Sunday, November 24, 2024
Homeបរិយាយបោកផ្ដួលរួច តាមបង្ក្រាបកំហឹង

បោកផ្ដួលរួច តាមបង្ក្រាបកំហឹង

អ្នកនយោបាយបារាំងម្នាក់ បានទុកមរតកសាសន៍ថា “កម្លាំងមិនមែនឋិតនៅត្រឹមតែបោកគូសត្រូវឱ្យដួលប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវបង្ក្រាបកំហឹងនៃគូប្រយុទ្ធរបស់យើងថែមទៀត” (La force ne consiste pas à renverser un ennemi par terre mais à dompter sa colère)។ ខណៈដែលបក្សកាន់អំណាច កំពុងត្រៀមកម្ទេចចលនាសង្គ្រោះជាតិ និងប្រើច្បាប់ដាក់ អតីតថ្នាក់ដឹកនាំបក្សប្រឆាំង ១១៨រូប ឱ្យក្លាយជាទណ្ឌិតនោះ ហាក់ដើរស្របនឹងបណ្តាំអ្នកនយោបាយបារាំង នោះហើយ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ក្រោយពេលមានការប្តឹងផ្តល់រហូតដល់តុលាការកំពូល ចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ និងដាក់បុគ្គល ១១៨រូប មិនឱ្យធ្វើនយោបាយ ៥ឆ្នាំ មក អ្នកតាមដានស្ថានការណ៍មើលឃើញថា អតីតតំណាងរាស្ត្រ ក៏ដូចក្រុមប្រឹក្សា ឃុំ-សង្កាត់អតីតបក្សប្រឆាំង “ពោរពេញទៅដោយកំហឹង”។ ពួកគេបែកសម្បុកខ្ចាត់ខ្ចាយ ខ្លះរត់ទៅក្រៅប្រទេស ខ្លះនៅក្នុង ស្រុក នៅតែបន្តវោហារសព្ទបង្កប់និន្នាការប្រឆាំងដដែល ជាពិសេស អ្នកប្រឆាំងក្រៅស្រុក នៅតែលើកស្លាកគណបក្សសង្គ្រោះជាតិ ដដែល ខណៈដែលលោកសម រង្ស៊ី បានផ្តើមគំនិតបង្កើត “ចលនាសង្គ្រោះជាតិ” ដូចឃើញកន្លងមក។

សកម្មភាពនេះ គឺមកពី “កំហឹង” នេះឯង ព្រោះធម្មតាមនុស្សមានលក្ខណៈខុសពីសត្វ ទោះជាគេ “បោកផ្តួលក៏នៅតែ មិនព្រមចុះចាញ់” ឬថា ទោះជាតុលាការកំពូលចេញសាលដីកាស្ថាពររួចទៅហើយក្តី ក៏ពួកប្រឆាំងបំផុសភ្លើងកំហឹងឱ្យឆាបឆេះគ្មានពេលរលត់។ ដោយសារមើលធ្លុះពីរបត់នយោបាយ ទើបអតីតអ្នកនយោបាយបារាំង មិនស្គាល់ឈ្មោះ បានសរសេរ ថា “កម្លាំងមិនមែនឋិតនៅត្រឹមតែបោកគូសត្រូវឱ្យដួលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្ក្រាបកំហឹងនៃគូប្រយុទ្ធរបស់យើងថែមទៀត”។ ឥឡូវបក្សកាន់អំណាច កំពុងតាមបង្ក្រាបកំហឹងអ្នកចាញ់នោះហើយ បន្ទាប់ពី “បោកផ្តួលខ្នងដល់ដី” តាមរយៈការព្រមានធ្ងន់ៗ ពីមន្ត្រីរដ្ឋាភិបាល។ ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា “ចលនាសង្គ្រោះជាតិ កើតចេញពេលណា កម្ទេចចោល ពេលនោះ”។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា “អ្នកជាប់បញ្ជីខ្មៅ ១១៨នាក់ នឹងក្លាយជាទណ្ឌិត ចំពោះសកម្មភាព ប្រឆាំងច្បាប់”។ ការព្រមានធ្ងន់ៗនេះ បន្ទាប់ពីមើលឃើញថា ពួកប្រឆាំងដែលដួលទៅហើយនោះ មិនព្រមចុះចាញ់ ដោយ ព្យាយាមបំផុសកំហឹងឱ្យនៅក្តៅងំជានិច្ច។ ដូច្នេះសួរថា តើការតាមបង្ក្រាបកំហឹងយ៉ាងម៉េច? ដោយរូបភាពណា?

ពាក្យថា “បង្ក្រាប” មានន័យថា ធ្វើឱ្យរាបទាប ឱ្យបាក់ស្បាតលែងហ៊ានប្រឆាំង ប៉ុន្តែ ចំពោះសត្វដំរី គេអាចទាក់វា យកមកផ្សាំងប្រើអូសឈើហុប ឬជិះខ្នងបានយ៉ាងស្រួល ទោះជាដំរីចុះប្រេង មានកំហឹងពុះពោរ ក៏មនុស្សអាចបង្ក្រាបវា ឱ្យរាបទាបបានដែរ។ ខ្លាសាហាវ គេអាចផ្សាំងបង្ហាត់វាឱ្យចេះលេងសៀក វាខ្លាចម្ចាស់ណាស់ ទោះជាវាស៊ីតែសាច់ស្រស់នៅ ប្រឡាក់ឈាម ក៏វាមិនហ៊ានខ្វើកជាមួយម្ចាស់។ ផ្ទុយទៅវិញ មនុស្សមិនអាចបង្ក្រាបបានស្រួលដូចសត្វនោះទេ បើមានការប្រើ គ្រឿងអាវុធ អ្នកប្រឆាំងនោះ អាចរត់គេចឱ្យរស់ជីវិត ប៉ុន្តែ ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា “ឈ្នះក្រោធដោយការមិន ក្រោធតប” ឬថា “ឈ្នះកំហឹងដោយអហិង្សា”។ ចង់ពន្លត់ភ្លើង ត្រូវយកទឹកទៅពន្លត់ ពុំមែនយកសាំងទៅពន្លត់នោះទេ ឬថា ការបង្ក្រាបចលនាបះបោរឧទ្ទាមកម្ម លុះត្រាតែប្រើយុទ្ធសាស្ត្រ “ទឹកត្រជាក់ត្រីកុំ” ទើបទទួលបានលទ្ធផលជាទីគាប់ចិត្ត។

ព្រះបាទបរមិន្ទរាជា ឬព្រះបរមរាជាទី៤ បន្ទាប់ពីធ្វើសង្គ្រាមឈ្នះកងទ័ពលាវ និងចាប់បាន “លាវបាក់ទូក” រាប់ពាន់នាក់ ទុកជាឈ្លើយនោះ ព្រះអង្គឈ្វេងយល់ថា ឈ្លើយលាវទាំងនោះ ពិតជាចងកំហឹងនឹងខ្មែរមិនខានឡើយ។ ប្រឈមនឹងបញ្ហា នេះ នា គ.ស ១៥៧២ ព្រះមហាក្សត្រសម្រេចព្រះទ័យ “តាមបង្ក្រាបកំហឹងអតីតពលលាវ” តាមរយៈ “ទសពិធរាជធម៌” សន្តោសប្រោសប្រណី ដោយត្រាស់បង្គាប់ឈ្លើយលាវ ១០០០នាក់ ឱ្យទៅរស់នៅខេត្តបារាយណ៍, ឱ្យ៨០០នាក់ ទៅនៅខេត្ត បាភ្នំ, ឱ្យ៥០០នាក់ សម្រាប់ថែរក្សាវត្តព្រះចេតិយបរពត (វត្តភ្នំ)។ លាវបាក់ទូកទាំងនោះមានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុង ការរកគូស្រករ តាំងលំនៅឋាន ប្រកបរបររកស៊ី កើតបានជាកូនពូនជាចៅ តំណពូជរហូតមកដល់សព្វថ្ងៃ។ ជាក់ស្តែង ជនជាតិ លាវ នៅស្រុកបាភ្នំ ខេត្តព្រៃវែង គឺជាកូនចៅពលលាវបាក់ទូក កាលពីរជ្ជកាលព្រះបាទបរមិន្ទរាជា នេះឯង។ មានន័យថា ព្រះមហាក្សត្រខ្មែរ “ចង់បង្ក្រាបកំហឹងលាវបាក់ទូក ដោយមេត្តាករុណា” ទើបពួកគេបានស្ងប់កំហឹង សុខចិត្តរស់នៅកវែកកឆ្នាំង ក្នុងទឹកដីខ្មែរ មិនព្រមវិលទៅស្រុកលាវ វិញទេ ប៉ុន្តែ បើសិនជាព្រះមហាក្សត្រ “តាមបង្ក្រាបកំហឹងដោយគ្រឿងអាវុធ” ច្បាស់ ជាពលលាវទាំងនោះ បះបោរប្រឆាំងអាជ្ញាធរដែនដីមិនខាន។ ផ្ទុយទៅវិញ ប៉ុល ពត “បង្ក្រាបកំហឹងដោយកំហឹង” ពោលគឺ បណ្តេញប្រជាជន ១៧មេសា ឱ្យខ្ចាត់ព្រាត់ក្រុមគ្រួសារ អស់ផ្ទះសម្បែងសម្បុកសម្បត្តិ ខ្ចាត់ពីទីក្រុងទៅដល់ជនបទ សល់តែ ខោអាវមួយចង្កេះឆ្អេះជាប់នឹងខ្លួន នៅតែប៉ុល ពត ចាត់កងឈ្លបឱ្យតាមបង្ក្រាបកំហឹងថែមទៀត ជាលទ្ធផលយ៉ាងម៉េច?

ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបញ្ញាញាណវាងវៃណាស់ ទោះជា “បោកផ្តួលគូប្រកួតឱ្យរាបដល់ដី” ក៏សម្តេចបានអំពាវនាវឱ្យពួកប្រឆាំងចុះចូលដើម្បីរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម មិនតាមធ្វើទុក្ខបុកម្នេញអ្វីទេ វៀរលែងតែអ្នករឹងរូសបង្កហិង្សា ប្រព្រឹត្តល្មើសច្បាប់ ឬចោរកម្ម។

វិធីរលត់កំហឹង បើធ្វើជាមួយសត្វ ដូចជាដំរីចុះប្រេង ជាដើម គេប្រើថ្នាំសណ្តំ ឬទាក់វាឱ្យបាន យកទៅចងបង្អត់ចំណី ២-៣ថ្ងៃ ឱ្យវាបាក់កម្លាំង។ បន្ទាប់មក គេប្រើកង្វេរ ពូថៅ កាប់ក្បាលវាឱ្យបាក់ស្បាត ទើបចងឱ្យអូសឈើហុប បណ្តាល ឱ្យដំរីចុះប្រេង ក្លាយជាដំរីដ៏ស្លូត ព្រោះវាខ្លាចគ្រឿងអាវុធ។ ប៉ុន្តែ ជាមួយមនុស្ស លុះត្រាតែ “បង្ក្រាបដោយមេត្តាធម៌” មានការផ្តល់ជំនួយគោលនយោបាយសង្គមជាដើម ទើបមានប្រសិទ្ធភាព។ វិធីបង្ក្រាបខ្លះទៀត គេប្រើរបៀបងាយៗ ដូចប្តី ចង់បង្ក្រាបប្រពន្ធឆ្នាស គឺទី១ បើកប្រាក់ខែ ប្រគល់ឱ្យប្រពន្ធទុកដាក់ទាំងអស់ ទី២ កុំសៅគ្រី ទី៣ ប្រគល់ភាពជាធំក្នុងផ្ទះ ដល់នាង ទី៤ បើនាងចង់បានអ្វី ត្រូវបំពេញបំណងនោះ៘ បើប្តីអាចធ្វើបាន ឈ្មោះថា “បង្ក្រាបប្រពន្ធឆ្នាស បានទទួល ជោគជ័យ”។ អ៊ីចឹងយុទ្ធសាស្ត្របង្ក្រាបពួកប្រឆាំងដែលកំពុងមានកំហឹងនោះ ក៏មានរបៀបធ្វើច្រើនដែរ សូម្បីតែបោសសម្អាត អំពើពុករលួយ ឬបក្សកាន់អំណាចហ៊ានវះកាត់សាច់ស្អុយចេញ ក៏ជាវិធីសាស្ត្រយកឈ្នះដែរ។

កញ្ញាធី សុវណ្ណថា ជាអតីតយុវតីបក្សប្រឆាំង តែបានចុះចូលបក្សកាន់អំណាច បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ នាងថា “ខ្ញុំចូល CPP ព្រោះខ្ញុំចង់កម្ចាត់មន្ត្រីខិលខូច ចង់ជួយរកយុត្តិធម៌ជូនជនរងគ្រោះ មិនមែនចូល CPP ព្រោះចង់រស់ សុខស្រួល ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ”។ ដូច្នេះបានន័យថា នាងក្រមុំនោះបានបង្ហាញវិធីសាស្ត្រមួយដែរ ក្នុងការ “បង្ក្រាបកំហឹង” ពោលគឺបក្សកាន់អំណាចត្រូវកែទម្រង់ស៊ីជម្រៅ បោសសម្អាតអំពើពុករលួយ បក្ខពួក គ្រួសារនិយមឱ្យអស់ នឹងធ្វើឱ្យ ពួកប្រឆាំង “រសាយកំហឹង” ប្តូរគំនិតងាកមកគាំទ្ររដ្ឋាភិបាលមិនខានឡើយ។ បើបង្ក្រាបតែពួកប្រឆាំង ទុកគ្នាឯងឱ្យពុករលួយ កប់ឆ្អឹង កើតដំបៅមហារីក មិនព្រមព្យាបាល និងវះកាត់នោះ ទោះជាប្រឹងប្រែងបង្ក្រាបយ៉ាងណា ក៏ពួកប្រឆាំង នៅតែចងកំហឹង ដដែល។

សរុបទៅ “បោកផ្តួលរួច តាមបង្ក្រាបកំហឹង” ទោះជាមរតកសាសន៍របស់អ្នកនយោបាយបារាំង ក៏អ្នកនយោបាយខ្មែរ អាចយកមកអនុវត្តបានដែរ។ តាមពិត អ្នកនយោបាយបារាំង ចង់ឱ្យបង្ក្រាបកំហឹងដោយវិធីត្រជាក់ ពុំមែនឱ្យបើករថក្រោះ ទៅបាញ់រះ ឬទម្លាក់គ្រាប់បែកនោះទេ ព្រោះមនុស្សមានលក្ខណៈខុសពីសត្វ។ ដូចលើកឧទាហរណ៍រឿង “លាវបាក់ទូក” ដែលរស់នៅស្រុកខ្មែរតលាលួត ក៏ព្រោះតែព្រះមហាក្សត្រខ្មែរ “ចេះរបៀបតាមបង្ក្រាបកំហឹង” នេះឯង ដែលជាបរិបទ សម្រាប់ បក្សកាន់អំណាច ពិចារណា ឱ្យស្របតាមមាគ៌ាពុទ្ធនិយមថា

“ឈ្នះក្រោធដោយការមិនក្រោធតប”៕

ដោយ អាចារ្យថាំ

RELATED ARTICLES