Wednesday, January 29, 2025
Homeសន្ដិសុខសង្គមខឹងបើកប្រាក់ខែអត់បាន កាប់៣កាំបិតរយះក្បាល

ខឹងបើកប្រាក់ខែអត់បាន កាប់៣កាំបិតរយះក្បាល

ខេត្តព្រះសីហនុ ៖ យុវជនជាបុគ្គលិកអាហារដ្ឋានម្នាក់ បានទៅសួរនាំបុគ្គលិកផ្នែកគណនី បម្រើការក្នុងហាងជាមួយគ្នា ពីរឿងបើកប្រាក់ខែ តែត្រូវបុរសជាបុគ្គលិកគណនីប្រាប់ថា អត់ទាន់បើកបានទេ ទើបធ្វើឱ្យជនបង្កផ្ទុះកំហឹង ក៏ទាញកាំបិតប៉័ងតោ ស្ទុះចូលទៅកាប់ប្រហារជនរងគ្រោះចំនួន៣កាំបិត បណ្តាលឱ្យរងរបួសរយះក្បាលហូរឈាមជោកខ្លួន។

ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាហារដ្ឋាន យីហោ អ៊ីនវីតូ មានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផៃ តុលា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋានអ៊ីនវីតូ ស្នាក់នៅផ្ទះជួល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែកជនរងគ្រោះ មានឈ្មោះង៉ែត វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋានអ៊ីនវីតូ ដូចគ្នា មានលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ បានដើរទៅសួរនាំជនរងគ្រោះដែលជាបុគ្គលិកផ្នែកគណនី នៅក្នុងអាហារដ្ឋានខាងលើ ពីរឿងបើកប្រាក់ខែ។ ពេលនោះ ជនរងគ្រោះ បានក៏ឆ្លើយតបទៅកាន់ជនដៃដល់វិញថា នៅមិនទាន់បើកបាន នៅឡើយ ស្រាប់តែភ្លាមនោះ ជនសង្ស័យច្រឡោតខឹង ក៏ស្ទុះទៅទាញកាំបិតប៉័ងតោមកកាប់ប្រហារទៅជនរងគ្រោះចំនួន៣កាំបិត ចំសៀតផ្កា ខាងស្តាំ១កាំបិត ចំថ្ងាស១កាំបិត និងក្បាល១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ហូរឈាមស្រោចខ្លួនតែម្តង។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថមូលដ្ឋានក្រុងព្រះសីហនុ បានចុះអន្តរាគមន៍ ដោយចាប់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ។

នៅចំពោះមុខកម្លាំងអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារជនរងគ្រោះប្រាកដមែន មូលហេតុដោយសាររូបគេ ខឹងពេលមកបើកប្រាក់ខែ បែរជាជនរងគ្រោះពុំទាន់បើកឱ្យ។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES