ឡាវ៖ ថ្លែងនាឪកាសទទួលពានរង្វាន់ភាពជាមេដឹកនាំអាស៊ាន គឺពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីយប់មិញ សម្តេច ហ៊ុន សែន បានហៅពាន រង្វាន់នេះថា វាជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលបានរួមគ្នាចូលរួមចំណែកកសាងសប្រទេសជាតិ និងសហគមន៍អាស៊ាន មិនមែនសម្រាប់តែសម្ដេច និងក្រុមគ្រួសារនោះទេ ។
សម្តេច ហ៊ុន សែន បានថ្លែងបន្ដទៀតថា ប្រជាជាតិកម្ពុជាទាំងមូល ពិតជាមានមោទនភាពចំពោះសមិទ្ធផលធំៗនានា ដែលសម្រេចបាន ក៏ដូចជាការចូលរួមជាវិភាគទានជាវិជ្ជមានទាំងឡាយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងសហគមន៍អាស៊ាននាពេលកន្លងមក ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការប្រគល់ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ថា ជាការទទួលស្គាល់ និងលើកទឹកចិត្តដ៏សំខាន់មួយសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល មិនមែនសម្រាប់តែបុគ្គលសម្តេច និងក្រុមគ្រួសារសម្តេចនោះទេ ។
សម្តេចបានបន្តថា កម្ពុជា ពិតជាមានមោទនភាពក្នុងនាមជាសមាជិកអាស៊ាន ដែលបានចូលរួមចំណែករក្សាបាននូវសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពនៅក្នុងតំបន់ ចាប់តាំងពីការចាប់បដិសន្ធិអាស៊ាន ក្នុងឆ្នាំ១៩៦៧ ។
ជាចុងក្រោយ សម្តេច បានប្តេជ្ញាចិត្តយកពេលវេលា ដែលនៅសេសសល់ក្នុងជីវិតរបស់សម្តេចខិតខំធ្វើការ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឲ្យកាន់តែរីចចម្រើន ៕