Thursday, January 30, 2025
Homeព័ត៌មានជាតិអង្គុយជជែកគ្នាលេង ក្មេងទំនើងទាញបំពង់ទីបវ៉ៃរយះក្បាល២នាក់

អង្គុយជជែកគ្នាលេង ក្មេងទំនើងទាញបំពង់ទីបវ៉ៃរយះក្បាល២នាក់

ភ្នំពេញ ៖ យុវជន២នាក់កំពុងតែអង្គុយជជែកគ្នាលេងជាមួយមិត្តភក្តិសុខៗ ស្រាប់តែត្រូវក្មេងទំនើង២នាក់ ប្រដាប់ដោយបំពង់ទីប ជិះម៉ូតូចូលមកដល់ ស្ទុះចូលមកវាយសំពងចំក្បាល បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន រងរបួសធ្ងន់ទាំង២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវមាត់ទន្លេ ចំណុចមុខវត្តចាស់ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

យុវជនរងគ្រោះទាំង២នាក់ ដែលត្រូវក្មេងទំនើងវាយនឹងបំពង់ទីបបណ្តាលឱ្យរយះក្បាល រួមមាន ទី១-ឈ្មោះចឹម ស៊ីយុទ្ធ អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៅវិទ្យាល័យជ្រោយចង្វារ ស្នាក់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងទី២-ឈ្មោះអុក សុវណ្ណា អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ចំណែកក្រុមជនបង្កមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុរួច បាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេមានគ្នាទាំងអស់៤នាក់បានជិះម៉ូតូ២គ្រឿង មកអង្គុយជជែកគ្នាលេងនៅក្បែរវត្តចាស់ លុះក្រោយមកមិត្តភក្តិ២នាក់បានជិះម៉ូតូចេញក្រៅមួយភ្លែត ដោយប្រាប់ទៅទៅរកទិញអីយកមកហូបជុំគ្នា។

លុះពេលមិត្តភក្តិ២នាក់នោះជិះម៉ូតូចេញផុត ស្រាប់តែលេចមុខក្មេងទំនើងជាជនបង្ក២នាក់មិនដែលស្គាល់គ្នាពីមុនមកសោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកគុប មិនចាំស្លាកលេខ ប្រដាប់ដោយបំពង់ទីប១ដើម បានរត់ចូលសំដៅមកវ៉ៃពួគគេទាំង២នាក់ ដោយនិយាយថាពួកអាហែងមានជំលោះជាមួយពួកអញ រួចក៏វ៉ៃពួកគេទាំង២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ បែកក្បាលហូរឈាមពេញខ្លួនតែម្តង។ ចំណែកជនបង្កទាំង២នាក់នោះ ក្រោយពីវាយពួកគេឱ្យរងរបួសហើយ ក៏នាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES