ភ្នំពេញ ៖ អតីតយុវតីគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) កញ្ញាលី ច័ន្ទវត្តី បានប្រតិកម្មវាយបកទៅកូនស្រីលោកកឹម សុខា ថា បើប្រឆាំងគំនិតគ្នាឯង បែកចានឆ្នាំង ទៅហើយ នៅតែមានសម រង្ស៊ីនិយម និងកឹម សុខានិយម គណបក្សប្រឆាំងនឹងរលាយគ្រប់ អាណត្តិ។
កញ្ញាលី ច័ន្ទវត្តី បានសរសេរនៅក្នុង គណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៨ ថា “មួយម៉ាត់ណាក៏ថា សុខ ចិត្តជាប់គុក ក៏មិនរត់ចោលស្រុក។ ខ្ញុំសុំសួរ ទៅបងស្រីវិញថា តើគាត់ជាប់គុករាល់ថ្ងៃនេះ ចំណេញអ្វីខ្លះ រត់ការបានអត់? ដោះស្រាយបញ្ហា បានអត់? ហើយចុះបើនិយាយពីរឿងរត់ចោល ស្រុក ចុះបងស្រីកឹម មនោវិទ្យា ម៉េចមិននៅ ស្រុកខ្មែរ ជាប់គុកជាមួយឪពុកទៅ? ចាំបាច់ ដើរការទូតក្រៅប្រទេសធ្វើអីដែរ? និយាយទៅ និយាយមក ជាន់កែងតែខ្លួនឯង។ បើប្រឆាំង គំនិតគ្នាចឹង បែកចានឆ្នាំងទៅ ព្រោះវារលាយ បាត់ទៅហើយ ហើយចាំណាការដែលប្រជាពលរដ្ឋគាំទ្រមួយចំហៀងប្រទេសនេះ មិនមែន មកពីបក្សកឹម សុខា ឬបក្សសម រង្ស៊ី ទេ គឺ បក្សសង្គ្រោះជាតិ។ ខ្ញុំនៅតែគោរពការដឹកនាំ និងការសម្រេចចិត្តរបស់លោកទាំងពីរ គឺមានតែ លោកសម រង្ស៊ី និងលោកកឹម សុខា សាមីខ្លួន ប៉ុណ្ណោះ កូនចៅអស់លោកត្រឹមមនុស្សសាមញ្ញ ធម្មតាដូចគេឯង គ្មានអ្វីអស្ចារ្យឡើយ។ ហើយ ដរាបណានៅតែមានសម រង្ស៊ីនិយម និងកឹម សុខានិយម អស់លោកនឹងរលាយគ្រប់អាណត្តិ មិនបាច់ប្រឹងទេ នាំខ្មាសក្មេងៗដូចខ្ញុំ”។
លី ច័ន្ទវត្តី សរសេរបន្ថែមថា “តាំងពីថ្នាក់ លើដល់ថ្នាក់ក្រោម រហូតដល់យុវជន បែកបាក់ ខ្ចាត់ខ្ចាយ ក្លាយជាគូសត្រូវនឹងគ្នា គឺដោយសារ តែជំងឺតួឯក។ មិនគិតកិច្ចការធំ គិតតែខ្លាច ក្រុមនេះមានប្រៀបជាងអញ ក្រុមនោះមាន ប្រជាប្រិយជាងអញ…។ រហូតពេលនេះ ទើប ខ្ញុំភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ តាមពិតអ្នកឯងមិនមែនរួមគ្នាដើម្បីជាតិទេ គឺម្នាក់ៗសម្លឹងមើល ឃើញតែផលប្រយោជន៍រៀងៗខ្លួន ត្រៀមគំនិត ហែកយកអំណាច ហែកយកទ្រព្យសម្បត្តិរៀងខ្លួន។ តើឱ្យខ្ញុំទៅសង្ឃឹមលើនរណាទៀត ដែល អាចជួយរំដោះប្រទេសដ៏កម្សត់របស់ខ្ញុំបាន។ ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់។
ទ្រាំទៅតែប៉ុន្មានឆ្នាំទៀតទេ ប្រទេសនេះ នឹងក្លាយជាចម្ប៉ាទី២ហើយ ខំបន្តិចទៀតទៅ ណាអស់លោក លោកស្រី អ្នកនាង កញ្ញា…”។
លី ច័ន្ទវត្តី សរសេរបន្ថែមទៀតថា “ចាំទុក កុំរវើរវាយខុសរឿង បើនៅតែបែបនេះ យកទៅ វាសនាអ្នកឯងគឺ ២៧កៅអី និង៣ កៅអីហ្នឹងមួយជីវិតទៅ ហើយជិតដល់បោះឆ្នោត គេរំលាយរាល់អណត្តិ។ បើអ៊ីចឹងមែន ទៅដាំស្ពៃវិញទៅ ប្រសើរជាង បំណងល្អពីខ្ញុំ!។
លី ច័ន្ទវត្តី បានសរសេរបន្ថែមថា “មាន ពេលទំនេរ ចាំនិយាយខ្លីបអំពីរឿងកូនស្រីរបស់ លោកកឹម សុខា ម្តង ព្រោះថា ឃើញនិយាយ ផ្តេសផ្តាសច្រើនណាស់បច្ចុប្បន្ននេះ”។
“នគរធំ” មិនអាចសុំការបញ្ជាក់បន្ថែម ដោយផ្ទាល់ លើសំណេរខាងលើនេះ ពី លី ច័ន្ទវត្តី បានទេ កាលពីម្សិលមិញ។
គួរបញ្ជាក់ដែរថា សំណេរប្រតិកម្មរបស់ លី ច័ន្ទវត្តី អតីតយុវតីនៃអតីតគណបក្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់ពីកញ្ញាកឹម សម្មាធីតា កូនស្រីទី២ របស់លោកកឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ពីបទចោទក្បត់ជាតិ បានបព្ចេញប្រតិកម្មឆ្លើយតបទៅលោកសម រង្ស៊ី ដែលថា ឪពុកនាង (លោកកឹម សុខា) ប្រកាសមិនគាំទ្រ និងមិន ចូលរួមជាមួយចលនាសង្គ្រោះជាតិ ដែលលោក សម រង្ស៊ី បង្កើតឡើងនោះ ដោយសារបារម្ភ ខ្លាចពីសុវត្ថិភាព។ កញ្ញាកឹម សម្មាធីតា បាន សរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាងកាលពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ថា “ក្នុងនាម ក្រុមគ្រួសាររបស់លោកកឹម សុខា នាងខ្ញុំសូម បញ្ជាក់ថា រាល់ការសម្រេចចិត្តរបស់ឪពុកនាងខ្ញុំ គឺធ្វើឡើងដោយឆន្ទៈរបស់លោក។ រូបលោក ពុំដែលសម្រេចចិត្តអ្វីមួយដែលផ្ទុយពីឆន្ទៈលោក ដោយ ហេតុថា ខ្លាចពីសុវត្ថិភាពឡើយ។ បើ លោកចេះក្បត់ឆន្ទៈខ្លួន ដើម្បីការពារសុវត្ថិភាព ខ្លួន នោះ លោកក៏មិននៅតស៊ូក្នុងស្រុក ទាំង ដែលដឹងថា គេមានបំណងចាប់ខ្លួនរូបលោកដែរ។
នាងខ្ញុំសូមសំណូមពរឱ្យបញ្ឈប់នូវការ បរិហារកេរ្តិ៍មកលើឪពុកនាងខ្ញុំ ដោយការប្រើ ពាក្យថា ការសម្រេចចិត្តរបស់លោក គឺដោយសារលោកខ្លាចពីសុវត្ថិភាពរបស់ខ្លួន។ នាងខ្ញុំ ចាត់ទុកថា ពាក្យទាំងនេះបានប្រើមកដោយ ពុំមានចេតនាអាក្រក់អ្វីឡើយ គឺជាកំហុស អចេតនា។
ទោះយ៉ាងណាក៏ដោយ នាងខ្ញុំសូមបញ្ជាក់ ជាសាធារណៈក្នុងពេលនេះ ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំបន្តទៀត។ ឪពុក របស់នាងខ្ញុំ មានស្មារតីរឹងមាំ និងឧត្តមគតិដែល ពុំមាននរណាម្នាក់អាចឃុំបានឡើយ។
ជាចុងក្រោយនេះ ក្នុងស្មារតីសាមគ្គីភាព នាងខ្ញុំសូមសំណូមពរឱ្យសមាជិកគណបក្ស សង្គ្រោះជាតិ គោរពនូវសិទ្ធិបុគ្គល ក្នុងការ សម្រេចចិត្តចូលរួមបញ្ចោញយោបល់ គាំទ្រ ឬ មិនគាំទ្រអ្វីមួយ និងធ្វើសកម្មភាពសង្គម និង នយោបាយ តាមសុច្ឆន្ទៈរៀងៗខ្លួន ដោយពុំមាន ការចោទប្រកាន់ ឬលាបពណ៌គ្នា។ សាមគ្គីភាព ពុំមែនមានន័យថា យើងត្រូវគិតដូចគ្នានោះទេ តែមានន័យថា យើងមិនបៀតបៀនគ្នា ជាពិសេស ពេលមានទុក្ខលំបាក។ សូមឱ្យសកម្មភាព និង លទ្ធផលការងាររបស់យើង ជាកត្តាទាក់ទាញការ គាំទ្រ មិនមែនធ្វើឡើងដោយការដាក់សំពាធគ្នា។
ជាមួយគ្នានោះដែរ លោកស៊ន តារា សាស្ត្រាទស្សនវិជ្ជា និងជាអតីតមន្ត្រីនៃអតីត គណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុង គណនីហ្វេសប៊ុករបស់លោកដែរថា “បើអ្នកជា ប្រធានកឹម សុខា អ្នកឆ្លើយយ៉ាងណាចំពោះ ចលនា ? ចម្លើយថា “ទេ!” គឺពិតតែមិនពិត។ ១-ពិត ៖ បើអ្នកនាំពាក្យនោះមិនគាំទ្រចលនា គាត់នឹងបញ្ចោញគំនិតប៉ិនប្រសប់ប្រាប់លោក ប្រធាន ឱ្យតាមគំនិតគាត់ រួចប្រើសារនោះធ្វើ ជាឥទ្ធិពលតតាំង។ ម៉្យាងទៀត ការឆ្លើយថា “ទេ” ប្រសើរជាង “បាទ” ព្រោះជុំវិញបន្ទប់ បំពាក់កាមេរ៉ា និងឧបករណ៍ថតសំឡេង បើក ភ្លើងទាំងយប់ថ្ងៃ ក្រុមឆ្មាំគុកដូចភ្នែកម្នាស់។ ២-មិនពិត ៖ បើលោកប្រធាន បានចូលរួមប្រជុំ តាមទូរស័ព្ទពីក្នុងគុក ជាមួយថ្នាក់ដឹកនាំ ជាពិសេសបានសន្ទនាផ្ទាល់សម្តីជាមួយលោកសម រង្ស៊ី ក្នុងបន្ទប់១ ដែលគ្មានឆ្មាំស្តាប់ និងមើល គ្មានម៉ាស៊ីនថតរូប និងសំឡេង គាត់អាចឆ្លើយ ថា “បាទ ! ” គាំទ្រ ប្រធានសម រង្ស៊ី។ ខ្ញុំស្ងើច សរសើរស្មារតីរួបរួម រឹងមាំកន្លងមក ការពារ លោកប្រធានកឹម សុខា ត្រូវគេមួលបង្កាច់ លាបពណ៌រឿងអាស្រូវផ្លូវភេទបានជោគជ័យ។ ចុះបើថ្ងៃណាមួយ លោកសម រង្ស៊ី ត្រូវបានគេ មួលបង្ខូចលាបពណ៌រឿងអាស្រូវដូចលោក ប្រធានកឹម សុខា វិញ តើយើង នឹងសង្កត់គាត់ បន្ថែមល្បោយ ដើម្បីធាក់គាត់ ចេញពីបក្ស ឬ រួមគ្នាការពារគាត់? ប្តូរ !”។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ ថា ការពិតទៅ រឿងជំទាស់គ្នានេះ មិនត្រឹមតែ ស្រទាប់យុវជនដែលគាំទ្រលោកកឹម សុខា ឬ ក៏ស្រទាប់យុវជនដែលគាំទ្រលោកសម រង្ស៊ី នោះទេ សូម្បីតែមនុស្សទូទៅ ដែលគាំទ្រលោក កឹម សុខា ឬគាំទ្រលោកសម រង្ស៊ី ក៏មិនដែល ត្រូវគ្នាម្តងណាទេ ហើយកម្មវត្ថុចម្បងរបស់កូនស្រី លោកកឹម សុខា គឺចង់ឱ្យដោះលែងឪពុកនាងឱ្យ មានសេរីភាពវិញ មិនមែនជារឿងដែលចង់ និយាយពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅ កម្ពុជា នោះឡើយ ខណៈដែលកម្មវត្ថុចម្បង របស់លោកសម រង្ស៊ី ក៏ដូចជាក្រុមភាគីលោក សម រង្ស៊ី គឺការប្រើប្រាស់ការជាប់គុករបស់លោក កឹម សុខា សម្រាប់កេងចំណេញនយោបាយ។
លោកឈឹម ផលរុណ បានមានប្រសាសន៍ ថា “ការពិតទៅ ភាគីលោកកឹម សុខា និងបុគ្គល សម រង្ស៊ី មិនដែលត្រូវគ្នាម្តងណាទេ ទោះបី ពួកគេនេះត្រូវបានច្រកនៅក្នុងដបមួយជាមួយ គ្នាថា ជាគណបក្សសង្គ្រោះជាតិ ក៏ដោយ ប៉ុន្តែ ធាតុពីរដែលមិនចូលគ្នា ដូចទឹកនិងប្រេងនេះ គឺនៅតែមិនចូលគ្នាដដែលទេ ប៉ុន្តែការដែល ច្របាច់បញ្ចូលគ្នា បង្កើតបានជាគណបក្សសង្គ្រោះជាតិ កន្លងទៅនេះ មិនមែនជាការបង្កើតឡើង ដោយឆន្ទៈកឹម សុខា-សម រង្ស៊ី ទេ គឺជាការ កើតឡើងដោយសារការដែលបរទេសជាចៅហ្វាយនាយទេជាអ្នកបង្កើតនោះ ហើយកឹម សុខា-សម រង្ស៊ី គ្រាន់តែជាកូនចៅបរទេសតែប៉ុណ្ណឹង គឺជាកូនចៅនយោបាយរបស់បរទេស តែប៉ុណ្ណោះ ដូច្នេះវាគ្មានអ្វីដែលចម្លែកទេ ដែល កឹម សុខា សម រង្ស៊ី អត់ត្រូវគ្នានោះ ព្រោះ អត់ត្រូវតែរហូតហ្នឹង តាំងពីមិនទាន់បង្កើត គណបក្សសង្គ្រោះជាតិ ម៉្លេះ ព្រោះគាត់ជេរគ្នា វាយប្រហារគ្នាយ៉ាងចាស់ដៃ ជូរចត់ តែដោយសារតែបរទេសអូសពីរនាក់ហ្នឹងឱ្យរួមគ្នាទេ បាន រួមគ្នាកើតហ្នឹង។ ឥឡូវចូលដល់ស្ថានភាពដែល ពីរនាក់ហ្នឹង ពីសភាពពិតប្រាកដនៃនិន្នាការរបស់ ខ្លួន។ ដូច្នេះ រឿងពួកគាត់វាយប្រហារគ្នា ខ្វែង គ្នា ឬក៏ត្រូវគ្នាវិញ វាជារឿងអាស្រ័យទៅនឹង ចៅហ្វាយនាយបរទេសរបស់ពួកគាត់តែប៉ុណ្ណោះ”។
លោកឈឹម ផលវរុណ បន្តថា “រឿងជំទាស់ គ្នានេះ មិនត្រឹមតែស្រទាប់យុវជនដែលគាំទ្រ កឹម សុខា ឬក៏ស្រទាប់យុវជនដែលគាំទ្រសម រង្ស៊ី ទេ សូម្បីតែមនុស្សទូទៅ ដែលគាំទ្រកឹម សុខា ឬគាំទ្រសម រង្ស៊ី គឺពួកគាត់នេះមិនដែលត្រូវ គ្នាម្តងណាទេ អត់ត្រូវគ្នាទេ។ អ៊ីចឹងហើយ បាន យើងគិតថា ពួកគាត់មិនអាចត្រូវគ្នាមួយរហូត ហ្នឹង ប៉ុន្តែអាចត្រូវគ្នាមួយរយៈ អាស្រ័យទៅ នឹងការបញ្ចុះបញ្ចូល ឬក៏ការបង្គាប់បញ្ជាពី បរទេសតែប៉ុណ្ណោះ។ ចំពោះកូនស្រីលោកកឹម សុខា កម្មវត្ថុចម្បង គឺដោះលែងឪពុករបស់ខ្លួន មិនមែនជារឿងដែលចង់និយាយពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជាទេ គឺកម្មវត្ថុ ចម្បង គឺការចង់ដោះលែងឪពុករបស់ខ្លួនឱ្យមាន សេរីភាព។ ឯកម្មវត្ថុចម្បងរបស់លោកសម រង្ស៊ី ក៏ដូចជាក្រុមភាគីលោកសម រង្ស៊ី គឺការ ប្រើប្រាស់ការជាប់គុករបស់លោកកឹម សុខា សម្រាប់កេងចំណេញនយោបាយរបស់ខ្លួន។ ដូច្នេះ កម្មវត្តុ២ហ្នឹង ខុសគ្នា មួយចង់ឱ្យកឹម សុខា ជាប់គុក ដើម្បីយកមកប្រើប្រាស់ក្នុងបរិបទ នយោបាយ មួយទៀតដែលជាកូន គឺចង់ឱ្យកឹម សុខា ចេញពីគុក តែប៉ុណ្ណឹង”៕