Monday, November 25, 2024
Homeបរិយាយជម្លោះមិនយូរ បើកំហុសមានតែម្ខាង

ជម្លោះមិនយូរ បើកំហុសមានតែម្ខាង

អ្នកនយោបាយបារាំងម្នាក់ មិនស្គាល់ឈ្មោះ បានទុកទស្សនៈបែបប្រាកដនិយមថា “រឿងជម្លោះទាំងឡាយ ពុំអាចនឹង ឋិតថេរនៅយូរអង្វែងបានឡើយ ប្រសិនបើកំហុសមានជ្រុងជ្រោយតែម្ខាង” (Les querelles ne dureraient pas long- temps si le tout n’état que d’un cÔté) មានអត្ថន័យផ្តោតទៅលើជម្លោះនយោបាយ បើកើតឡើងរវាងប្រទេសមួយ និងប្រទេសមួយ ឬជាតិសាសន៍មួយនិងជាតិសាសន៍មួយ មិនងាយចប់ទេ ប៉ុន្តែ បើជម្លោះជាមួយជាតិសាសន៍ឯង នឹងមិនបានយូរ ឡើយ ដែល “នគរធំ” សូមលើកទស្សនៈខាងលើមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ជម្លោះនយោបាយ ក្លាយទៅជាសង្គ្រាម ចែកជា ២ប្រភេទ គឺ “សង្គ្រាមស៊ីវិល” និង “សង្គ្រាមឈ្លានពាន”។ សង្គ្រាម ឈ្លានពាន សំដៅដល់ប្រទេសខ្លាំង រំលោភលើបូរណភាពទឹកដីប្រទេសទន់ខ្សោយ តម្រូវឱ្យប្រទេសខ្សោយនោះក្រោកឡើង តទល់ ចាត់ទុកប្រទេសឈ្លានពានខ្លួននោះជា “សត្រូវសួពូជ”។ សង្គ្រាមប្រភេទនេះ ទោះបីជាមានកតិកាសញ្ញា សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងបញ្ចប់ការបាញ់ប្រហារគ្នា ក៏គំនុំគុំកួនសងសឹក មិនអាចរលុបបាត់ពីភាគីដែលត្រូវគេរំលោភនោះឡើយ។ រីឯ “សង្គ្រាមស៊ីវិល” វាកើតឡើងដោយសារជម្លោះនយោបាយតឹងទៅៗ ក្លាយជាសង្គ្រាមរវាងបងប្អូនឯង ចែកទឹកចែកដីគ្នា ប៉ុន្តែ សង្គ្រាមបែបនេះមិនបានយូរអង្វែងទេ គង់នឹងស្ងប់ស្ងាត់ទៅវិញ បើមានអ្នកដឹកនាំប្រកបដោយគតិបណ្ឌិត ប្រើយុទ្ធសាស្ត្រ ពន្លត់ភ្លើងសង្គ្រាមនេះ។

ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្លាយជាសង្គ្រាមឈាមដាបធរណី តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២ម៉្លេះ ដោយសារអង្គការសហប្រជាជាតិ សម្រេចពុះដីប៉ាឡេស្ទីន ចែកទៅឱ្យអ៊ីស្រាអែល ដែលទាមទារតវ៉ាថា ជាទឹកដីរបស់ខ្លួន។ ទឹកដី ដើមកំណើតព្រះយេស៊ូគ្រិស្ត ក៏ផ្ទុះសង្គ្រាមរវាងជាតិសាសន៍ទាំងពីរនេះ មិនដឹងជាថ្ងៃណាបញ្ចប់ទេ ប៉ុន្តែអ្នកចេះវិភាគបញ្ហា នយោបាយថា ទោះជាចប់ការបង្ហូរឈាម ក៏មនោសញ្ចោតនាទឹកដីមិនអាចឱ្យជនជាតិប៉ាឡេស្ទីន សុខចិត្តចុះចាញ់បានឡើយ នៅតែបង្កជម្លោះគ្មានថ្ងៃអវសាន។ ចំណែកអ៊ីស្រាអែល មានកម្លាំងយោធាខ្លាំងជាង ដោយមានជំនួយពីអាមេរិក ក៏មិនសុខ ចិត្តចុះចាញ់ដូចគ្នា ហេតុនេះហើយទើបកន្លងមក បើមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា មិនបានប៉ុន្មានម៉ោងផង ប៉ាឡេស្ទីន ក៏ បាញ់រ៉ុក្កែត ចូលទឹកដីអ៊ីស្រាអែល ចំណែកអ៊ីស្រាអែល ក៏បញ្ជាយន្តហោះទៅទម្លាក់គ្រាប់បែក ក្លាយជាទម្លាប់ទៅហើយ។

ផ្ទុយទៅវិញ ជម្លោះរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង នៅពេលបារាំង និងអាមេរិក ដកកងទ័ពចេញ អស់ សង្គ្រាមក៏ចប់ទៅ ឈានដល់ឯកភាពគ្នា មានវៀតណាមតែមួយ ដែលស្របនឹងទស្សនៈថា “រឿងជម្លោះទាំងឡាយ ពុំ អាចនឹងឋិតថេរនៅយូរអង្វែងបានឡើយ ប្រសិនបើកំហុសមានជ្រុងជ្រោយតែម្ខាង”។ ដូចគ្នានេះដែរ បើសិនជាអាមេរិក និងចិន កុំលូកដៃធ្វើអន្តរាគមន៍ ច្បាស់ជា “កូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រូវរ៉ូវគ្នាមិនខាន ឈានដល់ឯកភាពប្រទេស” ព្រោះ កូរ៉េ ជាជាតិសាសន៍តែមួយ ត្រូវពុះចែកជាពីរ ក្រោយសង្គ្រាមលោកលើកទី២។ មនោសញ្ចោតនាប្រជាពលរដ្ឋកូរ៉េ ទាំងពីរ ពេលបានជួបគ្នា ក៏យំសោកឱបរឹតគ្នា មិនចង់ឃ្លាតនោះ ស្តែងឱ្យឃើញថា ប្រជាជនកូរ៉េទាំងពីរ ចង់ឯកភាព ប៉ុន្តែ និន្នាការនយោបាយ ដែលមានអំណាចនៅពីក្រោយ តម្រូវឱ្យបែកគ្នាទាំងទឹកភ្នែក។ ដូច្នេះ “ជម្លោះដែលមានតែមួយជ្រុងបែបនេះ មិនយូរទេ គង់តែត្រូវគ្នាវិញ”។

ក្រឡេកមើលកម្ពុជាវិញ យើងឃើញថា ជម្លោះនយោបាយសព្វថ្ងៃ “ចេញពីជ្រុងតែមួយ” គឺ “ខ្មែរឈ្លោះនិងខ្មែរ”។ ទោះបី ជាបក្សកាន់អំណាច លើកឡើងថា “គ្មានវិបត្តិនយោបាយ គ្មានអ្នកនយោបាយជាប់គុក ឬថា មានតែអ្នកប្រព្រឹត្តល្មើសច្បាប់ ជាប់គុក” ក៏អ្នកតាមដានស្ថានការណ៍មើលឃើញថា “មកពីរឿងនយោបាយ បានជាពួកប្រឆាំងមួយចំនួនជាប់គុក”។ ឥឡូវ “ចលនាសង្គ្រោះជាតិ” ដែលបង្កើតឡើងដោយលោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសរួច ហើយ ដោយមិនខ្វល់ពីការព្រមានកម្ទេចចោលដោយមេទ័ពកម្ពុជា។ បើពិនិត្យទៅ វាជា “ជម្លោះរវាងខ្មែរ និងខ្មែរ” គ្មាន កងទ័ពបរទេសណាបើករថក្រោះ ឬយន្តហោះចម្បាំង រំលោភលើអធិបតេយ្យ បូរណភាពទឹកដីខ្មែរនោះទេ។ បានន័យថា “ជាជម្លោះចេញមកពីជ្រុងតែមួយ”។ បើអ៊ីចឹងនោះច្បាស់ជាមិនឋិតថេរយូរអង្វែងទេ គង់នឹងស្ងប់ស្ងាត់ទៅវិញ ដោយហេតុ ថា ខ្មែរនិងខ្មែរដូចគ្នា ទោះក្នុងតម្លៃណា ក៏អ្នកខ្លាំង មិនអាចដាក់អ្នកខ្សោយ ឱ្យក្លាយទៅជាជាតិយួន ជាតិសៀម ចិន បារាំង អង់គ្លេសបានឡើយ នៅតែខ្មែរដដែល។ ទោះជា “ដាក់ពួកប្រឆាំងឱ្យនៅក្រៅច្បាប់” ក៏មិនអាចបំប្លែងជាតិសាសន៍ បានឡើយ គឺខ្មែរនៅតែខ្មែរ។

កន្លងមកយើងឃើញថា គ្រាន់តែលោកសម រង្ស៊ី ម្នាក់ ធ្លាប់ជាប់ទោសជិត១០ដងទៅហើយ ជាពិសេស ករណីដក តម្រុយបង្គោលព្រំដែន តម្រូវឱ្យគាត់រស់នៅនិរទេស ៤ឆ្នាំ លុះជិតបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៥ ទើបព្រះមហាក្សត្រ ទ្រង់ប្រោសព្រះរាជទានទោសឱ្យលោកសម រង្ស៊ី តាមសំណើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកកឹម សុខា ធ្លាប់ជាប់ គុកព្រៃស បាន១៧ថ្ងៃ ពាក់ព័ន្ធរឿងព្រំដែន កាលគាត់នៅជាប្រធានអង្គការសិទ្ធិមនុស្ស ប៉ុន្តែ ត្រូវបានដោះលែងវិញ។ ក្របី ព្រៃជល់គ្នា មិនបានយូរទេ គង់តែរកស៊ីចូលគ្នាវិញ ដោយសារពួកវាជាជាតិសាសន៍តែមួយ ប៉ុន្តែ ជាមួយសិង្ហតោ ជាជាតិ សាសន៍ខុសគ្នា នឹងឈ្លោះគ្នាជារៀងរហូត។ ចំណែកតោឈ្មោលខាំគ្នា ក៏មិនបានយូរដែរ ព្រោះពួកវាជាតោដូចគ្នា ប៉ុន្តែពួក វាចាត់ទុកសត្វរមាស ជាសត្រូវសួពូជ ព្រោះរមាសខ្លាំងជាងតោទៅទៀត។

យ៉ាងណាមិញ ពួកប្រឆាំងដែលរស់នៅបែកសម្បុក រប៉ាត់រប៉ាយ បន្ទាប់ពីបក្សកាន់អំណាចប្តឹងផ្តល់បោកផ្តួលមក ទោះជា ពួកគេមិនព្រមចុះចាញ់ ដែលខ្លះនៅបន្តលើកស្លាក “គណបក្សសង្គ្រោះជាតិ” ខ្លះទៀតបង្កើត “ចលនាសង្គ្រោះជាតិ” ក៏ពួកហ្នឹង សុទ្ធតែជាខ្មែរដូចគ្នា។ បើជាខ្មែរយ៉ាងនេះ “ជម្លោះមិនបានយូរ ព្រោះកំហុសមានតែមួយជ្រុង” សូម្បីតែតាៗញៀនកាហ្វេ ក៏ បញ្ចោញទស្សនៈយ៉ាងនេះដែរ។

នៅក្នុងតៀមកាហ្វេមួយកន្លែង ក្បែរវត្តទួលទំពូង រាជធានីភ្នំពេញ មានតាម្នាក់មិនស្គាល់និន្នាការនយោបាយ និយាយ ទាំងសើចគ្រហាញថា “ខ្មែរយើងតែប៉ុណ្ណឹង ឈ្លោះត្រូវៗ ក្លាយជាវប្បធម៌ទៅហើយៗជម្លោះម្តងនេះឆាប់ជាងមុនទៅទៀត ភ្នាល់ ប៉ុន្មានក៏ហ៊ានដែរ” ទស្សនៈរបស់គាត់គ្មានអ្នកណាហ៊ានភ្នាល់ជាមួយទេ ប៉ុន្តែ ក៏អាចយកជាយោបល់សម្រាប់ពិចារណាឱ្យឃើញ ហេតុនិងផល។ បើមើលតាមទិដ្ឋភាពជាក់ស្តែង ខណៈដែលលោកសម រង្ស៊ី បង្កើត “ចលនាសង្គ្រោះជាតិ” និងព្រមានថា នឹងមាន អំពើហិង្សា បើបក្សកាន់អំណាច មិនពន្យារពេលបោះឆ្នោត ស្រាប់តែរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេទ័ពកម្ពុជា ព្រមានកម្ទេច ចលនានេះចោលនោះ អ្នកវិភាគខ្លះថា “ជម្លោះម្តងនេះយូរណាស់” ប៉ុន្តែ តាញៀនកាហ្វេខាងលើ មានយោបល់ស្របតាម ទស្សនៈអ្នកនយោបាយបារាំង ដែលថា “ជម្លោះមិនបានយូរ បើកំហុសមានតែម្ខាង” អាចថាតាញៀនកាហ្វេយល់ជ្រៅជាង។

សរុបទៅ ទស្សនៈអ្នកនយោបាយបារាំង ថា “រឿងជម្លោះទាំងឡាយ ពុំអាចនឹងឋិតថេរនៅយូរអង្វែងបានឡើយ ប្រសិន បើកំហុសមានជ្រុងជ្រោយតែម្ខាង” មានន័យយ៉ាងនេះឯង។ សព្វថ្ងៃ ជម្លោះវាកើតឡើងរវាងខ្មែរនិងខ្មែរ គ្មានកងទ័ពវៀតណាម បររថក្រោះចូលដូចឆ្នាំ១៩៧៩ ឬដូចកងទ័ពថៃ វាយដណ្តើមប្រាសាទព្រះវិហារ នោះឡើយ។ ដូច្នេះអ្វីៗនឹងមិនបាន យូរ ប្រសិនបើបក្សកាន់អំណាច និងពួកប្រឆាំង យកប្រយោជន៍ជាតិជាធំ និងមិនធ្វើអ្វីៗដើម្បីតែចង់បានអំណាច និងតាម តែខ្សែញាក់របស់មហាអំណាច ក៏ដូចជាប្រទេសជិតខាង៕

ដោយ អាចារ្យថាំ

RELATED ARTICLES