ខេត្តរតនគិរី ៖ យុវតីជាសិស្សសាលាម្នាក់ ទំនេរពីការសិក្សា តែងជួយលក់ដូរឥវ៉ាន់ចាប់ហួយជាមួយម្តាយ ហើយជារៀងរាល់យប់តែងដេកនៅក្នុងតូបលក់ចាប់ហួយតែម្នាក់ឯង ចំណែកឪពុកម្តាយ និងក្រុមគ្រួសារដេកនៅលើផ្ទះខាងក្រោយតូបចាប់ហួយ ស្រាប់តែមកដល់វេលាម៉ោងប្រមាណ៨យប់ ឪពុកចុះមកអើតមើលកូនស្រី បែរជាបាត់កូនមិនឃើញសម្រាកនៅក្នុងតូបចាប់ហួយសោះ ទើបនាំគ្នាដើររកពេញមួយយប់ តែរកមិនឃើញ រហូតដល់ស្អែកឡើង នៅវេលាទៀបភ្លឺ ក៏ស្រាប់តែប្រទះឃើញសាកសពកូនស្រីស្ថិតក្នុងសភាពអាក្រាតកាយ ដេកស្លាប់យ៉ាង អាណោចអាធ័មនៅលើវាលស្មៅក្បែរតូបលក់ចាប់ហួយ ទើបផ្អើលឆោឡោឡើងថា ក្មេងស្រីរងគ្រោះត្រូវគេរំលោភសម្លាប់យ៉ាងព្រៃផ្សៃ។
ករណីប្រទះឃើញសពក្មេងស្រីសិស្សសាលាអាក្រាតកាយ ដេកស្លាប់លើវាលស្មៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចវាលស្មៅជាប់តូបលក់ចាប់ហួយ ក្បែរផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
ក្មេងស្រីរងគ្រោះ ដែលត្រូវជនល្មោភកាមជាឃាតករដៃឆៅ រំលោភសម្លាប់យ៉ាងឃោរឃៅ មានឈ្មោះអាត់ ស៊ីង អាយុ១៨ឆ្នាំ ជាជនជាតិគ្រឹង មុខរបរសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យហ៊ុនសែន ភូមិថ្មី ក្រុងបានលុង និងមានលំនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
តាមសម្តីបុរសឈ្មោះស៊ុន អាត់ ជាជនជាតិគ្រឹង ត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ម្នាក់នេះ រៀនដល់ថ្នាក់ទី១២ទៅហើយ និងកំពុងត្រៀមប្រឡងនៅឆ្នាំនេះផង។ នៅពេលទំនេរពីការរៀនសូត្រនៅសាលា កូនស្រីនេះ តែងជួយលក់ដូរ ឥវ៉ាន់ចាប់ហួយម្តាយ និងមិនធ្លាប់ដើរហើរទៅណាផ្តេសផ្តាស់នោះទេ។
បុរសជាឪពុកក្មេងស្រីរងគ្រោះ បន្តថា ជារៀងរាល់យប់ កូនស្រីរបស់គាត់ តែងដេកសម្រាកនៅក្នុងតូបលក់ចាប់ហួយតែម្នាក់ឯង គឺមិន ឡើងទៅដេកនៅលើផ្ទះដែលស្ថិតនៅខាងក្រោយតូបចាប់ហួយ ជាមួយក្រុមគ្រួសារនោះទេ ហើយកន្លងមកក៏មិនធ្លាប់មានបញ្ហាអ្វីដែរ ចំណែកពួកគាត់ ជាឪពុកម្តាយ ក៏ឧស្សាហ៍ចុះមកអើតមើលខុសត្រូវកូនស្រីសឹងរាល់យប់ដែរ។
បុរសជាឪពុករូបនេះ បានឱ្យដឹងទៀតថា លុះមកដល់យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់មិនបានឮសម្លេងអ្វីគួរឱ្យចាប់អារម្មណ៍ ឬ សង្ស័យសោះ ប៉ុន្តែនៅចន្លោះម៉ោងប្រមាណ៧ទៅ៨យប់ គាត់ក៏បានចុះមកអើតមើលកូនស្រីនៅតូបលក់ចាប់ហួយដូចសព្វមួយដង តែចម្លែកត្រង់ ថា បាត់មិនឃើញកូនស្រីនៅក្នុងតូបចាប់ហួសសោះ ទើបធ្វើឱ្យគាត់នឹកឆ្ងល់ ក៏ដើររកមើលជុំវិញតូបចាប់ហួយ ក្រែងកូនស្រីទៅអង្គុយលេង ឬ និយាយទូរស័ព្ទ នៅឯណា ប៉ុន្តែនៅតែមិនឃើញដដែល។ បន្ទាប់មក គាត់ក៏បានទៅហៅប្រពន្ធ ឱ្យចុះមកជួយរកគ្នា តែទោះជារកពេញមួយយប់ ក៏នៅតែមិនយល់ ស្រមោលកូនស្រីសោះ។
បុរសជាឪពុក បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់ក៏ដើរទៅរកមើលនៅវាល ស្មៅក្បែរតូបលក់ចាប់ហួយ ស្រាប់តែប្រទះឃើញសាកសពកូនស្រី ដេកស្លាប់ទាំងសភាពអាក្រាតកាយគួរឱ្យរន្ធត់ចិត្តបំផុត ទើបធ្វើឱ្យគាត់ស្រែក ឆោឡោឡើង ផ្អើលដល់អ្នកជិតខាង និងរាយការណ៍សុំអន្តរាគមន៍ចុះមកពិនិត្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ករណីនេះ គឺជាអំពើឃាតកម្ម រំលោភសម្លាប់ ដោយសាកសពក្មេងស្រីរងគ្រោះ មានសភាពអាក្រាតកាយ និងមានស្នាមច្របាច់កទៀតផង ចំណែកនៅកន្លែងកើតហេតុ មាន ស្លាកស្នាមប្រតាយប្រតប់គ្នាផងដែរ។
គួរបញ្ជាក់ថា នៅវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកហាក់ ហ៊ន់ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តរតនគិរី បានដឹកនាំសមត្ថកិច្ចជំនាញ នគរបាលមូលដ្ឋាន អាវុធហត្ថមូលដ្ឋាន និងមន្ត្រីសុខាភិបាល ចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើ កោសល្យវិច្ឆ័យសព ព្រមទាំងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនដៃដល់ ដើម្បីតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ទាំង អារម្មណ៍សោកសៅជាទីបំផុត៕