ខេត្តពោធិ៍សាត់ ៖ កូនប្រុសអតកញ្ញូម្នាក់ បានយកកង់របស់ម្តាយ១គ្រឿង ទៅដាក់បញ្ចាំយកលុយទិញស្រាផឹក និងដើរជក់ថ្នាំញៀន លុះម្តាយដឹង ក៏តាមទៅលោះកង់ត្រឡប់មកវិញ និងបានយកទៅលាក់ទុកមិនឱ្យកូនប្រុសជិះទៀត ព្រោះខ្លាចយកទៅបញ្ចាំ ឬលក់ចោលទៀត ទើបធ្វើឱ្យកូនប្រុសផ្ទុះកំហឹង ក៏គំរាមអារកសម្លាប់ម្តាយចោល បើមិនព្រមឱ្យកង់គេជិះនោះទេ។
ករណីកូនប្រុសគំរាមអារកសម្លាប់ម្តាយ រហូតដល់ម្តាយទ្រាំលែងបានប្តឹងប៉ូលិសចាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១១និង០២នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិវាល ឃុំវាល ស្រុកកណ្តៀង។
កូនប្រុសអកតញ្ញូដែលគំរាមសម្លាប់ម្តាយ មានឈ្មោះងឿន ចន្ទ្រា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សញៀនថ្នាំ សព្វថ្ងៃ ស្នាក់នៅជាមួយម្តាយ ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនសង្ស័យឈ្មោះងឿន ចន្ទ្រា) ជាមនុស្សគ្មាន ការងារអ្វីធ្វើទេ មួយៗថ្ងៃ ចេះតែដើរលេងប៉ោឡែ សេពគបជាមួយមិត្តភក្តិមិនល្អ ផឹកស្រាស្រវឹងអួទីនួ និងដើរជក់ថ្នាំញៀនរាល់ថ្ងៃ ទោះជាគាត់ ស្តីប្រដៅយ៉ាងណាក៏មិនចេះស្តាប់ និងថែមទាំងរករឿងគាត់វិញទៀតផង។
ស្ត្រីរងគ្រោះជាម្តាយរូបនេះបន្តថា នៅមុនពេលកើតហេតុ កូនប្រុសជើងល្អរបស់គាត់ បានយកកង់របស់គាត់ ដែលជាទ្រព្យសម្បត្តិ និងជាមធ្យោបាយធ្វើដំណើរតែមួយគត់ដែលគាត់មាន យកទៅបញ្ចាំ ហើយបានមកប្រាប់គាត់ជាម្តាយ ឱ្យទៅលស់យកកង់នោះត្រឡប់មកវិញផង។ នៅពេលឮបែបនេះ គាត់ក៏សួរពីកន្លែងបញ្ចាំ លុះក្រោយពេលកូនប្រុសប្រាប់ពីទីតាំងដែលគេយកកង់ទៅបញ្ចាំបានច្បាស់លាស់ហើយ គាត់ក៏ ប្រញាប់ទៅលោះយកកង់នោះពីអ្នកបញ្ចាំមកវិញ ហើយបានយកទៅលាក់ទុកមិនកូនប្រុសនេះជិះដូចមុនទៀតឡើយ ព្រោះខ្លាចគេយកទៅ បញ្ចាំទៀត ឬយកទៅលក់បាត់។
ស្ត្រីជាម្តាយ បានបញ្ជាក់ថា នៅពេលដឹងថា គាត់បានទៅលស់កង់យកមកផ្ទះវិញហើយ កូនប្រុសនោះ បានតាមមករកយកកង់ទៅជិះ ទៀត តែគាត់មិនព្រមឱ្យ ទើធ្វើឱ្យកូនប្រុសកំណាចរូបនេះ បានរករឿងអុកឡុកពេញផ្ទះ និងថែមទាំងបានគំរាមអារកសម្លាប់គាត់ជាម្តាយចោល ទៀតផង ប្រសិនបើមិនឱ្យកង់ទៅវាជិះ ជាហេតុធ្វើឱ្យគាត់មានការភិតភ័យ ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចនជួយអន្តរាគមន៍តែម្តង។
ក្រោយពីទទួលបានពាក្យ លោកវរសេនីយ៍ទោ លីវ សេងហ៊ីម បានចាត់តាំងកម្លាំងចុះដល់ភូមិសាស្ត្រ ដែលជនរងគ្រោះរស់នៅខាងលើ ហើយនាំខ្លួនជនសង្ស័យឈ្មោះងឿន ចន្ទ្រា មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសួរនាំ។
លោកលីវ សេងហ៊ីម បានបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម និងបានរកឃើញថា ជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន ដូច្នេះជនសង្ស័យរូបនេះ ដោយសារមានសារធាតុញៀន ទើបជននេះហ៊ានប្រើពាក្យសម្តី គម្រាមគំហែង សម្លាប់ម្តាយ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕