Sunday, November 24, 2024
Homeបរិយាយក្នុងខ្លួនស្រី មានក្លិនផ្កា និងក្លិនស្នេហា

ក្នុងខ្លួនស្រី មានក្លិនផ្កា និងក្លិនស្នេហា

លោកស្ហាតូប៊្រីយ៉ង់ដ៍ (Chateaubriand) អ្នកនិពន្ធបារាំង បានសរសេរថា “នៅក្នុងខ្លួនស្រីម្នាក់ មានក្លិនក្រអូបនៃផ្កានានា និងក្លិនស្នេហា” (Il ya dans une femme une émanation des fleurs et d’amour) មានខ្លឹមសារអប់រំបុរសនានា ជាពិសេស អ្នកនយោបាយ ប្រយ័ត្ន “ចាញ់សម្រស់ស្រី”។ ក្នុងយុទ្ធសាស្ត្រនយោបាយខ្លះ គេប្រើស្រីស្អាតឱ្យធ្វើសកម្មភាពផ្តួលរំលំគូបដិបក្ខ ប្រកបដោយជោគជ័យ ជួនកាលទៀត អ្នកដឹកនាំខ្លះឈ្លក់វង្វេងនឹងក្លិន រស សម្ផស្សរបស់ស្រីស្អាត ក៏បាត់បង់កិត្តិយស ដែល “នគរធំ” សូមលើកសំណេរអ្នកនិពន្ធខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បន្ទាប់ពីតុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិមន្ត្រីប្រឆាំង១១៨រូប មិនឱ្យធ្វើនយោបាយ ៥ឆ្នាំ មក យើងឃើញកូនស្រីលោកកឹម សុខា ពីររូប គឺកញ្ញាកឹម មនោវិទ្យា និងកញ្ញាកឹម សម្មាធីតា ចែកផ្លូវគ្នាចេញពីប្រទេស មួយ ចូលប្រទេសមួយ ដើម្បីសុំអន្តរាគមន៍ពីបណ្តាប្រទេសទាំងនោះ ឱ្យគាបសង្កត់រដ្ឋាភិបាលកម្ពុជា និងសុំឱ្យដោះលែង លោកកឹម សុខា ជាឪពុកឱ្យរួចពីការឃុំឃាំង។ នាងក្រមុំទាំងពីរនេះ សុទ្ធតែមានសម្រស់ម៉្យាងៗតាមធម្មជាតិតាក់តែងមក ជាពិសេស មានចំណេះវិជ្ជាជ្រៅជ្រះ ធ្លាប់ត្រូវបានមន្ត្រីបក្សកាន់អំណាច ចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយមន្ត្រី អាមេរិក សូម្បីតែចៅក្រម នៅពេលសួរចម្លើយលោកកឹម សុខា ក្នុងពន្ធនាគារ ក៏យករឿងកូនស្រីទាំងពីររូបនោះ ទៅសួរដែរ រហូតដល់មេធាវីការពារក្តី មានប្រតិកម្មថា “សួរដល់រឿងឯកជន”។ ដោយឡែក កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ក៏មានសម្រស់ម៉្យាងរបស់នាង ជាពិសេស មានវោហារសាស្ត្រពូកែណាស់ និយាយមិនចេះ ទាល់ ទោះជានាងឈប់ធ្វើចៅសង្កាត់ មករកស៊ីលក់នំបញ្ចុក ក៏ហាងរបស់នាងមិនខ្វះអតិថិជន។ នៅមានស្រីក្រមុំច្រើនទៀត ដែលចូលប្រឡូកក្នុងឆាកនយោបាយ ដោយមិននិយាយពីពួកតារាសម្តែង តារាចម្រៀងនោះទេ សុទ្ធតែលេចធ្លោជាងបុរស ទៅទៀត នៅពេលនាងចាប់ក្បាលមីក្រូនិយាយ ដែលស្តែងឱ្យឃើញថា “នៅក្នុងខ្លួនស្រីម្នាក់ មានក្លិនក្រអូបនៃផ្កានានា និង ក្លិនស្នេហា” ពោលគឺ ធម្មជាតិ បានបង្កើតរូបនាងឱ្យមានក្លិនខ្លួនក្រអូបប្រហើរ គួរជាទីត្រេកត្រអាលនៃបុរសខិលខូចទាំងឡាយ ជួនកាលក៏ជាប់អន្ទាក់ស្នេហ៍នាងដកខ្លួនមិនរួច។

ក្នុងយុទ្ធសាស្ត្រនយោបាយ ឬការកាច់ផ្តួលគ្នាបំបាក់កិត្តិយស គេតែងយកសម្រស់ស្រីជាធ្នាក់ប្រកបដោយប្រសិទ្ធភាព ដែលយើងសូមលើករឿងរ៉ាវខ្លះ មកបង្ហាញពីឥទ្ធិពលរបស់មាតុគ្រាម ៖

-នៅក្នុងឯកសារ មហាបុរសខ្មែរ បានតំណាលពី “តេជោមាស” បានប្រើស្រីបម្រើជំនិតម្នាក់ ឈ្មោះ “នាងចែម” ដែល មានសម្រស់ផូរផង់ ឱ្យប្លមខ្លួនចូលបម្រើ “ព្រះរាមទ្រាំង” ដែលជាមេឧទ្ទាមប្រឆាំងព្រះមហាក្សត្រ។ នាងចែម សុខចិត្តបូជា ព្រហ្មចារីទៅឱ្យមេឧទ្ទាមនោះ រួចប្រើល្បិចបន្សាបមន្តអាគមមេថ្លើងបះ ដោយយកលោហិតរដូវ លាយនឹងសម្លត្រឡាច ឱ្យ ជនក្បត់បរិភោគ រហូតដល់សាបមន្តអាគមដែលធ្លាប់បាចអង្កាមចេញជាឪម៉ាល់ ដេញទិចកងទ័ពតេជោមាស ក្លាយជាអង្កាម ច្រាលចូលភ្នែកទៅវិញ។ ទីបំផុត ព្រះរាមទ្រាំង ត្រូវតេជោមាស ចាប់បាន នាំទៅថ្វាយស្តេច កាត់ទោសប្រហារជីវិតទៅ។

-“ជំទាវស្រែន្យដ៏បវរ” ក្នុងវ័យជាង២០ឆ្នាំ បានប្រើសម្រស់ស្នេហ៍ទាក់ចិត្ត “ស្តេចសំរែ” ឱ្យលង់ខ្លួនភ្លេចស្មារតី ផឹកស្រា រហូតស្រវឹងដេកដួល ក៏ត្រូវកងទ័ពបង្កប់របស់តេជោមាស ចាប់បាន នាំទៅថ្វាយស្តេចកាត់ទោសប្រហារជីវិត។ បើសិនជា គ្មានជំនួយពីភរិយារូបស្អាតទេនោះ តេជោមាស មិនអាចផ្តួលរំលំស្តេចសំរែ មេថ្លើងបះបានឡើយ ព្រោះជន នេះចេះមន្តអាគមហៅភ្លៀង និងមានអ្នកស្រុកគាំទ្រច្រើនណាស់។

-“ពួកវៀតកុង” ក្នុងពេលតស៊ូរំដោះជាតិនៅវៀតណាមខាងត្បូង បានប្រើចារនារី ជាស្រីក្រមុំស្អាតៗ ចូលបម្រើក្នុង ក្លឹបរាត្រីនានា ដើម្បីទាក់ពួកនាយទាហានធីវគី និងអាមេរិក។ នៅពេលនាយទាហានអាមេរិក ដឹកពួកនាងទៅដេកក្នុង បន្ទាយ ពួកនាងហ៊ានចំណាយខ្លួនប្រាណមិនស្តាយស្រណោះ ដើម្បីជាតិមាតុភូមិ រួចលួចថតទីតាំងបន្ទាយទ័ព បញ្ជូនទៅឱ្យ ពួកវៀតកុង អាចចូលវាយបន្ទាយនោះបែកដោយងាយបំផុត។

-“នាងចិញ្ចា មាណវិការ” ត្រូវពួកប្រឆាំងសាសនា ឱ្យទៅផ្ចាញ់ព្រះពុទ្ធ ដោយបង្គាប់ស្រីស្អាតនេះ ឱ្យយកឈើ មកចង ព័ទ្ធពោះ ធ្វើជាស្រីមានផ្ទៃពោះ ដើរទៅចង្អុលព្រះភក្ត្រ័ព្រះពុទ្ធអង្គ ដែលកំពុងសម្តែងធម៌ទេសនាក្នុងវត្តជេតពន ដោយចោទ ព្រះអង្គថា បានទៅបំផើមនាងហើយ បែរជារត់មកបួសព្រងើយ។ ទម្រាំតែព្រះឥន្ទ្រ រកយុត្តិធម៌ ដោយធ្វើឱ្យធ្លាក់កូនឈើពី ពោះនាងនោះ ព្រះបរមគ្រូរងការរិះគន់ពីពុទ្ធបរិស័ទគ្រប់គ្នា ដោយសារព្រះអង្គនៅតែស្ងៀម ដោយ “សមាចារពិធី”…។

លើកឧទាហរណ៍ដោយត្រួសៗខាងលើនេះ បញ្ជាក់ថា “នៅក្នុងខ្លួនស្រី មានក្លិនក្រអូបនៃផ្កានានា និងក្លិនស្នេហា” ពោលគឺ គេមិនអាចប្រើបុរសបានឡើយ ក្នុងការកាច់បំបាក់កិត្តិយសអ្នកនយោបាយខ្លាំង។ ចារនារីទាំងនោះ មានខ្លះហ៊ានលះបង់ក្លិន រស សម្ផស្ស ឱ្យគូសត្រូវនែបនិត្យផ្តេកផ្តិត ខ្លះទៀតចេះការពារភាពបរិសុទ្ធមិនឱ្យបាត់បង់ ដូចករណី “ជំទាវស្រែន្យ” មិន បានប្រគល់ខ្លួនប្រាណឱ្យស្តេចសំរែ នោះទេ គ្រាន់តែប្រើល្បិចញ៉េះញ៉ោះបង្អកស្រាឱ្យស្រវឹងតែប៉ុណ្ណោះ។

ដូច្នេះករណីកូនស្រី២រូប របស់លោកកឹម សុខា ដែលមានសមត្ថភាពចេញពីប្រទេសមួយ ចូលប្រទេសមួយ និងចូលរហូត ដល់ទីស្នាក់ការអង្គការសហប្រជាជាតិ ខណៈដែលពួកនាងមិនមែនជាអ្នកដឹកនាំប្រទេស ឬជាមន្ត្រីការទូតនោះ ស្តែងឱ្យ ឃើញថា មកពីពួកនាង “មានក្លិនផ្កា និងក្លិនស្នេហា” នេះឯង។ ក្លិនផ្កា និងក្លិនស្នេហា មិនអាចប្រគល់ឱ្យបុរសណាងាយៗ នោះទេ គ្រាន់តែជានុយបញ្ឆោតប៉ុណ្ណោះ។ មានន័យថា ពួកនាងធ្វើសកម្មភាពដើម្បីរំដោះឪពុក តែបើឪពុកមិនជាប់ពន្ធនាគារ ក៏ពួកនាងមិនហ៊ានប្រថុយប្រថានដើរចូលទីតាំងធំៗខ្នាតអន្តរជាតិយ៉ាងនេះដែរ។

ដោយឡែកនាងកញ្ញារ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក៏មានក្លិនផ្កា និងក្លិនស្នេហានេះដែរ ព្រោះបើនាងគ្មានក្លិនទាំងពីរ នេះ មិនអាចទាក់ទាញអតិថិជនចូលហាងនំបញ្ចុកបានឡើយ។ ក្រៅពីមានក្លិនផ្កា និងក្លិនស្នេហា នាងនៅមានភាពក្លាហាន វោហារ និងប្រាជ្ញាមិនធម្មតាទេ ដោយហ៊ានឆ្លើយឆ្លងជាមួយមន្ត្រីបក្សកាន់អំណាចតាមហ្វេសប៊ុក និងលើកស្លាក “ស្វាគមន៍ ភ្ញៀវទាំងអស់ លើកលែងតែពួកឧទ្ទាម” ជាកិច្ចឆ្លើយតបចំពោះការសង្ស័យថា ហាងរបស់នាងជាកន្លែងប្រមូលផ្តុំពួកឧទ្ទាម។

ដូច្នេះយើងឃើញថា យុទ្ធសាស្ត្រនយោបាយក្នុងពេលមានគ្រោះថ្នាក់ គេត្រូវយកស្រីស្អាតមកប្រើ ទើបមានប្រសិទ្ធភាព គឺពុំមែនរុញពួកនាងឱ្យយកខ្លួនទៅឱ្យគេនោះទេ គ្រាន់តែឱ្យធ្វើជា “នុយស្ទូចត្រីធំ” ប៉ុណ្ណោះ។ ធម្មតាស្រីស្អាត តែងចេះការពារ ខ្លួន ដូចរឿងជាតកមួយ តំណាលពីប្រពន្ធក្មេងរូបស្អាតម្នាក់ ត្រូវស្វាមីជាមហាសេដ្ឋីស្លាប់ចោល ទោះជានាងក្លាយជាមេម៉ាយ ក៏មិនខ្វះបុរសអភិជន ចូលចែចូវ តែនាងបដិសេធ។ ដោយសារសម្រស់នាងទាក់ទាញខ្លាំងពេក ព្រះមហាក្សត្រនៃនគរនោះ ក៏យាងទៅចែចង់ នាងនោះ និងប្រាប់ថា ពេលយប់ព្រះអង្គនឹងយាងមកផ្ទំជាមួយនាងមិនខាន។ ដោយខ្លាចអំណាចស្តេច ផែនដី អ្នកមេម៉ាយ ក្តៅស្រួយនោះ មិនហ៊ានប្រកែកទេ បានរៀបគ្រែក្រឡាបន្ទំ រង់ចាំទទួលស្តេច ប៉ុន្តែ នាងមិនឱ្យខ្លួនទេ ដោយបង្គាប់ស្រីបម្រើម្នាក់ កើតស្រែងប្រតាកពេញខ្លួន ឱ្យផាត់ម្សៅ ស្លៀកពាក់ស្អាតបាត មកដេកលើគ្រែ ចាំទទួលស្តេច។ ឯស្តេចដែលមានកាមរាគដុតរោលនោះ គ្រាន់តែចូលដល់បន្ទប់ ក៏ចាប់ស្រីកើតស្រែងនោះរួមរ័កដោយត្រេកត្រអាល ស្មានថា ជាអ្នកមេម៉ាយសេដ្ឋិនី។ លុះរៀបចេញទៅវិញ ស្តេចបានខាំថ្ពាល់ដៃគូស្នេហ៍ទុកជាចំណាំ រួចទៅអួតប្រាប់នាហ្មឺនថា អ្នក មេម៉ាយនោះក្លាយជាស្នំព្រះអង្គទៅហើយ។ លុះស្តេចត្រាស់បង្គាប់ស្នំមានស្នាមថ្ពាល់នោះ មកបង្អួតគេឯង ទើបដឹងថា ជា ស្រីកើតស្រែងសោះ បណ្តាលឱ្យស្តេចបាត់បង់កិត្តិយស ដោយសារតែស្រីស្អាត។

សរុបទៅ “ក្នុងខ្លួនស្រី មានក្លិនផ្កា និងក្លិនស្នេហា” សំដៅដល់យុទ្ធសាស្ត្រនយោបាយខ្លះ តម្រូវឱ្យស្រីស្អាតធ្វើធ្នាក់ ប្រកប ដោយប្រសិទ្ធភាព។ ដូច្នេះករណីនាងកញ្ញាកឹម មនោវិទ្យា កញ្ញាកឹម សម្មាធីតា កញ្ញារ៉ូហ្ស៊េត និងកញ្ញាឯទៀត ដែលពាក់ព័ន្ធ នយោបាយ គឺមកពីពួកនាងមានក្លិនផ្កា និងក្លិនស្នេហានេះឯង បានជាល្បីល្បាញយ៉ាងនេះ ដែលមិនគួរមើលរំលង៕

ដោយ អាចារ្យថាំ

RELATED ARTICLES