាសរបស់លោកសម រង្ស៊ី នោះ គឺស្ថិតក្នុងដំណាក់កាលមិនទាន់ពិភាក្សាមិនទាន់ ដាច់ស្រេច និងមិនទាន់សម្រេចនៅឡើយ ហេតុដូច្នេះ រាល់សេចក្តីថ្លែងការណ៍ទាំងឡាយណា ដែលមានឈ្មោះលោក គឺលោកមិនទទួលស្គាល់ ឡើយ។

ដូចគ្នានេះដែរ លោកអ៊ុង រិទ្ធី អតីតប្រធាន គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលអ្នកចូលរួមផ្តួចផ្តើមគំនិតបង្កើតចលនា សង្គ្រោះជាតិ ជាមួយលោកសម រង្ស៊ី មួយរូប ដែរនោះ បានធ្វើលិខិតលាលែងចេញពីចលនា សង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានមើលឃើញថា ការបង្កើត ចលនាសង្គ្រោះជាតិនេះ ប្រទាំងប្រទើសគ្នា និង ការមិនយល់ស្របពីអតីតថ្នាក់ដឹកនាំនៃអតីត គណបក្សសង្គ្រោះជាតិ។

លោកអ៊ុង រិទ្ធី បានបញ្ជាក់ក្នុងលិខិតលា លែងនោះថា ចាប់ពីថ្ងៃប្រកាសលាលែងនេះតទៅ រាល់ការសម្រេច និងសកម្មភាពផ្សេងៗ របស់ចលនាថ្មីនេះ មិនពាក់ព័ន្ធដល់ការទទួល ខុសត្រូវរបស់លោកទៀតឡើយ ហើយលោក នឹងរក្សាស្មារតី និងសកម្មភាពផ្សេងៗក្នុងក្រប ខ័ណ្ឌគណបក្សសង្គ្រោះជាតិ ដើម្បីបន្តទាមទារ ឱ្យមានការដោះលែងលោកកឹម សុខា និងឱ្យ គណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។

ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) លោកសុខ ឥសាន បានចាត់ទុកចលនាសង្គ្រោះជាតិ ដែលបង្កើត ឡើងដោយលោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនតូច នោះ គឺជាចលនាឧទ្ទាមក្រៅច្បាប់ ហើយលោក បានលើកឡើងថា ការដែលលោកកឹម សុខា ប្រកាសមិនចូលរួម និងមិនគាំទ្រចលនាសង្គ្រោះ ជាតិ ដែលបង្កើតដោយលោកសម រង្ស៊ី នោះ គ្មានអ្វីចម្លែកនោះទេ៕

ខៀវទុំ

RELATED ARTICLES