Sunday, November 24, 2024
Homeបរិយាយរញ៉េរញ៉ៃដូចអាយ៉ៃអត់គ្រូ

រញ៉េរញ៉ៃដូចអាយ៉ៃអត់គ្រូ

អតីតគណបក្សសង្គ្រោះជាតិ ត្រូវរំលាយទៅហើយ ចាត់ទុកជាជ័យជម្នះសម្រាប់បក្សកាន់អំណាច ព្រោះអស់គូប្រដាល់ ស្មើទម្ងន់គ្នា ដឹងអី! ស្រាប់តែពួកប្រឆាំង បង្កភាព “រញ៉េរញ៉ៃដូចអាយ៉ៃអត់គ្រូ” បណ្តាលឱ្យបក្សកាន់អំណាច ឈឺក្បាលវិលមុខ យ៉ាប់ ជាងមិនទាន់រំលាយទៅទៀត។ ជាងនេះទៀត គណបក្សហ៊្វុនស៊ិនប៉ិច ដែលចូលមកជំនួសគណបក្សសង្គ្រោះជាតិ ក៏រញ៉េរញ៉ៃដែរ ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាន់តែកៀក ធ្វើឱ្យប្រជាពលរដ្ឋវង្វេងស៊ុងតែម្តង ព្រោះមិនដឹងជាអ្នក នយោបាយលេងស្នៀតអី ដែល “នគរធំ” សូមលើករឿង “រញ៉េរញ៉ៃក្នុងវង់អាយ៉ៃ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

នៅក្នុងសាលារៀនមួយ កាលពីសម័យសង្គមរាស្ត្រនិយម នៅពេលជិតដល់រដូវវិស្សមកាលធំ នាយកសាលា តែងតែ បង្កើតក្រុមកំប្លែង ឬអាយ៉ៃសិស្ស សម្រាប់សម្តែងកំដរបរិយាកាស ដែលជំនាន់នោះ គេចូលចិត្តហៅតាមភាសាបារាំងថា ហាត់ “សៃណែត” (Saynète)។ អ្នកបង្ហាត់សៃណែត ក្នុងសាលានោះ សុទ្ធតែលោកគ្រូ អ្នកគ្រូ ដែលគ្មានជំនាញសិល្បៈអ្វីទេ ពួកគាត់គ្រាន់តែចេះច្រៀងអាយ៉ៃ និងស្មូត្រខ្លះៗប៉ុណ្ណោះ ឯការសម្តែង វាស៊ីសងលើទេពកោសល្យរបស់សិស្ស ដោយគ្រូគ្រាន់តែ ជួយណែនាំបន្តិចបន្តួច។ យើងចាំមិនភ្លេចទេ កាលនោះ សាលារៀនបានជ្រើសសិស្សប្រុសស្រី ៧នាក់ ដែលមានមាឌធំជាងគេ ព្រោះបឋមសិក្សា បើសិស្សមានអាយុ១២-១៣ឆ្នាំ ធំជាងគេហើយ ដោយមិនគិតពីរៀនដល់ថ្នាក់ណានោះទេ។ កាលនោះ បាន ហាត់អាយ៉ៃឆ្លងឆ្លើយរឿង “ឪពុកក្មេករើសកូនប្រសា” ដោយមានលោកគ្រូចាស់ ២នាក់ និងអ្នកគ្រូក្មេងម្នាក់ ជាអ្នកបង្ហាត់ ដោយគ្មានត្រូវទម្រង់អាយ៉ៃអ្វីទេ វារញ៉េរញ៉ៃ សើចគឹលៗ។ ដល់ពេលលោកអធិការបឋមសិក្សាខេត្ត (Inspecteur) អញ្ជើញ មកជប់លៀង ក៏បញ្ចោញក្រុមអាយ៉ៃនោះ សម្តែងជូនគណៈអធិបតី និងប្រជាពលរដ្ឋទស្សនា ដោយមានរៀបឆាកយ៉ាងខ្ពស់ ឮតែសំណើចក្អាកក្អាយ ប៉ុន្តែ គេសើចនៅត្រង់ឃើញ “ភាពរញ៉េរញ៉ៃ” លេងខុសទម្រង់អាយ៉ៃរឿង ជាពិសេស តួឪក្មេក និង កូនប្រសា ច្រៀងកាច់កុងគ្នា មិនដឹងជាបទអីឱ្យប្រាកដ ឯវង់ភ្លេងទៀតសោត មានតែស្គរដៃ១ បន្ទរដោយការគោះកំប៉ុង ចាន ស្លាបព្រា ឮខ្ទរខ្ទារសង្កៀរត្រចៀក។ ទោះយ៉ាងណា ពេលសម្តែងចប់ លោកអធិការបានជូនរង្វាន់លើកទឹកចិត្តដល់ក្រុម កំប្លែងទាំងនោះ ដូចជាសៀវភៅមើល សៀវភៅសរសេរ ស្លាបប៉ាកកា ដបទឹកខ្មៅ ក្រដាសផ្តិត និងលុយម្នាក់១០រៀលដែរ។

បើយករឿងសៃណែត ជំនាន់នោះ មកប្រៀបធៀបនឹងស្ថានការណ៍នយោបាយបច្ចុប្បន្ន យើងឃើញថា ស្រដៀងគ្នា មែនទែន។ បន្ទាប់ពីតុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិ នឹកស្មានថា អស់បញ្ហាអ្វីទៀតហើយ ព្រោះពីមុន បក្សកាន់អំណាច តែងចោទប្រកាន់បក្សប្រឆាំងថា នាំភាពរញ៉េរញ៉ៃ អនាធិបតេយ្យ មិនចូលប្រជុំសភា បែរជាបំផុសបាតុកម្ម កូដកម្មតាមដងផ្លូវ។ លុះមានការប្តឹងផ្តល់រហូតដល់ពួកប្រឆាំងបែកសម្បុកខ្ចាត់ខ្ចាយ ក៏ស្រាប់តែពួកគេ “បង្កើតក្រុមសៃណែត អត់គ្រូ”។ ក្រុមខាងលោកកឹម សុខា មានខ្លះនៅក្នុងស្រុក ខ្លះនៅក្រៅប្រទេស បន្តទល់ទ្រគណបក្សសង្គ្រោះជាតិ ដដែល ខណៈដែល “គ្រូធំ” កំពុងជាប់ពន្ធនាគារ។ ចំណែកក្រុមលោកសម រង្ស៊ី បានបង្កើត “ចលនាសង្គ្រោះជាតិ” ទោះជាមានលោក សម រង្ស៊ី ជាគ្រូបង្ហាត់ ក៏សិស្សបែកខ្ញែកគ្នា អត់ឯកភាព រញ៉េរញ៉ៃដូចអាយ៉ៃអត់គ្រូ។ ដោយឡែកខាងគណបក្សហ៊្វុនស៊ិនប៉ិច ដែលទើបមានសំណាងបានកៅអី៤១ ដែលរឹបអូសពីគណបក្សសង្គ្រោះជាតិ នោះ ក៏រញ៉េរញ៉ៃមិនធម្មតាដែរ ខណៈដែល “គ្រូធំ សម្តេចក្រុមព្រះ” បណ្តេញមន្ត្រី ៧រូប ចេញពីគណបក្ស ពោលគឺប៉ុន្មានថ្ងៃមុន ដេញ៤នាក់ទៅហើយ ស្រាប់តែដេញថែម ៣នាក់ទៀត ព្រោះអ្នកទាំង៧នេះ “លេងអាយ៉ៃខុសទម្រង់”។

ខណៈដែលបក្សកាន់អំណាច កំពុងរៀបចំចេញឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានទាំងបញ្ជាឱ្យអាជ្ញាធរ រាជធានី រៀបចំសណ្តាប់ធ្នាប់ ចៀសវាងកកស្ទះចរាចរណ៍ពេលមានក្បួនដង្ហែ ក៏ស្រាប់តែមាន “ភាពរញ៉េរញ៉ៃ ព្រោះអាយ៉ៃ អត់គ្រូ” នោះ ពិតជាមិនធម្មតា។ ជាទូទៅ អាយ៉ៃរឿង គេចូលចិត្តច្រៀង “បទចាប់ឆាយ” ដូចទំនុកច្រៀងក្នុងវង់អាយ៉ៃ ស្មៀនម៉ុក ថា “ខ្ញុំអ្នកលេងជោក ស៊ីបាយវត្តលោក ដេកក្រោមសាលា យប់ឡើងចេញលួច ឆក់ប្រាក់អ្នកផ្សារ បានលុយផឹក ស្រា ចូលចាក់អាប៉ោង” ពោលគឺ “បទចាប់ឆាយ” ច្រៀងបែបកំប្លុកកំប្លែងបានសើចសប្បាយ ព្រោះមានគ្រូត្រឹមត្រូវ ប៉ុន្តែអាយ៉ៃ “នយោបាយ” សព្វថ្ងៃនេះ គ្មានគ្រូទេ ស្រេចលើអ្នកសម្តែងមានទេពកោសល្យខ្លួនឯង។

រួចមកហើយ យើងឃើញថា កញ្ញាកឹម មនោវិទ្យា ចេញពីប្រទេសមួយ ចូលប្រទេសមួយ ជំរុញបរទេសឱ្យដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលកម្ពុជា និងទាមទារឱ្យដោះលែងឪពុក។ លោកអ៊ូ ច័ន្ទរ័ត្ន បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ប្រឆាំង សាលដីការំលាយអតីតគណបក្សសង្គ្រោះជាតិ។ លោកតាឡៅ ម៉ុងហៃ ថា ចលនាសង្គ្រោះជាតិ មិនបានលទ្ធផលអ្វីទេ។ ចំណែកអ្នកបង្កើតចលនាសង្គ្រោះជាតិ ថា “ឡានជាប់ផុង ត្រូវយកឡានមួយទៀត មកអូសទើបបាន”៘ និយាយរួម អាយ៉ៃនយោបាយពួកប្រឆាំង កំពុងសម្តែងគ្មានគ្រូ ដោយយោងទៅតាមទេពកោសល្យរៀងខ្លួន ជាហេតុនាំឱ្យមានភាព រញ៉ៃរញ៉ៃមិនធម្មតា។ បើវិភាគឱ្យស៊ីជម្រៅទៅ “ពូជច្រៀងអាយ៉ៃ នៅតែអាយ៉ៃ” ឬ “ប្រឆាំង នៅតែប្រឆាំង” ដដែលហ្នឹង ទោះជាពួកគាត់លេងបែកវង់ ខុសទម្រង់អាយ៉ៃ ក៏នៅតែមានឈ្មោះថា “ក្រុមអាយ៉ៃ” ដដែល។

ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា ត្រូវប្រជាពលរដ្ឋគិតថា ច្បាស់ជាបន្តវេនធ្វើបក្សប្រឆាំងមិនខាន ដើម្បីឱ្យស្របតាមប្រជាធិបតេយ្យ សេរី ពហុបក្ស ដឹងអី! មិនទាន់ឃើញប្រឆាំងផង បែរជា “រញ៉េរញ៉ៃដែរ” ធ្វើឱ្យបក្សកាន់អំណាច ឈឺក្បាលវិលមុខ។ មិនឈឺឯណាបាន បើនៅមិនដល់១ខែទៀតទេ ដល់ពេលបោះឆ្នោតព្រឹទ្ធសភាទៅហើយ ស្រាប់តែពួកប្រឆាំង ក្រៅប្រទេស បើកវង់អាយ៉ៃអត់គ្រូ រាលដាលដល់ហាងនំបញ្ចុកឯណាឯណីឯណោះទៀត។ ពេលអតីតមន្ត្រីបក្សសង្គ្រោះជាតិ រញ៉េរញ៉ៃ គួរតែហ៊្វុនស៊ិនប៉ិច រៀបចំឃោសនាបោះឆ្នោតនឹងគេ ក្រែងបានកៅអីព្រឹទ្ធសភាខ្លះ ដឹងអី! បែរជាជួបស្មុគស្មាញសម្បើម ដោយរវល់តែរៀបចំផ្ទៃក្នុង។ ចំណែកបក្សប្រជាធិបតេយ្យមូលដ្ឋានថា ចង់បំបែកសំឡេងឆ្នោត CPP មិនឱ្យបាន៥០+១ នោះ មិនដឹងជាអាចធ្វើបាន ឬមិនបាននោះទេ បើសិនជា “អ្នកបោះឆ្នោតរវល់ទៅមើល អាយ៉ៃរញ៉េរញ៉ៃ” នោះ។

នៅពេលពួកប្រឆាំង បង្កភាពរញ៉េរញ៉ៃ បែរជាបក្សកាន់អំណាច “តាមដានទស្សនាការសម្តែង” នោះដែរ ជួនកាល រវល់ តែសើចចំអកឱ្យគេថា សម្តែងខុសទម្រង់ “ភ្លេចគិតពីខ្លួនឯង” នាំឱ្យខាតបង់ផលប្រយោជន៍ដែរ។ បើដឹងថា អាយ៉ៃហ្នឹងលេង ខុសទម្រង់ទៅហើយ នៅតែតាមដានសើចកក្អឹកនោះ មិនចំណេញទេ ស៊ូកុំរវល់ទៅមើលល្អជាង នាំឱ្យងងុយដេក។ យ៉ាងណាមិញ រឿងពួកប្រឆាំងបំបែកគ្នាធ្វើការ ខ្លះទៅលិច ខ្លះទៅកើត តាមពិតជា “ក្រុមអាយ៉ៃស្មៀនស៊ី និងស្មៀនខា” តែមួយទេ។

សរុបទៅ “រញ៉េរញ៉ៃដូចអាយ៉ៃអត់គ្រូ” ចង់ផ្តោតទៅលើសកម្មភាពពួកប្រឆាំង កំពុងចែកកម្លាំងគ្នាធ្វើការនេះឯង។ បើ ខាងក្រៅរញ៉េរញ៉ៃ អាចនឹងរំខានដល់ការបោះឆ្នោតមិនខានឡើយ ព្រោះប្រជាពលរដ្ឋដែលមាននិន្នាការប្រឆាំង អាចនឹងទោរទន់ទៅតាមការសម្តែងនោះ។ ម៉្យាងទៀត បើជិតពេលបោះឆ្នោត ស្រាប់តែគណបក្សដែលមានឈ្មោះបោះឆ្នោត រញ៉េរញ៉ៃ ដែរនោះ ទោះជាបក្សកាន់អំណាច មានប្រៀបជាង ឬថាជាប់បានកៅអីស្ទើរទាំងអស់ ក៏មិនល្បីដែរ ព្រោះបោះឆ្នោត ក្នុង ពេលគេរញ៉េរញ៉ៃ ដែលជាបរិបទសម្រាប់ CPP ពិចារណា…៕

ដោយ អាចារ្យថាំ

RELATED ARTICLES