ខេត្ដស្វាយរៀង៖ ស្នេហាភេទដូចគ្នា ស្រីស្រលាញ់ស្រី កើតចិត្ដប្រចណ្ឌនិងម្ខាងនិយាយទូរស័ព្ទនឹងប្រុសផ្សេង ពេលកំពុងអង្គុយផឹកស៊ីក្នុងហាងជុំគ្នា បង្កជាជំលោះប្រតាយប្រតប់គ្នា រហូតឈានដល់ទាញកាំបិតចាក់ភាគីម្ខាងជាច្រើនកាំបិត រងរបួសធ្ងន់ ត្រូវគេបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ ជាប់ខ្នោះ ។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅភូមិ ថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឲុ្យដឹងថា នារីសង្ស័យបង្កហេតុមានឈ្មោះ សោម បូណារី អាយុ២៣ឆ្នាំ មុខរបរកម្មការិនី រោងចក្រ មានទីលំនៅភូមថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត។ រីឯជនរងគ្រោះជាសង្សារមានឈ្មោះ ហាស ទីណា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។
តាមចម្លើយសារភាពរបស់ជនស្ស័យបានប្រាប់ថា រូបគេខឹង និងប្រចណ្ឌ សង្សាររបស់ខ្លួននិយាយលេងជាមួយអ្នកផ្សេង នៅកន្លែងហាងផឹកស៊ីខ្លាំងពេក ទើបទ្រាំមិនបាន ក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក ខណៈនោះរូបខ្លួន ក៏ទាញយកកូនកាំបិតចាក់ឲ្យរបួសជាទម្ងន់តែម្ដង ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង រីឯជនសង្ស័យសមត្ថកិច្ចនាំមកប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរបន្តចាត់ការតាមច្បាប់ ៕
ចក្ខុ