Sunday, November 24, 2024
Homeបរិយាយមិនត្រូវធ្វើអ្វីក្នុងពេលមានកំហឹង

មិនត្រូវធ្វើអ្វីក្នុងពេលមានកំហឹង

សុភាសិតបារាំង ១ឃ្លាថា “អ្នកមិនត្រូវធ្វើអ្វីសោះឡើយ ក្នុងពេលមានកំហឹង” (Ne fait rien pendant la colère) មានអត្ថន័យស្រដៀងនឹងសុភាសិតខ្មែរថា “កុំយកកំហឹងទល់កំហល់” ឬ ពុទ្ធភាសិត “ឈ្នះក្រោធដោយការមិនក្រោធតប”។ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេទ័ពកម្ពុជា ព្រមានកម្ទេចចោល “ចលនាសង្គ្រោះជាតិ” ស្រាប់តែលោកសម រង្ស៊ី ជម្នះបង្កើតឡើងនោះ ធ្វើឱ្យមន្ត្រីរដ្ឋាភិបាលខឹងសម្បាមិនល្មមទេ ប៉ុន្តែ មិនគួរបញ្ចោញប្រតិកម្មក្នុងពេលមានកំហឹងនោះទេ ដែល “នគរធំ” សូមលើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

គ្រាន់តែលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រកូកប្រកាសថា នឹងបង្កើត “ចលនាសង្គ្រោះជាតិ” ដើម្បី ធ្វើសកម្មភាពនយោបាយ បានទាំងព្រមានបក្សកាន់អំណាច ឱ្យពន្យារពេលបោះឆ្នោតដើម្បីបញ្ចៀសហិង្សានោះ រដ្ឋមន្ត្រីក្រសួង ការពារជាតិ ក៏ដូចអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ បានអំពាវនាវ និងចេញបញ្ជាទៅ កងកម្លាំងប្រដាប់អាវុធ ឱ្យត្រៀម “កម្ទេចចលនាសង្គ្រោះជាតិ” ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងសុខសន្តិភាព។ ការព្រមាន នេះ មិនបានធ្វើឱ្យលោកសម រង្ស៊ី និងសហការីជំនិតខ្លបខ្លាចនោះទេ ពួកគាត់បែរជាប្រឹងជម្នះប្រកាសបង្កើត “ចលនាសង្គ្រោះជាតិ” កាលពីពេលថ្មីៗនេះ នៅលើទឹកដីសហរដ្ឋអាមេរិក។ សកម្មភាពនេះច្បាស់ណាស់ថា មន្ត្រីរាជរដ្ឋាភិបាល ក៏ដូចអ្នកគាំទ្របក្សកាន់អំណាច ខឹងសម្បាខ្លាំងណាស់ អាចថា បើសិនជាចលនានេះត្រូវបង្កើតឡើងនៅក្នុងប្រទេស ប្រហែលជា “ខ្ទេចហ្មត់” ទៅហើយ ប៉ុន្តែ ដោយសារគេបង្កើតនៅឯនាយសមុទ្រ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ទើបអ្នក ខឹងបានត្រឹមតែខឹង ធ្វើអ្វីក៏មិនកើត ឯអ្នកនាំពាក្យក៏វាយបកទៅវិញខ្លះៗប៉ុណ្ណោះ។

សុភាសិតបារាំងថា “អ្នកមិនត្រូវធ្វើអ្វីសោះឡើយ ក្នុងពេលមានកំហឹង” មានន័យងាយយល់បំផុត ពោលគឺបើដឹងថា បក្ខពួកលោកសម រង្ស៊ី ជម្នះបង្កើតចលនាសង្គ្រោះជាតិ ទៅហើយនោះ តម្រូវឱ្យអ្នកមានកំហឹង ទ្រាំលេបកំហឹងទុកក្នុងពោះ សិនទៅ បើមានប្រតិកម្មភ្លាមៗ មិនចំណេញទេ។ “កំហឹងក្រេវក្រោធ” ធ្វើឱ្យមនុស្សបាត់បង់ការពិចារណា យកត្រូវជាខុស យកសជាខ្មៅ ផ្តល់ផលវិបាកធ្ងន់ណាស់ ដែលយើងសូមលើករឿងនិទានមកធ្វើជាទឡ្ហីករណ៍ដូចខាងក្រោម ៖

នៅក្នុងរឿង “បុរសចិញ្ចឹមសត្វស្ការ” បានតំណាលពីប្តីប្រពន្ធមានកូនខ្ចីមួយ បានចិញ្ចឹមស្ការ ១ក្បាល ទុកឱ្យចាំផ្ទះ។ បុរសជាម្ចាស់តែងបង្ហាត់ស្ការ ឱ្យចេះយោលអង្រឹងកូន និងចេះឃ្លាំមើលក្រែងមានពស់អាសិរពិស លូនចូលមកយាយីកូន។ ថ្ងៃមួយ ប្តីប្រពន្ធនោះ នាំគ្នាចេញទៅមើលសន្ទូង បានផ្តេកកូនក្នុងអង្រឹង ផ្តាំស្ការឱ្យថែរក្សា ក្រែងមានសត្វអ្វីចូលមកព្យាបាទ។ ស្ការ នោះ ក៏ទាញខ្សែយោលអង្រឹងទារកឱ្យដេកលក់ទៅ រួចវាចេញទៅក្រៅមួយភ្លែត ស្រាប់តែមានពស់វែក១ក្បាល លូនចូលមក បម្រុងចឹកកូននោះ។ ស្ការឃើញទាន់ ក៏ស្ទុះទៅប្រយុទ្ធជាមួយពស់ រហូតខាំពស់ងាប់ទៅ និងពាំអូសខ្មោចពស់ទៅទុកកៀន ជញ្ជាំង។ មិនយូរប៉ុន្មាន បុរសស្ត្រីនោះវិលពីស្រែវិញ ស្ការក៏រត់ទៅទទួលម្ចាស់ មានទាំងឈាមពស់វែកប្រឡាក់ពេញខ្លួន បណ្តាល ឱ្យបុរសជាម្ចាស់ខឹងសម្បា ដោយស្មានថា ស្ការខាំសម្លាប់កូនរបស់ខ្លួន។ ដោយមិនបានពិចារណាវែងឆ្ងាយ បុរសនោះ ក៏ទាញ ដំបងសំពងស្ការងាប់ទៅ រួចចូលទៅមើលកូនឃើញនៅរស់ជ្រងោ និងឃើញខ្មោចពស់នៅកៀនជញ្ជាំងក៏ដឹងថា ស្ការបានជួយ ជីវិតកូនខ្លួនឱ្យរួចពីពស់ចឹក ធ្វើឱ្យបុរសនោះមានវិប្បដិសារៈ សែនស្តាយស្ការជាពន់ពេក តែអ្វីៗវាហួសទៅហើយ…។

ដូច្នេះយើងឃើញថា “នៅពេលមានកំហឹង មិនត្រូវធ្វើអ្វីទេ” ឬថា “ទុកឱ្យកំហឹងនោះរសាយបន្តិចសិន សឹមធ្វើការវាយ បក”។ យ៉ាងណាមិញ ករណីពួកប្រឆាំងកំពុងបែកខ្ញែកគ្នា ខ្លះនៅក្នុងស្រុក ខ្លះរត់ទៅក្រៅស្រុក ខ្លះនៅរក្សាគោលជំហរទល់ទ្រ អតីតគណបក្សសង្គ្រោះជាតិ ខ្លះទៅបង្កើតចលនាសង្គ្រោះជាតិ ធ្វើឱ្យមានភាពរញ៉េរញ៉ៃនោះ បើមន្ត្រីរាជរដ្ឋាភិបាល ឬបក្សកាន់អំណាច បញ្ចោញប្រតិកម្មភ្លាមៗនោះ មិនសូវមានប្រសិទ្ធភាពទេ សូម្បីមហាជនក៏យល់ឃើញយ៉ាងនេះដែរ។

នៅក្នុងតៀមកាហ្វេមួយកន្លែង នៅសង្កាត់បឹងទំពុន រាជធានីភ្នំពេញ មានតាៗបួនប្រាំនាក់ អង្គុយទល់មុខគ្នាពិភាក្សា រឿងនយោបាយ តាមទម្លាប់ពួកគាត់។ តាម្នាក់គាំទ្របក្សកាន់អំណាច និយាយថា “ទុកឱ្យពួកប្រឆាំងលោតមួយខ្យល់សិនទៅ យើងមិនត្រូវតបតភ្លាមៗទេ គឺចាំមើលជើងព្រួលពួកហ្នឹងសិន”។ តាម្នាក់ទៀតគាំទ្របក្សកាន់អំណាច ដូចគ្នា លើកឡើងថា “អ្នកនាំពាក្យសុទ្ធតែបណ្ឌិត គួរតែរកវោហារប្លែកមកឆ្លើយតបជាមួយមហាអំណាច ទើបល្អ តែបើនិយាយថា អាមេរិក អឺរ៉ុប គ្មានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជានោះ ជាវោហារដដែលៗ គួរតែប្តូររកពាក្យថ្មីមកប្រើវិញ”។

ការសន្ទនាគ្នាខាងលើនេះ បង្ហាញថា “បើពេលមានកំហឹងវាយបកភ្លាម មិនបានផលល្អទេ”។ ធម្មតា “កំហឹងតែងតែ មានការវាយបក” ប៉ុន្តែ គេស្ទាបស្ទង់មើលសិន តើវាយបកដោយរបៀបណា បើចលនាសង្គ្រោះជាតិ នោះ ធ្វើសកម្មភាព នៅក្រៅប្រទេស ដោយមានអាមេរិក និងសហភាពអឺរ៉ុប ជាខ្នងបង្អែក? បើខឹងសម រង្ស៊ី បែរជាគាបសង្កត់អ្នកមិនដឹងអី នោះ វាអត់ចំណេញ ព្រោះ “ចលនាឧទ្ទាម” គ្មានអ្នកណាឆ្កួតទៅបង្កើត ឬពិគ្រោះយោបល់គ្នាក្នុងក្រុងនោះទេ ច្បាស់ជា គេរកកន្លែងស្ងាត់ មានព្រៃភ្នំ ស្រួលគេចខ្លួនពេលមានអាសន្ន។ ម៉្យាងទៀត ប្រជាពលរដ្ឋខ្មែរសម័យនេះ ទោះជាបក្សណា ក្រុមណា ក៏ស្រលាញ់សុខសន្តិភាពដែរ គ្មានពលរដ្ឋណាស្តាប់តាមលោកសម រង្ស៊ី រត់ចូលព្រៃទៅបង្កើត ឧទ្ទាមកម្ម ដូចសម័យ មុននោះទេ។ សូម្បីតែបំផុសឱ្យធ្វើបាតុកម្មតាមដងផ្លូវ ក៏គ្មានកម្មករ-កម្មការិនីណាហ៊ានប្រថុយប្រថាន “សាច់មិនបានស៊ី យក ឆ្អឹងព្យួរក” នោះទេ ព្រោះបើហ៊ានធ្វើ ឈ្មោះថា បាន “បង្កើតចលាចលបែបបដិវត្តន៍ពណ៌” មិនខានឡើយ។

ដូច្នេះយើងឃើញថា “មិនត្រូវធ្វើអ្វីសោះឡើយ ក្នុងពេលមានកំហឹង” ពោលគឺពេលនោះ មន្ត្រីបក្សកាន់អំណាច ក៏ដូចជា អ្នកគាំទ្រកំពុងមួម៉ៅក្តៅក្រហាយខ្លាំងណាស់ ចំពោះភាពរឹងរូសរបស់ពួកប្រឆាំង។ កំហឹងទៅលើលោកសម រង្ស៊ី និងកញ្ញា កឹម មនោវិទ្យា ដែលកំពុងធ្វើសកម្មភាពនយោបាយក្រៅប្រទេសនោះ មិនខុសពីភ្នំភ្លើងកំពុងផ្ទុះ ប៉ុន្តែ បើ “ខឹងគោ វាយរទេះ” ក៏មិនកើតដែរ។ អ្វីដែលសំខាន់ត្រង់ខ្មែរដូចគ្នាមិនពិបាកទប់ទល់ទេ តែអ្វីដែលពិបាក គឺបក្សកាន់អំណាច ត្រូវតតាំងជាមួយ អាមេរិក សហភាពអឺរ៉ុប ឯណោះទេ ដូច្នេះគួរតែអ្នកនាំពាក្យប្តូរវោហារសព្ទប្លែកៗ ចៀសវាងនិយាយតែមួយច្រកថា “អាមេរិក អឺរ៉ុប គ្មានសិទ្ធិលូកដៃកិច្ចការផ្ទៃក្នុងកម្ពុជា” ព្រោះវោហារដដែលៗ មិនខុសពីខ្សែភាពយន្តដែលលេងតែរឿងខ្មោចដដែលៗ វាជាសត្រូវរបស់ភ្នែក។

សរុបទៅ សុភាសិតបារាំងថា “អ្នកមិនត្រូវធ្វើអ្វីសោះឡើយ ក្នុងពេលមានកំហឹង” ជាមរតកសាសន៍មានខ្លឹមសារអប់រំ ល្អណាស់។ ដូចរឿងបុរសវាយសម្លាប់ស្ការ ព្រោះតែកំហឹងនោះ បានត្រឹមស្តាយក្រោយ។ ដូច្នេះបើធ្វើអ្វីៗក្នុងពេលកំពុងមាន កំហឹង បានត្រឹមខាតបង់កម្លាំង ឬមានការមិនពេញចិត្តពីសំណាក់មហាជនតែប៉ុណ្ណោះ៕

ដោយ អាចារ្យថាំ

RELATED ARTICLES