ខេត្តមណ្ឌលគិរី ៖ ប្តីប្រពន្ធ២នាក់ បានជួលផ្ទះមួយខ្នងស្នាក់នៅ លុះពេលកើតមានជំលោះប្តីប្រពន្ធខ្លួនឯង បែរជាមួម៉ៅក្តៅចិត្ត ចាក់សាំង ដុតផ្ទះជួល បណ្តាលឱ្យឆេះម៉ត់គ្មានសល់ រួចក៏នាំគ្នាវេចបង្វេចរត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិពូទឹក ឃុំប៊ូស្រា ស្រុកពេជ្រាដា។
ប្តីប្រពន្ធចិត្តក្តៅខាងលើ ដែលគ្រាន់តែមានជម្លោះរឿងប្តីប្រពន្ធខ្លួនឯងសោះបែរជាទៅដុតផ្ទះជួលចោលនេះ រួមមាន បុរសជាប្តីមាន ឈ្មោះផល សល់ អាយុ២៥ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះធឹម សុភ័ណ្ឌ អាយុ ២៧ឆ្នាំ។ ប្តីប្រពន្ធហេងស៊យទាំង២នាក់ មិនមានមុខរបរអ្វី ច្បាស់លាស់នោះទេ និងបានជួលផ្ទះខាងលើស្នាក់នៅមួយរយៈមកហើយ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះជួល មានឈ្មោះអ៊ឹម ស៊ីណាត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ដោយឡែកផ្ទះជួលដែល ទទួលរងការឆាបឆេះ ជាប្រភេទផ្ទះតៀម សង់ពីឈើប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រ គុណនឹង៨ម៉ែត្រ ស្ថិតក្នុងដីឡូតិ៍ទំហំ៩ម៉ែត្រ គុណនឹង២០ម៉ែត្រ។
តាមប្រភពពីបុរសជាម្ចាស់ផ្ទះជួល បានរៀបរាប់ប្រាប់ថា គាត់បានជួលផ្ទះឱ្យប្តីប្រពន្ធខាងលើស្នាក់នៅមួយរយៈមកហើយ ដោយផ្ទះរបស់ គាត់សង់នៅក្នុងដីឡូតិ៍ទំហំ៩ម៉ែត្រ គុណនឹង២០ម៉ែត្រឯណោះ។ លុះមកដល់ថ្ងៃកើតហេតុ មានអ្នកជិតខាងបានទូរស័ព្ទប្រាប់គាត់ថា ផ្ទះរបស់គាត់ ដែលជួលឱ្យប្តីប្រពន្ធទាំង២នាក់ខាងលើស្នាក់នៅ ត្រូវភ្លើងឆេះ ទើបគាត់ប្រញាប់ធ្វើដំណើរទៅមើល លុះទៅដល់ឃើញភ្លើងកំពុងឆេះពេញបន្ទុក ទៅហើយ ចំណែកប្តីប្រពន្ធជើងល្អនោះ បែរជាបាត់ស្រមោលឈឹង មិនដឹងជារត់គេចខ្លួនតាំងពីពេលណា។ បន្ទាប់មក ក៏មានការផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋជួយពន្លត់ភ្លើងរហូតដល់រលត់វិញ តែផ្ទះទាំងមូលត្រូវក្លាយជាផេះផង់អស់ទៅហើយ។
តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឮសូរសម្លេងប្តីប្រពន្ធដែលជួលផ្ទះខាងលើស្នាក់នៅ បានឈ្លោះប្រកែក គ្នាយ៉ាងខ្លាំង ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញមានផ្សែងហុយចេញពីក្នុងផ្ទះ និងកើតជាអណ្តាតភ្លើងឡើងតែម្តង។ ចំណែកប្តីប្រពន្ធ២នាក់ នោះ បានដឹកដៃគ្នារត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ ដែលតាមការសង្ស័យ គឺប្តីប្រពន្ធនេះ ឈ្លោះប្រកែកគ្នា លុះពេលក្តៅចិត្តរៀងខ្លួនបែរជា ដុតផ្ទះជួលចោល រួចនាំគ្នារត់បាត់តែម្តង។
ជុំវិញករណីខាងលើនេះ ម្ចាស់ផ្ទះជួល បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរកប្តីប្រពន្ធខាងលើ ដើម្បីនាំយកមក សួរនាំឱ្យបានច្បាស់លាស់ និងដោះស្រាយគ្នា ជុំវិញរឿងរ៉ាវ ជំលោះប្តីប្រពន្ធឯង បែរជាដុតផ្ទះជួលចោលនេះ៕