ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់យុវវ័យមួយក្រុម ខណៈដែលកំពុងថតកុនរឿងខ្មោច ដែលមានចំណងជើងថា “វិញ្ញាណជំនាងបន្ទប់” ក៏ស្រាប់តែកើតមានហេតុការណ៍នឹកស្មានមិនដល់មួយបានកើតឡើង ពោលគឺខ្មោចលងពិត ចូលសណ្ឋិតក្នុងខ្លួនតួសម្តែង បង្កឱ្យមានការភ័យឆោឡោពេញកន្លែងថត។
តាមរយៈវីដេអូឃ្លីបដែលមានរយៈពេល២នាទីនិង១១វិនាទី ដែលត្រូវបានចែកចាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ គេឃើញក្រុមការងារថតរឿង “វិញ្ញាណជំនាងបន្ទប់” ខ្លះអង្គុយទួញយំ ខ្លះបែរបន់ ទាំងអារម្មណ៍ភិតភ័យ និងឆោឡោពេញទីតាំងថត បន្ទាប់ពីពួកគេបានជួបប្រទះនូវហេតុការណ៍ខ្មោចចូលសណ្ឋិតតួអង្គសម្តែងពិតៗ។
ដោយឡែក តួសម្តែងឈ្មោះ Khom Sokkhaythit ដែលអះអាងថាត្រូវខ្មោចចូលសណ្ឋិតក្នុងខ្លួន បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “នេះជាហេតុការពិតមួយដែលនឹកស្មានមិនដល់ ដែលត្រូវមានវិញ្ញាណអ្វីមួយមកលងក្រុមការងារយើង វាជាលើកទីមួយហើយ ដែលកើតឡើងក្នុងអំឡុងពេលកំពុងថត វាកើតឡើងលើរូបខ្ញុំផង ក្រុមការងារផង ខាង camera ផង រឿងដែលពួកយើងថតនោះគឺ “វិញ្ញាណជំនាងបន្ទប់” ធ្វើឱ្យពួកគាត់ភ័យខ្លាំង ហើយរឿងនេះវាពាក់ព័ន្ធនឹងអាថាន់របស់ខ្ញុំ និងវិញ្ញាណពិតដែលជាជំនាងបន្ទប់ទៀត។ ខ្ញុំនឹងធ្វើការ live និយាយដំណើរដើមទងរឿងនឹងឱ្យស្តាប់នៅពេលដែលខ្ញុំទំនេរបន្តិច…”។
តួអង្គសម្តែងដែលអះអាងថាត្រូវខ្មោចចូលសណ្ឋិតបានអះអាងថា “នៅពេលដែលរៀបចំចាប់ផ្តើមថត ក្រុមការងារបាននាំគ្នាចូលទៅក្នុងបន្ទប់រួចបិទទ្វារជិតអស់ ដោយទុកឱ្យខ្ញុំនៅអង្គុយខាងក្រៅបន្ទប់តែម្នាក់ឯង បន្ទាប់មក ខ្ញុំបានឮសំឡេងមនុស្សដើរឡើងជណ្តើរពីខាងក្រោយមក គឺឮសំឡេងមនុស្សច្បាស់ណាស់ តែខ្ញុំអត់បានចាប់អារម្មណ៍ ព្រោះខ្ញុំកំពុងតែជក់លេងហ្គេម ស្រាប់តែឮសម្រឹបជើងនោះភ្លាម ខ្ញុំងងុយដេកភ្លាម ពេលហ្នឹងខ្ញុំលែងដឹងខ្លួនហើយ ខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាថា ពេលហ្នឹងមិនមែនខ្មោចចូលខ្ញុំទេ តែដូចជារបៀបមនុស្សត្រូវសន្ធំ របៀបព្រលឹងចេញ របៀបមនុស្សត្រូវខ្មោចលងលស់ព្រលឹង ព្រោះពេលនោះខ្ញុំដឹងខ្លួនថា មនុស្សទាំងអស់កំពុងតែឆ្លេឆ្លា តែខ្ញុំអត់ដឹងត្រូវនិយាយថាម៉េច ប្រើកាយវិការយ៉ាងម៉េច ខ្ញុំអត់ដឹង បន្ទាប់មកខ្ញុំក៏ស្ទុះទៅច្របាច់កក្រុមការងារម្នាក់ដែលប្រាប់ថា គាត់បានឃើញភ្លើងពណ៌ខៀវ បណ្តាលឱ្យរយះករបស់គាត់ ជិត១ចម្អាម ហើយពួកគាត់ស្មានថាខ្ញុំធ្វើលេង…”។
តួអង្គសម្តែងរូបនេះ បានបន្ថែមថា “ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា បើមិនទាន់ដឹងរឿងច្បាស់ទេ កុំជេរគេ សុទ្ធតែពួកអាបោក តើហេតុផលអីដែលខ្ញុំត្រូវបោក ហើយអ្នកខ្លះថារឿងហ្នឹង រឿងរបស់ថៃ មិនមែនរឿងខ្មែរទេ រឿងដែលពួកខ្ញុំថតរឿង “វិញ្ញាណជំនាងបន្ទប់” នេះ គឺជារឿងថ្មី ចឹងខ្ញុំចង់ប្រាប់បងប្អូនវៀតណាម និងថៃ ថា រឿងនេះគឺរឿងខ្មែរ មិនមែនរឿងវៀតណាម ឬរឿងថៃទេ ពួកខ្ញុំខំនិពន្ធ ខំសម្តែង ខំព្យាយាមដើរតួ ឱ្យយល់ថា សព្វថ្ងៃប្រជាជនខ្មែរ គឺមានអបិយជំនឿ ព្រហ្មញ្ញសាសនាផង និងពុទ្ធសាសនាផង ខ្ញុំចង់ប្រាប់ថា រាល់ថ្ងៃយើងមានជំនាងផ្ទះ មានជំនាងបន្ទប់ មានជំនាងព្រះភូមិអីចឹង ខ្ញុំចង់ប្រាប់ចឹង ពួកខ្ញុំអត់បានយករឿងហ្នឹងទៅដាក់បញ្ចាំងក្នុងរោងកុនទេ រឿងពួកខ្ញុំសម្តែងនេះ កំពុងតែថតនេះ គឺគ្រាន់តែផុសនៅក្នុងផេកហ្វេសប៊ុកទេ អត់មានបានដាក់បញ្ចាំងក្នុងរោងកុនទេ ហើយចង់ប្រាប់ទៅអ្នកដឹកនាំធំៗថា ពួកខ្ញុំមិនមែនចង់ទាក់ទាញចំណាប់អារម្មណ៍ទេ ពួកខ្ញុំនិយាយមានហេតុផល មានពេលវេលា មុននឹងធ្វើ មុននឹងផុស ហើយមួយវិញទៀត ចំពោះទីតាំងផ្ទះដែលពួកខ្ញុំថតនិងជួបហេតុការណ៍នោះ គឺជាផ្ទះដែលបានសង់ឡើងនៅលើផ្នូរខ្មោចតែម្តង…”។
គួរបញ្ជាក់ថា រឿង “វិញ្ញាណជំនាងបន្ទប់” ខាងលើនេះ គឺជាស្នាដៃផលិតថ្មីរបស់ក្រុមយុវវ័យខាងលើ ដែលពួកគាត់បានអះអាងថា មិនមែនជាខ្សែភាពយន្តដែលសម្រាប់ចាក់បញ្ចាំងនៅតាមរោងកុននោះទេ តែជាប្រភេទភាពយន្តសម្រាប់ចាក់បញ្ចាំងនៅក្នុងផេកហ្វេសប៊ុកឈ្មោះ NAA របស់ពួកគាត់តែប៉ុណ្ណោះ និងជាការសម្តែង បង្ហាញឱ្យមានការស្វែងយល់អំពីរឿងអបិយជំនឿ ពិសេសទាក់ទងទៅនឹងជំនាងផ្ទះ ឬជំនាងបន្ទប់នេះតែម្តង៕