Sunday, November 24, 2024
Homeព័ត៌មានជាតិផឹកស៊ីសុំទៅផ្ទះមុន ព្រួតវ៉ៃប្តីប្រពន្ធ២គូ របួសធ្ងន់

ផឹកស៊ីសុំទៅផ្ទះមុន ព្រួតវ៉ៃប្តីប្រពន្ធ២គូ របួសធ្ងន់

ភ្នំពេញ ៖ ប្តីប្រពន្ធ២គូត្រូវមិត្តភក្តិហៅទៅចូលរួមកម្មវិធីជប់លៀងបង្កក់កូនភ្លោះស្រី លុះផឹកស៊ីបានបន្តិចក៏សុំម្ចាស់កម្មវិធីត្រឡប់ទៅផ្ទះ វិញ ស្រាប់តែត្រូវភ្ញៀវដែលអង្គុយតុក្បែរនោះ ព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំង៤នាក់ ដោយក្នុងនោះបុរសជាប្តី២នាក់ រងរបួសរយះ ក្បាល ចំណែកស្ត្រីជាប្រពន្ធទាំង២នាក់រងរបួសស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជាប់ផ្លូវវេងស្រេង ខាងកើតរង្វង់មូលចោមចៅ ប្រមាណ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ។

ជនរងគ្រោះជាប្តីប្រពន្ធ២គូ ដែលទទួលរងរបួសធ្ងន់ស្រាលទាំង៤នាក់ មិនបានប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ប្តីប្រពន្ធទាំង ២គូនេះ ត្រូវជាមិត្តភក្តិម្ចាស់កម្មវិធីបង្កក់កូនភ្លោះស្រីខាងលើ។

តាមសម្តីជនរងគ្រោះទាំង៤នាក់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់ទាំង៤នាក់ ត្រូវបានម្ចាស់កម្មវិធីហៅឱ្យទៅចូល រួមកម្មវិធីជប់លៀងបង្កក់កូនភ្លោះស្រីរបស់គេ ហើយពួកគាត់ទាំង៤នាក់ ជិះម៉ូតូ២គ្រឿង ដឹកគ្នាម្នាក់១គូៗ ដោយក្នុងនោះប្តីប្រពន្ធ១គូជិះម៉ូតូធំ ចំណែកប្តីប្រពន្ធ១គូទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម។

ប្រភពដដែលបន្តថា នៅពេលទៅដល់ ពួកគាត់ទាំង៤នាក់ ក៏បាននាំគ្នាចូលទៅអង្គុយផឹកស៊ីជាមួយនឹងភ្ញៀវផ្សេងទៀត ដែលម្ចាស់កម្មវិធី អញ្ជើញឱ្យចូលរួម។ លុះពេលហូបចុកបានមួយសន្ទុះ ដោយសារតែពួកគាត់ទាំង៤នាក់ មានការរវល់ប្រញាប់ទៅផ្ទះវិញ ទើបនាំគ្នាក្រោកទៅចងដៃ កូនភ្លោះស្រីហើយក៏សុំលាម្ចាស់កម្មវិធីត្រឡប់ទៅផ្ទះមុន។  ខណៈពេលដែលពួកគាត់ កំពុងនាំគ្នាអូសម៉ូតូចេញរៀបឡើងជិះ ស្រាប់តែភាគីបង្កមាន គ្នាជាង១០នាក់ អង្គុយផឹកស៊ីនៅតុផ្សេង បាននិយាយថា ហេតុអីនិយាយមើលងាយអ្នករោងចក្រម៉េះ? ពេលនោះ ពួកគាត់ក៏ឆ្លើយទៅវិញថា និយាយមើលងាយអី ខ្ញុំមិនដឹងទេ ខ្ញុំក៏ធ្លាប់ជាអ្នកដើររើសអេតចាយដែរកន្លងមកនេះ ស្រាប់តែភ្លាមនោះ បក្សពួកភាគីបង្កបានទាញកែវស្រាស្ទុះ មកវាយក្បាលជនរងគ្រោះម្នាក់ ឃើញបែបនេះមិត្តភក្តិដែលមកជាមួយគ្នាបានទៅជួយឃាត់ ក៏ត្រូវបក្សពួកជនបង្កដែលមានគ្នាច្រើននាក់ បាន ព្រួតវាយទៅលើជនរងគ្រោះជាប្តីទាំង២នាក់បណ្តាលឱ្យរងរបួសធ្ងន់។ ចំណែកស្ត្រីជាប្រពន្ធ២នាក់ ឃើញគេវាយប្តីបែបនេះ ក៏នាំគ្នាចូលទៅជួយ ឃាត់ដែរ ក៏ត្រូវក្រុមជនបង្កវ៉ៃបណ្តាលឱ្យរងរបួសស្រាល និងត្រូវបានបងប្អូន ព្រមទាំងម្ចាស់កម្មវិធីចូលជួយឃាត់ ទើបក្រុមជនបង្កបាននាំគ្នា រត់គេចខ្លួនបាត់ស្រមោលអស់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានម្ចាស់កម្មវិធីដឹកយកទៅមន្ទីរសម្ភពជម្ពូវ័ន ដើម្បីឱ្យក្រុមគ្រូពេទ្យជួយព្យាបាល។ ភ្លាមៗនោះដែរ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានមកជួបជនរងគ្រោះនៅមន្ទីរពេទ្យ ដែលកំពុងសម្រាក ព្យាបាល ដើម្បីសួរនាំ និងទទួលពាក្យបណ្តឹង ប៉ុន្តែដោយសារជនរងគ្រោះរបួសធ្ងន់មិនទាន់បានទៅដាក់ពាក្យបណ្តឹងភ្លាមៗនោះទេ រង់ចាំថ្ងៃស្អែក ទើបទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ច តាមរកភាគីបង្កយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES