សុភាសិតសកល ១ឃ្លាថា “ដេកជាមួយឆ្កែ ចៃឆ្កែតោង” (Lie down with dogs wake up with fleas) មានខ្លឹមសារអប់រំមនុស្ស ជាពិសេស អាជ្ញាធរមានសមត្ថកិច្ច កុំសេពគប់ជាមួយឈ្មួញទុច្ចរិត នាំឱ្យមានផលវិបាកដល់ខ្លួន។ ហេតុការណ៍ខ្មាន់កាំភ្លើង បាញ់ប្រហារសមត្ថកិច្ចទប់ស្កាត់បទល្មើសព្រៃឈើ បណ្តាលឱ្យស្លាប់៣នាក់នោះ ស្តែងឱ្យឃើញថា មក ពីខ្មាន់កាំភ្លើងទាំងនោះ “ដេកជាមួយឆ្កែ ទើបចៃឆ្កែវាតោង” បណ្តាលឱ្យរមាស់ដៃ ហ៊ានប្រព្រឹត្តឧក្រិដ្ឋកម្ម ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលពីប៉ុន្មានខែមុន យើងធ្លាប់បរិយាយពី “រវល់តែវីវរ ឆ្កែទរប្រហុកអស់” ដោយលើកឡើងពីជនឱកាសនិយម ឆ្លៀត ពេលស្ថានការណ៍នយោបាយកំពុងរញ៉េរញ៉ៃ បានដៃឯឈ្មួញទុច្ចរិតដឹកជញ្ជូនឈើប្រណីតទៅវៀតណាម ឡើងខូងផ្លូវ ដោយ មានការសមគំនិតពីឆ្មាំការពារព្រំដែន។ ឈ្មួញទុច្ចរិតទាំងនោះ សុទ្ធតែមានខ្នងបង្អែកក្រាស់ណាស់ ដែលខ្លះមានគោរមងារ ជាឧកញ៉ា ហើយទោះបីជាមហាជនស្គាល់មុខច្បាស់ និងធ្លាប់មានអ្នកកាសែតថតបានពីសកម្មភាពល្មើសច្បាប់ យកទៅចុះ ផ្សាយ ក៏គ្មានចំណាត់ការអ្វីឡើយ។ ឈ្មួញទាំងនោះ ត្រូវបានប្រជាពលរដ្ឋចាត់ទុកជាសត្វឆ្កែ ដែលស៊ីមិនរើសចំណី សូម្បីតែ ប្រហុកក្នុងក្រឡ បើអ្នកផ្ទះធ្វេសប្រហែស ច្បាស់ជាឆ្កែស៊ីខ្ទេច។
ឥឡូវវាឈានដល់ដំណាក់កាល “ដេកជាមួយឆ្កែ ចៃឆ្កែតោង” បានន័យថា ធម្មតាសុនខ ដេកនឹងដី តែងកើតចៃពេញខ្លួន បើមនុស្សទៅដេកទម្រេតលេងប្រលែងនឹងឆ្កែ ច្បាស់ជាចៃឆ្កែតោងខ្លួនមិនខាន។ យ៉ាងណាមិញ អ្នកកាងឈើឱ្យឈ្មួញ ត្រូវបាន ប្រជាពលរដ្ឋនៅមូលដ្ឋានស្មុគស្មាញនោះ ចង្អុលចំៗ ដែលខ្លះជានាយទាហាន នាយប៉ូលិស ឆ្មាំព្រំដែន ដែលយកបេសកកម្មបង្ក្រាប បទល្មើសព្រៃឈើ ទៅរកស៊ីយ៉ាងកាក់កប។ អ្នកណាហ៊ានធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ពួកគេ ច្បាស់ជាមានផលវិបាកមិនខាន ដូច ករណីបាញ់ប្រហារគ្នានៅខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ ដែលបង្កដោយខ្មាន់កាំភ្លើង ជាកងយោធពលខេមរភូមិន្ទ និងនាយប៉ុស្តិ៍ នគរបាល ឯអ្នកស្លាប់ជាមន្ត្រីកងរាជអាវុធហត្ថ មន្ត្រីបរិស្ថាន និងមន្ត្រីអភិរក្សសត្វព្រៃ។ កន្លងមក រាជរដ្ឋាភិបាលបានបង្កើត “គណៈកម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ” ដែលមានលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន។ គណៈកម្មការនោះ បានទទួល “ដាវអាជ្ញាសឹក” ពីប្រមុខរាជរដ្ឋាភិបាល ដោយមាន សិទ្ធិបាញ់ឡានដឹកឈើពីលើឧទ្ធម្ភាគចក្រ ប៉ុន្តែ រហូតមកទល់ពេលនេះ មិនទាន់ឃើញ ផ្ទុះ១គ្រាប់ទេ។ ការចាប់ប្រមូលបានឈើហុប ស្តុកទុកកណ្តាលព្រៃ រាប់ពាន់ម៉ែត្រគូប ក៏មិនដែលចាប់បានឈ្មួញធំៗនោះឡើយ ប៉ុន្តែ អ្នកស៊ីឈ្នួលកាប់ឈើល្អិតល្អោច ក៏ដូចជាអ្នកស៊ី ឈ្នួលដឹកឈើពីរបីកង់ តាមម៉ូតូ ត្រូវបានចាប់ខ្លួនថតយកស្នាដៃជាហូរហែ។ ជួនកាល អ្នកបើកម៉ូតូដឹកឈើភ័យស្លន់ស្លោ ដោយឃើញ មេព្រៃ និងប៉ូលិសដេញតាមពីក្រោយ ក៏បន្ថែមល្បឿន ម៉ូតូបើកទៅធ្លាក់ជង្ហុកដួល ត្រូវឈើសង្កត់ស្លាប់ក៏មាន។
ឥឡូវរឿងព្រៃឈើ ពិតជាមិនធម្មតាឡើយ បន្ទាប់ពីជើងកាងឱ្យឈ្មួញគ្រាក់ៗ ស្ទាក់បាញ់ប្រហារសមត្ថកិច្ចដែលកំពុង បំពេញបេសកកម្ម។ បើវិភាគឱ្យល្អិតល្អន់ បុគ្គលឈ្មោះកើត វេហា ដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ ជាយោធាការពារព្រំដែន រួមជាមួយបក្ខពួក២នាក់ទៀត ជានាយប៉ុស្តិ៍នគរបាល និងយោធា ធ្លាប់កាងបទល្មើសព្រៃឈើយូរឆ្នាំមកហើយ។ ជនសង្ស័យ ទាំង៣នាក់នោះ មានភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យក្នុងការថែរក្សាបូរណភាពទឹកដី ទប់ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែ ដោយសារពួកគេ “ដេកជាមួយឆ្កែ ក៏ត្រូវចៃឆ្កែតោង” ធ្វើឱ្យរមាស់ពេញខ្លួន រមាស់ទាំងដៃ ក៏គាស់កៃកាំភ្លើងបាញ់ប្រហារសមត្ថកិច្ច ដូចគ្នា ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ខ្លួន។ ការផ្ទុះអាវុធជាង១០គ្រាប់នោះ មិនមែនជាការបាញ់គំរាមនោះទេ តែជា ការបាញ់សម្លាប់សងសឹកគ្នាតែម្តង ដោយសារធាតុរមាស់របស់ចៃឆ្កែធ្វើទុក្ខខ្លាំង។
សួរថា “តើបុគ្គលណាជាឆ្កែ?” សំណួរនេះបើគិតទៅតាមសុជីវធម៌ មនុស្សដូចគ្នា មិនត្រូវប្រៀបធៀបមនុស្សជាឆ្កែនោះ ទេ ប៉ុន្តែ សុភាសិតបុរាណាចារ្យខ្មែរ បានបន្សល់ទុកមកថា “រវល់តែវីវរ ឆ្កែទរប្រហុកអស់” ក៏ដូចជា សុភាសិតសកលថា “ដេកជាមួយឆ្កែ ចៃឆ្កែតោង” គឺបុរាណាចារ្យ ជាអ្នកប្រៀបធៀបរួចទៅហើយ ដោយគាត់ចាត់ទុកជនទុច្ចរិតបំផ្លាញធនធាន ធម្មជាតិ ទៅនឹងសត្វឆ្កែ។ បើបុគ្គលស្អាតស្អំទៅឡូកឡំស្និទ្ធស្នាលជាមួយជនទុច្ចរិតនោះ មិនទាន់មានឈ្មោះជាឆ្កែដូចគេទេ តែ “ចៃឆ្កែឆ្លង”។ យើងធ្លាប់ដឹងតែចៃមនុស្ស ពេលវាខាំម្តងៗ រមាស់ទ្រាំមិនបានទេ ទាល់តែអេះចង់ជ្រុះសក់ ប៉ុន្តែ ចៃឆ្កែ ច្បាស់ជាមានពិសរមាស់ជាងចៃមនុស្សទៅទៀត។ ជាក់ស្តែង ឃាតករដែលបាញ់ប្រហារមន្ត្រីប៉េអឹម មន្ត្រីបរិស្ថាន មន្ត្រីអង្គការ អភិរក្សសត្វព្រៃ មកពីចៃឆ្កែវាធ្វើទុក្ខខ្លាំងពេក បានជារមាស់ដៃ មិនស្គាល់គុកច្រវាក់។
ទោះយ៉ាងណា ដើម្បីបញ្ចប់បញ្ហានេះ និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ លុះត្រាតែថ្នាក់លើ ស៊ើបអង្កេត ស្រាវជ្រាវចាប់ ខ្លួន “ពពួកឆ្កែ” មកបញ្ចូលរង្វង់ក្រចកសេះឱ្យអស់។ ករណី “យល់ញាតិឃ្លាតច្បាប់” អាចនឹងរងការរិះគន់ពីមជ្ឈដ្ឋានមហាជនមិនខាន ដោយហេតុថា ឈ្មួញគ្រាក់ៗទាំងនេះ រាស្ត្រស្គាល់មុខអស់ទៅហើយ តែពួកគាត់មិនហ៊ាននិយាយ ព្រោះខ្លាច គេប្តឹង ដូច្នេះមានតែថ្នាក់លើ ទើបអាចបោសសម្អាតករណីនេះបាន។ បើទុកឆ្កែឱ្យនៅរំខានតទៅទៀត ធ្វើឱ្យចៃឆ្កែ កាន់តែ កើតច្រើនទៅៗ ឆ្លងដល់មនុស្សស្អាតស្អំ នាំផលវិបាកដល់សង្គម។
ខណៈដែលបក្សកាន់អំណាច កំពុងឈឺក្បាលវិលមុខនឹងពួកប្រឆាំងក្រៅប្រទេស ដែលរត់ទៅបង្កើត “ចលនាសង្គ្រោះជាតិ” ជាពិសេស លោកសម រង្ស៊ី បនាអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធកុំស្តាប់បញ្ជារដ្ឋាភិបាលនោះ ធ្វើឱ្យមានឧបសគ្គ ខ្លះៗទៅហើយ ស្រាប់តែមានហេតុការណ៍បាញ់ប្រហារគ្នា ពាក់ព័ន្ធដល់បទល្មើសព្រៃឈើទៀតនោះ បក្សកាន់អំណាចកាន់តែ ឈឺក្បាលមែនទែន។ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល គឺនៅត្រង់បោសសម្អាតអំពើពុករលួយនោះឯង ខណៈដែល កងប្រដាប់អាវុធទទួលភារកិច្ចការពារព្រំដែន ទប់ស្កាត់បទល្មើសព្រៃឈើ ក្លាយជាអ្នកកាងឈើឱ្យឈ្មួញ ហ៊ានលើកដៃបាញ់ ប្រហារសមត្ថកិច្ចដូចគ្នា ព្រោះតែរឿងប៉ះពាល់ផលប្រយោជន៍បុគ្គល និងបក្ខពួក។ ពេលនេះ ប្រជាពលរដ្ឋកំពុងបាំងដៃចាំ មើលចំណាត់ការរបស់រាជរដ្ឋាភិបាល តើអាចបោសសម្អាត ចាប់ខ្លួនពពួកសុនខអង្កៀមព្រៃឈើ ដាក់ទ្រុងឱ្យអស់បានទេ? ព្រោះសព្វថ្ងៃ រូបភាពរថយន្តដឹកឈើ នៅតែលេចឡើងក្នុងទំព័រហ្វេសប៊ុក សារព័ត៌មាន វិទ្យុ ទូរទស្សន៍ បានទាំងបង្ហាញ មុខមេឈ្មួញខ្លះមានឋានៈឧកញ៉ា ទៀតផង ប៉ុន្តែ អ្នកថា អ្នកផ្សាយនោះ បានត្រឹមគេស្អប់។
ដូចអ្វីដែល “នគរធំ” ធ្លាប់បរិយាយពីមុនៗរួចមកហើយថា “និន្នាការប្រឆាំង កើតឡើងដោយសាររាស្ត្រមើលឃើញអំពើ ពុករលួយ បក្ខពួក គ្រួសារនិយម និងភាពអយុត្តិធម៌ក្នុងសង្គម” អ៊ីចឹង ដើម្បីអូសទាញនិន្នាការប្រឆាំងមកវិញ លុះត្រាតែរាជរដ្ឋាភិបាលប្រើកណ្តាប់ដៃដែក កែទម្រង់ឱ្យដល់កម្រិត ឬថា “រំលាយបក្សប្រឆាំង” អាចធ្វើបាន ចុះរឿងលុបបំបាត់បទល្មើស ព្រៃឈើ ហេតុអ្វីធ្វើមិនបាន? ចាំបាច់ត្រូវតែចាប់ឆ្កែកាចៗ សម្បូរចៃ ដាក់ទ្រុងឱ្យអស់ ទើបចៃឆ្កែមិនឆ្លងដល់មនុស្សស្អាតស្អំ។
សរុបទៅ សុភាសិតសកលថា “ដេកជាមួយឆ្កែ ចៃឆ្កែតោង” មិនមែនជាគំនិត “នគរធំ” នោះទេ ព្រោះយើងស្គាល់សុជីវធម៌មិនហ៊ាន ប្រៀបធៀបមនុស្សទៅនឹងសត្វឆ្កែនោះទេ ប៉ុន្តែយើងគ្រាន់តែចង់បកស្រាយមរតកសាសន៍របស់បុរាណាចារ្យតែប៉ុណ្ណោះ។ ដូច្នេះ បុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ គួរដកថយ កុំឱ្យមានឈ្មោះជាឆ្កែតទៅទៀត ជាពិសេស សមត្ថកិច្ចដែលថ្នាក់លើចាត់តាំង ឱ្យទៅបង្ក្រាបបទល្មើសព្រៃឈើ បែរជាទៅដេកននៀលជាមួយឆ្កែ រហូតដល់ចៃឆ្កែតោងខ្លួននោះ ល្មមងូតទឹក ដុសក្អែល រកថ្នាំលាប ឬព្យាបាលរមាស់តាមអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រី ឱ្យឆាប់ៗទៅ ទើបរួចផុតពីសំណាញ់ច្បាប់ ឬការវះកាត់សាច់ស្អុយ…៕
ដោយ អាចារ្យថាំ