ភ្នំពេញ ៖ ស្ត្រីម្នាក់មានប្តីមានកូនរួចទៅហើយ បែរជាបែកគំនិតលបលួចទាក់ទងជាមួយនឹងប្រុសថ្មីទៀត លុះពេលណាត់ជួបប្រុសស្នេហ៍កំពុងសាងសងផ្អែមល្ហែម ស្រាប់តែត្រូវបុរសជាប្តីតាមទាន់ ផ្ទុះកំហឹង ក៏ស្ទុះទៅវាយភាគីបុរសជាប្រុសស្នេហ៍លបលួចប្រពន្ធគេ១មួកការពារសុវត្ថិភាព បណ្តាលឱ្យរយះថ្ងាស រងរបួសធ្ងន់ ហូរឈាមស្រោចខ្លួន។
ករណីស្នេហាត្រីកោណ ប្រពន្ធណាត់ជួបប្រុសស្នេហ៍ឆក់កណ្តៀត ស្រាប់តែត្រូវបុរសជាប្តីតាមទាន់ផ្ទុះជាអំពើហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្បែរភ្លើងស្តុបច្រកចូលស្ពានឥន្ធនូ កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បុរសដែលលួចទាក់ទងប្រពន្ធគេ រហូតប្តីគេតាមទាន់ វាយរយះថ្ងាសនេះ មានឈ្មោះដាំង វ៉ាន់ទឹង អាយុ៤៥ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាជាងសំណង់។ ចំណែកស្ត្រីដែលមានប្តីម្នាក់មិនស្កប់ បែរជាលបលួចទាក់ទងប្រុសស្នេហ៍ថ្មី មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុ៣០ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរលក់កាហ្វេតាមរទេះ មានប្តីឈ្មោះសុខ ត្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរកាត់វៀតណាម និងមានកូនប្រុសស្រី៣នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ។
តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់ត្រូវបានបុរសឈ្មោះដាំង វ៉ាន់ទឹង ធ្លាប់បានលួងលោមយកទៅរួមរស់ជាមួយគ្នា អស់រយៈពេល៨-៩ខែម្តងរួចមកហើយ និងទើបតែត្រឡប់មកផ្ទះវិញ បានមួយរយៈប៉ុណ្ណោះ។ នៅពេលប្រពន្ធគាត់បានត្រឡប់មកផ្ទះរួមរស់ជាមួយរូបគាត់ជាប្តី និងកូនប្រុសស្រីវិញ គាត់ក៏មិនថាអ្វីដែរ សុខចិត្តខាំមាត់សង្កត់ចិត្ត ព្រោះមិនចង់បែកបាក់គ្នា នាំឱ្យកូនកំព្រោទ។ តែយ៉ាងណា ប្រពន្ធនៅតែមិនចោលចរិតសោះ នៅតែបន្តលួចទាក់ទងគ្នាដដែល ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកស្គាល់គ្នាបានលួចខ្សឹបប្រាប់គាត់ថា ឃើញប្រពន្ធរបស់គាត់លួចទាក់ទងគ្នាជាមួយនឹងប្រុសសហាយរូបនោះ ព្រមទាំងណាត់គ្នាឡើងផ្ទះសំណាក់ជាច្រើនលើកទៀតផង តែគាត់មិនទាន់ជឿទេ។
បុរសជាប្តី បន្តថា ដោយសារតែទទួលបានដំណឹងពីអ្នកជិតខាងច្រើនលើកច្រើនសារពេក គាត់ក៏ចាប់ផ្តើមសង្ស័យ ទើបនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ គាត់ក៏បានជិះម៉ូតូតាមដានប្រពន្ធ ស្រាប់តែប្រទះឃើញពួកគេទាំង២នាក់កំពុងតែអង្គុយសាសងគ្នាយ៉ាងផ្អែមល្ហែម ទើបផ្ទុះកំហឹងក៏ចូលទៅសួរនាំ កើតជាការប្រតាយប្រតប់ រុញច្រានគ្នាចុះឡើង បណ្តាលឱ្យបុរសជាប្រុសសហាយនោះ ដួលបោកក្បាលទៅនឹងផើងផ្កា បែកថ្ងាសហូរឈាមតែម្តង។
ចំណែកបុរសជាប់ចោទជាប្រុសសហាយ និងត្រូវប្តីគេវាយបណ្តាលឱ្យបែកថ្ងាស បានរៀបរាប់ប្រាប់ថា រូបគាត់មានប្រពន្ធ និងកូនចំនួន២នាក់ ស្នាក់នៅផ្ទះជួលម្តុំខាងក្រោយរោងកុនគីរីរម្យ ហើយកន្លងមក គាត់ពិតជាធ្លាប់លួចមានទំនាក់ទំនងស្នេហា និងរួមរស់ជាមួយខាងស្រីបានរយៈពេល៩ខែមែន តែក្រោយមកនាងក៏បានត្រឡប់ទៅផ្ទះរស់នៅជុំប្តី និងកូនរបស់នាងវិញ។
បុរសជាប្រុសសហាយរូបនេះ បន្តថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងតែធ្វើការ ស្រាប់តែខាងស្រីបានទូរស័ព្ទប្រាប់គាត់ថា នាងចង់ជួប និងមានការមួយភ្លែត ពេលនោះគាត់ក៏បានទៅជួបនាងនៅចំណុចខាងលើ ក៏ស្រាប់តែលេចមុខបុរសជាប្តីជិះម៉ូតូមកដល់ ទាញមួកសុវត្ថិភាពវាយក្បាលគាត់ បណ្តាលឱ្យបែកហូរឈាម និងនាំមកគ្នាមកកាន់ប៉ុស្តិ៍ប៉ូលិសតែម្តង។
ក្រោយពេលកើតហេតុ អ្នកទាំង៣ រួមទាំងក្រុមគ្រួសារ និងសាច់ញាតិជាច្រើននាក់ បាននាំគ្នាមកកាន់នរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីជួយរកយុត្តិធម៌។ ដោយក្នុងនោះបុរសជាប្តី ដែលមានកូនប្រុសស្រីតូចៗ៣នាក់ មិនចង់មានរឿងវែងឆ្ងាយ ក៏សុខចិត្តធ្វើការសម្របសម្រួលយកស្ត្រីជា ប្រពន្ធទៅរួមរស់នៅជាមួយគ្នាវិញបន្តទៅទៀត និងមិនធ្វើការប្តឹងផ្តល់អ្វីឡើយ ដោយសុំត្រឹមតែឱ្យសមត្ថកិច្ចជួយធ្វើកិច្ចសន្យាឱ្យបុរសជាប្រុសសហាយនោះ ឈប់ធ្វើការទាក់ទងប្រពន្ធរបស់ខ្លួនតទៅទៀត រួចក៏បែកផ្លូវគ្នា ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនទៅ៕